ស្វាយរៀងៈ ជន្លេន​ជាស​ត្វ ១ ប្រភេទ​រស់នៅក្នុង​ដី​រវើកៗ​គួរឱ្យ​ញញើត តែ​ជន្លេន​ក៏​ជាស​ត្វ​ម្យ៉ាង​ដែល​សម្បូរ​ទៅដោយ​ប្រូ​តេ​អ៊ីន​ខ្ពស់ និង​មាន​ប្រយោជន៍​ច្រើនយ៉ាង​សម្រាប់​ដី​កសិកម្ម​ជាពិសេស​សម្រាប់​ធ្វើជា​ចំណី​ដល់​សត្វ​មាន់ ទា ជ្រូក និង​កង្កែប​ជាដើម​។​

​ជាមួយគ្នានេះ របរ​ចិញ្ចឹម​ជន្លេន ក៏​ជា​ការងារ​ងាយស្រួល​មិនមាន​ការចំណាយ​កម្លាំង​និង​ពេលវេលា​ច្រើន​ដែរ​ហើយ​ការចិញ្ចឹម​ជន្លេន​នេះ​កសិករ​អាច​ទាញ​ប្រយោជន៍​បាន​ច្រើន​ពោលគឺ​ទាំង​សម្រាប់​ធ្វើជា​ចំណី​សត្វ​ចិញ្ចឹម​និង​អាច​លក់​ពូជ​ជន្លេន​ផងដែរ​។ ជាក់ស្តែង​នៅ​ខេត្តស្វាយរៀង កសិករ​ជា​ស្ត្រី ១ ​រូប ​អាច​រកចំណូលបាន​សម​រម្យ​ពីមុខ​របរ​ចិញ្ចឹម​ជន្លេន និង​មាន​គម្រោង​ពង្រីក​ការចិញ្ចឹម​បន្ថែមទៀត​ដ្បិតអី​កញ្ញា​យល់ឃើញថា វា​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ការងារ​កសិកម្ម​របស់​ខ្លួន​។​

​កញ្ញា ហួង មាលា វ័យ ៣២ ​ឆ្នាំ បានចាប់ផ្តើម​មុខរបរ​ចិញ្ចឹម​ជន្លេន​នៅ​ចុងឆ្នាំ​ ២០២០ ​ដោយមាន​ម្ដាយ​ជា​អ្នក​ជួយ​រៀបចំ​សម្រាប់​លក់​ពូជ​។ បច្ចុប្បន្ននេះ ទីតាំង​ចិញ្ចឹម​ជន្លេន​របស់​កញ្ញា​មាលា មាន​កាន​ជន្លេន​ប្រមាណ​ជិត ២០០​ ខណៈ​ការពង្រីក​ការចិញ្ចឹម​នឹងធ្វើ​ឡើងជា​បន្តបន្ទាប់​ទៀត​។ មូលហេតុ​នៃ​ការចាប់ផ្តើម​ចិញ្ចឹម​ដំបូង ​គឺ​ដោយសារ​កញ្ញា​យល់ថា ដី​ក្នុង​ខេត្តស្វាយរៀង​មិនសូវមាន​ជីជាតិ​ដូច​ខេត្ត​ដទៃ ទើប​កញ្ញា​ស្វែងយល់ និង​ស្រាវជ្រាវ​ឃើញ​ពី​ការកែប្រែ​ដី​មួយបែប​គឺ​ការចិញ្ចឹម​ជន្លេន​។ ម្យ៉ាង​ការចិញ្ចឹម​ជន្លេន​នេះ ​គឺ​ដើម្បី​បម្រើឱ្យ​ការចិញ្ចឹម​សត្វ​របស់​ក្រុមគ្រួសារ​កញ្ញា​ផងដែរ​។ គ្រាន់តែ​ជាម​នុស្ស​ដែល​ស្រឡាញ់​កសិកម្ម ហើយ​មិនមែនជា​ជំនាញ​កសិកម្ម និង​ថែមទាំង​មិន​ធ្លាប់បាន​សិក្សា​ជ្រៅជ្រះ តែ​កូន​អ្នក​ខេត្ត​ស្វាយ​​រៀង​រូបនេះ​បាន​ព្យាយាម​រៀនសូត្រ​ពី​អ្នកលក់​ពូជ​ជន្លេន​ផង និង​រៀន​ដោយ​ខ្លួនឯង​តាម​អ៊ី​ន​ធឺ​ណិ​ត​ផង​។​

​កញ្ញា​បានឱ្យដឹងថា​៖ «​ខ្ញុំ​ឈប់​ពី​ការងារ​គឺ​ដោយសារតែ​វិបត្តិ​កូ​វីដ ​១៩ ហើយ​ខ្ញុំ​ងាក​មក​ធ្វើ​កិច្ច​​ការ​កសិកម្ម​នេះ​ទាំង​គ្មាន​អ្នកគាំទ្រ​ឡើយ​។ ក្រុមគ្រួសារ​មិន​ចង់ឱ្យ​ធ្វើ​ព្រោះ​ខ្លាច​ហត់ ពិបាក តែ​ខ្ញុំ​នៅតែ​ជម្នះ​ព្រោះ​ដោយសារតែ​ការស្រឡាញ់​កសិកម្ម​តាំងពីក្មេង​មក​ម្ល៉េះ​»​។

