សៀម​រាបៈ អំពៅ​ គឺជា​ដំណាំ​មួយ​ប្រភេទ​ដែល​ផ្ដល់​អត្ថប្រ​យោជន៍​ជា​ច្រើន​ដោយ​គេ​អាច​កែច្នៃ​ទៅ​ជា​ភេសជ្ជៈ​ផង ​ឬ​ចម្រាញ់​ធ្វើជា​ស្ករ​ផង​។​ បន្ទាប់​ពី​កិន​សម្រិត​យក​ទឹក​ឡើង​ខ្សោះ​អស់​ហើយ ​កាក​របស់​វា​ត្រូវបាន​គេ​ច្នៃ​ទៅជា​របស់​ប្រើប្រាស់​បរិស្ថាន​ដូចជា​ ចាន​បរិស្ថាន​ជាដើម​។​ លើស​ពីនេះ​បច្ចុប្បន្ន​សំណល់​កាក​អំពៅ​ទាំង​នោះ​គេ​ថែម​ទាំង​អាច​ច្នៃ​ទៅជា​អុស​បរិ​ស្ថាន​បានថែម​ទៀត​ផង​។​

​ស្ថិត​នៅ​ភូមិ​ជ្រាវ​ ក្រុង​សៀមរាប ​ខេត្ត​សៀម​រាប ​អាជីវ​កម្ម​មេត្រី​បរិស្ថាន​មួយ​ដែល​មាន​ឈ្មោះថា ​«ACE»​ តែង​ប្រមូល​យក​កាក​អំពៅ​និង​សំណល់​ឈើ​ដែល​គេ​បោះប​ង់​ចោល​មក​កែច្នៃ​ទៅ​ជា​អុស​បរិស្ថាន​ដែល​មាន​តម្លៃ​សម​រម្យ​និង​កំពុង​ទទួល​បាន​ការ​ចាប់​អារម្ម​ណ៍​ពី​ពល​រដ្ឋ​។​

​លោក​ សេង​ ចាន់​វាសនា​ ប្រធាន​ផ្នែក​លក់​ប្រចាំ​អាជីវ​កម្មមេត្រី​បរិស្ថាន​ខាង​លើនេះ​​បាន​រៀ​បរាប់​ថា​ ស្ថា​ប័ន​របស់លោកចាប់​ផ្ដើម​ដំណើ​រការ​ក្នុង​ឆ្នាំ​២០២០​ ពោល​គឺមាន​រយៈ​ពេល​ជិត​៣​ឆ្នាំ​មក​ហើយ​។​បច្ចុប្បន្ន​អាជី​វកម្ម​មេត្រី​បរិ​ស្ថាន​នេះ​ថែម​ទាំង​មាន​រោង​ចក្រ​ដំឡើង​និង​កែច្នៃ​ផ្ទាល់​ដោយ​ស្នាដៃ​កូន​ខ្មែរ​ទៀត​ផង​។​

​អាជីវក​ម្ម​បែប​បរិស្ថាន​មួយ​នេះ​គឺមាន​ផលិត​ផលិត​ផល​ដូចជា​ចង្ក្រាន​បរិ​ស្ថាន​ អុស​បរិស្ថាន ​ដែល​ផលិត​ចេញ​ពី​កាក​អំពៅ​ និង​កម្ទេច​ឈើ​។​

​លោក​សេង ​ចាន់​វាសនា​ បាន​ឱ្យដឹង​ថា ​មូល​ហេតុ​ដែល​នាំ​ឱ្យ​មានកា​រ​ផលិត​អុស​បរិស្ថាន​នេះ​ឡើង​គឺ​ដោយ​សារ​តែ​ការ​សង្កេត​ឃើញ​ថា​ នៅ​ក្នុង​ក្រុង​សៀម​រាប​ មាន​សំណល់​កាក​អំពៅ​និង​សំណល់​មែក​ឈើ​រប៉ាត់​រប៉ាយ​ច្រើន​ខ្លាំង​ពេក​។​

​លោក​បាន​ប្រាប់​ថា​៖«​ដោយ​សង្កេត​ឃើញ​ថា​ វា​អាច​នឹង​ប៉ះពាល់​ដល់​បរិស្ថាន ​និង​សណ្ដាប់​ធ្នាប់​ក្នុង​ក្រុង​យើង​នឹក​ឃើញ​ថា​ បើ​សិន​បើ​យើង​យក​កាក​អំពៅ​និង​សំណល់​ឈើ​ទាំង​នោះមក​កែច្នៃ​ទៅជា​អុស​មួយ​ប្រភេទ​ដែល​ល្អ​ហើយ​វា​អាច​ប្រើប្រា​ស់​ជាមួយ​ចង្ក្រាន​បរិស្ថាន​ដែល​យើង​កំពុង​ផលិត​បាន​នោះ​វា​ពិតជា​ល្អ​ទាំង​សម្រាប់អាជី​វកម្ម​របស់​យើង​​និង​បរិ​ស្ថាន​»​។​

