កំពង់ចាមៈ ជាទូទៅគ្រឿងសង្ហារិមមានតុទូសាឡុងកៅអីជាដើមភាគច្រើនសុទ្ធសឹងធ្វើពីឈើបេង នាងនួន ឬឈើប្រណីតផ្សេងៗទៀតដែលកាប់យកពីក្នុងព្រៃធម្មជាតិ។ ប៉ុន្តែមានស្ត្រីម្នាក់នៅខេត្តកំពង់ចាម បែរជាមកច្នៃដើមឫស្សីពីងពង់ទ្រនំមាន់មកកែច្នៃធ្វើជាគ្រឿងលម្អនៅតាមអាហារដ្ឋាន ឬជាគ្រឿងសង្ហារិមជាហាងលក់កាហ្វេជំនួសឱ្យការកាប់បំផ្លាញឈើព្រៃទៀតផង។
គំនរមានពណ៌ខៀវលាយប្រផេះ នោះហើយជាគំនរដើមឫស្សីពីងពង់ទ្រនំមាន់នៅក្នុងសិប្បកម្មមួយឈ្មោះ [សិប្បកម្ម ឫស្សីខ្មែរ] របស់អ្នកស្រីអាន សុវណ្ណនី ដែលស្ថិតនៅភូមិបឹងស្នាយសង្កាត់សំបួរមាស ក្រុង-ខេត្តកំពង់ចាម។
អ្នកស្រី អាន សុវណ្ណនី ឱ្យភ្នំពេញប៉ុស្តិ៍ដឹងថា តាមពិតទៅដើមឫស្សី មានដុះនៅតាមស្រុក-ភូមិហើយវាក៏មានអត្ថប្រយោជន៍ច្រើនដែរ។ដើមឫស្សីត្រូវបានប្រជាពលរដ្ឋខ្មែរ ជាពិសេសបងប្អូនរស់នៅស្រុកស្រែចម្ការបានយកវាមកកែច្នៃជារបស់ប្រើប្រាស់ផ្សេងៗតាមទម្លាប់ប្រពៃណីបន្តតាំងពីដូនតាមក។ប៉ុន្តែដើមឫស្សីដែលអ្នកស្រីជ្រើសរើសយកមកកែច្នៃនេះជាប្រភេទដើមឫស្សីពីងពង់ទ្រនំមាន់ដែលមានដុះច្រើននៅតាមភូមិ-ឃុំក្នុងខេត្តកំពង់ចាម។
ដោយសារតែមិនសូវមានអ្នកប្រើប្រាស់វាទើបអ្នកស្រីនិងស្វាមីមើលឃើញថា ដើមឫស្សីក្រៅពីធ្វើជារបស់ប្រើប្រាស់តាមទម្លាប់ប្រពៃណីហើយនោះវាក៏អាចយកមកកែច្នៃធ្វើរបស់ផ្សេងៗទៀតបានដែរ។ ដោយសារឃើញគេកាប់និងដុតចោលច្រើនទើបអ្នកស្រីនិងស្វាមីដើរកាប់វាមកធ្វើជាទោងសម្រាប់អង្គុយលេងតុសម្រាប់ហូបបាយធម្មតាៗក្នុងគ្រួសារតែប៉ុណ្ណោះ។
អ្នកស្រីបានបន្តថា លុះឃើញពីការប្រើប្រាស់ទៅបានល្អក៏មានសាច់ញាតិរបស់អ្នកស្រីពឹងឱ្យស្វាមីរបស់អ្នកស្រីធ្វើជូនហើយពេលនោះអ្នកស្រីយកតែថ្លៃកម្លាំងពលកម្មប៉ុណ្ណោះ។ ដោយសារតែប្រើប្រាស់ទៅមានភាពជាប់ល្អថែមទាំងមានភាពត្រជាក់ទៀតនោះ ក៏ចេះតែល្បីបន្តគ្នាៗដែលជាហេតុជំរុញទឹកចិត្តអ្នកស្រីឱ្យពង្រីកការកែច្នៃឫស្សីនេះពី ១ ថ្ងៃ ទៅ ១ ថ្ងៃ រហូតបើកជាសិប្បកម្មកែច្នៃឫស្សីជាគ្រឿងសង្ហារិមលក់តាំងពីអំឡុងឆ្នាំ ២០២០ មក។
អ្នកស្រីបានបន្តថា៖ «នៅតំបន់ខ្ញុំរស់នៅនេះសម្បូរដើមឫស្សីណាស់ហើយភាគច្រើនគេយកវាទៅដុតចោលខ្ញុំនិងប្តីខ្ញុំឃើញអ៊ីចឹងស្តាយហើយក៏ប្រមូលយកមកធ្វើជារបស់ប្រើប្រាស់ធ្វើដោយដៃផ្ទាល់គ្មានគ្រឿងម៉ាស៊ីនអីទេ»។
អ្នកស្រីបានឱ្យដឹងថា សិប្បកម្មរបស់អ្នកស្រីបច្ចុប្បន្នប្រើប្រាស់កម្លាំងកម្មករចំនួន ៤ នាក់ ដែលការកែច្នៃភាគច្រើនធ្វើដោយដៃផ្ទាល់។ចំពោះដើមឫស្សីវិញមុននឹងអ្នកស្រីដំឡើងជាតុជាទូដាក់សម្លៀកបំពាក់ឬជាសម្ភារប្រើប្រាស់ផ្សេងៗគឺអ្នកស្រីត្រូវចោះរន្ធនៅតាមថ្នាំងហើយយកទៅស្ងោរលាយថ្នាំគីមីដើម្បីកុំឱ្យមេស៊ី។ដូច្នេះពេលដែលស្ងោរទឹកថ្នាំនឹងជ្រាបចូលទៅសាច់ឫស្សីគ្មានមេស៊ីដែលធ្វើឱ្យឫស្សីឆាប់ខូចឡើយ។
