
ភ្ញៀវពេលកំពុងទស្សនាការតាំងពិព័រណ៍រូបថតស្ដីពី«ជីវិតនិងវប្បធម៌ជនជាតិដើមភាគតិច» ។ រូបថត CIFF-2023-
ភ្នំពេញ: ការតាំងពិព័រណ៍រូបថតគួរឱ្យចាប់អារម្មណ៍ដែលមានចំណងជើងថា «ជីវិតនិងវប្បធម៌ជនជាតិដើមភាគតិច» កំពុងដាក់តាំងបង្ហាញជាផ្នែកនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២។
ការតាំងពិព័រណ៍នេះធ្វើឡើងនៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណាចាប់ពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣ ក្នុងគោលបំណងបង្ហាញពីបេតិកភណ្ឌដ៏សម្បូរបែបនិងប្រពៃណីដ៏រស់រវើករបស់ជនជាតិដើមភាគតិច។
លោកទៀងពិសិដ្ឋអ្នកសម្របសម្រួលគម្រោងនៃមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណាបានឱ្យដឹងថា៖«គោលបំណងនៃពិព័រណ៍នេះ មិនត្រឹមតែធ្វើឡើងដើម្បីបង្ហាញពីអត្ដសញ្ញាណនិងវប្បធម៌របស់ជនជាតិដើមភាគតិចទៅកាន់សាធារណជនទូទៅប៉ុណ្ណោះទេ ប៉ុន្ដែដើម្បីផ្ដល់ឱកាសដល់យុវជនជាតិដើមភាគតិចមកពីសហគមន៍ជនជាតិដើមភាគតិចផ្សេងៗគ្នា មានភាពជាម្ចាស់និងមានគំនិតផ្តួចផ្តើមក្នុងការធ្វើការងារជាក្រុមនិងបង្កើតស្នាដៃ»។
ក្នុងចំណោមយុវជនជនជាតិដើមភាគតិចមានទេពកោសល្យដែលបង្ហាញខ្លួនក្នុងការតាំងពិព័រណ៍នោះមានឈ្មោះ ធាយុងអាយុ ២១ឆ្នាំមកពីក្រុមជនជាតិលុននៅស្រុកតាវែងខេត្តរតនគិរី។
ដោយតំណាងឱ្យសហគមន៍ដែលមានសមាជិកតែជាង២០០នាក់ លោកយុងបានចាប់យកខ្លឹមសារនៃជីវិតប្រចាំថ្ងៃរបស់ជនជាតិភាគតិចលុនដោយបង្ហាញកន្ត្រកប្រពៃណីនិងផលិតផលអនុផលព្រៃឈើ ដូចជាអុសនិងផ្សិតជាដើម។
លោកយុង ដែលទទួលបានការបណ្តុះបណ្តាលផលិតភាពយន្តរយៈពេល១ឆ្នាំដើម្បីផ្សព្វផ្សាយពីសហគមន៍របស់លោកបានប្រាប់ ភ្នំពេញប៉ុស្តិ៍ ថា៖ «មានគ្រួសារជនជាតិដើមភាគតិចលុនតែ៤៧គ្រួសារប៉ុណ្ណោះហើយខ្ញុំចង់បង្ហាញស្នាដៃរបស់ខ្ញុំ។ បំណងរបស់យើងគឺលើកកម្ពស់ការយល់ដឹងអំពីអត្តសញ្ញាណរបស់យើងនិងឱ្យមនុស្សគ្រប់គ្នាដឹងថាយើងជានរណា?»។
ដោយចង់លើកកម្ពស់វប្បធម៌សហគមន៍យុវជនរូបនេះ បាននិយាយយ៉ាងរំជើបរំជួលអំពីការងាររបស់ខ្លួននិងឥទ្ធិពលនៃការបណ្តុះបណ្តាលផលិតភាពយន្ត។
លោកយុងបន្ថែមថា៖«ដោយបានទទួលការបណ្តុះបណ្តាលពីមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណាខ្ញុំបានផលិតភាពយន្តឯកសារចំនួន២ក្រោមប្រធានបទវប្បធម៌ជនជាតិដើមភាគតិចនិងការអនុវត្តអាពាហ៍ពិពាហ៍ដំបូង»។
ដោយទទួលស្គាល់ពីតម្រូវការនៃការផ្លាស់ប្តូរលោកសង្ឃឹមថានឹងជំរុញយុវជនក្នុងសហគមន៍ឱ្យបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងកែទម្រង់ប្រពៃណីដែលមានតាំងពីយូរយារមកហើយ។
គំនិតផ្តួចផ្តើមដែលត្រូវបានគេស្គាល់ថាជា«សិល្បៈភាពយន្តដើម្បីការផ្លាស់ប្តូរជាវិជ្ជមាន» ផ្តល់អាហារូបករណ៍ដល់យុវជនមានទេពកោសល្យចំនួន២៤នាក់ ដែលមកពីសហគមន៍ជនជាតិដើមភាគតិចផ្សេងៗគ្នាក្នុងខេត្តរតនគិរីនិងខេត្តមណ្ឌលគិរី។
