​សៀមរាបៈ គណៈកម្មាធិការ​ម៉ា​រ៉ា​តុង​ភ្នំពេញបានឱ្យដឹងថា មាន​អ្នក​ចុះឈ្មោះ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ​លើក​ទី​៨ ចំនួន ​២ ៥០០ ​នាក់ ហើយ​លោក​បាន​រំឭក​ដល់​អ្នកចូលរួម​ទាំងអស់​ត្រៀមខ្លួន​ឱ្យបាន​ល្អ ដើម្បីឱ្យ​កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​មាន​សណ្តាប់ធ្នាប់​ស្របតាម​ស្តង់ដា​ម៉ា​រ៉ា​តុង​អន្តរជាតិ​។​

​នៅ​ថ្ងៃទី​ ៦ ​សីហា គណៈកម្មាធិការ​ម៉ា​​រ៉ា​តុង​ភ្នំពេញ នឹង​រៀបចំ​ព្រឹត្តិការណ៍​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ ចក្រភព​​ខ្មែរ លើក​ទី​៨ នៅខាងមុខ​ប្រាសាទ​អង្គវត្ត ក្នុង​ខេត្តសៀមរាប បន្ទាប់ពី​ព្រឹត្តិការ​ណ៍​រត់​ម៉ា​រ៉ា​តុង​ចក្រភព​ខ្មែរ​លើក​ទី​៧ បានធ្វើ​ឡើង​ដោយ​ជោគជ័យ​កាលពី​ខែសីហា ឆ្នាំ​ ២០២២ ដោយមាន​អ្នក​ចូលរួម​រត់​ជាង ៣ ០០០ ​នាក់ ក្នុងនោះ​មាន​ទាំង​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស​មកពី ៤៩ ​ប្រទេស​។​

​លោក សែម ផល្លា នាយក​ចាត់ការ​ទូទៅ ព្រឹត្តិការណ៍​ម៉ា​រ៉ា​តុង​នៃ​គណៈ​ក​ម្មា​ធិ​ការ​ម៉ា​រ៉ា​តុង​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣ សីហា​ថា បន្ទាប់ពី​បិទ​បញ្ចប់​ការទទួល​ចុះឈ្មោះ​ជា​ផ្លូវការ គឺមាន​អ្នក​ចុះឈ្មោះ​ជាតិ និង​អន្តរជាតិ​ចំនួន ២ ៥០០​ នាក់ បាន​ចុះឈ្មោះ​ចូលរួម​ក្នុង​កម្មវិធី​នេះ​។​

​លោក​ សែម ផល្លា បានឱ្យដឹងថា ព្រឹ​តិ្ត​ការណ៍​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ ចក្រភព​ខ្មែរ គឺធ្វើឡើង​ដើម្បី​រំឭក​ដល់​គុណូបការៈ និង​កេរ្តិ៍ឈ្មោះ​ដូនតា​របស់​យើង ដែល​បង្ហាញ​ពី​និ​មិ​ត្ដ​រូប​នៃ​អរិយធម៌​បុរាណ​របស់​ប្រជាជន​ខ្មែរ​ក្នុង​សម័យអង្គរ​។ អាណាចក្រ​ខ្មែរ ត្រូវបាន​គេ​ស្គាល់​ថា ជា​ប្រទេស​កម្ពុជា​បុរាណ គឺជា​ចក្រ​ភព​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅ​អាស៊ីអាគ្នេយ៍ ហើយ​មាន​អង្គរ​ជា​តំបន់​កណ្តាល​នៃ​ការ​តាំងទី​លំនៅ​របស់​ព្រះរាជាណាចក្រ​ខ្មែរ ពី​សតវត្សរ៍​ទី៩ ដល់​សតវត្សរ៍​ទី​១៣​។

