ភ្នំពេញ : នៅក្នុង​ការបង្ហាញ​​ស្នាដៃ​សិល្បៈដ៏​គួរឱ្យ​ចាប់អារម្មណ៍ លោក ណាក់ ណា​ង វិចិត្រករ ​វ័យ ៣៨ ឆ្នាំ​​​ បាន​​​រចនា​គំនូរ​ឡូហ្គោ​ ជាមួយ​​​ព្យញ្ជនៈ និង​ស្រៈ​​ខ្មែរ​ដោយ​ដៃ​ ប្រកបដោយ​ភាពស្រស់ស្អាត​។​

​រៀ​ង​​ចលនា​គូស​វាស​ជក់​របស់​​​អ្នកសរសេរ​អក្សរ​ឆ្លាក់​រូប​នេះ​ បាន​បង្កើត​ភាព​ស្រស់​បំព្រង​ទៅ​ដល់​អក្សរ​ខ្មែរ​បុរាណ ដោយ​ប្រែក្លាយ​វា​ទៅជា​ស្នាដៃ​សិល្បៈ​ដ៏​​ស័ក្តិសម​ជាមួយនឹង​មរតក​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

លោក ណាង បាន​និយាយថា​៖ «​នៅ​ក្នុង​យុគ​សម័យ​ឌីជីថល​ ដែល​អ្វី​ៗ​ត្រូវបាន​រចនា​ឡើង​ដោយ​បច្ចេកវិទ្យា​កុំព្យូទ័រ រួមទាំងការសរសេរ​​អក្សរ​​ឆ្លាក់​​​​បែប​សិល្បៈ​​​ខ្មែរ នៅតែ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​ស្រឡាញ់​សិល្បៈ​ដោយ​ដៃ​​ចំពោះ​​ភាពវិសេស​របស់​វា​​»។

ជាមួយ​បទពិសោធន៍​ការ​សិក្សា​ផ្នែក​​គំនូរ​សម័យ នៅ​ភូមិន្ទ​វិចិត្រ​សិល្បៈ និង​បាន​បន្ដ​ការ​សិក្សា​នៅ​វិទ្យា​ស្ថានជាតិ​អប់រំ​ ១ ​ឆ្នាំ​ទៀត ក្នុង​ឆ្នាំ​ ២០០៩ លោក ណាង បាន​ចំណាយ​ពេ​លវេលា​ជា​ច្រើន​ទៅលើ​ការ​ងារ​សិល្បៈ​គំនូរ និង​អក្សរ​ឆ្លាក់​។

​ក្រៅពី​បម្រើ​ការ​ងារ​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិ​ភាគ​ហ៊ុន​សែនតាខ្មៅ​ រហូត​ដល់​ពេល​បច្ចុប្បន្ន លោក​បាន​បង្កើត​រោង​សិប្បកម្ម​ផ្ទាល់​ខ្លួន​​ ដោយ​ទទួល​ធ្វើ​ការងារ​សិល្បៈ​មួយ​ចំនួន ដូចជា ចម្លាក់ គំនូរ និង​ឌីហ្សាញ​ស្លាក​សញ្ញា​ទៅ​តាម​តម្រូវការ​របស់​អតិថិជន​ រួម​ទាំង​គំនូរ​នៅ​តាម​ជញ្ជាំង​ព្រះវិហារ ហាង​កាហ្វេ និង​ហាង​គុយទាវ​ជាដើម​។

ប៉ុន្ដែ​អ្វីដែល​ធ្វើឱ្យ​លោក ណាង មាន​ភាព​វិសេស​នោះ គឺ​ចេះសរសេរ​​អក្សរឆ្លាក់​​​ខ្មែរ​ ដោយ​ប្រែ​ក្លាយ​ជា​អក្សរ​សាស្ដ្រ​ទៅជា​ស្នាដៃ​សិល្បៈ​ដ៏គួរ​ឱ្យ​ទាក់​ទាញ​។

