ភ្នំពេញៈ​ យុវជន​ខ្មែរ​ម្នាក់ស្ម័គ្រ​ចិត្ត​ជិះ​កង់​ជា​លក្ខណៈ​ផ្សង​ព្រេង​ក្នុង​រយៈ​ចម្ងាយ​ជាង​ ៩ ០០០ ​គីឡូ​ម៉ែត្ រ​ឆ្លង​កាត់​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍ ដើ​ម្បី​រៃអង្គាស​ប្រាក់​ជួយ​កុមារ​កម្ពុជា​ដែល​មាន​ជំងឺ​មហារីក​ និង​ជំងឺ​ផ្សេងៗ​នៅ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​។​

​ទីវ តារា​រិ​ទ្ធិ ​ដែល​បាន​ដាក់​ឈ្មោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ថា​ ធ្វើ​ដំណើរ​ជាមួយ​រិ​ទ្ធិ គឺជា​យុវជន​កម្ពុជា​ម្នាក់ ដែល​ចូល​ចិត្ត​ការ​ធ្វើ​ដំណើរ​ផ្សង​ព្រែង ​ដើរ​ព្រៃ និង​ឡើង​ភ្នំ ​ជា​ពិសេស​គឺ​ការ​ជិះ​កង់​។ រិ​ទ្ធិ បាន​ចាប់​ផ្តើម​បេសក​កម្ម​របស់​ខ្លួន ​ដោយ​ការ​ជិះ​កង់​ចេញពី​ក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា ​កាល​ពី​ថ្ងៃទី ​៣១ ​ខែឧសភា ឆ្នាំ​ ២០២៣ ​ដើម្បី​ឆ្លង​កាត់​បណ្តា​ប្រទេស​អា​ស៊ាន​មួយ​ចំនួន​ដូច​ជា ​វៀត​ណាម ​ឡាវ ​ថៃ ម៉ាឡេ​ស៊ី និង​សិង្ហ​បុរី​។

​រិ​ទ្ធិ ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​​ធ្វើដំ​ណើរ​ផ្សង​ព្រេង​គ្រប់​ទីកន្លែង​នៅ​តាម​តំបន់​ដាច់​ស្រយាល​ក្នុង​ប្រទេស​កម្ពុជា និង​ធ្លាប់​បាន​សាក​ល្បង​ជិះ​កង់​ទៅ​កាន់​ប្រទេស​ថៃ​កាល​ពី​៤​ឆ្នាំមុន​ម្តង​រួច​មក​ហើយ​នោះ បាន​និយាយ​ថា ​ការ​ជិះ​កង់​ជុំវិញ​តំបន់​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​គឺជា​ក្តី​ស្រ​មៃ​របស់​ខ្លួន​។​

​រិ​ទ្ធិ បាន​បញ្ជាក់​​ដូច្នេះ​ថា​៖«​ដូច​ដែល​ខ្ញុំ​បាន​និយាយ​អ៊ីចឹ​ង​ថា ការ​ជិះ​កង់ គឺជា​ចំណង់​ចំណូល​ចិត្ត​រប​ស់ខ្ញុំ​ ហើយ​បេសក​កម្ម​នេះ​គឺជា​អ្វីដែល​​ខ្ញុំ​ចង់​ធ្វើ​ដើម្បី​តំណាង​ឱ្យ​យុវជន​ខ្មែរ​ដែល​មាន​រឿងរ៉ាវ​ជាច្រើន​សម្រាប់​ផ្តល់​អត្ថប្រយោជ​ន៍​ដល់​ប្រទេស​កម្ពុជា និង​លើក​ស្ទួយ​មុខ​មាត់​ជាតិ​ ហើយ​ជាពិ​សេស​ការធ្វើ​ដំណើរ​​នេះ​ គោល​បំណង​ធំ​គឺ ដើម្បី​រៃ​អង្គាស​ប្រាក់​ទៅ​ជួយ​កុមារ​កម្ពុជា​ជាច្រើន​កំពុង​មាន​ជំងឺ​មហា​រីក និង​ជំងឺ​ផ្សេងៗ ដែល​សម្រាក​ព្យា​បាល​នៅ​មន្ទី​ពេទ្យ​កុមារ​អង្គរ​»​។​

​គិត​ចាប់​ពីថ្ងៃ​ផ្តើម​ដំបូង រិ​ទ្ធិ បានធ្វើ​ដំណើរ​អស់​រយៈ​ពេល​ជាង​១ខែ​មក​ហើយ​ ដោយ​បាន​ធ្វើ​ដំណើរ​ជាង​៤ ០០០ គីឡូ​ម៉ែត្រ​ឬ​ស្មើ​នឹង​៤០​ភាគរយ​នៃ​ចម្ងាយ​សរុប ​ហើយ​ប្រាក់​ដែល រិ​ទ្ធិ រៃអង្គា​ស​បាន​ក្នុង​រយៈ​ពេល​២​សប្តាហ៍​ដំបូង គឺ​បាន​ប្រមាណ​ជាង​៤ ​០០០​ដុល្លារ​។​

