បាត់ដំបងៈ សិស្សានុសិស្សរៀននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យចំនួន ៤ ក្នុងក្រុងបាត់ដំបងកំពុងទទួលបានការអប់រំផ្លូវចិត្តផ្នែកព្រះពុទ្ធសាសនាពីព្រះសង្ឃ ខណៈគ្រូ ១ រូបបានលើកឡើងថា ការអប់រំបន្ថែមពីព្រះសង្ឃនេះធ្វើឱ្យសិស្សមានចំណេះដឹងកើននិងចេះសង្រួមផ្លូវចិត្តបានល្អ។
បើគេបានធ្វើដំណើរឆ្លងកាត់សាលារៀនមួយហើយបើមិនចាប់អារម្មណ៍នោះប្រាកដជាគិតថា ជាទីប្រជុំនៃសង្ឃជាមិនខាន ព្រោះទីនោះគេបានឮសំឡេងសូត្រធម៌នមស្ការរងំហាក់នៅក្នុងវត្តដូច្នោះដែរ។ ទីនោះជាសាលាបឋមសិក្សាវត្តកំផែងស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងខេត្តបាត់ដំបង។
លោកស្រី ណាប់ រំដួល នាយិការងនៃសាលាបឋមសិក្សាវត្តកំផែងប្រាប់ភ្នំពេញប៉ុស្តិ៍៍ថា សាលាបឋមសិក្សាវត្តកំផែងមានសិស្សចំនួន ៦២៨ នាក់ (ស្រី ២៨១ នាក់) ពីថ្នាក់ទី១ ដល់ទី៦។ ក្រៅពីបង្រៀនតាមកម្មវិធីរបស់ក្រសួងអប់រំយុវជន និងកីឡាហើយនោះ សិស្សានុសិស្សក៏ទទួលបានចំណេះដឹងបន្ថែមផ្នែកព្រះពុទ្ធសាសនាពីព្រះសង្ឃផងដែរ។
លោកស្រីបានបន្តថា ចំពោះកិច្ចការបង្រៀនរបស់ព្រះសង្ឃ គឺក្នុង ១ ខែមានម្តងតាមថ្នាក់នីមួយៗដោយបង្រៀនម្ដងៗបានត្រឹមតែ ១ ម៉ោងប៉ុណ្ណោះ ចាប់ពីថ្នាក់ទី២ រហូតដល់ថ្នាក់ទី៦។ រីឯការបង្រៀនវិញមានដូចជាអប់រំពីសីលធម៌រស់នៅ ព្រមទាំងបង្រៀនឱ្យចេះសូត្រធម៌នានា ហើយក្នុងខែនេះ[ខែសីហា]បង្រៀនដល់ថ្នាក់ទី៦ ហើយ។ កិច្ចការនេះជាគម្រោងអប់រំយុវជន ១ ឈ្មោះថា [អង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា] ហើយព្រះសង្ឃលោកស្ម័គ្រព្រះទ័យនិមន្ដជិះម៉ូតូឌុបមកបង្រៀនដោយមិនយកបច្ច័យអ្វីឡើយ។
លោកស្រីនាយិកាបានបន្ដថា៖ «ការបង្រៀនរបស់ព្រះអង្គជាការអប់រំផ្លូវចិត្តមួយដល់សិស្សជាវិធីសំខាន់ណាស់ព្រោះដើម្បីឱ្យគាត់ចេះសង្រួមឥរិយាបថក្នុងការធ្វើអ្ វី១ ពោលគឺឱ្យគាត់ចេះសង្រួមទាំងផ្លូវចិត្ត និងផ្លូវកាយ»។
បើតាមលោកស្រីនាយិកា បញ្ហាប្រតិបត្តិផ្នែកផ្លូវធម៌នេះកុំថាឡើយក្មេងៗសូម្បីតែមនុស្សធំមួយចំនួនក៏មិនចេះប្រតិបត្តិដែរ។ ដូច្នេះបើសិស្សានុសិស្សបានទទួលការបង្រៀនពីព្រះសង្ឃតាំងពីនៅតូចនោះ នៅពេលដែលពួកគាត់ធំពេញវ័យ យ៉ាងហោចណាស់ក៏មានសីលធម៌ល្អស្គាល់ខុសស្គាល់ត្រូវស្គាល់អំពើល្អអំពើអាក្រក់ដែរ។ នៅពេលដែលគាត់ចេះដឹងខុសត្រូវហើយនោះនឹងអាចកាត់បន្ថយបញ្ហាក្នុងសង្គមបានខ្លះដែរ។ ក្រៅពីជួយបង្រៀនដោយស្ម័គ្រព្រះទ័យហើយនោះព្រះសង្ឃក៏នៅបានរួមចំណែកជួយជាប៊ិក សៀវភៅខ្លះៗដល់សិស្សដែលមានជីវភាពទីទ័លក្រផងដែរ។
