ភ្នំពេញៈ អង្គការមូលនិធិកុមារកម្ពុជាដឹកនាំអ្នកភូមិ និងក្មេងៗកែប្រែដី ១ កន្លែងដែលបោះបង់ចោលពោរពេញដោយសំរាមស្ថិតនៅខណ្ឌមានជ័យរាជធានីភ្នំពេញ ទៅជាសួនបន្លែដោយក្នុង ១ ឆ្នាំ បន្លែចម្រុះមុខប្រមាណជិត ១ តោន ត្រូវបានប្រមូលផល។
លោក Scott Neeson ស្ថាបនិកនៃអង្គការមូលនិធិកុមារកម្ពុជាបានចាប់អារម្មណ៍នឹងគម្រោងនេះជាយូរមកហើយ បន្ទាប់ពីលោកបានដើរឆ្លងកាត់លើដីដ៏សែនកខ្វក់ ១ កន្លែងនេះស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ជាមួយកុមារតូចឈ្មោះសុខលីកាលពី១៨ខែមុន។
លោកបានរៀបរាប់ថា៖ «ប្រហែលជា ១៨ ខែមុននេះ ខ្ញុំដឹងថា វាដល់ពេលដែលត្រូវធ្វើតាមគំនិតរបស់ខ្លួនឯងហើយ។ ប្រសិនបើខ្ញុំដឹងថា ខ្ញុំអាចគិតខុស និងប្រសិនបើខ្ញុំមានសមត្ថភាពផងដែរ នោះវាគឺជាការទទួលខុសត្រូវរបស់ខ្ញុំក្នុងការកែខៃដោះស្រាយនូវរាល់បញ្ហាទាំងនោះ។ ខ្ញុំបានត្រៀមដីនៅទីនេះ ហើយដោយមានការចូលរួមជួយពីអ្នកភូមិយើងខ្លះៗ និងអ្នកជំនាញខាងរុក្ខជាតិ និងដីដ៏អស្ចារ្យរបស់យើង»។
លោក Scott Neeson បាននិយាយថា ការផ្លាស់ប្តូរដីនេះទៅជាដីដែលមានលក្ខណពិសេសបំផុត ដូចជាបានផ្តល់ឱ្យនូវសួនបន្លែសម្រាប់សហគមន៍សម្រាកលម្ហែកាយ ជាមួយផើងដីដាក់ជារោងតូចៗសម្រាប់ដាំដំណាំផ្ទាល់ខ្លួនរបស់ពួកគេ។ លោកក៏បានអនុញ្ញាតឱ្យអ្នកភូមិអាចដាំដំណាំគ្រប់ប្រភេទ មិនថាជាដំណាំអ្វីក៏ដោយដែលអ្នកភូមិអាចដាំបាន ហើយពួកគេអាចយកមកបរិភោគឬលក់ដើម្បីទទួលបានប្រាក់កម្រៃផ្ទាល់ខ្លួនទៀតផង។
បន្ទាប់ពីសម្រេចក្តីស្រមៃនេះលោក បានថ្លែងថា៖«អ្នកភូមិយើងជាច្រើនដែលមានប្រវត្តិជាអ្នកចំណាកស្រុកពីជនបទមករស់នៅទីនេះហើយសមាជិកគ្រួសារវ័យចំណាស់របស់ពួកគាត់អាចមានឱកាសនាំមកវិញនូវការរស់នៅបែបធម្មជាតិ ដោយប្រើដៃប្រឡូកជាមួយដីជាថ្មី ធ្វើការដាំដំណាំក្នុងរោងរបស់ខ្លួនដោយផ្ទាល់»។
បន្ថែមពីនេះ លោក Scott ដែលមិនធ្លាប់នឹកស្មានដល់ថា ក្មេងៗនៅក្នុងភូមិចូលចិត្តដាំរុក្ខជាតិ និងថែដំណាំដែលមាននៅក្នុងសួននេះ បែរជាពួកគេបង្ហាញការចូលរួម និងចូលចិត្តដែលខុសឆ្ងាយពីពេលមុនពួកគេកាន់តែទូរស័ព្ទ ដើម្បីលេង Tik Tok និងថតរូបខ្លួនឯង។