ជុំវិញ​បច្ចេកទេស​ចិញ្ចឹម​នេះ កញ្ញា ​មាលា និយាយថា ដំបូង​ខ្លួន​ចាប់ផ្តើម​ដោយ​ការ​សាកសួរ​ទៅកាន់​អ្នកលក់​ពូជ​ជន្លេន​ហើយ​បានដាក់​ចិញ្ចឹម​ក្នុង​អាង​គ្រា​ដំបូង​។ បន្ទាប់មក​កញ្ញា ព្យាយាម​រៀន​ពីនេះ​ពី​នោះ​មើល​យូ​ធូប ​(Youtube)​ និង​ពិ​សោ​​ធន៍​ដោយ​ខ្លួនឯង​ពី​ ១ ​ខែ​ទៅ ១ ​ខែ ក៏​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។​

លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។ រូបថត ក្រសួង​ប្រៃសណីយ៍

​កញ្ញា មាលា និយាយថា ការ​ចិញ្ចឹម​ជន្លេន វា​មាន​ភាព​ងាយ​ស្រួល និង​មិន​ពិបាក​ក្នុង​ការថែទាំ​ឡើយ កាន់តែ​ចិញ្ចឹម​ គឺ​កាន់តែ​អាច​មើលឃើញ​ពី​ប្រយោជន៍​របស់​វា​ច្រើនឡើងៗ និង​កាន់តែ​ងាយ​​ស្រួល ដ្បិតអី​កញ្ញា​ខ្លួនឯង​ផ្ទាល់ កាន់​តែមាន​ជំនាញ​ខ្ពស់​ជាមួយនឹង​សត្វ​ប្រភេទ​នេះ ពោលគឺ​ដាក់ទុន​ទៅ​ទទួលបាន​ផល មិន​ខាតដើម ហើយ​កាន់តែ​ចង់​ពង្រីក​មុខរបរ​នេះ​ឱ្យ​កាន់តែ​ធំ​។

​បច្ចុប្បន្ននេះ ជន្លេន​ពូជ​របស់​កញ្ញា ហួង មាលា អាច​លក់បាន​ក្នុងតម្លៃ​ ១ ​គីឡូ​ ១ ​ម៉ឺន​រៀល ដែល​នេះ​គិត​ទាំង​ដី និង​ចំណី​របស់​វា​ទៅជា​មួយ​ផងដែរ​។ ជា​មធ្យម​ក្នុង ១​ ខែ​ ទីតាំង​របស់​កញ្ញា​អាច​លក់​ពូជ​ជន្លេន​បាន​ក្នុង​រង្វង់​ជាង​ ១០០​ គីឡូក្រាម​ និង​អាច​ប្រែប្រួល​ឡើង​ចុះ ទៅតាម​ការផ្សព្វផ្សាយ​ល​ក់​របស់​កញ្ញា​ផ្ទាល់​នៅតាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឬ​តាម​ម៉ូយ​របស់ខ្លួន​។ ក្រោយ​ឃើញ​ភាព​កាក់កប កសិករ​ចិញ្ចឹម​ជន្លេន​នៅ​ខេត្ត​ស្វាយ​រៀង​រូបនេះ​បាន​បង្ហើប​ឱ្យដឹងថា​ខ្លួន​មាន​គម្រោង​ពង្រីក​បន្ថែមចំនួន ១ ​ទ្រុង​ទៀត ដែល​អាចដាក់​ចិញ្ចឹម​ជន្លេន​បាន​ប្រហែលជា ១០០​ កាន​បន្ថែមទៀត​។

​ជាមួយគ្នានេះដែរ កញ្ញា​ក៏មាន​ការលើក​ទឹកចិត្ត​ពិសេស​ទៅដល់​កសិករ និង​អ្នក​ស្រឡាញ់​វិស័យ​កសិកម្ម​ឱ្យ​ងាក​មក​ចាប់អារម្មណ៍​នឹង​ជន្លេន ដោយហេតុថា​វា​មាន​អត្ថ​ប្រ​យោ​​ជន៍​ច្រើន និង​កាត់បន្ថយ​ការ​ចំណាយ​របស់​កសិករ​។ «​ជន្លេន មាន​សក្ដានុពល សម្រាប់​វិស័យ​កសិកម្ម ទៅលើ​ជីកំប៉ុស និង​ចំណី​សត្វ​។ ការចិញ្ចឹម​សត្វ​ត្រូវការ​ចំណី ហើយ​ដំណាំ​ត្រូវការ​ដី​ដែលមាន​គុណភាព​ល្អ ទាំងនេះ​គឺ​សត្វ​ជន្លេន​អាចជួយ​បាន​ទាំង​អស់ និយាយ​ឱ្យ​ខ្លី​គឺ​វា​វិលជុំ និង​ចំណាយ​តិច​បំផុត​»៕