​ក្នុង​ដំណើរ​ការ​នៃ​កា​រកែច្នៃ​អុស​បរិស្ថាន​២​ប្រភេទ​នេះ​លោក​វាសនា ​បាន​ឱ្យដឹង​ថា ​អង្គភាព​របស់​លោក​បាន​ចំណាយ​ពេល​រហូត​ដល់​ទៅ​២​ឆ្នាំ​ក្នុង​ការ​ស្រាវ​ជ្រាវ​ទម្រាំ​អាច​ចេញ​ជា​ផលិត​ផល​សម្រេច​បាន​។​

​លោក​សេង ​ចាន់​វាសនា ​រៀបរាប់​ដូច្នេះ​ថា​៖«​ចំណុច​ចាប់ផ្ដើម​គឺ​យើង​ផ្ដើម​ពី​ការផលិត​ដោយ​ដៃ​សុទ្ធ​សាធ​គ្រានោះ​គឺអាច​ផលិត​បាន​ត្រឹម​៣០-៤៥​គីឡូ​ក្រាម​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ​ បន្ទាប់​ម​កទៀត​យើង​បាន​ងាក​ទៅ​ស្វែងរ​ក​ម៉ាស៊ីន​ជំនួយ​ដោយ​ការ​ទិញ​ម៉ាស៊ីន​១​គ្រឿង​ពី​សា​ធារណ​រដ្ឋ​ឆែក​ដើម្បី​ជំរុញ​កា​រផលិត​របស់​យើង​ក្នុង​បរិមាណ​ច្រើន​»​។​

​បច្ចុប្បន្ន​អាជីវកម្ម​មួយ​នេះ​អាច​ផលិត​អុស​បរិស្ថាន​បាន​ចន្លោះ​ពី​៤០០-​៤៥០​គីឡូក្រាម​ក្នុង​១ថ្ងៃ​បើ​គិត​ជា​ម៉ោង​គឺ​អាច​ផលិត​បាន​៣០-​៤០​គីឡូ​ក្រាម​ក្នុង​១​ម៉ោង​។​

​លោក ចាន់​វាសនា​ បាន​រៀប​រាប់​ថា​ អុស​បរិស្ថាន​របស់លោក​អាច​ប្រើ​ជំនួស​ធ្យូង​បាន​បើសិន​បើ​អ្នកប្រើប្រាស់​ប្រើ​ជា​មួយ​ចង្ក្រាន​បរិស្ថាន តែ​បើសិន​បើ​ប្រើ​ជាមួយ​នឹង​ចង្ក្រាន​ធម្មតា​វា​នឹង​មិន​អស់ពី​លទ្ធភាព​នោះ​ទេ​ ពោល​វា​មិន​អាច​បំប្លែង​ទៅ​ជា​ចំហេះ​ភ្លើង​១០០​ភាគ​រយ​ទេ។​

​ប្រធាន​ផ្នែក​លក់​រូបនេះបាន​​ឱ្យ​ដឹង​ទៀត​ថា ​អុស​កាក​អំពៅ​គឺមាន​ភាពងាយ​ស្រួល​​និង​ចំណេញ​ជាង​អុស​ធម្មតា​។​ក្នុង​ការ​ចម្អិន​អាហារ​មួយ​ពេល​ឬ​ដាំបាយ​គឺ​ប្រើ​អស់​អុស​នេះ​ត្រឹម​៣​ដុំ​ប៉ុណ្ណោះ​។​លើស​ពីនេះ​​គឺ​ចំណេញ​ពេល​វេលា​ វា​មិន​ប៉ះ​ពាល់​ធម្ម​ជាតិ​។​

​ជា​មួយ​គ្នានេះ​លោក​ចង់​ជំ​រុញឱ្យ​ប្រជា​ពលរដ្ឋ​ងាក​មកប្រើប្រា​ស់​អុស​បរិ​ស្ថាន​និង​ចង្ក្រាន​បរិស្ថាន​ដោយ​ហេតុថា​ អ្នក​ប្រើ​ប្រាស់​មិន​ចាំបា​ច់​ចំណាយ​ពេល​ក្នុងការ​កាប់​ឈើ​ឬ​ប្រើ​ជី​វម៉ាស​ដែល​មាន​ផ្សែង​ប៉ះ​ពាល់​ដល់​សុខភាព​អ្នក​ប្រើ​ផង​និង​ប៉ះពាល់​បរិ​ស្ថាន​ផង​។​

