ភ្នំពេញៈ ទូលក់ដោយស្វ័យប្រវត្តិ ឬ Vending Machine គឺជាទូលក់ទំនិញដ៏ពេញនិយមនៅតាមបណ្តាប្រទេសជឿនលឿន ដូចជានៅប្រទេសជប៉ុន និងអឺរ៉ុបជាដើម។ ទូ ទាំងនោះភាគច្រើនជាទូលក់ភេសជ្ជៈ ឬទំនិញមួយចំនួន ដែលអ្នកទិញត្រូវតែប្រើក្រដាសប្រាក់ ឬកាក់ដើម្បីទិញផលិតផលដែលខ្លួនចង់បាន។
បច្ចុប្បន្ននេះនៅកម្ពុជា មាននិស្សិត ១ ក្រុម បានអភិវឌ្ឍទូលក់ដោយស្វ័យប្រវត្តិនេះឱ្យកាន់តែទំនើបមួយកម្រិតថែមទៀត។ ទូលក់ស្វ័យប្រវត្តិដែលនិស្សិតកម្ពុជាបង្កើតឡើងនោះស្របតាមបរិបទសង្គមដោយអតិថិជនអាចទិញផលិតផល និងទូទាត់ប្រាក់ដោយការស្គេន QR Code។
យុវជន ជា ផេងអ៊ូ ជានិស្សិតឆ្នាំទី៥ ផ្នែកអគ្គិសនីនៅវិទ្យាស្ថានជាតិបច្ចេកវិទ្យាកម្ពុជា (ITC) និងជាអ្នកតំណាងឱ្យក្រុមរបស់ខ្លួនបានឱ្យដឹងថា ក្រុម Techno Vending Machine ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២២ តាមរយៈកិច្ចការសាលា និងបានវិវឌ្ឍទៅជាអាជីវកម្មប្រចាំដេប៉ាតឺម៉ង់នាពេលនេះ។
យុវជន ជា ផេងអ៊ូ រៀបរាប់ថា៖ «ពេល-នោះពួកខ្ញុំរៀនឆ្នាំទី៤ វាកើតចេញ ពីគម្រោងក្នុងថ្នាក់ ១ ដែលគ្រូ បានដាក់ឱ្យ។ ខ្ញុំក៏យល់ថា បើធ្វើអ្វីដែលជាគំនិតច្នៃប្រឌិតហើយអាចវិវឌ្ឍទៅជាអាជីវកម្មទៅថ្ងៃអនាគតបាននោះ វាល្អ ដូច្នេះហើយពួកខ្ញុំក៏នឹងឃើញដល់ Vending Machine»។
ការបង្កើតដំបូងឡើយ ក្រុមនិស្សិតនេះមិនទាន់យល់ថា វាអាចក្លាយទៅជាគំនិតអាជីវកម្មនៅឡើយទេ តែក្រោយការអភិវឌ្ឍផលិតផលនេះជាបន្តបន្ទាប់ វាត្រូវបានលោកគ្រូបន្ទុករបស់ពួកគេជួយស្វែងរកអ្នកឧបត្ថម្ភថវិកា រួមជាមួយនឹងខាងដេប៉ាតឺម៉ង់ផ្ទាល់គាំទ្រ ហើយកែប្រែវាទៅជាអាជីវកម្មសម្រាប់ដេប៉ាតឺម៉ង់តែម្ដង។
និស្សិតឆ្នាំទី៥ ជា ផេងអ៊ូ បានឱ្យដឹងពីគំនិតច្នៃប្រឌិត ធ្វើឱ្យទូលក់ស្វ័យប្រវត្តិនេះអាចទូទាត់ប្រាក់តាមការស្គេនថា៖ «ដំបូងពួកខ្ញុំស្វែងយល់ពី ចំណុចខ្សោយនៃប្រភេទទូអគ្គិសនីដទៃ និងដោយឃើញការប្រើប្រាស់កាក់ និងលុយសុទ្ធមានបញ្ហាច្រើន ហើយណាមួយពួកខ្ញុំមានសក្ដានុពលផ្នែកហ្នឹងផង អ៊ីចឹងហើយទើបយើងប្រើ QR Code ដែលកំពុងពេញនិយមនៅខ្មែរយើងតែម្ដង»។
យុវជន ជា ផេងអ៊ូ បានឱ្យដឹងទៀតថា កូនអាជីវកម្មតូចនេះកំពុងសហការជាមួយនឹងដេប៉ាតឺម៉ង់គីមីចំណីអាហារ និងដៃគូនៅប្រទេសតៃវ៉ាន់ ដោយការសហការនេះ គឺជាការផ្តោះប្តូរបច្ចេកវិទ្យា និងសម្ភារ។ ខាងដៃគូជាអ្នកផ្ដល់ទូមក ចំណែកក្រុម Techno Vending Machine នឹងបំពាក់បច្ចេកវិទ្យាជូនដល់ពួកគេដើម្បីយកទៅដាក់លក់ទឹក និងលក់ភេសជ្ជៈផ្សេងៗ។
