ភ្នំពេញៈ កាកសំណល់សំរាមផ្សេងៗ ជាពិសេសសំណល់ពីផ្លែឈើ និងបន្លែស្អុយៗ ដែលត្រូវបានគេបោះចោល បង្កឱ្យមានក្លិនស្អុយបំពុលដល់បរិស្ថាន ត្រូវបានបុរសម្នាក់ប្រមូលយកទៅកែច្នៃធ្វើជាជីកំប៉ុស សម្រាប់ដាក់ដំណាំគ្រប់ប្រភេទដោយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពឡើយ។
ក្នុងសភាពទឹកខាប់ពណ៌ក្រហម កំពុងបង្ហូរចេញពីបំពង់ចូលទៅក្នុងធុងប៉េត្រូ នោះគឺជាការកែច្នៃជីកំប៉ុសរបស់លោក ប៊ុន ចាន់តូនី ម្ចាស់សិប្បកម្មកែច្នៃជីកំប៉ុស រស់នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក តូនី ឱ្យដឹងថា តាមពិតទៅមនុស្សយើងមាននិស្ស័យស្រឡាញ់ចូលចិត្តអ្វីមួយគឺក្នុងចិត្តនៅតែដក់ជាប់លើកិច្ចការនោះរហូត។ ជាក់ស្តែងលោកផ្ទាល់មុននឹងក្លាយជាអ្នកកែច្នៃជីធម្មជាតិ គឺលោកធ្លាប់កែច្នៃជីធម្មជាតិជាមួយក្រុមហ៊ុនជប៉ុនមួយនៅកម្ពុជា។ ក្រោយពីក្រុមហ៊ុននោះផ្អាកដំណើរការទៅ លោកក៏យកចំណេះជំនាញនេះមកធ្វើជាលក្ខណៈគ្រួសារទ្រង់ទ្រាយតូចដើម្បីលក់ដូរគ្រាន់ដោះស្រាយជីវភាព។
លោកបន្តថា ដើម្បីកែច្នៃជាជីកំប៉ុសបានលោកត្រូវដើរប្រមូលផ្លែឈើនិងបន្លែខូចគុណភាពដែលត្រូវបានគេបោះចោលនៅតាមផ្សារនាគមាស និងផ្សារដើមគ ក្នុងរាជធានីភ្នំពេញ។ បន្ទាប់ មកលោកបានដាក់ផ្លែឈើ និងបន្លែកិនចូលគ្នា ហើយត្រងទឹកផ្លែឈើនិងបន្លែដាក់ចូលក្នុងធុងជ័រពណ៌ ដែលមានចំណុះ ៥ ម៉ែត្រគុបទឹក។ ពេលបញ្ចូលក្នុងធុងនោះហើយលោកត្រូវផ្អាប់ទុករយៈពេល ៦ ខែ ដើម្បីឱ្យវារលាយចូលគ្នាទៅជាសារធាតុបំប៉នមួយដែលអាចចិញ្ចឹមដំណាំបានល្អ។
លោកពោលថា៖ «ជាទូទៅគេគិតថា ផ្លែឈើ ឬបន្លែរលួយស្អុយខូច គឺគេបោះចោលហើយ។ តែសម្រាប់យើងជាអ្នកជំនាញ យើងដឹងថា វាមានប្រយោជន៍ខ្លាំង ព្រោះយើងកែច្នៃវាជាជីកំប៉ុសល្អណាស់ជីកំប៉ុសចិញ្ចឹមដំណាំឱ្យមានជីវិតល្អ»។
បើតាមលោកតូនី ចំពោះផ្លែឈើខូចៗស្អុយរលួយ និងបន្លែដែលលោកបានប្រមូលពីផ្សារដើមគ និង ផ្សារនាគមាសនោះ មិនមានចំនួនដល់រាប់សិបគីឡូក្រាមទេ តែលោកប្រមូលបានប៉ុន្មានយកប៉ុណ្ណឹង។ ចំពោះជីកំប៉ុសដែលផ្សំពីផ្លែឈើ ជាមួយបន្លែ គឺវាមានអាហ្សូតច្រើន សម្រាប់ប្រើប្រាស់លើដំណាំស្លឹកតែបើជីកំប៉ុសដែលមានផ្លែឈើផ្សំជាមួយឆ្អឹងគឺវាមានប្រសិទ្ធភាពបំប៉នពិសេសសម្រាប់ជំរុញទៅលើផ្លែឈើ។ ការប្រើប្រាស់ជីកំប៉ុសធម្មជាតិនេះមិនត្រឹមតែជួយបំប៉នឱ្យដំណាំលូតលាស់និងផ្លែបានល្អប៉ុណ្ណោះទេតែថែមទាំងជួយដល់សុខភាពរបស់អ្នកហូបទៀត។
លោកប្រាប់ថា៖ «បើនិយាយថា ១ ខែប្រមូលផ្លែឈើ និងបន្លែបានប៉ុន្មាន ? ខ្ញុំមិនអាចកំណត់ទេព្រោះអតិថិជនបញ្ជាទិញមិនទៀង។ បើរដូវណាគាត់បញ្ជាទិញច្រើនគឺខ្ញុំប្រាប់ទៅអ្នកបើកឡានដឹកសំរាមឱ្យគេប្រមូលឱ្យអាច ១ ខែបានពី ៤ ទៅ ៥ តោនដែរ»។
