បាត់​ដំបងៈ ជា​ទូទៅ​គេ​តែង​ឃើញ​រូប​គំនូរ​តែនៅ​លើ​ជញ្ជាំង​ផ្ទាំង​ក្រណាត់​នៅលើ​ឈើ​ ឬ​នៅ​លើ​ក្រដាស​តែមិន​ឃើញ​ជា​គំនូរ​នៅលើ​ដើម​ត្នោត​ឡើយ​។ ប៉ុន្តែ​មាន​វិចិត្រករ​ម្នា​ក់នៅ​ខេត្ត​បាត់​ដំបង​ បាន​យក​គល់​ត្នោត​ងាប់​មក​គូរ​ជា​រូប​នាគ​ក្បាល​៧ រូប​ព្រះ​នាង​ឥន្ទ្រ​ទេវី ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ និង​រូប​ក្បាច់​ផ្កា​ភ្ញី​ទម្រង់​រចនាប័ទ្ម​បុរាណ​រំលេច​នៅលើ​គល់​ត្នោត​នោះ​យ៉ាង​ល្អ​ឯក​។​

​បើ​គេ​មើល​មួយ​ភ្លែត​ហើយ​មិនបាន​ចាប់​អារ​ម្មណ៍​ទៅលើ​គល់ឈើ​ខ្មៅ​ដែល​មាន​បណ្តា​យ​ប្រវែង​ជាង ​២​ ម៉ែត្រ ​និង​មាន​ទំ​ហំប្រ​មាណ​ ១ ឱប​មនុស្ស​ចាស់​ប្រហែល​មិន​ដឹង​ថា​ ជា​គល់​ត្នោត​ឡើយ​ ​ព្រោះ​ត្រូវបាន​បាំងបិទ​ដោយ​រូបគំនូរ​ដែល​នោះ​ជា​ស្នាដៃ​របស់​លោក កែវ សុ​បិណ្ឌ​ អាយុ​ ៣៣ ​ឆ្នាំ ​ស្នាក់​នៅក្នុង​វត្ត​កណ្តាល​ សង្កាត់​រតនៈ ក្រុង​-​ខេត្ត បាត់​ដំបង​។​

​លោក កែវ សុ​បិណ្ឌ​ បានថ្លែ​ង​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា លោក​មាន​ស្រុក​កំណើត​នៅ​ភូមិ​បា​ណង់ ឃុំស្តៅ ស្រុក​​រតន​មណ្ឌល ​ហើយ​បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ក្នុង​វត្ត​កណ្តាល​សង្កាត់​រតនៈ​ក្រុង​-​ខេត្ត​បាត់ដំ​បង​។​

​តាម​ពិត​ទៅ​លោក​ជា​អតីត​និស្សិត​បរិញ្ញា​បត្រ​អេឡិច​ត្រូនិក​នៃ​វិទ្យា​ស្ថាន​ពហុបច្ចេក​ទេស​ក​ម្ពុ​ជា​(NPIC)​តែ​ក្រោយ​រៀន​ចប់​លោក​មិន​បាន​យក​ជំនាញ​នេះ​មក​ប្រើ​ប្រាស់​ទេ​តែ​បែរជា​បែក​គំនិត​ចាប់​អាជីព​ជា​វិចិត្រ​ករ​ទៅវិញ​។​

​លោក​បាន​ឱ្យ​ដឹង​ថា​ លោក​បាន​ចាប់​យក​អាជីព​ជា​វិចិត្រករ​នេះ គឺ​បន្ទាប់ពី​​លោក​រៀន​ចប់​នៅ​សាលា​ NPIC​ ក្នុង​ឆ្នាំ​ ២០១៧​។​ ក្រោយ​មក​លោក​បាន​រៀន​គូរ​គំនូរ​ ១ ​ឆ្នាំ​ ជាមួយ​ជាង​គំនូរ​ម្នាក់​ហើយ​តាំងពី​ពេល​នោះ​មក​លោក​ក៏​បែកគំ​និត​រួមផ្សំ​សិក្សា​ស្រាវ​ជ្រាវ​នៅ​តាម​ជញ្ជាំង​ប្រា​សាទ​បុរា​ណ ​និង​នៅ​តាម​ប្រា​សាទ​ផ្សេងៗ​បន្ថែម​ផងលោក​ក៏​ងាក​មក​ចាប់​យក​ជំនាញ​នេះ​តែ​ម្ដង។​

