កំពង់ស្ពឺៈ ​ដប​ស្រា​បៀរ​ឬ​កាកសំណល់​សំរាម​ខ្លះ​ត្រូវបាន​គេ​បោះចោល​ដែល​បង្កបញ្ហា​ដល់​បរិស្ថាន​ដោយសារ​មិន​រលាយ ហើយ​ជួនកាល​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទៀតផង​។ ប៉ុន្តែ​កន្លងមក​មាន​កាកសំណល់​មួយចំនួន​ក៏ត្រូវ​បាន​កែច្នៃ​ឱ្យទៅជា​វត្ថុ​មាន​ប្រយោជន៍ និង​អាច​រកប្រាក់​កម្រៃ​បាន​ផងដែរ​។​

​ជញ្ជាំង​ដែលមាន​រាង​មូល​ប្រៀប​ដូច​ជា​កូន​ទឹករលក​អង្កាញ់ៗ​តូចៗ​ហាក់​កំពុង​រត់​ប្រដេញ​គ្នា​ទៅតាម​ពន្លឺភ្លើង​នាពេល​រាត្រី​ដូច​អំពិលអំពែក​ដែល​នោះ​គឺជា​ជញ្ជាំង​រចនា​ចេញពី​ដប​ដែល​គេ​បោះចោល​។​

​លោក​ អ៊ុក វណ្ណ​ដេ អាយុ ​៤០​ ឆ្នាំ ដែលជា​ទូទៅ​គេ​ហៅ​គាត់​ថា​[​មនុស្ស​សំរាម​ឬ​អ្នក​ចម្បាំង​សំរាម​]​បាន​ថ្លែងប្រាប់​ ភ្នំ​​ពេញ ​ប៉ុស្តិ៍​ថា លោក​ជា​ស្ថាបនិក​សាលា​[​ដូង​]​នៅលើ​ភ្នំ​គិរី​រម្យ ក្នុងស្រុក​ភ្នំស្រួច ខេត្ដ​កំពង់ស្ពឺ ហើយ​តាមពិតទៅ​លោក​បាន​សាងសង់​រាន​លក់​កាហ្វេ ​១ ​ដែល​ជញ្ជាំង​មានការ​ច្នៃប្រឌិត​រចនា​ពី​ដប​ដែល​គេ​បោះចោល​។ ប៉ុន្តែ​ដោយសារ​ទីតាំង​ចាស់​តូចចង្អៀត ដូច្នេះ​លោក​បាន​ពង្រីក​ពី​ទំហំ ​៦​ ម៉ែត្រ​បណ្តោយ​៨​ម៉ែ​ត្រមក ជា​ទទឹង ​២០ ម៉ែត្រ និង​បណ្តោយ​ ១២​ ម៉ែត្រ​វិញ​។​

​លោក​បានឱ្យដឹងថា មូលហេតុ​ដែល​លោក​យក​ដប​ស្រា​បៀរ​មក​រៀប​ធ្វើជា​ជញ្ជាំង​នៅ​ជុំវិញ​រាន​លក់​កាហ្វេ ដោយ​សារ​លោក​សម្លឹង​ឃើញថា​ភ្នំ​គិរី​រម្យ​ជា​តំបន់​ទេសចរណ៍ ហើយ​ភ្ញៀវ​ដែល​ផឹកស៊ី​រួច​មិនបាន​យក​សំណល់​សំរាម​តាម​ខ្លួន​ទេ ពោលគឺ​ទុកចោល​នៅ​ទីនោះ​តែម្តង​។ ដោយ​មើលឃើញ​ដូច្នោះ​ទើប​លោក​បែកគំនិត​គិតថា សំណល់​ដប​ស្រា​បៀរ​ទាំងនោះ​វា​មិន​រលាយ​ដូច​កាក​សំណល់​មួយចំនួន​ទេ ហើយ​បើ​វា​បែក​នឹង​នាំឱ្យ​មុត​ដៃជើង​ដល់​ភ្ញៀវ​ដែល​ដើរ​កម្សាន្ត​ទៀតផង​។​