​ក្នុង​បេសក​កម្ម​របស់​ខ្លួន ដែល​បន្ត​ទៅ​មុខ​ប្រហែល​ជាង​១ខែ​ទៀត រិ​ទ្ធិ ​ជឿជាក់​ថា សា​ធារ​ណជន​ នឹង​បន្ត​បរិច្ចាគ​ថវិកា​ចូលម​ក​កាន់​គ​ណ​នី​របស់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ជា​បន្ត​បន្ទាប់​ ព្រោះ​ក្រោយ​ពី​ឆ្លងកាត់​ប្រទេស​គោល​ដៅ​ទាំង​អស់​ហើយ​ រិ​ទ្ធិ នឹង​ស្វែង​រក​ផ្លូវ​តាម​រយៈ​ការ​ជិះ​កង់​ត្រឡប់​មក​កាន់​ខេត្ត​សៀមរា​ប ដើម្បី​បញ្ចប់​បេសក​កម្ម​របស់​ខ្លួន នៅ​មុខ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​តែ​ម្តង​។​

​លោក រិ​ទ្ធិ​ បាន​រៀបរាប់​ពីអ្វី​ដែល​ខ្លួន​បាន​ឆ្លង​កាត់​ថា​៖«​ខ្ញុំ​បាន​ជិះ​កាត់​តាម​ប្រទេស​វៀត​ណាម គឺ​អស្ចារ្យ​មែន​ទែន គឺ​សមាគ​មក​ង់ និង​អ្នក​ស្រឡាញ់​កង់​ក្នុង​ប្រទេស​វៀត​ណាម ​តំបន់​១​ទៅ​តំបន់​១ បាន​ចូលរួម​ជា​មួយ​ខ្ញុំ​ច្រើន ហើយ​ពួក​គាត់​បាន​បរិច្ចាគ​ប្រាក់​ជួយ​កុមារ​កម្ពុជា​យើង​។ តាម​រយៈ​សកម្ម​ភាព​រ​បស់​ខ្ញុំ ខ្ញុំ​ជឿថា ​អ្នក​ទាំង​អស់​គ្នា នឹង​ចូល​រួម​ជា​មួយ​ខ្ញុំ និង​ជួយ​បរិច្ចាគ​ថវិ​កា​ខ្លះ​ជួយ​ដល់​មន្ទីរ​ពេទ្យ​»​។​

​មន្ទីរ​ពេទ្យ​កុមារ​អង្គ​រ (AHC) គឺជា​អង្គការ​មិនមែ​ន​រដ្ឋាភិ​បាល មិន​ស្វែងរ​ក​ផល​កម្រៃ ដោ​យមាន​បេសក​កម្ម​ចូល​រួម​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ដល់​ប្រព័ន្ធ​សុខា​ភិ​បាល​សម្រាប់​កុមារ​កម្ពុជា​។ AHC បាន​ផ្តល់​សេវា​ថែទាំ​សុខ​ភាព​ដោយ​ក្តី​មេត្តា​ករុណា​ដល់​កុមារ​កម្ពុជា​ទូទាំង​ប្រទេស​អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ​មក​ហើយ​ដើម្បី​ផ្តល់​ឱ្យ​កុមារ​កម្ពុជា​គ្រប់រូប​ទទួល​បាន​សេវា​ថែទាំ​សុខ​ភាព​ ប្រកប​ដោយ​សេចក្តី​មេត្តា​ករុណា ​និង​គុណ​ភាព​ខ្ពស់ ​ទោះបី​ជា​ពួក​គេ​រស់​នៅ​ទីកន្លែង​ណា ​និង​មិន​មាន​លទ្ធ​ភាព​បង់​ថ្លៃ​សេវា​ក៏​ដោយ​។​

​កញ្ញា​ ដាំ សុ​ស្រី​នាង ជា​យុវ​ជន​ដែល​បាន​ចូលរួម​គាំទ្រ​ក្នុង​បេសក​កម្ម​នេះ ដោ​យ​ការបរិ​ច្ចាគ​ថវិកា និង​ចែក​រំលែក​ព័ត៌​មាន​ទាំ​ងនេះ​បន្ត​ទៅ​កាន់​សាធា​រណជន​ បាន​និយាយ​ថា ក្នុងនាម​ជា​យុវជន​ខ្មែរ​ម្នាក់ ​ហើយក៏​ជា​អ្នក​ដែល​ស្រឡាញ់​ការ​ជិះ​កង់ គឺ​ពិត​ជា​មាន​មោទន​ភាព ​ដែល​បាន​ឃើញ​យុវ​ជន​ខ្មែរ ធ្វើ​រឿង​រ៉ាវ​ទាំង​នេះ​។​

​កញ្ញា​បាន​បញ្ជាក់​ថា​៖«​ខ្ញុំ​អបអ​រសា​ទរ ដែល​គាត់​ជា​អ្នក​ចូលចិត្ត​ជិះ​កង់​ ហើយ​គាត់​ធ្វើ​បេសកកម្ម​ដោយ​ការ​ជិះ​កង់​ជុំវិញ​តំបន់​អាស៊ី​អាគ្នេ​យ៍ ដោយ​ជ្រើសរើ​ស​ការ​រៃអង្គាស​ថវិកាដើ​ម្បី​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​។ ទង្វើ​នេះ​ គឺជា​គំរូ​ភាព​មួយ​សម្រាប់​យុវជន​ជំនាន់​ក្រោយ ​ដែល​នាំ​ឱ្យ​ខ្ញុំ​ចែក​រំលែក ​និង​ចូល​រួម​ជា​ថវិកា»​៕