តាកែវៈ វត្តប្រាសាទនាងខ្មៅ មិនត្រឹមតែជាទីកន្លែងស្នាក់អាស្រ័យសម្រាប់ព្រះសង្ឃ និងជាទីកន្លែងសម្រាប់ធ្វើបុណ្យរបស់ពុទ្ធបរិស័ទប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងផ្តល់ការរៀនសូត្រ ដល់ព្រះសង្ឃដែលក្មេងៗគ្មានទីពឹង កូនប្រជាពលរដ្ឋក្រខ្សត់រាប់រយអង្គផងដែរ។
បច្ចុប្បន្ន វត្តប្រាសាទនាងខ្មៅ មានព្រះសង្ឃគង់នៅចំនួន ៣៤៥ អង្គ ដែលភាគច្រើន គឺជាក្មេងគ្មានទីពឹង។ ដោយសារតែមានព្រះសង្ឃច្រើនបែបនេះ ទើបវត្តត្រូវចំណាយអង្ករដល់ ១៥០ គីឡូក្រាម សម្រាប់ចង្ហាន់ពេលព្រឹក និងថ្ងៃត្រង់និងត្រូវចំណាយលុយធ្វើម្ហូបចន្លោះពី ២ លាន ៥០ ម៉ឺន ទៅ ២ លាន ៦០ ម៉ឺនរៀលក្នុង ១ ថ្ងៃ។ ព្រះសង្ឃចំនួន ៣៤៥ អង្គដែលមានព្រះជន្មចន្លោះពី ៥ វស្សា ទៅ ២០ វស្សា កំពុងស្នាក់នៅសិក្សារៀនសូត្រនៅក្នុងវត្តប្រាសាទនាងខ្មៅ ស្ថិតនៅភូមិចារឃុំ រវៀង ស្រុកសំរោង ខេត្តតាកែវ។
ព្រះសង្ឃជួន កក្កដា ជាព្រះវិន័យធម៌គណខេត្តតាកែវ និងជានាយកវិទ្យុត្រៃរ័ត្ននៅក្នុងវត្តប្រាសាទនាងខ្មៅ មាន ថេរដីការថា បច្ចុប្បន្នវត្តប្រាសាទនាងខ្មៅមានភិក្ខុនិងលោកនេនចំនួន៣៤៥អង្គគង់នៅក្នុងវត្តដើម្បីសិក្សារៀនសូត្រដែលមាន ព្រះសង្ឃាភិរ័ត ភិន វុទ្ធី ជាព្រះចៅអធិការវត្ត។ ភិក្ខុនិងលោកនេនទាំងនោះសុទ្ធតែជាក្មេងមកពីគ្រួសារទីទាល់ក្រ ក្មេងដែលត្រូវឪពុកម្តាយលែងលះគ្នា ហើយមកពីទីជិតឆ្ងាយទាំង ២៥ ខេត្ត-រាជធានី។
ព្រះអង្គបន្តថា មូលហេតុដែលមានក្មេងៗមកបួសច្រើននេះ ដោយសារពុទ្ធបរិស័ទ្ធជិតឆ្ងាយដឹងថា ព្រះអង្គគង់នៅវត្តប្រាសាទនាងខ្មៅនិងដឹងតៗគ្នាតាមរយៈការទេសនារបស់ព្រះអង្គ និងការទេសនារបស់ព្រះសង្ឃាភិរ័ត ភិន វុទ្ធីជាព្រះចៅអធិការវត្ត។ ចំពោះការសិក្សារៀនសូត្រវិញ ព្រះអង្គបានបើកសាលាថ្នាក់បឋម ដើម្បីឱ្យលោកៗរៀនអក្សរសាស្ត្រខ្មែរ ភាសាអង់គ្លេស ភាសាបាលីនិងរៀនជំនាញកុំព្យូទ័រផង។
ព្រះអង្គមានថេរដីកាថា៖ «នៅទីនេះលោកអាចរៀនបានទាំងមតេយ្យទាំងភាសាអង់គ្លេសទាំងថ្នាក់កុំព្យូទ័រហើយមិនឱ្យលោកចេញបច្ច័យទេ។ លោកមិនបាច់ចេញអ្វីទាំងអស់ គឺចាំតែរៀនតែមួយមុខទេ អ្វីៗវត្តចេញទាំងអស់»។
បើតាមព្រះវិន័យធម៌គណខេត្តតាកែវសង្ឃៗ ដែលគង់នៅក្នុងវត្តទាំងអស់ពេលព្យាបាលជំងឺក៏ខាងវត្តជាអ្នករ៉ាប់រងចេញថ្លៃព្យាបាលថ្លៃទឹកភ្លើង និងប្រាក់ខែជួលគ្រូៗមកបង្រៀនក៏វត្តចេញដែរ។ ចំពោះចង្ហាន់សម្រាប់ឆាន់រាល់ថ្ងៃវិញ គឺមានរថយន្តចាំដឹកលោកទៅបិណ្ឌបាតតែត្រូវដាក់វេនគ្នាបិណ្ឌបាតឆ្លាស់ថ្ងៃគ្នាតាមភូមិ។ ប៉ុន្តែបើទោះជាមានការបិណ្ឌបាតយ៉ាងណាក្តីក៏វត្តត្រូវផ្គត់ផ្គង់បន្ថែមដែរព្រោះការបិណ្ឌបាតមិនអាចគ្រប់គ្រាន់ទេ។