​លោក​បាន​ពោលថា​៖ «​យើង​ឃើញថា នៅ​តំបន់​ទេសចរណ៍​ហ្នឹង​សម្បូរ​ដោយ​ការផឹកស៊ី​ហើយ​អត់​យក​សំរាម​ទៅវិញ​ទេ គេ​ទុកចោល​ដូចជា សម្បក​កំប៉ុង គម្រប​ដប​ប្លា​ស្ទិ​ក​ហ្នឹង​។ អ៊ីចឹង​យើង​ក៏មាន​គំនិត​ថា បើ​យើង​យក​កាក​​សំណល់​ទាំង​នោះមក​កែច្នៃ​ជាវ​ត្ថុ​លម្អ​ឬ​វត្ថុ​ប្រើប្រាស់​ឡើងវិញ​វា​អាច​កន្ដ្រាក់​ស្មារតី​អ្នកទេសចរ​ឱ្យ​គាត់​ចេះ​ទុកដាក់​សំរាម​ហើយ​ចេះ​កែច្នៃ​វា​ដូច​ខ្ញុំ​ដែរ​»​។​

​បើតាម​លោក វណ្ណ​ដេ ចំពោះ​ការ​រចនា​កែច្នៃ​ជញ្ជាំង​តូប​កាហ្វេ​កើតចេញពី​ដប​ស្រា​បៀរ​នេះ​លោក​ត្រូវ​ប្រើ​ដប​ជិត ​២ ​លាន​ដប ដែល​ប្រមូល​នៅតាម​តំបន់​ទេសចរណ៍​ខ្លះ និង​ខ្លះទៀត​ប្រមូលបាន​ពី​បងប្អូន​ដែល​បានឃើញ​វីដេអូ​របស់លោក​ផ្ញើ​មកឱ្យ​។ ការ​រចនា​លម្អ​ដប​នេះ ទី​១​ គឺ​កុំឱ្យ​វា​នៅ​រាយប៉ាយ​តាមផ្លូវ ហើយ​បើ​គេ​វាយ​បែក​នឹង​មុត​ជើង​មុត​ដៃជើង​។ ម្យ៉ាង​បើ​វា​បន្សល់ទុក​នៅ​រាយ​ប៉ាយ​ក្នុង​តំបន់​ទេសចរណ៍​វា​នឹង​បង្ហាញ​ពី​បរិស្ថាន​អាក្រក់​ដល់​ភ្ញៀវ​ដែល​បានមក​ទស្សនា​នៅ​ភ្នំ​គិរី​រម្យ​។ ជញ្ជាំង​ដប​នេះ​នៅពេល​ត្រូវ​ពន្លឺភ្លើង​ពេលយប់​ពន្លឺ​ចាំង​របស់​វា​ព្រាកៗ​ដូច​សត្វ​អំពិល​អំពែ​ក​បញ្ចេញ​ពន្លឺភ្លើង​ដូច្នោះ​ដែរ​។​

​លោក​ថា​៖ «​យប់​ឡើង​វា​មាន​ពន្លឺ​ស្អាត​ដោយសារតែ​ពេលដែល​យើង​លេង​ពណ៌​ភ្លើង​ទៅ​វា​បញ្ចេញ​សម្រស់​របស់​វា​ដែលមាន​រលក​ជាមួយនឹង​ពន្លឺ​ដប​ចាំង​ទៅគ្រប់​ជ្រុង​នៃ​បន្ទប់​ស្អាត​»​។​

​លោក​បញ្ជាក់ថា ការ​រចនា​ជញ្ជាំង​ពី​ដប​នេះ​គឺ​លោក​យក​ដែក​មក​ផ្សារ និង​បណ្តុះ​ជា​ចម្រឹង​ដែក​តូចៗ​ដើម្បី​ស៊ក​ដប​បញ្ចូល​ក្នុង​ចម្រឹង​ដែក​នីមួយៗ​ដែល​តម្រៀប​ជា​ជួរៗ​។ ការ​រចនា​តុបតែង​លម្អ​ជញ្ជាំង​ដប​នេះ​លោក​ទើប​ចាប់​ផ្តើម​ប្រហែលជា​ ១ ​ខែ​មក​ទេ ហើយ​លោក​ប្រកា​សរក​ ១ ​លាន​ដប​ទៀត​ដើម្បី​បង្គ្រប់​នៃ​ការ​រចនា​លម្អ​។ ការងារ​នេះ​បាន​ជួយ​ដល់​បរិស្ថាន ព្រោះថា​ប្រទេស​កម្ពុជា​គ្មាន​រោងចក្រ​កែច្នៃ​ដប​ដែលជា​សំណល់​ទេ តែ​ប្រជាជន​មានគំនិត​កែច្នៃ​ហើយ​ជាការ​ផ្តល់​គំរូ​ពី​ការដែល​គេ​មិនឱ្យ​តម្លៃ​សំរាម​។​ «​គេ​តែងតែ​និយាយថា សំរាម​ឥតប្រយោជន៍ តែ​យើង​ចេះ​ប្រើ​គំនិត​កែច្នៃ​សំរាម​ឱ្យមាន​ប្រយោជន៍​។​តែបើ​មនុស្ស​ឥតប្រយោជន៍ ទោះជា​យើង​កែ​យ៉ាងម៉េច​ក៏​ពិបាក​កែ​ដែរ​»​។​