​លោកសេង ចាន់​វាសនា​ បន្តថា ​អុស​បរិស្ថាន​នេះ​វា​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ខ្លាំង​ដល់​អាជីវ​ករ​និង​ពលរដ្ឋ​ដែល​រស់នៅ​ទីប្រជុំ​ជន​និង​ទីក្រុង​។​សម្រាប់​តម្លៃ​នៃ​អុស​បរិស្ថាន​ដែល​ច្នៃ​ចេញ​ពី​កាក​អំពៅ​និង​សំណល់​មែកឈើ​នេះ​លោក​និយាយ​ថា ​វា​មាន​តម្លៃ​៨​ពាន់​រៀល​ក្នុង​១៥​គីឡូ​ក្រាម​ឬ​ស្មើនឹង​១​គីឡូ​៥០០​រៀល​។​

ដោយ​ឡែក​សម្រាប់​ចង្ក្រាន​បរិស្ថាន​វិញ​លោក​សេង​ ចាន់​វាសនា ​ថា​ ចង្ក្រាន​បរិស្ថាន​នេះ​គឺជា​ចង្ក្រាន​ឆ្លាត​វៃ​ដែល​អាច​ជួយ​សម្រួល​ដល់​ការ​ប្រើប្រា​ស់​របស់​ប្រជា​ពលរដ្ឋ​ទូទៅ​អាជីវក​រហើយ​អាច​ជួយ​ទៅដល់​បរិស្ថាន​តាម​រយៈ​ការ​កាត់​បន្ថយ​ផ្សែង​រហូត​ទៅ​ដល់​៩៥​ភាគ​រយ​ឯណោះ​។

ជា​មួយ​គ្នានេះ​វា​អាច​ជួយ​ការ​បញ្ចេញ​ផ្សែង​ទៅកាន់​បរិយា​កាស​ហើយ​វា​រួមចំណែក​កាត់ប​ន្ថយ​ការ​ចំណាយ​របស់​​ពល​រ​ដ្ឋ​។ ​សេង​ ចាន់​វាសនា ​បាន​ឱ្យដឹ​ង​ដែរ​ថា ​វា​អាច​ប្រើប្រាស់​បាន​សម្រាប់​គ្រប់​កាក​សំណល់​លើក​លែងតែ​ប្លា​ស្ទិ​ក​។​អ្នក​ប្រើ​ប្រាស់​អាច​ប្រើ​ជា​អុស​ធម្មតា​ធ្យូង​គ្រាប់​ត្នោត​ធាង​ត្នោត​ត្រឡោក​ដូង​ឬ​ស្រ​កីដូង​ជា​ដើម​។​

​បច្ចុប្បន្ន​នេះ​អាជីវ​កម្ម​កែច្នៃ​នៅ​ខេត្ត​សៀម​រាប​នេះ​ផលិត​ចង្ក្រាន​បាន​ជាង​១​ម៉ឺន​​ហើយ​ សម្រាប់​ចែកចាយ​ក្នុង​ស្រុក​។​លោក​សេង​ ចាន់​វាសនា ​ក៏បាន​បញ្ជាក់​ដែរថា ​ផលិត​ផល​បរិស្ថាន​រប​ស់​លោក​កំពុង​ទទួលបាន​ការ​គាំទ្រ​និង​សាទរ​ខ្លាំង​គួរ​សម​រហូត​លក់​អស់ៗ​​ពី​ស្តុក​។​

ទាក់​ទិន​ទៅនឹង​ការលក់​នេះ លោក​សេង​ ចាន់​វាសនា​ បានឱ្យដឹង​ថា​៖ «​ចំពោះ​អុស​បរិស្ថាន​វិញ​ជា​មធ្យម​ យើង​អាច​លក់​បាន​ចន្លោះ​ពី​៣​តោន​-៥​តោន​ក្នុង​១ខែ​ ចំណែកឯ​ចង្ក្រាន​ជា​មធ្យម​យើង​អាច​លក់បាន​ចន្លោះ​ពី​២៥០​គ្រឿង​ទៅ​ដល់​ជាង​៣០០​គ្រឿង​ក្នុង​១​ខែ​»៕