លោក ណាង ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ «​ការ​​សរសេរ​អក្សរ​ឆ្លាក់​អាច​ជា​ចំណូល​ចិត្ដ​ផង និង​ដុង​ពី​កំណើត​មក​ផង​ដែរ។ ដំបូង​ឡើយ ខ្ញុំ​សរសេរ​អក្សរ​ធម្មតា មិន​ចេះ​ឆ្លាក់​ស្អាត​ទេ ប៉ុន្ដែ​ពេល​ចូល​សាលារៀន​ ខ្ញុំ​ឃើញ​អក្សរ​របស់​លោក​គ្រូ​ស្អាត ក៏​ចាប់​ផ្ដើម​​ចង់​ដឹង​ចង់​រៀន»​។

លោក​បាន​បន្ដថា គ្រូ​បង្រៀន​ប្រាប់​លោកថា បើ​ចង់​សរសេរ​អក្សរ​​ឆ្លាក់​​ស្អាត ទាល់តែ​រក​គំរូ​អក្សរ​ណា​ដែល​គេ​សរសេរ​ស្អាត ដើម្បី​យក​មក​រៀន​សរសេរ​តាម​។

លោក​បាន​រំឭក​ថា លោក​ព្យាយាម​រៀន​សរសេរ​អក្សរ​​ឆ្លាក់​​នីមួយៗ​រហូ​តដល់​ចប់​ទាំង ៣៣តួ​អក្សរ ប៉ុន្ដែ​ការ​សរសេរ​អក្សរ​ឆ្លាក់​​ខ្មែរ ត្រូវ​គោរព​ទៅ​តាម​ក្បួន​ខ្នាត​ត្រឹមត្រូវ ដោយ​ផ្អែក​លើ​អក្សរ​ពុម្ព​មូល​។

លោក​បាន​និយាយថា​ ​​អក្សរ​ពុម្ព​មូល ​បែង​ចែក​ជា ៤ ខ្នាត​​ រួម​មាន អក្សរកន្លះ​ខ្នាត ​១ ​ខ្នាត ១​ ខ្នាត​កន្លះ និង​ ២ ខ្នាត​។ មានតែ​អក្សរ​ «​រ» មួយ​ប៉ុណ្ណោះ ដែល​ជាទម្រង់​អក្សរ​កន្លះ​ខ្នាត ខណៈ​អក្សរ​២​ខ្នាត មាន​អក្សរ «​ឈ» និង «ណ»​។

ចំណែក​ឯ​អក្សរ​១​ខ្នាតកន្លះ​ មាន​ដូចជា «ឃ» «ញ» «ឍ» «យ» «ល» «ស» «ហ» និង «ឡ» ហើយ​ក្រៅ​ពី​នោះ សុទ្ធ​តែ​អក្សរ​​១​ខ្នាត​ទាំង​អស់​។

ព្រឹទ្ធាចារ្យ​ ប៊ិន សុង នឹងធ្វើ​បទ​បង្ហាញ​តាមអនឡាញ​​អំពីប្រវត្តិរបស់អង្កួច នារសៀលថ្ងៃនេះ។ រូបថត CLA

លោក​បាន​លើក​ឡើង​ថា​៖ «​ទាល់​តែ​យើង​ដឹង​អំពី​ក្បួន​ខ្នាត​នេះ ទើប​យើង​អាច​ឆ្លាក់​អក្សរ​​ឆ្លាក់​​បាន​ស្អាត​ និង​របៀប​រៀប​រយ​នៃ​អក្សរ​នីមួយៗ​»។

លោក​បាន​ឱ្យ​ដឹងថា លោក​អាច​ឆ្លាក់​អក្សរ​​ពុម្ព​មូល​ជាង ១០ម៉ូដ​ ហើយ​ចំពោះ​អក្សរ​ជ្រុង លោក​អាច​បំបែក​ទម្រង់​ទៅ​ជា​ច្រើន​ម៉ូដ​បន្ថែម​ទៀត។​

លោក​បាន​និយាយថា​៖ «រយៈ​ពេល​ ៤-៥​ឆ្នាំ​ចុង​ក្រោយ​នេះ សូម្បី​តែ​ការ​បោះ​ពុម្ព​លើ​ធៀបការ​ ឬ​ធៀប​បុណ្យ ភ្ញៀវ​ចង់​ឱ្យ​យើង​ឌីហ្សាញ​ម៉ូដ​អក្សរ​​ឆ្លាក់​​ពី​ឈ្មោះ​អក្សរ​កាត់ ដែល​មាន​លក្ខណៈ​វិសេស​ខុស​ប្លែក​ពី​អ្នក​ដទៃ​។ អ្នក​មាន​ធនធាន​ច្រើន​តែង​បង្កើត​អ្វី​ដែល​ថ្មី​ៗ​សម្រាប់​ពួកគាត់»។