​លោក​បន្ថែមថា សំរាម​មិនមែនជា​វត្ថុ​ដែល​គួរឱ្យ​ស្អប់ខ្ពើម ហើយ​មិន​ដូច​មនុស្ស​មួយចំនួន​ដែល​ចោល​សំរាម​គ្មាន​ការពិចារណា គ្មាន​ការទទួល​ខុស​ត្រូវ​ដែល​អាហ្នឹង​បាន​គួរឱ្យ​ស្អប់ខ្ពើម​ព្រោះ​លោក​ស្អប់ខ្ពើម​បុគ្គល​មួយចំនួន​ដែល​ចេះតែ​ចោល​សំរាម​ពាសវាល​ពាសកាល​គ្មាន​ការទទួលខុសត្រូវ គ្មាន​ស្មារតី​ស្រឡាញ់​ជាតិ​ដែល​នោះ​ត្រូវបាន​គេ​ហៅថា ​[​ស្អប់ខ្ពើម​ជាង​សំរាម​]​។​ ការកែច្នៃ​ដប​ដែលជា​កាកសំណល់​សំរាម​នេះ​វា​មិន​សំខាន់​ប៉ុន្មាន​ទេ តែ​អ្វីដែល​លោក​ធ្វើ​នេះ​គឺ​លោក​ចង់​បណ្តុះ​គំនិត​ដល់​អ្នកផ្សេង​កុំឱ្យ​គាត់​ប្រើ​សំរាម​ច្រើនពេក ហើយ​បើ​អាច​កាត់បន្ថយ​បាន​ក៏​ជា​ការល្អ​ដែរ​ក្នុង​ឆាកជីវិត​របស់​យើង​។​

​បើតាម​លោក វណ្ណ​ដេ បច្ចុប្បន្ននេះ​មាន​ភ្ញៀវ​ជា​ជនជាតិខ្មែរ​ច្រើន​បាន​ទៅលេង​កម្សាន្ត​នៅលើ​ភ្នំ​គិរី​រម្យ ហើយ​បើ​លោក​ស្ទង់​មើល​ទឹកចិត្ត​ភ្ញៀវ​វិញ​គឺ​ម្នាក់ៗ​ត្រេកអរ​នៅពេល​ពួកគេ​បានឃើញ​ជញ្ជាំង​ដប​របស់លោក​។ ម្យ៉ាងវិញទៀត ដប​ប្លា​ស្ទិ​ក​ទឹក​សុទ្ធ​គេ​ចោល​លើដី​គេ​ដើរ​ជាន់ តែ​លោក​បាន​យក​ដប​ប្លា​ស្ទិ​ក​ទឹក​សុទ្ធ​ចំនួន​ ៤​ ពាន់​ដប​មក​កែច្នៃ​ជា​ទង់ជាតិ ស្រាប់តែ​ភ្ញៀវ​ម្នាក់ៗ​បែរជា​ឈរ​គោរព​ទៅវិញ​។ ដូច្នេះ​ពួកគាត់​អាច​នឹង​លួចគំនិត​របស់លោក​ទៅ​កែច្នៃ​នៅតាម​សហគមន៍​ឬ​តំបន់​ដែល​ពួកគាត់​រស់នៅ​បាន​។ រីឯ​លោក​ក៏​សប្បាយចិត្ត​ដែរ​នៅពេលដែល​ឃើញ​គាត់​ចេះ​យកគំនិត​នេះ​ទៅ​កែច្នៃ​ដូច​លោក​។​

​លោក​បាន​ប្រាប់ថា​៖ «​ចំពោះ​មន្ត្រី​នៅ​មូលដ្ឋាន​វិញ​គាត់​កាន់តែ​សហការ​ជា​​មួយ​ខ្ញុំ​នៅពេល​គាត់​ប្រមែប្រមូល​សំរាម​ទូទៅ​អាណា​គាត់​ទុកឱ្យ​ខ្ញុំ គាត់​ឱ្យ​ខ្ញុំ ព្រោះ​នៅទីនេះ​គេ​ស្គាល់​ខ្ញុំ​។​គេ​ហៅ​ខ្ញុំ​ថា​មនុស្ស​សំរាម​ឬ​អ្នក​ចម្បាំង​សំរាម ព្រោះ​ខ្ញុំ​ផ្តល់​ជា​គំរូ​ល្អ​តាមរយៈ​ការកែច្នៃ​»​។​

