ភ្នំពេញៈ ប្រេងកូឡា និងប្រេងខ្យល់ ជារបស់ម្យ៉ាងដែលប្រជាជនខ្មែរពិសេសអ្នកដែលមានវ័យចំណាស់ចូលចិត្តប្រើប្រាស់ប្រចាំថ្ងៃជាពិសេសនៅពេលមានអាការៈឈឺក្បាល វិលមុខ មានបញ្ហាសើស្បែក ឬថ្លោះគ្រេចកើតឡើង។ ទោះជាមានតម្រូវការប្រើប្រាស់ច្រើនក្ដីក៏ប៉ុន្តែផលិតផលដែលគេនិយមប្រើភាគច្រើនជាផលិតផលនាំចូល ដែលជាហេតុធ្វើឱ្យទីផ្សារផលិតផលប្រេងកូឡាក្នុងស្រុកហាក់នៅទ្រឹង និងកំពុងត្រូវការការគាំទ្របន្ថែមទៀត។
ទោះបីជាផលិតក្នុងស្រុកក៏ពិតមែន តែផលិតផលប្រេងកូឡារបស់អ្នកស្រី អូន សុគន្ធា ក៏មានប្រសិទ្ធភាពគុណភាពនិងស្តង់ដាមិនចាញ់ប្រេងកូឡានាំចូលឡើយ។ ប្រេងកូឡា និងប្រេងខ្យល់រូបព្រះតេជគុណ កាន់សុផាន់ណារិទ្ធ និងរូបនាគព្រួសភ្លើង ជាសហគ្រាសមួយដែលមានផលិតប្រេងកូឡាតជំនាន់ ហើយបច្ចុប្បន្នត្រូវបានផលិតដោយអ្នកជំនាន់ទី៣។
អ្នកស្រី អូន សុគន្ធា ស្ថាបនិកសិប្បកម្មផលិតប្រេងខ្យល់ប្រេងកូឡា រូបព្រះតេជគុណ កាន់ សុផាន់ណារិទ្ធនិងរូបនាគព្រួសភ្លើង បានមានប្រសាសន៍ឱ្យដឹងពីគុណភាពផលិតផលថា៖«ផលិតផលរបស់យើងទាំង២ម៉ាកមានប្រសិទ្ធភាពជួយទៅលើបញ្ហាចុករួយថ្លោះ គ្រិច លើរាងកាយមិនក្ដៅ មិនក្រហាយមិនរោលមិនរមាស់ប្រើបានទាំងក្មេង និងមនុស្សចាស់ជួយទាំងសុខភាពសាច់ដុំនិងស្បែក»។
អ្នកស្រីបន្តថា ផលិតផលប្រេងកូឡាប្រេងខ្យល់នេះដែរអាចយកទៅកោសខ្យល់ក៏បាន លាបរឹត ម៉ាស្សាក៏បានលាបនៅពេលលេងកីឡា ឬលើរបួសស្នាមផ្សេងៗក៏បាន ពោលគឺមិនចាញ់ផលិតផលនាំចូលឡើយ ដែលប្រជាពលរដ្ឋអាចងាកមកគាំទ្រនិងប្រើប្រាស់ផលិតក្នុងស្រុក ដែលមានគុណភាព និងប្រសិទ្ធភាពខ្ពស់នេះបាន។
អ្នកស្រី បានរៀបរាប់ឱ្យដឹងដែរថា នៅឆ្នាំ២០១៨ សហគ្រាសនេះបានទទួលវិញ្ញាបនបត្រទទួលស្គាល់ប្រសិទ្ធភាពក៏ដូចជាទទួលបានមេដាយពីរដ្ឋាភិបាលចិន ក្រោយពីយើងបានទៅតាំងពិព័រណ៍អន្តរជាតិនៅទីនោះ។
អ្នកស្រីអូន សុគន្ធា បានថ្លែងថា ៖«ផលិតផលនេះជាផលិតផលមរតកដូនតា ដែលខ្ញុំត្រូវតែបន្តវេន ដែលបានបំប្លែងពីការផ្សព្វផ្សាយការលក់និងប្រើប្រាស់លក្ខណៈគ្រួសារដែលកន្លងមកគេល្បីពីមាត់១ ទៅមាត់១ ទៅជាការផ្សព្វផ្សាយតាមបណ្ដាញសង្គម និងការតាំងពិព័រណ៍ផ្សេងៗ ដែលបងប្អូនអាចងាយស្រួលស្វែងរកព័ត៌មាននិងកន្លែងដែលអាចរកទិញបាន»។
ម្ចាស់អាជីវកម្មរូបនេះបានបន្ថែមថាផលិតផលរបស់សហគ្រាសអ្នកស្រីមានលក្ខណៈជាឱសថបុរាណដោយសារការផលិតពីប្រេងរបស់ប្រទាលបុរាណ ដែលដាំដុះក្នុងស្រុក ដោយកន្លងមកយើងទៅរកវានៅតាមព្រៃភ្នំតែបច្ចុប្បន្នយើងអាចដាំដោយខ្លួនឯង និងឱ្យប្រជាពលរដ្ឋដាំថែមទៀតផង។