ប៉ុន្តែសម្រាប់ឆ្នាំ ២០២៤ ខាងមុខយុវជន ១ ក្រុមនេះ បានធ្វើផែនការថ្មី ដោយគ្រោងនឹងបើកទទួលការកុម្ម៉ង់សម្រាប់អតិថិជនទូទៅ។ យុវជនជា ផេងអ៊ូ ឱ្យដឹងថា៖ «ពួកខ្ញុំនឹងបើកការកុម្ម៉ង់ ២ ជម្រើស សម្រាប់ឆ្នាំ ២០២៤ ទី ១ គឺខ្នាតស្តង់ដា ដែលមានតូច មធ្យម និងធំ។ ចំណែកមួយប្រភេទទៀត គឺធ្វើតាមបែបបទដែលអតិថិជនកុម្ម៉ង់ ទាំងរូបរាង ទំហំ និងសូម្បីសម្រាប់ប្រភេទផលិតផលផ្សេងក្រៅពីភេសជ្ជៈ»។
យុវជន ជា ផេងអ៊ូ បន្ថែមថា៖ «គោលដៅរបស់យើងមាន ២ គឺទី ១ លក់ឱ្យអតិថិជនគោលដៅ និងទី ២ គឺលក់ជាកញ្ចប់ដោយការដាក់ជួលម៉ាស៊ីន និងសេវាកម្មផ្សេងៗរបស់ពួកខ្ញុំ។ សម្រាប់តម្លៃវិញ ដោយសារតែឥឡូវនេះពួកខ្ញុំធ្វើការតែជាមួយនឹងដៃគូ ដូច្នេះហើយ យើងមិនទាន់បានកំណត់តម្លៃទូអគ្គិសនីនៅឡើយ»។
មកទល់ពេលនេះ ក្រុម Techno Vending Machine បានអភិវឌ្ឍទូរបស់ខ្លួនបានដល់ ២ ជំនាន់ហើយ។ យុវជន ជា ផេងអ៊ូ បញ្ជាក់ថា កាលជំនាន់ទី ១ គឺជាការទិញប្រើ QR Code ដែរ តែត្រូវផ្ទៀងផ្ទាត់ជាមួយលេខកូដ តាមរយៈសារ SMS ដែលទទួលបានពីខាងធនាគារមុនឱ្យទូអគ្គិសនីដំណើរការ ដោយវាត្រូវប្រើពេល ៦ វិនាទី។ ចំណែកជំនាន់ទី ២ គឺលឿនជាងមុន ៣ ដង ដែលប្រើប្រព័ន្ធទូទាត់ប្រាក់របស់បាគង ប្រើអ៊ីនធឺណិតដោយមិនចាំបាច់ផ្ទៀងផ្ទាត់លេខកូដទៀតនោះទេ ពោលគឺគ្រាន់តែស្គេន នោះភេសជ្ជៈនឹងធ្លាក់ពីទូអគ្គិសនីមកតែម្តង។
បច្ចុប្បន្ន ក្រុមនិស្សិតផ្នែកអគ្គិសនីឆ្នាំទី៥ ឈ្មោះ Techno Vending Machine ដែលមានសមាជិកចំនួន ៥ នាក់នេះ បានផលិតទូអគ្គិសនីទំនើបនេះចំនួន ៦ គ្រឿងហើយ។
លើសពីនេះយុវជន ជា ផេងអ៊ូ ចង់ឃើញប្រជាពលរដ្ឋគាំទ្រស្នាដៃបច្ចេកវិទ្យាថ្មីៗរបស់យុវជនឱ្យកាន់តែច្រើន ព្រោះវារួមចំណែកដល់សង្គមផង និងលើកកម្ពស់បច្ចេកវិទ្យាខ្មែរផង។
និស្សិត ជា ផេងអ៊ូ និយាយថា៖ «ទោះបីជានៅកម្ពុជាយើង មានការប្រកួតប្រជែងជាមួយទូអគ្គិសនីបរទេសច្រើនក៏ដោយ តែខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋក្នុងស្រុកនឹងមានការគាំទ្រច្រើន ដោយសារវាជាផលិតផលក្នុងស្រុកផលិតដោយដៃកូនខ្មែរ ម្យ៉ាងតម្លៃវិញគឺថោកជាងម៉ាស៊ីនបរទេសទៅទៀត»។
យុវជនរូបនេះបន្តថា ការប្រើប្រាស់ទូអគ្គិសនីនេះមានប្រយោជន៍ច្រើន វាមិនត្រឹមតែចំណេញមនុស្សក្នុងការលក់ តែអតិថិជនអាចកុម្ម៉ង់ទូអគ្គិសនីនេះដើម្បីដាក់លក់ផលិតផលផ្សេងទៀតបានដូចជាគ្រឿងសម្អាង និងផលិតផលផ្សេងៗបានផងដែរ៕