បាត់ដំបង: វិចិត្រករខ្មែរលោក វ៉ាន់ ឆវ័ន្ដ ចាប់ផ្ដើមប្រែក្លាយគំនិតគិតទុកកាលពីជាង ១០ ឆ្នាំទៅជាការពិត តាមរយៈការផ្ដល់ចំណេះដឹងផ្នែកគំនូរដល់កុមារក្នុងភូមិ។ លោកមិនត្រឹមតែផ្តល់ការបើកបង្រៀនគំនូរដល់សិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើប្រាស់ប្រាក់ចំណូលពីការលក់ស្នាដៃសិល្បៈរបស់ខ្លួន ដើម្បីទិញសម្ភារសិក្សាទៀតផង។
លោកបានឱ្យដឹងថា៖ «ខ្ញុំលក់ស្នាដៃសិល្បៈរបស់ខ្ញុំមួយដើម្បីជួយយុវជននិងកុមារតូចៗបានរៀនជំនាញសិល្បៈនិងឱ្យតម្លៃលើវប្បធម៌របស់យើង»។
ស្នាដៃគួរឱ្យកត់សម្គាល់មួយរបស់ ឆវ័ន្ដ មានចំណងជើងថា «សុភមង្គលរបស់កសិករភូមិខ្ញុំ» ទំហំ ៥៧ សង់ទីម៉ែត្រ គុណ ៧៨ សង់ទីម៉ែត្រ បានបង្ហាញទិដ្ឋភាពដ៏ស្រស់បំព្រងនៃវាលស្រែក្នុងភូមិឋាន។
គំនូរ ១ ផ្ទាំងនោះ រៀបរាប់អំពីសេចក្ដីសុខរបស់អ្នកធ្វើស្រែ ដែលទីពឹងអាស្រ័យលើភោគផល ជាពិសេសរដូវវស្សានៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រជាជនខ្មែរគោរពគ្នាមានភាពស្មោះត្រង់ចំពោះគ្នា និងចេះចែករំលែកឱ្យគ្នា។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ខ្ញុំឆ្លៀតពេលបង្រៀនកុមារក្នុងភូមិដើម្បីឱ្យពួកគាត់ចេះជំនាញ ជាជាងពួកគាត់លេងទូរស័ព្ទឬភ្លាត់ស្នៀតដើរលេងជក់ម៉ាជក់ថ្នាំ។ ដូច្នេះខ្ញុំចង់បណ្ដុះគំនិតពួកគាត់ឱ្យចេះរៀនគូរ ការងារជាសិល្បៈវិញ»។
កើតនៅឆ្នាំ ១៩៨២ ក្នុងជំរំជនភៀសខ្លួនថៃដែលរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមលោក ឆវ័ន្ដ បានជម្នះទុក្ខលំបាកដើម្បីក្លាយជាសិល្បករដ៏មានទេពកោសល្យដែលលោកមានសព្វថ្ងៃនេះ។
បន្ទាប់ពីជួបប្រទះនឹងភាពភ័យរន្ធត់នៃពលកម្មដោយបង្ខំនៅលើកប៉ាល់នេសាទក្នុងនាមជាពលករខុសច្បាប់ ទីបំផុតលោកបានរកឃើញសេរីភាពហើយបានបន្តការសិក្សានៅសាលាសិល្បៈហ្វារពន្លឺសិល្បៈក្នុងប្រទេសកម្ពុជា។
បច្ចុប្បន្នលោក ឆវ័ន្ដ រស់នៅខេត្តបាត់ដំបងជាមួយគ្រួសារហើយមានទំនាក់ទំនងជិតស្និទ្ធជាមួយ Open Studio Cambodia នៅខេត្តសៀមរាប។