លោក Fraser Brown អ្នកសម្របសម្រួលផ្នែកកសិកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាពនៃអង្គការមូលនិធិកុមារកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២៩ ខែមិថុនាថា ដំបូងឡើយដីនេះ គឺជាដីទំនេរ ហើយជាដីគំនរសំរាមដែលគេបោះបង់ចោលពោរពេញដោយការដុតសំរាមជាញឹកញាប់។
លោកបានរៀបរាប់ថា៖«ទីតាំងចាក់សំរាមនេះ មានផ្ទៃដីសរុបជាង៦០០ម៉ែត្រការ៉េ ដែលយើងបានពង្រាយដី ដើម្បីដាំដុះប្រមាណ៣៥០ម៉ែត្រការ៉េប៉ុណ្ណោះ។ យើងបានជីកកកាយដីដែលកខ្វក់នោះ នៅខែឧសភា ឆ្នាំ២០២១ ហើយការប្រមូលផលដំបូងគឺនៅខែកញ្ញា ក្នុងឆ្នាំដដែល។ បន្ទាប់មកយើងចាប់ជីកកកាយដីដែលកខ្វក់នោះ១កន្លែងទៀត ដើម្បីពង្រីកការដាំដុះរបស់យើង ហើយនៅខែធ្នូ ឆ្នាំ២០២២ យើងបានសម្អាតផ្ទៃដីដាំដុះប្រហែល២៣០ម៉ែត្រការ៉េ»។
លោក Fraser បានឱ្យដឹងថា ក្នុង១ឆ្នាំឬកាលពីឆ្នាំ២០២២ ដំណាំដែលបានដាំដុះលើដីនេះ គឺប្រមូលផលបានជាង៨៣០គីឡូក្រាម ដើម្បីផ្តល់ជូនអតិថិជនទាំងក្នុងស្រុក ជនបរទេស និងភោជនីយដ្ឋាននៅជុំវិញទីក្រុង។ ក្រៅពីនោះលោកអះអាងថា ដំណាំទាំងនោះមួយចំនួន ក៏ត្រូវបានលក់នៅតំបន់ក្បែរនោះដល់សមាជិកសហគមន៍ និងអ្នកស្រុក ព្រមទាំងចែកចាយដល់គ្រួសារដែលមានការលំបាកបំផុតនៅក្នុង CCF ។
តាមការអះអាង សួនបន្លែនៅលើដីចាក់សំរាមនេះ គឺបានផលិតផលដំណាំប្រហែល២០ប្រភេទ ខណៈសួននេះ គឺជាផ្ទះរបស់រុក្ខជាតិជាង៦០ប្រភេទដែលភាគច្រើនអាចបរិភោគបានឬជាឱសថដោយមានអ្នកជួយថែ អ្នកជំនាញផ្នែកកសិកម្ម និងអ្នកស្ម័គ្រចិត្តប្រមាណ២០នាក់ ហើយមានការសហការជាមួយប្រជាពលរដ្ឋជុំវិញជាង៥០គ្រួសារ។
លោក Fraser បានបន្ថែមថា៖«យើងក៏មានសិស្សនៅជុំវិញតំបន់នេះចន្លោះពី១៥០ ទៅ២០០នាក់ មកចូលរួមក្នុងការតុបតែងសួនដាំដំណាំ ច្រូតកាត់ នៅពេលដែលពួកគេទំនេរពីការសិក្សាផងដែរ។ខ្ញុំរីករាយដែលបានក្លាយជាផ្នែក១នៃគម្រោងដែលផ្តល់កន្លែងបៃតង និងផលិតផលសរីរាង្គសម្រាប់កុមារ និងសមាជិកសហគមន៍ ដើម្បីរីករាយក្នុងបរិយាកាសដ៏អាប់អួនេះ»។
លោក Fraser បានបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំសង្ឃឹមថាគម្រោងនេះអាចយកទៅធ្វើជាគំរូសម្រាប់យុវជនកម្ពុជាណាក៏ដោយដែលចាប់អារម្មណ៍លើវិស័យកសិកម្មហើយបង្ហាញថាវាអាចទៅរួចក្នុងការបង្កើតប្រាក់ចំណូលចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាព។គម្រោងស្រដៀងគ្នានេះអាចដំណើរការបាននៅជុំវិញទីក្រុងភ្នំពេញនិងទីក្រុង ឬទីប្រជុំជនសំខាន់ៗក្នុងប្រទេសកម្ពុជា»៕