លោកពិសិដ្ឋបាននិយាយថាក្នុងអំឡុងពេលនៃវគ្គបណ្តុះបណ្តាលនេះសិក្ខាកាមមកពីសហគមន៍ទំពួនកាវែត ចារ៉ាយ គ្រឹងលុន និងព្នងបានទទួលការណែនាំយ៉ាងទូលំទូលាយអំពីបច្ចេកទេសផលិតភាពយន្តឯកសារ។
ក្នុងអំឡុងពេលនៃការផលិតខ្សែភាពយន្តឯកសាររបស់ពួកគេសិក្ខាកាមបានផ្តិតយករូបភាពដែលទាក់ទងនឹងជីវិតរស់នៅនិងវប្បធម៌របស់សហគមន៍ជនជាតិដើមភាគតិចចារ៉ាយ កាវែត ទំពួនព្រៅលុន និងព្នង។
រូបភាពទាំងនេះរួមជាមួយនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគេពេលនេះបានឈានទៅដល់ការតាំងពិព័រណ៍«ជីវិតនិងវប្បធម៌ជនជាតិដើមភាគតិច» ដែលរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍបណ្ណសារជនជាតិដើមភាគតិច។
លោកពិសិដ្ឋបានសម្ដែងការសាទរចំពោះសារៈសំខាន់នៃការតាំងពិព័រណ៍ ដោយលោកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់សិក្ខាកាមក្នុងការថែរក្សាប្រពៃណីជនជាតិដើមភាគតិច និងបំណងប្រាថ្នារបស់ពួកគេដើម្បីឱ្យទំនៀមទម្លាប់ទាំងនេះត្រូវបានប្រារព្ធ និងចែករំលែកដោយសាធារណជនដោយមិនប្រកាន់ពូជសាសន៍។
លោកបានឱ្យដឹងថា៖«នេះអាចធ្វើទៅបានដោយការលើកទឹកចិត្តជនជាតិដើមភាគតិចឱ្យរក្សាប្រពៃណីរបស់ខ្លួន និងដោយផ្តល់ឱកាសនិងការគាំទ្រដល់ពួកគេក្នុងការទទួលបានការអប់រំ»។
ជាមួយគ្នានេះមហោស្រពភាពយន្តអន្តរជាតិកម្ពុជានឹងចាក់បញ្ចាំងភាពយន្តឯកសារខ្លីចំនួន៣១រឿងដែលផលិតដោយសិក្ខាកាមជនជាតិដើមភាគតិចជាផ្នែកមួយនៃគម្រោង«សិល្បៈភាពយន្តដើម្បីការផ្លាស់ប្តូរជាវិជ្ជមាន»។
ឱកាសពិសេសនេះសិក្ខាកាមនឹងចែករំលែកគំនិតយោបល់ផ្នែកសិល្បៈទៅកាន់ទស្សនិកជនបំណងជំរុញឱ្យមានការលើកស្ទួយវប្បធម៌ជនជាតិដើមភាគតិចនិងការរួមចំណែកដ៏មានតម្លៃរបស់ពួកគេចំពោះសង្គម។
លោកយុងបាននិយាយថាក្រៅពីចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាដែលភាពយន្តរបស់លោកត្រូវបានដាក់បញ្ចាំងនៅផ្សារទំនើបអូឡាំព្យា ភាពយន្តឯកសារចំនួន២នោះក៏បានចាក់បញ្ចាំងនៅអគារវឌ្ឍនៈនិងបុប្ផាណាផងដែរ។
លោកនិយាយថា៖«ខ្ញុំសង្ឃឹមថាតាមរយៈខ្សែភាពយន្តនិងការបង្ហាញសិល្បៈកាន់តែច្រើនអត្តសញ្ញាណជនជាតិដើមរបស់យើងនឹងទៅដល់ទស្សនិកជនកាន់តែទូលំទូលាយ»។
គម្រោង«សិល្បៈភាពយន្តដើម្បីការផ្លាស់ប្តូរជាវិជ្ជមាន»ធ្វើឡើងតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណានិងអង្គការជនជាតិដើមភាគតិចកម្ពុជា។
គម្រោងនេះទទួលបានមូលនិធិពី Voiceតាមរយៈ Oxfam មូលនិធិ Ford និង Heinrich BöllStiftung Cambodia ដែលទាំងអស់នេះទទួលស្គាល់ពីសារៈសំខាន់នៃការគាំទ្រសហគមន៍ជនជាតិដើមភាគតិចនិងផ្តល់សិទ្ធិអំណាចដល់យុវជនតាមរយៈការខិតខំប្រឹងប្រែងសិល្បៈ។
សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណាសម្រាប់ព័ត៌មានលម្អិត៕