លោកតាំងពិព័រណ៍ទោលជាច្រើន រួមទាំង «គំនូរក្តីសង្ឃឹម» នៅវិចិត្រសាលសិល្បៈរាជធានីភ្នំពេញក្នុងឆ្នាំ ២០២២ និង «អូឌីស្សី!» នៅវិចិត្រសាល 282 រាជធានីភ្នំពេញនៅឆ្នាំ ២០២១។
លោកក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការតាំងពិព័រណ៍ជាក្រុមដូចជាមហោស្រពវប្បធម៌ ASEM ឆ្នាំ ២០២១ នៅសារមន្ទីរជាតិកម្ពុជានិង «ក្តីសង្ឃឹមលើមេឃ» នៅ Open Studio Cambodia ឯ Factory Phnom Penh។
ស្នាដៃសិល្បៈរបស់លោកឆវ័ន្ដថែមទាំងទទួលបានការគាំទ្រលើវេទិកាអន្តរជាតិរួមទាំងការតាំងពិព័រណ៍ជាក្រុមនៃសិល្បៈសហសម័យកម្ពុជានៅGalerie Lee ទីក្រុងប៉ារីសក្នុងឆ្នាំ ២០២០។
ទើបចេញដំណើរក្នុងការបង្រៀនកុមារស្ម័គ្រចិត្ដរយៈពេល ១ ខែនេះវិចិត្រករ ឆវ័ន្ដ ទទួលបានកុមារអាយុចាប់ពី ១៣ ដល់ ១៦ ឆ្នាំ ចំនួន ១២ នាក់ និងកុមារតូចៗ មានចំនួន ១៥ នាក់។
ដោយសារជីវភាពខ្វះខាតដែលមិនមានលទ្ធភាពបើកសាលាខ្លួនឯង វិចិត្រករ ឆវ័ន្ដ បានបង្រៀនជំនាញគំនូរនេះនៅអង្គការក្នុងស្រុកមួយ ដែលស្ថិតក្នុងភូមិព្រែកតាច្រែងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំខេត្ដបាត់ដំបង។
លោកបាននិយាយថា៖ «បើសិនជាខ្ញុំរង់ចាំ ២-៣ឆ្នាំពេលខ្ញុំមានលុយបើកសាលាខ្លួនឯងវាខាតពេលវេលាពួកគាត់។ ដូច្នេះខ្ញុំសុំសាលាអង្គការបង្រៀនពួកគាត់ដោយស្ម័គ្រចិត្ដ»។
ជាមួយថវិកា ៥០ ដុល្លារពីការលក់គំនូរ «សុភមង្គលរបស់កសិករភូមិខ្ញុំ» លោកអាចទិញសម្ភារសិក្សាដូចជាខ្មៅដៃក្រដាសកុំប្លាកេទ្រាប់ សម្រាប់ជួយកុមារ ដែលឪពុកម្ដាយភាគច្រើនធ្វើចំណាកស្រុក។
នៅពេលមើលឃើញពីទឹកចិត្ដចង់ផ្ដល់ចំណេះដឹងផ្នែកគំនូរដល់កុមារក្រីក្រក្នុងភូមិ សិល្បករដទៃទៀតក៏បានចូលរួមចំណែកជាសម្ភារសិក្សាបន្ថែម។
យ៉ាងណាមិញដោយនៅមានការខ្វះខាតសម្ភារជើងទម្រនិងជក់គូរក៏ដូចជាថាសពណ៌ វិចិត្រករខេត្ដបាត់ដំបងរូបនេះនៅមានបំណងលក់រូបគំនូរចេញបន្ថែមទៀត។
ស្នាដៃគំនូរក្រោមចំណងជើងថា «តើខ្ញុំខុសអ្វី?» មានទំហំ ១០០ សង់ទីម៉ែត្រ គុណ ១៥០ សង់ទីម៉ែត្ររំលេចដោយថ្នាំលាបអាគ្រីលីក នៅលើក្រណាត់ គឺជាសក្ខីភាពនៃស្មារតីរបស់វិចិត្រករដែលត្រៀមដាក់លក់ក្នុងតម្លៃ ១ ៩០០ ដុល្លារ។