​អ្វី​ដែល​លោក​បាន​រៀន​គូរ​ ១ ​ឆ្នាំ​នោះ​ គឺអាច​និយាយ​បាន​ថា​ជា​មូល​ដ្ឋាន​នៃ​ចំណុច​ចាប់ផ្តើម​ហើយ​លោក​យក​ចំណុច​មូល​ដ្ឋាន​នោះ​មក​បំបែក​ដោយ​ខ្លួន​ឯង​បន្ថែម​ទៀត​។​

​លោក​ប្រាប់ថា​​៖ «​ខ្ញុំ​រៀន​ជំនាញ​អេឡិចត្រូ​និក​ទេ​តែ​ដោយ​និស្ស័យ​របស់ខ្ញុំ​ស្រឡាញ់​​គំនូរ​ខ្ញុំ​ក៏បាន​ចាប់​ផ្តើម​នូវ​អ្វី​ដែល​ខ្ញុំ​មាន​ពី​ធម្មជា​តិ​​វិញ​។​ ខ្ញុំ​ចង់​រស់នៅ​ជាមួយ​គំនូរ​ហើយ​ខ្ញុំ​ក៏មាន​ទឹក​ចិត្ត​រួមចំណែក​លើក​ស្ទួយ​សិល្បៈ​វប្បធម៌​ខ្មែរ​ដែរ​»​។​

​បើតាម​លោក​ សុ​បិណ្ឌ​ ថ្វីដ្បិតតែ​លោក​មាន​ឪពុក​ម្តាយ​បងប្អូន​ និង​មាន​ស្រុក​កំណើតនៅ​​ភូមិ​បា​ណង់​ ឃុំ​ស្តៅក្តី​តែ​លោក​មិន​ទៅ​រស់នៅ​ជួបជុំ​បងប្អូន​នៅទី​នោះទេ​តែ​លោក​ចូល​ចិត្ត​រស់នៅ​បែប​ឯក​រាជ្យ​ម្នា​ក់ឯង​ហើយ​សព្វថ្ងៃ​លោក​ស្នាក់​នៅ​ក្នុង​វត្ត​កណ្តាល​សង្កាត់​រតនៈ​ក្រុង​ខេត្ត​បាត់​ដំបង​ដោយ​យក​ជំនាញ​ឆ្លាក់​និង​គូររូប​ចិញ្ចឹមជី​វិត​។

​លោក​បាន​ប្រា​ប់ថា ការចា​ប់អា​ជី​ពជា​វិ​ចិត្រករ​របស់​លោក​រហូត​មកទ​ល់ពេលនេះ​មាន​រយៈ​ពេល ​៦ ​ឆ្នាំ​មក​ហើយ​។​ រីឯ​ស្នាដៃ​គំនូរ​និង​ចម្លាក់​របស់​លោក​ក៏ត្រូវ​បាន​គេ​ឃើញ​នៅ​តាម​ទីសា​ធារណៈ​នៃ​តំបន់​ខ្លះ​ក្នុង​ខេត្ត​បាត់​ដំបង​ផង​ដែរ​តែ​មាន​មនុស្ស​ភាគ​តិច​ណាស់​ដែល​ស្គាល់​រូប​គំនូរ​ទាំង​នោះថា​​ជា​ស្នាដៃ​របស់​លោក​។​

​ទាក់​ទង​នឹង​ដំណើរកា​រធ្វើរូ​បគំ​នូរទាំ​ងនោះវិញ​លោក​​បាន​ប្រា​ប់ថា​ ដំបូ​ងយក​គល់​ត្នោត​ ១ ​គល់​ដែលមា​ន​បណ្តោយ​ប្រហែល ​២ ​ម៉ែត្រ​កន្លះ និ​ងមាន​មុខកាត់​ប្រមាណ ​០,៧០ ម៉ែត្រ​និងមាន​អាយុ​កាល​ខ្ទង់ ​៣០ ​ឆ្នាំ​ ដែលគេ​កាប់រំ​លំ​ចោល​​យូរ​ឆ្នាំ​មក​គូរ​រូប​ពីលើ​វា​ ដោយ​ក្នុង​រូ​បគំនូរ​នោះ​បាន​​បង្កប់​​នូវ​សាច់​រឿង​ពី​សម័យ​មហា​នគរ​ខ្មែរ​ដូចជា រូប​នាគ​ក្បាល​ ៧ រូប​ព្រះ​នាង​ឥន្ទ្រ​ទេវី​រូប​ព្រះ​បាទ​ជ័យ​វរ្ម័នទី​៧ រូប​ព្រះ​នារាយ​ណ៍ ​ឬ​ព្រះ​វិស្ណុ​លាយ​ចម្រុះ​នឹង​ក្បាច់​ផ្កា​ភ្ញី​រចនាប័ទ្ម​តាម​​បែប​ ​សិល្បៈ​ខ្មែរ​ពិតៗ​ជា​ដើម​។​

