បាត់ដំបងៈមហោស្រពសិល្បៈទីក្រុង «ស្អាត» បានទទួលការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ អន្តរជាតិ និងប្រជាជនក្នុងខេត្តក្រោយពីការបញ្ចប់ការតាំងបង្ហាញព្រឹត្តិការណ៍សិល្បៈជាច្រើនក្នុងរយៈពេល១សប្តាហ៍ ក្រោមការរៀបចំដោយអង្គការហ្វារពន្លឺសិល្បៈខេត្តបាត់ដំបង។
លោក ឃួន ចន្ទរស្មី នាយកគ្រប់គ្រងគម្រោងរបស់សមាគមហ្វារពន្លឺសិល្បៈ បានឱ្យដឹងនៅថ្ងៃទី២០ ខែមិថុនា ថា មហោស្រពសិល្បៈទីក្រុង «ស្អាត»ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន ដែលមានអ្នកខ្លះចង់ឱ្យមានមហោស្រពបែបនេះធ្វើជារៀងរាល់ឆ្នាំផងដែរ។
លោកបានថ្លែងថា៖ «ខ្ញុំសង្កេតឃើញថា មហោស្រពនេះមានការគាំទ្រជាច្រើនពីសំណាក់ភ្ញៀវជាតិ អន្តរជាតិ និងប្រជាជនក្នុងស្រុកផ្ទាល់ដែលចូលរួមក្នុងពិធីនេះដោយសារវាមានសកម្មភាពកម្សាន្តជាច្រើនដូចជា សិក្ខាសាលាផ្នែករាំហ៊ីបហប់, សិក្ខាសាលាផ្នែកគំនូរផ្សេងៗ,ការបង្កើតតុក្កតាយក្ស, សិល្បៈសហសម័យខ្មែរ ការតាំងពិព័រណ៍ស្នាដៃសិល្បៈផ្សេងៗ ការដង្ហែក្បួនសិល្បៈ និងការប្រគំតន្ត្រីជាដើម»។
នាយកគ្រប់គ្រងគម្រោងរបស់សមាគមហ្វារពន្លឺសិល្បៈរូបនេះ បានលើកឡើងដែរថា មហោស្រពនេះក៏បានចូលរួមចំណែកធ្វើឱ្យមានការរីកចម្រើនលើផ្នែកសេដ្ឋកិច្ចក្នុងខេត្តបាត់ដំបងដែរ ដែលខេត្តអាចនឹងទទួលបានកិត្តិសព្ទមកវិញថា ជាខេត្តនៃសិល្បៈ និងវប្បធម៌ ព្រមទាំងចូលរួមចំណែកធ្វើឱ្យក្រុងបាត់ដំបងអាចនឹងជាប់ក្នុងបណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូផងដែរ។
លោកបន្ថែមថា និយាយដោយខ្លី មហោស្រពសិល្បៈទីក្រុង «ស្អាត» ជាផ្នែកមួយមានតួនាទីសំខាន់ណាស់ ដែលមិនអាចអត់បានក្នុងការអភិវឌ្ឍ ពីព្រោះវាបានលើកកម្ពស់ផ្នែកសិល្បៈ និងវប្បធម៌ ដែលអាចធ្វើឱ្យខេត្តបាត់ដំបង ទទួលបានកិត្តិនាមជាខេត្តសិល្បៈ និងវប្បធម៌ ដូចប្រវត្តិសាស្ត្ររបស់ខ្លួន ព្រមទាំងជំរុញឱ្យក្រុងបាត់ដំបងក្លាយជាបណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតផងដែរ។
ក្រសួងទេសចរណ៍ ធ្លាប់បានលើកឡើងថា នៅឆ្នាំនេះមហាស្រពសិល្បៈទីក្រុងស្អាតធ្វើឡើងក្នុងគោលបំណងនៃការលើកកម្ពស់ការយល់ដឹងកាន់តែច្រើននូវបេតិកភណ្ឌវប្បធម៌រួម ក្នុងតំបន់ដែលនឹងក្លាយជាធាតុមួយដ៏សំខាន់របស់មហោស្រព។
បន្ថែមពីលើនេះទៅទៀត មហោស្រពក៏មានគោលបំណងបង្កើនសោភណភាពដល់ទីក្រុង តាមរយៈ ស្នាដៃសិល្បៈ ដែលមានតាំងនៅបានយូរអង្វែង ដូចជាគំនូរលើជញ្ជាំង និងចម្លាក់ជាដើម។ ស្នាដៃ និងសកម្មភាពទាំងនេះ រួមជាមួយនឹងមហោស្រព និងព្រឹត្តិការណ៍វប្បធម៌ផ្សេងទៀត ជួយឱ្យខេត្តបាត់ដំបងក្លាយជាខេត្តទាក់ទាញផ្នែកវប្បធម៌សម្រាប់ភ្ញៀវទេសចរទាំងឡាយ ដែលបានធ្វើដំណើរឆ្លងកាត់ក្នុងខេត្ត ហើយក្នុងពេលតែមួយ ចូលរួមចំណែកក្នុងការអភិវឌ្ឍវប្បធម៌ និងសេដ្ឋកិច្ចក្នុងតំបន់។
ដោយឡែក លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានឱ្យដឹងដែរថា កម្មវិធីមហាស្រពសិល្បៈនេះ ជាការរៀបចំឡើងដើម្បីធ្វើឱ្យទីក្រុងបាត់ដំបងមានភាពរស់រវើកឡើងវិញ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ ខណៈដែលនៅក្នុងខេត្តមានសភាពស្ងប់ស្ងាត់។
លោកថា អង្គការហ្វារពន្លឺសិល្បៈ ចង់បង្កើតព្រឹត្តិការណ៍មួយ ដើម្បីឱ្យដំណើរការវិស័យទេសចរណ៍ឡើងវិញ និងព្រមទាំងទាក់ទាញភ្ញៀវទេសចរមកទស្សនានៅក្នុងខេត្តបាត់ដំបងដែលមានអគារបុរាណ អគារសម័យអាណានិគមបារាំងជាង ៨០០ខ្នងផ្ទះដែលនឹងបម្រុងដាក់អគារទាំងនេះជាអគារបេតិកភណ្ឌរបស់អង្គការយូណេស្កូផង។
លោក សឿម ប៊ុនរិទ្ធិ លើកឡើងថា៖ «អង្គការហ្វារពន្លឺសិល្បៈតែងតែបង្កើតព្រឹត្តិការណ៍ជាច្រើននៅក្នុងពិធីបុណ្យផ្សេងៗនៅក្នុងខេត្ត បុណ្យចូលឆ្នាំថ្មី បុណ្យចូលឆ្នាំសកល ឬព្រឹត្តិការណ៍ផ្សេងៗក្នុងខេត្ត ដើម្បីបង្ហាញពីសមត្ថភាពនៃការសម្ដែងផង និងជាការទាក់ទាញភ្ញៀវទេសចរផងដែរ»។
សូមបញ្ជាក់ថា មហោស្រពសិល្បៈទីក្រុង «ស្អាត» នេះធ្វើឡើងរៀងរាល់២ឆ្នាំម្ដង ដែលនេះជាលើកទី៣ហើយ ដែលអង្គការហ្វារពន្លឺសិល្បៈបានធ្វើមហោស្រពនេះនៅក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី១២-១៧ ខែមិថុនា ឆ្នាំ២០២៣នេះ បន្ទាប់ពីលើកទី១ ធ្វើនៅឆ្នាំ២០១៨ និងលើកទី២ធ្វើនៅក្នុងឆ្នាំ២០១៩៕