ថ្វីដ្បិតតែ​ការ​ឌីហ្សាញ​ព្រីន​បិទ​នៅ​លើជញ្ជាំង និង​បដា​ផ្សេងៗ​មាន​ការ​ពេញ​និយម​យ៉ាង​ណាក៏ដោយ ក៏​លោក ណាង បាន​អះអាង​ថា វា​សុទ្ធតែ​កើត​ចេញ​ពីការឆ្លាក់​​ឌីហ្សាញ​​ជា​មុន​សិន​។

លោ​ក​បាន​ឱ្យ​ដឹង​ថា វា​អាស្រ័យ​លើ​ថវិកា និង​ពេលវេលា​របស់​ម្ចាស់​ក្រុមហ៊ុន ឬ​ទី​កន្លែង​នីមួយៗ ដោយ​ពួកគេ​ខ្លះ​ចង់​ឱ្យ​ឌីហ្សាញ​លើ​កុំព្យូទ័រ រួច​ព្រីន​បិទ​ ដែល​អាច​ធ្វើ​ឡើង​ជា​ច្រើន​សន្លឹក​លើស​ពី​ការ​គូរ​ដោយ​ដៃ​​។

អ្នក​ជំនាញ​ផលិត​ស្នាដៃ​ឌីជីថល​ក៏​ជា​អ្នក​គំនូរ​ផង​ដែរ ទើប​អាច​ធ្វើ​ការ​ឌីហ្សាញ​បែប​នេះ​បាន​ ដោយសារ​អ្នក​ឌីហ្សាញ​ត្រូវ​ដឹង​អំពី​របៀប​ដាក់​ស្រមោល និង​ពន្លឺ​ រួម​ទាំង​បច្ចេកទេស​ផ្សេងៗ​។

ជាមួយ​បទពិសោធន៍​ជា​ច្រើន​ឆ្នាំ លោក ណាង អាច​សរសេរ​​​អក្សរ​ឆ្លាក់​​នៅលើ​ជញ្ជាំង​ដោយ​មិនបាច់​ព្រាង​​អក្សរ​ជាមុន គ្រាន់តែ​ផ្ដាន​បន្ទាត់​ឱ្យ​កោង​ទៅ​តាម​ម៉ូដ​ចង់​បាន​ប៉ុណ្ណោះ​។

យ៉ាងណាមិញ លោក​បាន​ណែនាំ​សម្រាប់​អ្នក​​ឆ្លាក់​ថ្មោង​ថ្មី​ ដោយ​ចាប់​ផ្ដើម​ពី​ការ​សរសេរ​ព្រាង​ខ្មៅ​ដៃ ឬ​ដីស​ ទើប​អាច​ឆ្លាក់​ជាផ្លូវការ​តាម​ក្រោយ​។

លោក​បាន​អះអាង​ថា ការ​សិល្បៈ​ដោយដៃ​ផ្ទាល់​មាន​ភាព​ទាក់ទាញ​ជា​​​ឌីជីថល​ ដែ​លប្រជាជន​កម្ពុជា​បច្ចុប្បន្ន​ផ្ដល់​តម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ​បែប​បុរាណ​។

លោក ណាង ​បាន​បង្ហើប​ថា លោក​មាន​គម្រោង​បង្កើត​ហ្វុន​អក្សរ​ថ្មី​សម្រាប់​ដាក់​ឱ្យ​ប្រើ​ប្រាស់​ក្នុង​ប្រតិ​បត្ដិ​ការ​យូនីកូដ ដែល​តួ​អក្សរ​នីមួយៗ​ត្រូវបាន​រចនា​ជា​ចម្លាក់​ក្បាច់​បុរាណ​ខ្មែរ​។