បើតាមលោក តូនី បច្ចុប្បន្នលោកមានធុងជ័រចំណុះ ៦ ម៉ែត្រគុបទឹកចំនួន ៥ ធុងនិងធុងចំណុះ ២ ពាន់លីត្រចំនួន ១៦ ធុងសម្រាប់ប្រើប្រាស់ក្នុងការផលិតជីកំប៉ុស។ ចំពោះការលក់ដូរវិញ គឺលោកមានអតិថិជននៅគ្រប់ខេត្តទូទាំងប្រទេស ដែលភ្ញៀវបានបញ្ជាទិញជីកំប៉ុសរបស់លោក។ បើតាមលោកដឹងពីអតិថិជនមកវិញ គឺពួកគេទិញយកទៅសម្រាប់ដាក់ដំណាំហូបផ្លែ និងដំណាំហូបស្លឹក រួមទាំងដំណាំមើមផងដែរ។
លោកប្រាប់បន្តថា ក្រៅពីលោកកែច្នៃជីកំប៉ុសលក់ហើយនោះ លោកក៏ជាគ្រូបង្រៀនពីបច្ចេកទេសផលិតជីកំប៉ុសនៅទូទាំងខេត្តកណ្តាល និងនៅតាមបណ្តាខេត្តផ្សេងៗទូទាំងប្រទេស។ ដូចជាលោកត្រូវបានអង្គការ ASPIRE-AT ឱ្យបង្រៀនដល់កសិករឱ្យស្គាល់អំពីគុណប្រយោជន៍ជីកំប៉ុសនិងពីរបៀបផលិតជីកំប៉ុស។ ការប្រើប្រាស់ជីគីមីធ្វើឱ្យដីរឹងនិងគ្មានជីជាតិ [ដីខូច] តែបើប្រើជីកំប៉ុសវិញគឺវាជួយបំប៉នដីដែលធ្លាប់គ្មានជីវជាតិបង្កើតឱ្យមានជីវជាតិឡើងវិញ។
លោកនិយាយថា៖ «ខ្ញុំធ្វើពិសោធន៍ស្រូវអស់ ១០០ ហិកតា ខ្ញុំឱ្យកសិករប្រើជីគីមី ហើយគាត់ទិញជីអស់ជាង ៤ លានរៀល។ តែពេលគាត់ប្រើជីកំប៉ុសធម្មជាតិ ចំណាយទិញជីអស់ជាង ២ លានរៀលទេ ដូច្នេះគាត់ចំណេញជាងពាក់កណ្តាល ហើយអង្ករឆ្ងាញ់ក្រអូប មានរសជាតិជាងប្រើជីគីមីនិងជួយកែប្រែដីទៀត»។
បើតាមលោក តូនី ការប្រើប្រាស់ជីកំប៉ុសនេះវាបានបង្កើតឱ្យមានសារធាតុចិញ្ចឹម កាលណាគេស្រោចទៅលើដីវាបង្កើតឱ្យមានជាអាចម៍ជន្លេន ធ្វើឱ្យដីមានអុកស៊ីហ្ស៊ែន វាធ្វើឱ្យដីធូរ និងមានជីវជាតិ។ សិប្បកម្មកែច្នៃជីកំប៉ុសរបស់លោកមានឈ្មោះថា [ជីធម្មជាតិតូនូ FM] ស្ថិតនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្នលោកមិនសូវជាលក់ជីដើម្បីប្រាក់ទេ តែលោកខិតខំបង្រៀនដល់កសិករច្រើនជាង ព្រោះលោកចង់ឱ្យពួកគាត់ចេះផលិតជីកំប៉ុសដោយខ្លួនឯង។ សូម្បីតែអតិថិជនមកទិញជីរបស់លោកក៏លោកបង្រៀនគាត់ឱ្យចេះផលិតជីកំប៉ុសដែរ។
ពាក់ព័ន្ធការផលិតជីកំប៉ុសនេះដែរ ត្រូវបានលោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ជីមាន ២ ប្រភេទ ដែលគេច្រើនតែនិយាយ មានជីសរីរាង្គនិងជីកំប៉ុសដែលកើតពីកម្ទេចកម្ទីស្លឹកឈើ ឬបន្លែរលួយ។ ជីប្រភេទនេះ វាមានសារៈសំខាន់ត្រង់ថា វាមិនប៉ះពាល់ដល់សុខភាពអ្នកហូប។ រីឯការប្រើជីនេះ ក៏មិនបាច់ចំណាយច្រើនដែរ ព្រោះគាត់អាចប្រមូលវត្ថុធាតុដើម នៅជុំវិញផ្ទះរៀបចំជារណ្តៅធ្វើជីដែលអាចល្អសម្រាប់ដំណាំ។
លោកថ្លែងថា៖ «ចំពោះជីគីមីវិញ អាចមកពីយើងឮពាក្យគីមីយើងខ្លាច តែរោងចក្រគេផលិតមកមានកំណត់ណាស់។ អ្នកបច្ចេកទេស ក្រសួងកសិកម្ម បានកំណត់ប្រាប់យើងដែរថា បើសិនជាស្រែអ៊ីចេះ ឱ្យដាក់ជីប៉ុណ្ណេះដំណាំនេះឱ្យដាក់ប៉ុណ្ណេះ។ ដូច្នេះបើយើងដាក់តាមការកំណត់របស់អ្នក បច្ចេកទេសអត់មានខូចអីទេ បើអ៊ីចឹងគេមិនមែនផលិតមកទេ»៕