​លោក​បញ្ជាក់​ថា​ ក្រៅពី​ជំនាញ​គូ​រគំនូរ​លោក​ក៏​ចេះ​ឆ្លាក់​ក្បាច់​ខ្មែរ​ស្ទើរ​គ្រប់​ទម្រង់​ផង​ដែរ ​ដូចជា​គូររូប​នៅលើ​បំពង់​ឫស្សី​ឬ​គូរ​ជា​ក្បាច់​ផ្កា​ផ្សេងៗ​រីឯ​នៅលើ​ត្រឡោក​ដូង​វិញ​លោក​ធ្វើជា​គោម​ភ្លើង​ មាន​ឆ្លាក់​ជា​ក្បាច់​ផ្កា​ច័ន​ក្បាច់​ផ្កា​ភ្ញី​ឬ​ក្បាច់​ចម្លាក់​ខ្មែរ​ផ្សេង​ទៀត​។​ចំពោះ​វត្ថុ​ចម្លាក់​និង​គំនូរ​មួយ​ចំនួ​ន​ដែល​លោក​កំពុង​ធ្វើ​គឺ​លោក​នឹង​យក​ទៅ​ដាក់​តាំង​បង្ហាញ​នៅក្នុង​ពិ​ព័រណ៍​នៅ​ក្រុង​បាត់​ដំបង​ក្រោម​ប្រធាន​បទ​[​ទីក្រុង​ស្អាត​]​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ១២ ​ដល់​ថ្ងៃទី ​១៧ ​ខែមិថុ​នា​ ឆ្នាំ​ ២០២៣​។​ កម្មវិធី​នេះ​មានកា​រ​សម្តែង​ជា​សិល្បៈ​ទ្រង់ទ្រាយ​​ធំ​ហើយ​ក៏មាន​ប្រទេស​ថៃ ​មីយ៉ាន់​ម៉ា ឥណ្ឌូ​នេស៊ី​ ម៉ាឡេ​ស៊ី​ចូល​រួម​សម្តែង​សិល្បៈ​នាពេល​នោះ​ផង​ដែរ​។​

​លោក​បាន​បញ្ជាក់​ថា ​លើស​ពីនោះ​ស្នាដៃ​គំនូរ​និង​រូបគំនូរ​ផូស្ត​របស់​លោក​មាន​នៅ​លើ​ផ្លែ​ឃ្លោក​លើ​ពង​មាន់​ពង​ទា​ពង​ក្ងាន​ឬ​ពង​ក្រពើ​ជាដើម ស​ម្រាប់​ដាក់​តាំង​ជាវ​ត្ថុ​អនុស្សា​វរីយ៍​។​ក្នុង​ជំនាញ​នេះ​គឺ​លោក​អាច​គូរ​ឬ​ឆ្លាក់​បាន​ទាំង​អស់​ហើយ​ជា​ទម្រង់​បែប​សិល្បៈ​ខ្មែរ​សុទ្ធ​សាធ​។​ជាធ​ម្មតា​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រាន់​តែ​យក​ពងមាន់​ពង​ទា​ទៅធ្វើជា​ម្ហូប​អាហារ​​ឬ​សាច់​ដូង​បរិភោគ​ហើយ​បោះ​សម្បក​វា​ចោល​បង្ក​ជា​បញ្ហា​ដល់​បរិស្ថាន​ទៀត​។​

ដូច្នេះ​ការកែច្នៃ​​សិល្បៈ​របស់លោ​ក​នេះ​មិន​ត្រឹម​តែ​ជួយ​អភិរក្ស​​សិល្បៈ​វប្បធម៌​ខ្មែរ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជួយ​ដល់​បរិស្ថាន​ទៀត​ផង​។​