លោកបាន​និយាយថា​៖ «​មាន​បង​ប្អូន​បង្កើត​ហ្វុន​អក្សរ​យូនីកូដ ស្នើ​សុំ​ឱ្យ​ខ្ញុំ​បង្កើត​ជា​ពុម្ព​អក្សរ​មួយ​ដែល​បំពាក់​ដោយ​ក្បាច់​បុរាណ​ខ្មែរ​។ ការ​បំពាក់​ក្បាច់​នេះ មាន​ ៤ប្រភេទ ដូចជា ក្បាច់​ភ្ញី​ទេស ភ្ញី​អង្គរ ក្បាច់​វល្លិ៍ និង​ក្បាច់​ភ្ញី​ភ្លើង​»។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​យើង​ចង់​បង្កើត​ជា​ហ្វុន​យូនីកូដ ជា​អក្សរ​តំណាង​ជាតិ​របស់​យើង​តែម្ដង​។ នៅពេល​យើង​វ៉ៃ​ហ្វុន​ទាំងនេះ វា​ផុស​ឡើង​ដោយ​ការ​សរសេរ​អក្សរ​ធម្មតា​អ៊ីចឹង»។

លោក ​នេត្រ ភក្ត្រា (​ស្ដាំ​) និង​មន្ត្រី​បរិស្ថាន​ពន្យល់​ផែនទី​ឧទ្យាន​ជាតិ​ព្រះជ័យវរ្ម័ន នរោត្តម​ភ្នំគូលែន ដល់​អ្នកកាសែត​។ហ៊ាន រង្សី

ថ្វីដ្បិតតែ​លោក​ចំណាយ​ពេល​វេលា​ច្រើន​ទៅលើ​ការ​ឆ្លាក់​ក្បាច់​បំពាក់​ឱ្យ​ព្យព្ជានៈ​លើ​តួអក្សរ​នីមួយ​ៗ​ដោយ​ ១​អក្សរ​ត្រូវ​ការ​​ពេល ៣-៤​ម៉ោង​ចំពោះ​ការ​ឆ្លាក់​យ៉ាងណាក៏ដោយ ក៏​លោក ណាង​ បាន​បង្ហើយ​កិច្ចការ​ឆ្លាក់​គ្រប់​តួ​អក្សរ​នូវ​ក្បាច់​ភ្ញី​ទេស​រួចរាល់​ហើយ​។

លោក​បន្ថែម​ថា ចំពោះ​ការ​ឆ្លាក់​ក្បាច់​ភ្ញី​អង្គរ វា​ត្រូវ​ចំណាយ​ពេល​វេលា​ច្រើន​ជាង​ការ​ឆ្លាក់​ភ្ញី​ទេស​ ដោយសារ​លោក​ចង់​ឱ្យ​មាន​ភាព​ប្រណីត​នៅលើ​តួ​អក្សរ​នីមួយៗ​។

គ្រូ​បង្រៀន​សិល្បៈ​ចម្លាក់​រូប​នេះ បាន​និយាយ​ទាំង​មោទនភាព​ថា​៖ «​ការ​ចំណាយ​ពេលវេលា​ផ្ទាល់​ខ្លួន​មក​បង្កើត​ហ្វុន​អក្សរ​បំពាក់​ក្បាច់​ទាំងនេះ​ នឹង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ​ ពីព្រោះ​ខ្ញុំ​មិន​គិត​ចង់​បាន​អ្វី​មក​វិញ​នោះទេ​ តែ​ជា​ការ​បម្រើ​ឱ្យ​អក្សរសាស្ដ្រ​ជាតិ​យើង​»។

លោក​បាន​ឱ្យ​ដឹង​ថា អ្នក​សិល្បៈ​ដែល​ចេះ​ឆ្លាក់​អក្សរ​​​នេះ​ផ្ដល់ភាព​ងាយស្រួល​ចំពោះ​ការ​ផ្ដល់​សេវាកម្ម​ឆ្លាក់​ស្លាក​យីហោ​ផ្សេងៗ ដោយសារ​មិន​ចាំ​បាច់​ត្រូវ​គូរ​ផង និង​ព្រីន​អក្សរ​មក​បិទ​ផង​ទេ​។

លោក​ ណាង បាន​និយាយថា៖​« មួយ​រយៈ​នេះ មាន​ការ​គាំទ្រ​ពី​ពុក​ម៉ែ​បង​ប្អូន​ដែល​ស្រឡាញ់​ខាង​អក្សរ​សាស្ដ្រ និង​គំនូរ​ និង​បាន​ផ្ដល់​តម្លៃ​ដល់​សិល្បករ​យើង​»៕