​លោក​បញ្ជាក់ថា​៖ «​ដើម្បីឱ្យ​ព្រឹ​តិ្ត​ការណ៍​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រ​ភព​ខ្មែរ​លើក​នេះ​កាន់តែ​ល្អ សូមឱ្យ​អ្នក​ចូលរួម​ត្រៀមខ្លួន និង​ត្រៀម​សម្ភារ​ឱ្យបាន​មុន និង​ត្រឹមត្រូវ ហើយ​ត្រូវ​មកដល់​កន្លែង​ឱ្យបាន​មុន ៣០ ​នាទី​។ ពី​ ១ ​ឆ្នាំទៅ ១​ ឆ្នាំ យើង​កាន់តែ​យកចិត្តទុកដាក់ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​នេះ ឱ្យបាន​ល្អ​ប្រសើរ​ជាង​មុន ដើម្បី​ធ្វើ​យ៉ាងម៉េច ឱ្យ​ស្របតាម​ស្តង់ដា​អន្តរជាតិ​»​។​

​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រ​ភព​ខ្មែរ នឹង​ផ្តល់ឱកាស​ពិសេស​សម្រាប់​អ្នករត់​ប្រណាំង​ទាំងអស់​ជុំវិញ​ពិភពលោក ដើម្បី​ទទួលបាន​បទពិសោធន៍​នៃ​ការធ្វើដំណើរ​ជុំវិញ​តំបន់​បេតិកភណ្ឌ​ពិភពលោក​មួយ​នេះ ដោយ​ឆ្លងកាត់​ប្រាសាទបុរាណ​ជិត​ ៤០ នៅតាម​បណ្តោយ​ផ្លូវ​ដ៏​រលោង​ស្អាត អម​ទៅដោយ​ព្រៃ​ធម្មជាតិ និង​វាលស្រែ​របស់​អ្នកភូមិ​។​

​តាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​ម៉ា​រ៉ា​តុង​ភ្នំពេញ បានឱ្យដឹងថា ព្រឹត្តិការណ៍​នេះ គឺមាន​ការរត់​ប្រណាំង​ក្នុង​រយៈ​ចម្ងាយ ៤២ ​គីឡូម៉ែត្រ ២១​ គីឡូ​​ម៉ែត្រ ១០ ​គីឡូម៉ែត្រ និង ៣ ​គីឡូម៉ែត្រ ហើយ​អ្នកចូលរួម​ប្រកួត​ទាំងអស់ តម្រូវឱ្យ​រត់តាម​ផែនទី​ដែល​បានកំណត់ បន្ទាប់​​ពី​ខ្លួន បាន​ចុះឈ្មោះ​ចូល​ប្រកួត​តាមរយៈ​ចម្ងាយ​នីមួយៗ​។​

​ក្នុង​សន្និសីទកាសែត នៅ​ទីស្នាក់ការ NOCC កាលពី​ព្រឹក​ថ្ងៃទី​ ១១ ខែកក្កដា លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បាន​និយាយថា តំបន់​អង្គរវត្ត ជា​តំបន់​បេតិកភណ្ឌ និង​ជា​តំបន់​គោលដៅ​ទេស​ចរណ៍​ឯក គ្មាន​ ២ នៅលើ​លោក ដែលមាន​ការទាក់ទាញ​ខ្លាំង​សម្រាប់​អ្នក​ទេស​​ចរ​។ លោក​បាន​បញ្ជាក់ថា ហេតុនេះ​រាជ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួងទេសចរណ៍​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ ក្នុងការ​បង្កើតឱ្យមាន​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​បែបនេះ ឱ្យមាន​ភាពសម្បូរ​បែប និង​គ្រប់​រូបភាព ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍ ដោយសារ​កម្ពុជា ជា​ប្រទេស​ទេសចរណ៍​។​

​សូមជម្រាបថា ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ មិនត្រូវ​បានរៀបចំ​ឡើង កាលពី​ឆ្នាំ​ ២០២០ និង​ឆ្នាំ ​២០២១​ នោះទេ ដោយសារ​មានការ​ផ្ទុះឡើង និង​ការរីក​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​ ១៩ ជាស​កល ចំណែក​ការរៀបចំ​ឡើងវិញ កាលពី​ឆ្នាំ​ ២០២២ ក៏​មិនទាន់​ទទួលបាន​ជោគជ័យ​វិញ​ប៉ុន្មាន​ដែរ​។ នេះ​បើតាម​លោក សែម ផល្លា​៕