ភ្នំពេញ: ក្នុងការប្រារព្ធពិធីផ្លាស់ប្តូរទំនាក់ទំនងផ្នែកសិល្បៈនិងវប្បធម៌ សិល្បករខ្មែរ ស្រ៊ុន រីដា បានតាំងបង្ហាញស្នាដៃសិល្បៈរបស់លោកនៅវិចិត្រសាលអាស៊ានក្រោមចំណងជើងថា «Image in Blue» នៅថ្ងៃទី ១៩ ខែមិថុនា។
ក្នុងនាមជាសិល្បករនិវាសនជនទី៥ សម្រាប់កម្មវិធីលំនៅឋានសិល្បករអាស៊ាន (AARP) ស្នាដៃសិល្បៈរបស់លោក រីដា ត្រូវបានទទួលយ៉ាងកក់ក្តៅពីអគ្គលេខាធិការអាស៊ានលោក កៅ គឹមហួន នៅលេខាធិការដ្ឋានអាស៊ានក្នុងទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី។
អនុប្រធាន C ASEAN លោក ភីសានូ ស៊ូវ៉ាណាចាតា ក៏បានធ្វើជាសាក្សីក្នុងពិធីប្រគល់ស្នាដៃសិល្បៈ «Image in Blue» នេះផងដែរ។ ស្នាដៃសិល្បៈនេះជាស្នាដៃទី១១៨ ចំពោះការប្រមូលស្នាដៃសិល្បករនៅវិចិត្រសាលអាស៊ានដ៏មានកិត្យានុភាព។
លោក កៅ គឹមហួន បានថ្លែងក្នុងឱកាសនោះថា៖«មកទល់ពេលនេះ AARP បានប្រារឰកម្មវិធីចំនួន ៤ លើក។ ក្នុងឆ្នាំ ២០១៩ យើងមានសិល្បករស្រីថៃម្នាក់។ បន្ទាប់ពីរយៈពេល ២ ឆ្នាំនៃការបិទខ្ទប់ដោយសារជំងឺរាតត្បាតសកលកូវីដ ១៩ យើងបានបន្ដបង្ហាញស្នាដៃសិល្បករ ៣ នាក់ផ្សេងទៀត មកពីប្រទេសម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម»។
លោកបានថ្លែងថា៖ «ឆ្នាំនេះ AARP មានមោទនភាពបង្ហាញសិល្បករវ័យក្មេងដែលមានជោគជ័យម្នាក់ទៀតមកពីប្រទេសកម្ពុជាគឺលោក ស្រ៊ុន រីដា»។
ក្នុងឱកាសនោះលោក គឹមហួន បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ThaiBev សម្រាប់ការគាំទ្រជាបន្តបន្ទាប់ក្នុងការទ្រទ្រង់កម្មវិធីផ្សព្វផ្សាយសិល្បៈ និងវប្បធម៌របស់ លេខាធិការដ្ឋានអាស៊ាន។
លោក ស៊ូវ៉ាណាចាតា បានថ្លែងពីអំណាចនៃសិល្បៈជាភាសាសកលដែលបង្រួបបង្រួមមនុស្សមកពីមជ្ឈដ្ឋានផ្សេងៗគ្នាហើយបានសន្យាគាំទ្រគាត់ចំពោះចក្ខុវិស័យរបស់ ASEC ក្នុងការកសាងសហគមន៍តាមរយៈសិល្បៈ និងវប្បធម៌។
លោកបានបន្ដថា៖ «វាជាកិត្តិយសនិងសេចក្តីរីករាយដ៏អស្ចារ្យរបស់ខ្ញុំដែលបានមកទីនេះដើម្បីគាំទ្រចក្ខុវិស័យរបស់ ASEC ឆ្ពោះទៅរកការកសាងសហគមន៍តាមរយៈសិល្បៈនិងវប្បធម៌»។
ក្នុងអំឡុងពេលបង្ហាញនិងប្រគល់ស្នាដៃសិល្បៈនេះលោករីដាបានគូសបញ្ជាក់អំពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមដូចជា AARP ក្នុងការផ្តល់ការគាំទ្រដល់សិល្បករវ័យក្មេងក្នុងតំបន់។