ព្រះអង្គ ជួន កក្កដា បញ្ជាក់ថា អង្ករដែលត្រូវដាំទាំងពេលព្រឹកនិងពេលថ្ងៃត្រង់អស់ ១៥០ គីឡូក្រាម ហើយសម្រាប់បច្ច័យទិញម្ហូបវិញ ត្រូវចំណាយអស់ពី ២ លាន ៥០ ម៉ឺនទៅ ២ លាន ៦០ ម៉ឺនរៀល ក្នុង ១ ពេលទៅតាមមុខម្ហូប។ ចំពោះបច្ច័យវិញបានពីការបរិច្ចាគរបស់ពុទ្ធបរិស័ទជិតឆ្ងាយនិងរួមទាំងពុទ្ធបរិស័ទរស់នៅក្រៅប្រទេសផងដែរ។ ទាំងភិក្ខុនិងលោកនេន មានអាយុចន្លោះពី ៥ ឆ្នាំ ដល់អាយុជាង ២០ ឆ្នាំហើយ បន្ទាប់ពីពួកគេរៀនចប់សាលាបឋមក៏ត្រូវរៀនបន្តទៀតនៅតាមវត្តក្នុងរាជធានីភ្នំពេញដែលលោកត្រូវរកអ្នកផ្គត់ផ្គង់បន្តទៀត។
ព្រះអង្គបន្តទៀតថា៖ «មានថ្ងៃខ្លះញាតិញោមគាត់កាន់កាប់យកចង្ហាន់ ១ ពេលហ្នឹងដាច់ទៅយើងរួចខ្លួនដោយសារអត់ចាយខែខ្លះក៏ពិបាកដែរតែក៏នៅមានញាតិញោមគាត់ចូលរួមខ្លះ។ ចំពោះសង្ឃនៅអាយុតិចដំបូងៗពិបាកដែរព្រោះអត់ឆាន់ពេលល្ងាច តែមានការអប់រំញឹកញយទៅ លោកក៏សប្បាយជាមួយគេជាមួយឯងវិញទៅ»។
ព្រះអង្គមានថេរដីកាបន្តទៀតថា នៅក្នុងវត្តប្រាសាទនាងខ្មៅ ក៏មានប្រាសាទបុរាណមួយដែរ គឺប្រាសាទនាងខ្មៅដែលកសាងក្នុងឆ្នាំ ៩២១ សាងសង់ឡើងអំពីថ្មភក់និងឥដ្ឋក្នុងរាជព្រះបាទជ័យវរ្ម័នទី ៤។ មានពុទ្ធបរិស័ទមកបែរបន់ និងលាមាត់លាពាក្យជាហូរហែរនៅប្រាសាទនេះ។ តែបើថា ឱ្យល្បីល្បាញខ្លាំងក៏អត់ដែរ តែមានអ្នកខ្លះគាត់បែរបន់សមប្រកបគាត់ក៏ជឿទៅ។ ចំពោះចំណុចដែលទាក់ទាញរបស់វត្តប្រាសាទនាងខ្មៅសំខាន់គឺព្រះអង្គទេសនាហើយមានអ្នកស្គាល់ច្រើន ហើយម្យ៉ាងទៀតញាតិញោមដឹងថា វត្តនេះជាទីកន្លែងសិក្សារៀនសូត្រ។ ព្រោះញាតិញោមឱ្យតម្លៃថា ជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស ព្រោះវាមិនត្រឹមតែបានប្រយោជន៍តែសាសនាមួយទេព្រោះកុលបុត្រខ្មែរទាំងអស់ដែលគ្មានទីពឹងនឹងត្រូវមកវត្តប្រាសាទនាងខ្មៅ។
ក្នុងចំណោមព្រះសង្ឃទាំង ៣៤៥ អង្គ បើនិយាយពីកំព្រាស្មើនឹង ៩៥ ភាគរយ ពោលគឺក្នុង ១០០ អង្គមានម្តាយឪពុកតែ៥ភាគរយទេហើយមានឪពុកម្តាយលែងលះគ្នាទៀត។ នៅក្នុងវត្តប្រាសាទនាងខ្មៅ មានសាលាបង្រៀនថ្នាក់ភាសាបាលីដំបូង និងមានសាលាឆាន់ ១ ខ្នង។ ពាក់ព័ន្ធនឹងវត្តប្រាសាទនាងខ្មៅនេះដែរ ត្រូវបានលោក កឹមពន្លក មេឃុំ រវៀង ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅក្នុងវត្តប្រាសាទនាងខ្មៅ មានភិក្ខុខ្លះនិងមានលោកនេនខ្លះដែលភាគច្រើនបំផុតជាក្មេងគ្មានទីពឹងដូចជាម្តាយឪពុកបែកបាក់គ្នាគ្រួសារមានជីវភាពក្រីក្រ ហើយមកសុំលោកបួស។ ម្យ៉ាងទៀតវត្តប្រាសាទនាងខ្មៅប្រកាន់វិន័យម៉ឺងម៉ាត់ណាស់ក្នុងការគ្រប់គ្រងសង្ឃ។
លោកបន្តថា វត្តប្រាសាទនាងខ្មៅ លោកបានធានាផ្គត់ផ្គង់ទាំងការហូបចុកការរៀនសូត្ររាប់ទាំងថ្លៃព្យាបាលជំងឺផ្សេងៗផង។ ព្រះសង្ឃនៅទីនេះបានរៀនភាសាអង់គ្លេសនិងកុំព្យូទ័របន្ថែមទៅលើភាសាបាលីទៅលើអក្សរសាស្ត្រខ្មែរទៀត។ «អ៊ីចឹងសង្ឃបានរៀនចំណេះទូទៅផងបានរៀនពុទ្ធចក្រផងនិងបានចេះអង់គ្លេសទៀត»៕