ភ្នំពេញៈ អង្គការសម្ពន្ធសិទ្ធិកុមារកម្ពុជា ប្រកាសផ្តល់សៀវភៅណែនាំកុមារ Child-Friendly Booklet ដោយឥតគិតថ្លៃចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ ខណៈសៀវភៅនេះ ត្រូវបានបង្កើតឡើងឱ្យមានភាពសាមញ្ញ ដើម្បីជួយកុមារ ឪពុកម្តាយ និងសាធារណជនឱ្យយល់ដឹងពីសិទ្ធិរបស់កុមារ។
តាមការប្រកាសអង្គការសម្ពន្ធសិទ្ធិកុមារកម្ពុជា បានឱ្យដឹងថា ក្រោមការគាំទ្រហិរញ្ញវត្ថុពីម្ចាស់ជំនួយផ្សេងៗ សៀវភៅណែនាំអំពីកុមារឆ្នាំ២០២២ សម្រាប់កម្ពុជា ត្រូវបានផលិត និងបោះពុម្ពឡើងចំនួនជាង១ ០០០ ឈុត នៅក្នុងឆ្នាំ២០២៣។
អង្គការនេះបានបញ្ជាក់ថា៖«បើសិនជាអង្គការសមាជិក អង្គការសង្គមស៊ីវិល បណ្ដាញដែលដឹកនាំដោយកុមារ និងយុវជន កុមារ យុវជន និងស្ថាប័នដែលពាក់ព័ន្ធនានា មានបំណង និងចង់បានសៀវភៅនេះ សូមមកទទួលយកដោយឥតគិតថ្លៃនៅការិយាល័យ អង្គការសម្ពន្ធសិទ្ធិកុមារកម្ពុជា រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣»។
លោក នាង វិសាល នាយកកម្មវិធីនៃអង្គការសម្ពន្ធសិទ្ធិកុមារកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១៨ ខែកក្កដាថា សៀវភៅនេះ គឺជាសៀវភៅណែនាំមួយដែលមានអនុសាសន៍របស់អង្គការសហប្រជាជាតិសម្រាប់ផ្តល់ជូនដល់រដ្ឋភាគី ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។
លោក បានបន្តថា សៀវភៅនេះបានបង្ហាញពីសិទ្ធិជាមូលដ្ឋានរបស់កុមារដែលកម្ពុជាបានទទួលយកចុងក្រោយ កាលពីឆ្នាំ២០២២ ដើម្បីប្តេជ្ញាអនុវត្តសិទ្ធិរបស់កុមារនៅក្នុងប្រទេសកម្ពុជាឱ្យបានល្អដូចទៅនឹងអ្វីដែលមានចែងក្នុងសន្ធិសញ្ញាអន្តរជាតិ។
លោក បានបញ្ជាក់ថា៖«សៀវភៅនេះ នឹងបង្ហាញអំពីឧត្តមប្រយោជន៍របស់កុមារ ហើយសួរថា ហេតុអ្វីបានយើងបោះពុម្ពកូនសៀវភៅបែបនេះ គឺដើម្បីឱ្យងាយយល់ និងសមស្របសម្រាប់កុមារ។ បើយើងក្រឡេកមកមើលអនុសាសន៍របស់ UN ដែលជាភាសាអង់គ្លេស ហើយបើយើងដកស្រង់ទាំងស្រុងយកទៅចែកជូនពលរដ្ឋទូទៅនោះ គឺពួកគាត់ពិបាកយល់ណាស់»។
លោក នាង វិសាល ថ្លែងថា អនុសាសន៍ដែលមានក្នុងសៀវភៅនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះបើស្ថាប័នរដ្ឋ និងអង្គការពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋទូទៅមិនមានការយល់ដឹង នោះនឹងមិនអាចមានលទ្ធភាពដើម្បីអនុវត្តតាមគោលការណ៍ទាំងនោះឱ្យបានជោគជ័យនោះទេ ខណៈសៀវភៅនេះត្រូវបានរចនាឡើងដោយបន្ថែមរូបភាពដើម្បីបញ្ជាក់អំពីអត្ថន័យនិងផ្ដល់ភាពងាយស្រួលដល់កុមារផងដែរ។
លោក បញ្ជាក់ថា៖«មូលហេតុដែលយើងចែកជូនទៅសមាជិក ព្រោះយើងជាអង្គការសម្ពន្ធ ហើយបើមានឯកសារ ឬសៀវភៅ ដែលបានបោះពុម្ព យើងនឹងផ្តល់ជូនពួកគាត់ ដោយឥតគិតថ្លៃ ហើយមិនត្រឹមតែសមាជិកទេ យើងនឹងចែកជូនទៅក្រុមកុមារនានាទូទាំងប្រទេសដែលចង់បានផងដែរ»៕