លោកបានថ្លែងអំណរគុណចំពោះឱកាសដែលបានក្លាយជាសិល្បករ និងបង្ហាញការសាទររបស់លោកក្នុងការតំណាងសិល្បៈអាស៊ានទៅកាន់ពិភពលោកថា៖ ខ្ញុំសូមអរគុណ AARP ដែលបានផ្តល់ឱកាសឱ្យខ្ញុំនៅទីនេះនៅថ្ងៃនេះ។ ក្នុងនាមជាអ្នកសិល្បៈម្នាក់ នេះជាកិត្តិយសដ៏ធំមួយដែលបានមកទីនេះ។ នេះនាំឱ្យខ្ញុំកាន់តែខិតជិត ១ ជំហានទៀត ដើម្បីបង្ហាញសិល្បៈរបស់ខ្ញុំនិងសិល្បៈអាស៊ានទៅកាន់ពិភពលោក»។
លោក រីដា ជាសិល្បករមកពីប្រទេសកម្ពុជាដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីលំនៅឋានសិល្បករអាស៊ានលើកទី៥ (AARP) ហើយបានចំណាយពេលពីថ្ងៃទី ២៣ ខែឧសភា ដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣ ដើម្បីបង្កើតស្នាដៃសិល្បៈមួយដែលផ្តោតលើការរួបរួមក្នុងអាស៊ាននៅលេខាធិការដ្ឋានអាស៊ាន។
AARP មានគោលបំណងគាំទ្រនិងលើកស្ទួយសិល្បករវ័យក្មេងក្នុងតំបន់អាស៊ានផ្សព្វផ្សាយអត្តសញ្ញាណអាស៊ានតាមរយៈការផ្លាស់ប្តូរវប្បធម៌ និងកម្មវិធីអប់រំ។
ប្រធានបទសិល្បៈរបស់លោក គឺទាក់ទងនឹងអន្តរកម្មរវាងសង្គមមនុស្ស និងបរិស្ថាន ទិដ្ឋភាពវិវត្តនៃការអភិវឌ្ឍសង្គមនិងភាពស្មុគស្មាញនៃការផ្លាស់ប្តូរ។
កម្មវិធីស្នាក់នៅរបស់សិល្បករអាស៊ានបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអ្នកមានទេពកោសល្យដែលកំពុងរីកចម្រើន ស្របតាមផែនការយុទ្ធសាស្ត្រអាស៊ានសម្រាប់វប្បធម៌ឆ្នាំ ២០១៦-២០២៥។
ជារៀងរាល់ឆ្នាំ វិចិត្រករម្នាក់ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីស្នាក់នៅរយៈពេល ១ ខែ ដែលពួកគេត្រូវបានផ្តល់ជូនស្ទូឌីយោ ដើម្បីបង្កើតស្នាដៃសិល្បៈប្លែកពីគេ ដែលក្លាយជាផ្នែកអចិន្ត្រៃយ៍នៃបណ្តុំវិចិត្រសាល
អាស៊ាន។
គំនិតផ្តួចផ្តើមនេះមិនត្រឹមតែបង្ហាញពីស្នាដៃសិល្បៈចម្រុះនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យការយល់ដឹងគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅនិងពង្រឹងអារម្មណ៍នៃសហគមន៍អាស៊ានផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានអាស៊ាននៅទីក្រុងហ្សាការតា បានឱ្យដឹងថា គោលបំណងចម្បងគឺសម្រាប់សិល្បករទាំងនេះដើម្បីស្វែងយល់អំពីអត្តសញ្ញាណអាស៊ាន និងធ្វើឱ្យការយល់ដឹងគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅលើវប្បធម៌ក្នុងតំបន់ផ្សេងៗគ្នា។តាមរយៈកម្មវិធីនេះ លេខាធិការអាស៊ាន សង្ឃឹមថា នឹងអាចដើរតួនាទីក្នុងការអភិវឌ្ឍអាជីពរបស់សិល្បករវ័យក្មេងមកពីតំបន់ទាំងមូល៕