អ្នកស្រី អាន សុវណ្ណនី បានបញ្ជាក់ថា ជាបទពិសោធន៍បើអ្នកស្រីមិនចោះរន្ធនៅតាមថ្នាំហើយស្ងោរគឺត្រូវចំណាយពេលពី ៣០ ទៅ ៣៥ ថ្ងៃទើបថ្នាំអាចជ្រាបចូលសាច់ឫស្សីតែបើចោះរន្ធហើយស្ងោរឬត្រាំក្នុងទឹកថ្នាំគីមី គឺប្រើពេលតែ ១៥ ថ្ងៃប៉ុណ្ណោះ។ ការកែច្នៃឫស្សីជាគ្រឿងសង្ហារិមនេះអ្នកស្រីគិតថាក៏ជាការចូលរួមចំណែកមួយជួយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើធម្មជាតិផងដែរ។
បើតាមអ្នកស្រី សុវណ្ណនី ចំពោះគ្រឿងសង្ហារិមដែលអ្នកស្រីកែច្នៃមានដូចជាសាឡុង តុ ទូសម្រាប់ដាក់សម្លៀកបំពាក់ កៅអីធ្នើរ។ពាក់ព័ន្ធនឹងការរចនាម៉ូដទៅលើគ្រឿងសង្ហារិមយ៉ាងណានោះ គឺអាស្រ័យតាមអតិថិជនដែលចូលចិត្តហើយគាត់អាចកុម្ម៉ង់បាន។ចំពោះការកែច្នៃក្នុងសិប្បកម្មវិញ គឺអ្នកស្រី និងស្វាមីជាអ្នករចនាម៉ូដដោយខ្លួនឯងដោយគិតពីភាពលម្អនិងភាពស្រស់ស្អាត។ ក្រៅពីនេះអ្នកស្រីក៏ធ្លាប់ត្រូវបានអតិថិជនហៅទៅដេគ័រនៅតាមផ្ទះ ឬតាមទីតាំងនៃពិធីផ្សេងៗនិងនៅតាមហាងកាហ្វេផងដែរ។
អ្នកស្រីបញ្ជាក់ថា ដោយសារតែអាជីវកម្មរបស់អ្នកស្រីកែច្នៃពីឫស្សីធម្មជាតិដែលមិនកាប់បំផ្លាញព្រៃឈើនិងលើកគុណតម្លៃដល់អ្នកប្រើប្រាស់ដែលហាក់ដូចជារស់នៅជាមួយធម្មជាតិពិតៗនោះទើបមានអតិថិជនគាំទ្រច្រើនក្នុងនោះមានខេត្តកោះកុង កំពត មណ្ឌលគិរី ព្រះវិហារ ខេត្តប៉ៃលិន និងរាជធានីភ្នំពេញច្រើនជាងគេ។
ចំណែកតម្លៃវិញអ្នកស្រីប្រាប់ថា ចំពោះតុ ១ ឈុតមានកៅអី ៤ មានតម្លៃ ៩៩ ដុល្លារ សាឡុង ១ ឈុតតម្លៃ ២៣៥ ដុល្លារ រីឯធ្នើរសម្រាប់ដាក់របស់របរមាន ២ ថ្នាក់រហូតដល់ ៥ ថ្នាក់តម្លៃពី ១៥ ដល់ ៣៥ ដុល្លារ។ គ្រឿងសង្ហារិមតុ ទូ សាឡុងកៅអីដែលកែច្នៃពីដើមឫស្សីនេះវាមិនត្រឹមតែផ្តល់គុណតម្លៃក្នុងការប្រើប្រាស់ប៉ុណ្ណោះទេ តែថែមទាំងមានភាពងាយស្រួលក្នុងការចល័តផ្លាស់ទីទៀតផងព្រោះវាស្រាល។ ដោយសារមានតម្រូវការច្រើនបច្ចុប្បន្នអ្នកស្រីបានដាំឫស្សីពីងពង់ទ្រនំមាន់ចំនួន ១៥ ហិកតា សម្រាប់យកមកកែច្នៃជាគ្រឿងសង្ហារិមផ្សេងៗ។
ពាក់ព័ន្ធនឹងសិប្បកម្មកែច្នៃគ្រឿងសង្ហារិមពីដើមឫស្សីនេះ លោក ពូន រុន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ ខេត្តកំពង់ចាម បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅក្នុងខេត្តកំពង់ចាមមានសិប្បកម្មកែច្នៃដើមឫស្សីតែ ១ ទៅ ២ ទីតាំងទេ។ ប៉ុន្តែដើមឫស្សីដែលគេយកមកកែច្នៃនេះជាប្រភេទដើមឫស្សីស្រុកដែលដុះនៅតាមព្រៃក្នុងភូមិ។ ប៉ុន្តែបើឫស្សីព្រៃវិញត្រូវបានប្រជាពលរដ្ឋខ្លះរំលើងគល់ដុតចោលអស់ហើយហើយទៅអនាគតប្រហែលជាផុតពូជផងក៏មិនដឹង។
លោកបន្តថា៖ «គេដុតឫស្សីព្រៃចោលដោយសារគេយកដីដាំស្វាយព្រោះបើគេទុកគេខ្លាចឆេះគុម្ពឫស្សី និងឆេះដល់ដំណាំស្វាយគេតែការកែច្នៃឫស្សីឥឡូវដូចជាស្បើយអស់ហើយ»៕