​លោក​បាន​បញ្ជាក់​​ថា​៖«​ខ្ញុំ​គិតថា​ខ្ញុំ​ប្រើ​របស់​ដែល​គេ​បោះ​ចោល​មក​ច្នៃ​ជា​វត្ថុ​មានត​ម្លៃ​ហើយ​វា​ជួយ​កាត់​បន្ថយ​កាក​សំណល់​ក្នុង​បរិស្ថាន​ផង​។​កាក​សំណល់​នោះ​យើង​ងាយ​នឹង​រកបាន​ទោះ​យើង​គ្មាន​ធន​ធាន​ក៏ដោយ​ឱ្យតែ​យើង​មាន​សមត្ថ​ភាព​គឺ​យើង​អាច​ប្រើ​សមត្ថ​ភាព​របស់​យើង​កែច្នៃ​របស់​នោះ​ឱ្យ​មាន​តម្លៃ​បាន​»​។​

​លោក​បន្ថែ​មថា​ការងារ​របស់លោ​ក​ប​ច្ចុប្បន្ន​គ្រាន់​តែ​ជាការ​ងារ​មួយ​ជួយ​ត្រួស​ត្រាយ​ផ្លូវ​ដើម្បី​ទុកឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ឬមួយ​បងប្អូន​ដែល​ស្រឡាញ់​លើ​វិស័យ​សិល្បៈ​គូររូប​ឬ​ឆ្លាក់​រូប​។​ទន្ទឹម​នឹង​នេះ​បើ​មានឱ​កាស​លោក​នឹង​បើក​បង្រៀន​ដល់​យុវ​ជន​និង​ក្មេងៗ​បន្ត​ទៀត​ព្រោះ​នេះ​ជា​កេរមរតក​របស់​ដូន​តា​ខ្មែរ​។​

ទាក់​ទ​​ងនឹ​ង​របៀ​ប​ធ្វើវិ​ញ​លោក​កែវ សុ​បិណ្ឌ បានប្រា​ប់ថា មុ​នដំបូ​ង​ត្រូវ​យ​ក​កាំបិ​ត​ឬឧ​បក​រណ៍​ផ្សេ​ង​ទៅ​ចាំ​ងនៅ​លើ​កំណាត់ដើ​មត្នោ​ត​ឬគល់​ត្នោតដើ​ម្បី​សម្អា​ត​ឱ្យ​អស់​ភាព​គ្រើម​ រួ​ចយក​ម៉ូទ័រ​ទៅ​ខាត់​ឱ្យ​រលោងប​ន្ថែម​​។ បន្ទាប់​មក​លោក​ចាប់​ផ្ដើ​មគូររូ​បគំនូ​រផូស្ត​តាមបែ​ប3D​ដោយ​ប្រើពណ៌​ខ្មៅ​ទៅ​តាម​ទម្រង់​រូប​ភាព​ដែល​លោកបា​នព្រាង​ឬ​គិត​ទុក​ជា​មុន ។

ចំពោះ​ប្រាក់​ចំណូ​ល​វិញលោ​ក ​កែវ សុ​បិណ្ឌ បាន​បញ្ជាក់​ថា​ ភាគ​ច្រើន​រកបាន​ពី​ការ​ឆ្លាក់​ត្រឡោក​ដូង​ជា​ក្បាច់​ការ​កែច្នៃ​គោម​សម្រាប់​ដាក់​អំពូល​ភ្លើង​ក្នុង​ត្រឡោក​ដោយ​ក្នុង១​ឈុត ​តម្លៃ​ធម្មតា​៥​ដុល្លារ​តែបើ​ក្បាច់​កាន់

តែ​ប្លែក​ស្មុគ​ស្មាញ​គឺ​តម្លៃ​ពី​១០​ទៅ​១៥​ដុល្លារ​។ រីឯ​គោម​កែច្នៃ​ពី​បំពង់​ឫស្សី​វិញ​លោក​លក់​១​ថ្លៃ​១៥​ដុល្លារ​ហើយ​បើ​ក្បាច់​លម្អិត​ធ្វើ​តាម​អតិថិ​ជនប​ញ្ជាទិ​ញ​គឺ​តម្លៃ​ពី​២០​ទៅ​៣០​ដុល្លារ​ហើយ​ចំពោះ​​កា​រប្រើ​ពេល​វេ​លាស​ម្រា​ប់ធ្វើ​វត្ថុ​នីមួ​យៗ​គឺអា​ស្រ័យ​លើ​ក្បាច់​រចនា​ពោល​គឺបើ​ក្បាច់​ងាយ​ៗគឺ​ប្រើ​ពេល​ខ្លី​តែ​បើក្បាច់​លម្អិត​គឺចំណា​យពេ​លយូរ​។​បច្ចុប្បន្ន​ក៏មាន​គេ​កុម្ម៉ង់​ទិញ​សម្រាប់​ដាក់លក់​នៅតាម​ហា​ង​លក់​វត្ថុ​អនុស្សាវរីយ៍​និង​នៅតាម​ភោជនីយដ្ឋាន​ដែរ​។​លោក​ប្រាប់​ថា​បច្ចុប្បន្ន​មាន​អ​តិថិ​ជន​កុម្ម៉ង់​ទិញ​គោម​ភ្លើង​កែច្នៃ​ពី​ត្រ​ឡោក​ដូង​និង​បំពង់​ឫស្សី​។