ជុំវិញបញ្ហានេះព្រះសង្ឃព្រះនាម ទួន ផល្លី ជាអ្នកកាន់គម្រោងនៃអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជាដែលមានព្រះតេជព្រះគុណ ហាក់ សៀងហៃ ជាប្រធានបានមានថេរដីកាថា បំណងរបស់គម្រោងព្រះអង្គដែលបានដាក់ព្រះសង្ឃចុះទៅបង្រៀននៅតាមសាលានៅតំបន់ខ្លះក្នុងក្រុងបាត់ដំបងដោយសារព្រះអង្គចង់បញ្ជ្រាបចំណេះដឹងផ្នែកព្រះពុទ្ធសាសនាឱ្យទៅដល់ក្មេងៗ និងយុវជន។ ម្យ៉ាងវិញទៀតធ្វើយ៉ាងណាឱ្យក្មេងៗជាយុវជនរស់នៅប្រកបដោយក្រមសីលធម៌ និងដើម្បីឱ្យក្លាយជាសសរទ្រូងសម្រាប់ប្រទេសជាតិកម្ពុជាទាំងមូលដែលនេះជាគោលបំណងរបស់គម្រោង។
ព្រះអង្គបន្តថា ដោយមើលឃើញថា យុវជនសព្វថ្ងៃអ្នកខ្លះក៏មានការភ្លើតភ្លើន អ្នកខ្លះក៏គាត់សង្រួមចិត្តទៅតាមការអប់រំចិត្តតាមរយៈការយល់ដឹង និងតាមរយៈការអប់រំតាមផ្លូវព្រះធម៌។ប៉ុន្តែដោយសារការរីកចម្រើនខាងសង្គមផង ហើយម្យ៉ាងទៀតការអប់រំរបស់គាត់នៅមានកម្រិតផងនោះទើបធ្វើឱ្យយុវជនមួយចំនួនបាត់បង់តម្លៃសីលធម៌ក្នុងខ្លួន។ ដោយមើលឃើញពីសកម្មភាពទាំងអស់នេះហើយទើបធ្វើឱ្យអង្គការព្រះអង្គបង្កើតជាគម្រោងអប់រំដែលផ្តោតសំខាន់ផ្នែកសីលធម៌នេះតែម្តង។
ព្រះអង្គបន្តទៀតថា ចំពោះសាលារៀនដែលព្រះសង្ឃចុះទៅបង្រៀនមានដូចជាសាលាបឋមសិក្សាវត្តកំផែង សាលាបឋមសិក្សាវត្តគ អនុវិទ្យាល័យវត្តគនិងសាលាបឋមសិក្សាកំពង់សីមា។ ជាគោលការណ៍ សម្រាប់គម្រោងនៃអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា គឺផ្តោតសំខាន់លើសីលធម៌បែបព្រះពុទ្ធសាសនា។ សីលធម៌នេះធ្វើឱ្យសិស្សានុសិស្សចេះគោរពឱនលំទោន ចេះយល់ដឹងពីតម្លៃនៃសីលធម៌បែបព្រះពុទ្ធសាសនា ចេះគោរពចាស់ទុំ គោរពព្រះសង្ឃជាដើម។ មួយវិញទៀត មិនមែនមានន័យថា ទាល់តែសង្ឃទៅបង្រៀនទើបសិស្សមានវិន័យមានសីលធម៌ល្អនោះទេ។
ព្រះអង្គបញ្ជាក់ថា៖ «តាមពិតទៅការបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូបង្រៀនក៏សិស្សមានវិន័យសីលធម៌ដែរ ប៉ុន្តែការដែលព្រះសង្ឃចុះជួយបង្រៀនបន្ថែមនោះគ្រាន់តែចង់ឱ្យសិស្សានុសិស្សចេះស្គាល់ និងចេះសង្រួមចិត្តតាមផ្លូវព្រះពុទ្ធសាសនាតែប៉ុណ្ណោះ»។