​លោក​ឱ្យដឹង​បន្តថា ម្យ៉ាងវិញទៀត​នៅក្បែរ​រាន​កាហ្វេ​នោះ​គឺ​លោក​មានគំនិត​ចង់ឱ្យ​សិស្សៗ​របស់លោក​ចេះ​យក​គំរូ​តាម ដោយ​ឱ្យ​ពួកគេ​ចេះ​ប្រើ​សំរាម បង្កើតឱ្យមាន​សម្រស់ ពីព្រោះ​សំរាម​ឱ្យតែ​មនុស្ស​ចេះ​ប្រើ​ចេះ​កែច្នៃ នោះ​វា​ក៏​បង្កើត​សម្រស់​របស់​វា​ដែរ​។​

​លោក​បាន​បង្កើត​សាលាបង្រៀន​កូន​អ្នកស្រុក​រស់នៅក្នុង​សហគមន៍​ក្នុង​តំបន់​ក្បែរ​នោះ​ហៅថា ​[​សាលា​ដូង​] ដែល​លោក​ទើបតែ​បង្កើតបាន​ ៣ ​ឆ្នាំ​ទេ​។​ សាលា​នេះ​មាន​សិស្ស​ប្រុស​ស្រី​ចំនួន ​១៦៣ ​នាក់ និង​រៀន​ពី​ថ្នាក់​ទី​១​ ដល់​ថ្នាក់​ទី​៦ តែ​បច្ចុប្បន្ន​លោក​កំពុង​បារម្ភ​ដោយសារ​សិស្ស​ត្រូវធ្វើ​ដំណើរ​ពី​ផ្ទះ​មក​សាលា​ចម្ងាយ​ ១១ ទៅ​ ១២​ គីឡូម៉ែត្រ​មក​រៀន តែ​ពួកគេ​មក​រៀន​មិន​ទៀង​ទាត់​ទេ​។​ហេតុដូច្នេះ​ហើយ​ទើប​លោក​កំពុង​ស្វែងរក​សប្បុរសជន​ដើម្បី​ជួយ​រថយន្ត​ ១​ គ្រឿង​មាន​ចំណុះ ​៣៥ ​កៅអី ដើម្បី​ដឹក​ពួកគាត់ ដែល​រថយន្ដ​នោះ​អាចមាន​តម្លៃ​ត្រឹម​ ១ ​ម៉ឺន​ដុល្លារ​។​

​លោក​ ឱម ម៉ាក់​ធា​រី ប្រធាន​មន្ទីរ​បរិ​ស្ថាន​ខេត្តកំពង់ស្ពឺប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ការដែល​លោក អ៊ុក វណ្ណ​ដេ មានគំនិត​ប្រមូល​កាកសំណល់​ដែល​គេ​បោះចោល​មក​កែច្នៃ​បែបនេះ​ជាការ​ល្អ​ហើយ​ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន ព្រោះ​សូម្បីតែ​សំរាម​ក៏​គេ​បែងចែក​ដែរ​ដូចជា សំរាម​ណា​ជា​ជ័រ​ប្លា​ស្ទិ​ក សំរាម​ណា​ជា​ដប​ជ័រ ឬ​ដប​អំបែង​ជាដើម​។​

​លោក​បាន​ថ្លែងថា​៖ «​គាត់​ប្រមូល​មកនេះ​ដូចជា​ជួយ​ដល់​ការងារ​បរិស្ថាន​ដែរ ព្រោះ​ដប​អំបែង​វា​ចូលក្នុង​ដី​មិន​រលាយ​ទេ​។ វា​ធ្វើឱ្យប៉ះពាល់​ដី​ទៀត​យើង​រាល់ថ្ងៃ​ខិតខំ​ផ្សព្វផ្សាយ​ណាស់​ដើម្បីឱ្យ​ពលរដ្ឋ​យល់ដឹង​អំពី​បរិស្ថាន​ហើយ​ឥឡូវ​យើង​បាន​កែច្នៃ​ពី​ទុយោ​បឺត​ជ័រ មកជា​ទុយោ​បឺត​អង្ករ ហើយ​យើង​អាច​ហូប​បាន​ទៀត​»៕