ចំពោះគ្រឿងផ្សំចម្បងគឺជាប្រភេទប្រទាលពុទ្ធមន្ត១០៨មុខ ដែលជាឈ្មោះតំណាងឱ្យប្រទាលច្រើនមុខបញ្ចូលគ្នាមានទាំងដើម ស្លឹក មើមយកមកចម្រាញ់ធ្វើជាប្រេង។
អ្នកស្រីថា៖«ការចម្រាញ់នេះទៀតសោត អាចធ្វើបានចន្លោះខែប្រាំងពីខែមករាដល់ខែមីនាប៉ុណ្ណោះ ដែលជារដូវកាលមើមប្រទាលចាស់ល្អ ស្ងួតជាតិទឹក ងាយស្រួលចម្រាញ់ដែលការចម្រាញ់ត្រូវចំណាយពេលដល់ទៅ១៤ម៉ោងទើបអស់ជាតិទឹកចំណែកវត្ថុធាតុដើមខ្លះទៀតក៏ជាទំនិញនាំចូលផងដែរដូចជា ម៉ុងតុលកាប៊ូ ប្រេងសាលីស៊ីឡាត»។
ជាមួយគ្នានេះសិប្បកម្មរបស់អ្នកស្រីអូនសុគន្ធាក៏បានចូលរួមជួយប្រជាសហគមន៍ផងដែរដោយអ្នកស្រីលើកឡើងថា៖«យើងបានរួមចំណែកជួយដល់សហគមន៍ ដែលបងប្អូនណាដែលមានដីដាំដំណាំធំៗដូចជាចម្ការស្វាយ ចម្ការមៀនជាដើម គឺអាចដាំប្រទាលពីក្រោមបានហើយអាចអាស្រ័យផលដោយលក់ទិន្នផលប្រទាលឱ្យសហគ្រាសយើង។ ក្រៅពីនេះយើងក៏បានផ្ដល់ការងារឱ្យស្ត្រីដែលទំនេរពីការងារផ្ទះមកធ្វើការក្នុងសហគ្រាសដើម្បីរកចំណូលផងដែរ»។
បន្ថែមពីលើនេះ អ្នកស្រីបានបញ្ជាក់ពីអត្ថន័យរបស់យីហោនេះទៀតថា៖ «ដោយសារប្រជាពលរដ្ឋយើងកាន់ព្រះពុទ្ធសាសនាច្រើន ហើយក៏មានជំនឿលើប្រសិទ្ធភាពស័ក្តិសិទ្ធិទៅលើរូបព្រះសង្ឃកាន់សុផាន់ណារិទ្ធដែលធ្វើឱ្យយើងលក់ក្នុងប្រទេស ក៏មានការគាំទ្រច្រើនជាម៉ាកសញ្ញារូបនាគផងដែរ។ ចំណែកប្រេងខ្យល់ យើងមាន២ក្លិនផ្សេងគ្នា គឺក្លិនជំនាន់មុន និងក្លិនសម័យថ្មីដែលមានក្លិនប្រហើរនិងងាយស្រួលប្រើប្រាស់»។
គួរបញ្ជាក់ដែរថា អ្នកស្រីសុគន្ធាបានចាប់ផ្ដើមបង្កើតសិប្បកម្មនេះ នៅឆ្នាំ២០១០ ដោយសារមើលឃើញពីតម្រូវការរបស់ប្រជាជនពីផលិតផលសង្គ្រោះបឋមនេះជាចាំបាច់។
ក្នុងការចាប់ផ្ដើម អ្នកស្រីថា អ្នកស្រីប្រើដើមទុនប្រមាណ២០លានរៀល ក្នុងការបង្កើតអាជីវកម្មលក្ខណៈគ្រួសារប៉ុណ្ណោះដែលទុននេះចំណាយលើសម្ភារងាយៗដូចជាឆ្នាំងសម្រាប់ស្លចង្ក្រានប្រអប់ប្លាស្ទិកកែវហើយដាំប្រទាលដែលដំបូងឡើយអ្នកស្រីបានសុំ និងជួលដីគេសម្រាប់ធ្វើ ប៉ុន្តែពេលនេះអ្នកស្រីមានដីខ្លួនឯងក្នុងការរក្សាពូជប្រទាលហើយ។
អ្នកស្រី អូនសុគន្ធាបានអំពាវនាវឱ្យពលរដ្ឋខ្មែរបន្តជួយគាំទ្រផលិតផលក្នុងស្រុកបន្ថែមទៀតហើយអ្នកស្រីក៏មានមោទនភាពចំពោះអាជីវកម្មមួយនេះ ដែលបានឱ្យអ្នកស្រីរៀនសូត្រ ផ្លាស់ប្ដូរបទពិសោធន៍ ពិសេសបាននាំផលិតផលទៅបង្ហាញអន្តរជាតិផងដែរ៕