វាឆ្លុះបញ្ចាំងពីសាច់រឿងដ៏លំបាកមួយនៅឆ្នាំ ២០០០ ពេលវិចិត្រករឆវ័ន្ដ និងឪពុកចុងបានធ្វើជាពលករចំណាកស្រុកខុសច្បាប់ទៅប្រទេសថៃ ដែលនាំឱ្យមានការបោកប្រាស់ និងរងទុក្ខរយៈពេល ២ ឆ្នាំ ៥ ខែ។ ដោយអព្ភូតហេតុ លោកបានត្រឡប់មកផ្ទះវិញ។
នៅពេលត្រឡប់មកវិញ លោកបានដឹងថាឪពុកចុងបានបោះបង់គ្រួសារនិងរៀបការស្រីថ្មីដោយទុកឱ្យពួកគេស្ថិតក្នុងភាពក្រីក្រ។ ក្នុងនាមជាបងប្រុសលោកឆវ័ន្ដបានស្វះស្វែងរកការងារ និងផ្ញើលុយកាក់ជូនម្ដាយចិញ្ចឹមបីបាច់ប្អូនៗ។
ប្អូនប្រុសរបស់លោកធ្លាប់សេពគប់មិត្ដមិនល្អនៅពេលគ្មានបង និងឪពុកម្ដាយនៅក្បែរ ហើយរូបគេបានសេពគ្រឿងញៀនត្រូវបានប៉ូលិសចាប់ដាក់ទោស ២ ឆ្នាំ មុនពេលមានឱកាសកែប្រែជីវិតថ្មី។
លោកបានឱ្យដឹងថា រឿងរ៉ាវពិតជាក់ស្តែង ក៏ដូចក្នុងសង្គមទូទៅ បើមានឳពុកម្តាយមិនបានមើលថែទាំផ្តល់ភាពកក់ក្តៅកូនៗ ដោយអត់បានរៀនសូត្រ ភាពក្រីក្រកើតមានក្នុងគ្រួសារ និងសង្គមជាតិ។ លោក ឆវ័ន្ដ សូមឳពុកម្តាយគ្រប់រូបបំពេញកាតព្វកិច្ច និងព្រហ្មវិហាធម៌ជាមាតាបិតាដ៏ល្អផងទើបបានជាទំពាំងល្អសម្រាប់គ្រួសារ និងសង្គមជាតិរីកចម្រើន។
លោកបានរំឭកថា កាលពីឆ្នាំ ២០១០ ពេលលោកកំពុងរៀននៅអង្គការហ្វារពន្លឺសិល្បៈលោកមានគំនិតចង់បង្រៀនកុមារជំនាញគូររូប និងកែច្នៃវត្ថុសិល្បៈដោយឥតគិតថ្លៃ។ ប៉ុន្ដែគំនិតនេះមិនអាចចេញជារូបរាងភ្លាមៗបានទេ ដោយសារវិចិត្រករខ្លួនឯងក៏ជួបជីវភាពខ្សត់ខ្សោយក្នុងនាមជាកូនកំព្រាផងដែរ។
រហូតដល់ថ្ងៃនេះគំនិតកាលពីជាង ១០ ឆ្នាំមុន បានក្លាយជាការពិតនៅពេលលោកសម្រេចចិត្ដធ្វើការងារជួយកុមារឱ្យចេះជំនាញគូររូបក្រោមស្លាកអង្គការក្នុងស្រុកមួយ។
មុនពេលចាប់ផ្ដើមបង្រៀនកុមារក្នុងភូមិប្រមាណ ៣០ នាក់នេះ លោក ឆវ័ន្ដ បានបង្រៀនកូនស្រី និងកូនប្រុសខ្លួនឯង ដែលពួកគេអាចមានសមត្ថភាពបង្កើតស្នាដៃចូលរួមប្រឡងក្នុងកម្មវិធី White Canvas ឆ្នាំទី២។
លោកបាននិយាយថា៖ «ខ្ញុំគិតថាសង្គមមួយបើសិនជាយើងចេះហើយយើងលាក់គំនិត និងចំណេះយើងថ្ងៃណាមួយយើងបាត់បង់ជីវិត។ ដូច្នេះខ្ញុំបង្រៀនច្រើននាក់ ជាជាងបង្រៀនឱ្យចេះតែកូនខ្ញុំ។ ជួនកាលក្មេងខ្លះមានដុង មានការអភិវឌ្ឃខ្លាំងជាង»៕