បើតាមព្រះតេជព្រះគុណ ទួន ផល្លី លើសពីការផ្តោតសំខាន់ទៅលើសីលធម៌នោះគឺព្រះសង្ឃមានបង្រៀនធម៌សូត្រជាច្រើនទៀត ក្នុងនោះក៏មានធម៌នមស្ការដែរ។ ធម៌នមស្ការជាធម៌ដែលសូត្ររំឭកគុណព្រះសម្មាសម្ពុទ្ធដែលមានព្រះរតនត្រ័យទាំង ៣ មានថ្វាយបង្គំគោរពចំពោះព្រះពុទ្ធ ថ្វាយបង្គំគោរពចំពោះព្រះធម៌ និងថ្វាយបង្គំគោរពចំពោះព្រះសង្ឃ។ គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ ២០១២ មកម្ល៉ះដោយសាកល្បងបានតែសាលាបឋមសិក្សាវត្តកំផែង ១ ទេ តែក្រោយមកពង្រីកបាន ៣ សាលាទៀត។ ប៉ុន្តែមិនបានបង្រៀនដល់វិទ្យាល័យទេដោយសារចំនួនសង្ឃតិច ម្យ៉ាងនៅកម្រិតវិទ្យាល័យ គឺក្មេងៗទទួលបានការអប់រំពីអនុវិទ្យាល័យ និងពីសាលាបឋមសិក្សារួចហើយ។
ព្រះអង្គមានថេរដីកាបញ្ជាក់ថា សិស្សានុសិស្សនៅសាលាទាំង ៤ ដែលទទួលបានការអប់រំបន្ថែមពីព្រះសង្ឃឃើញថា បើប្រៀបធៀបពីមិនទាន់មានព្រះសង្ឃចុះបង្រៀន និងក្រោយពេលមានព្រះសង្ឃចុះទៅបង្រៀនឃើញថា រវាងព្រះសង្ឃ និងសិស្សមានភាពស្និទ្ធស្នាលគ្នាល្អជាងមុនហើយគាត់ចេះយល់ដឹងពីតម្លៃនៃការគោរពបែបប្រពៃណីខ្មែរ និងចេះគោរពដល់ចាស់ទុំឪពុកម្តាយ។ មិនត្រឹមតែប៉ុណ្ណោះមានអាណាព្យាបាលសិស្សខ្លះក៏ថ្លែងអំណរគុណដល់ព្រះសង្ឃដែលចុះទៅបង្រៀនពិសេសដល់អង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា។ សម្រាប់គម្រោងចុះទៅបង្រៀននេះក្នុង ១ ខែចុះតាមសាលាបានម្តង ដោយពេលចុះម្ដងៗនៅតាមថ្នាក់នីមួយៗបង្រៀនបានតែ ១ ម៉ោងទេ។
បើតាមព្រះតេជព្រះគុណ ទួន ផល្លី ចំពោះសង្ឃមានចំនួន ១១ អង្គឆ្លាស់គ្នាបង្រៀនតាមសាលា តែព្រះសង្ឃចុះទៅបង្រៀននោះ ចំណាយលុយថ្លៃធ្វើដំណើរខ្លួនឯងទេ។ អង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជាដំណើរការរហូតដល់បច្ចុប្បន្ននេះ អាស្រ័យលើពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេសដែលគាត់មើលឃើញពីសកម្មភាពរបស់គម្រោងរបស់អង្គការហើយគាត់ជួយឧបត្ថម្ភ រីឯក្រៅពីនោះគឺគ្មានប្រភពណាជួយផ្សេងទេ។
ពាក់ព័ន្ធបញ្ជានេះដែរ លោក ទ្រី ហាក់ ប្រធានការិយាល័យអប់រំយុវជន និងកីឡា ក្រុងបាត់ដំបងលើកឡើងថា ការងារបង្រៀននេះតាមពិតទៅព្រះសង្ឃលោកជួយដោយស្ម័គ្រចិត្ត ហើយក៏យោងតាមការស្នើសុំរបស់សាលាផងដែរ។ គោលបំណងគឺដើម្បីផ្តល់ឱវាទដល់សិស្សានុសិស្ស។
លោកថ្លែងថា៖ «ខ្ញុំគិតថារឿងនេះជាការល្អមែនទែនសម្រាប់ការជួយលើកកម្ពស់ពិសេសគឺសីលធម៌រស់នៅរបស់កុមារយើង។ ការដែលមានកម្មវិធីនៅតាមសាលាមួយចំនួនទាក់ទងការផ្តល់ឱវាទ ផ្តល់ដំបូន្មានពីព្រះសង្ឃ ជាពិសេសពីព្រះតេជព្រះគុណ ហាក់ សៀងហៃ នៅតាមគ្រឹះស្ថានសិក្សា គឺល្អមែនទែន»៕