​ដោយ​ឡែក​ចំពោះ​គំនូរ​គូរ​នៅលើ​​កំណាត់​ដើមត្នោ​តវិញ​ កាល​ពីលោកទើ​បគូរ​លើក​ទី​១​គឺមាន​ជនជាតិ​បារាំង​សុំ​ទិញ​ក្នុងតម្លៃ​៥០០​ដុល្លារ​ដើម្បីយ​កទៅដាក់​តាំង​នៅ​សណ្ឋា​គារ​១​ក្នុង​ក្រុង​បាត់ដំ​បង​។​ក៏ប៉ុន្ដែ​សម្រាប់​ដើមត្នោ​ត​ដែល​លោក​គូរ​លើក​ទី​២​នេះ​លោក​ថា​មិន​លក់​ទេ​តែបើ​មាន​ស្ថាប័ន​រដ្ឋ​ស្នើសុំ​គឺ​លោក​ប្រគល់ជូន​ដោយ​មិន​យក​កម្រៃ​ឡើយ​ដើម្បី​ទុកជា​វត្ថុ​អនុ​ស្សាវរី​យ៍​រំឭក​ពី​ស្នាដៃ​របស់​លោក​ផង​។​

​ពាក់​ព័ន្ធ​ករ​ណីនេះ​ដែរ​ ​លោក ​ប្រាក់ សុ​ណ្ណា​រ៉ា អគ្គ​នាយក​បេតិក​ភណ្ឌ និង​ជា​អ្នកនាំ​ពាក្យ​នៃ​ក្រសួង​វប្បធ​ម៌ និង​វិចិត្រ​សិល្បៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​រូប​ឥស្សរជន​ឬ​វីរ​បុរស​ព្រះមហាវីរក្សត្រ​របស់​យើង​មហា​វី​រក្ស​ត្រី​ដូច​ករណី​ព្រះ​នាង​ឥន្ទ្រ​ទេវី​ ព្រះបាទ​ជ័យ​វរ្ម័​នទី​៧​ក៏ដូច​ជា​ការ​ឆ្លាក់​ក្បាច់​ភ្ញី​ទម្រង់​បែប​បទ​បុរាណ​អីហ្នឹង​គឺ​វា​មិន​ទាស់​ខុស​ទេ​។​ទោះបី​ការ​ឆ្លាក់​នៅ​លើ​សម្ភារ​ឧប​ករណ៍​ថ្ម ​ឈើ ឬ​​លោហៈ​អី​ក៏ដោយ​ដែល​ឆ្លាក់​ឬ​គូរ​ចេញ​ជា​រូប​។​

​លោក​ថ្លែង​ថា​៖«​ប៉ុន្តែ​សំខាន់​ទីតាំង​ដែល​ដាក់​យក​ទៅដា​ក់​នៅឯ​ណា?តម្កល់​នៅ​កន្លែង​ណា​?ប្រសិន​បើជា​ករណី​យើង​ឆ្លាក់​ហើយ​ឧទាហ​រណ៍​យក​ទៅដា​ក់​នៅ​កន្លែង​មិន​សមរម្យ​មិន​សម​គួរ​អាហ្នឹង​វា​មិន​មែន​ជា​ការលើក​តម្កើង​ជួយ​អភិរក្ស​អី​ទេ​។​ប្រៀប​បីដូច​ជា​យើង​ឆ្លាក់​រូប​ព្រះ​យើង​មាន​កន្លែង​ដាក់​តម្កល់​ត្រឹមត្រូវ​គោរ​ពបូជា​ហើយ​រូប​ធំៗ​យើង​មាន​តម្កល់​ជា​ទម្រ​ជា​បល្ល័ង្ក​ព្រះ​នៅ​ទី​អាសនៈ​ដ៏​សមរម្យ​បើ​យើង​យក​ទៅដា​ក់​នៅ​កន្លែង​មិន​សមរម្យ​អាហ្នឹង​វា​មិន​មែន​ជា​ការ​ចូល​រួម​ថែរក្សា​អភិ​រក្ស​អី​នោះ​ទេ​»៕