ពោធិ៍សាត់ៈ គម្របដបទឹកសុទ្ធក៏ដូចជា ដបសាប៊ូ ឬដបឡេធ្វើពីជ័រប្លាស្ទិកត្រូវបានកិនកែច្នៃឡើងវិញទៅជាឧបករណ៍ប្រើប្រាស់ដូចជា បន្ទាត់សិស្ស ឥដ្ឋការ៉ូជ័រ សម្រាប់ដេគ័រនៅតាមគេហដ្ឋាន និងសម្ភារផ្សេងៗទៀត។ ការកែច្នៃបែបនេះធ្វើឡើងដោយជនពិការ ១ ក្រុមនៃអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការ (DDSP) ក្នុងក្រុងខេត្តពោធិ៍សាត់។
ដបជ័រក្រឡាច់រអិលចុះរអិលឡើងនៅលើជង្គង់ដែលពឹងតែលើប្រអប់ដៃគ្មានម្រាម និងនៅសល់តែមេដៃ ១ នោះហើយគឺជាសកម្មភាពដែលកើតចេញពីភាពរស់រវើករបស់យុវជន ជៀម ផានិត ក្នុងពេលលោកកំពុងយកកន្រៃ្ដកាត់សាច់ដបជ័រជាបំណែកៗនៅឯមណ្ឌលរបស់អង្គការមួយឈ្មោះ «អង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការ»ដែលស្ថិតនៅក្នុងភូមិបន្ទាយដីលើ ក្រុង ខេត្តពោធិ៍សាត់។
លោក ជៀម ផានិត ប្រាប់ថា ឆ្នាំនេះគាត់មានអាយុ ២៨ ឆ្នាំ និងរស់នៅភូមិទួលចារ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ លោកបានធ្លាក់ខ្លួនពិការដៃឆ្វេងម្ខាង និងនៅសល់មេដៃតែ ១ ប៉ុណ្ណោះ ហើយបច្ចុប្បន្នលោកកំពុងបម្រើការងារឱ្យអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការ។
លោក ផានិត បានរំឭកពីមូលហេតុដែលនាំឱ្យលោកធ្លាក់ខ្លួនជាជនពិការថា កាលពីអំឡុងឆ្នាំ ២០១៧ លោកបានចូលបម្រើការជាជាងឈើនៅក្នុងសិប្បកម្មមួយក្នុងភូមិដែលលោករស់នៅ។ មុនពេលជួបឧបទ្ទវហេតុ លោកបានយកឈើដាក់ចូលម៉ាស៊ីនអារឈើ តែចៃដន្យក៏ប្លាតចូលទៅក្នុងម៉ាស៊ីន។ភ្លាមៗនោះក្រុមការងារបានដឹកលោកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ហើយត្រូវក្រុមគ្រូពេទ្យកាត់ម្រាមដៃរបស់លោកអស់ ៤ នៅសល់តែមេដៃ ១ ប៉ុណ្ណោះ។
លោក ផានិត បានបន្ដថា ក្រោយពីលោកធ្លាក់ខ្លួនពិការទាំងមិនទាន់មានប្រពន្ធផងនោះគឺលោកមិនអាចស្វែងរកការងារធ្វើបានទេ។ រហូតដល់ឆ្នាំ ២០២២ លោកក៏រកបានការងារធ្វើក្នុងអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការក្នុងក្រុងពោធិ៍សាត់ ដោយលោកមាននាទីជាអ្នកកែច្នៃកាកសំណល់ជ័រប្លាស្ទិកឱ្យទៅជាសម្ភារប្រើប្រាស់ឡើងវិញ រួមជាមួយនឹងជនពិការ ៥ នាក់ទៀត។
លោក ផានិត បានប្រាប់ទៀតថា ដោយសារភូមិរបស់លោកនៅជិតទីតាំងអង្គការ គឺលោកអាចបើកបរម៉ូតូទៅធ្វើការដោយខ្លួនឯងបាន ហើយលោកសប្បាយចិត្តខ្លាំងណាស់នៅពេលដែលអង្គការផ្តល់ឱកាសឱ្យលោកដែលជាជនពិការមានការងារធ្វើ និយាយជារួម គឺលោកសប្បាយចិត្ត ព្រោះលោកធ្លាប់ត្រូវបានគេមាក់ងាយមិនផ្តល់តម្លៃ តែបែរមកអង្គការវិញបានលើកទឹកចិត្ដនិងផ្តល់តម្លៃដល់លោកជាជនពិការ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំត្រេកអរដោយសារខាងអង្គការផ្តល់ឱកាសការងារដល់ជនពិការភាពដូចជារូបខ្ញុំជាដើម។ បើខ្ញុំទៅកន្លែងផ្សេងគេរើសអើងមិនទទួលខ្ញុំឱ្យធ្វើការទេ ឥឡូវនេះខ្ញុំអាចរកបានចំណូលខ្លះគ្រាន់ចិញ្ចឹមខ្លួន»។
ពាក់ព័ន្ធការងារកែច្នៃនេះ អ្នកស្រី កាក់ ស្រីមុំ ជាគ្រូអប់រំពិសេសដែលកាន់គម្រោងកែច្នៃប្លាស្ទិកនៃអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការបានឱ្យដឹងថា ជនមានពិការភាពដូចជា គថ្លង់ ជាមនុស្សមានសតិបញ្ញាខ្សោយ ស្វិតជើងទាំងសងខាង អ្នកងងឹតភ្នែកម្ខាង ពិការដៃម្ខាង ពិការជើងម្ខាង គឺជាក្រុមកែច្នៃជ័រប្លាស្ទិកមានគ្នា ៦ នាក់ ដែលកំពុងធ្វើការនៅក្នុងអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការ។ ពួកគាត់ទាំង ៦ នាក់នេះតែងផ្លាស់វេនគ្នាដើរប្រមូលដបទឹកសុទ្ធពីតាមហាង តាមទីសាធារណៈ និងតាមកន្លែងកែសម្ផស្សនៅក្នុងក្រុងពោធិ៍សាត់ជារៀងរាល់ថ្ងៃ។ ចំពោះជ័រប្លាស្ទិកដែលអាចយកមកកែច្នៃបានរួមមាន ជាគម្របដបទឹកសុទ្ធ និងដបដាក់ឡេ ឬក៏ដបសាប៊ូជាដើម។ល។
អ្នកស្រីបានឱ្យដឹងទៀតថា តាមពិតទៅជ័រប្លាស្ទិកទាំងអស់សុទ្ធតែអាចកែច្នៃឡើងវិញបានដូចជា ថង់ប្លាស្ទិកជាដើម។ ប៉ុន្ដែបច្ចុប្បន្នអង្គការមានតែកូនម៉ាស៊ីនតូចៗសម្រាប់រំលាយជ័រកែច្នៃចំនួន ២ គ្រឿង និងម៉ាស៊ីនសម្រាប់កិនកម្ទេចជ័រ ១ គ្រឿង ហើយបើពុម្ពវិញមានសមត្ថភាពទទួលបានតែប្រភេទគម្របដបទឹកសុទ្ធ និងដបឡេប៉ុណ្ណោះ។ រីឯជ័រប្លាស្ទិកប្រភេទផ្សេងទៀតត្រូវប្រមូលកិនស្តុកទុកសិន ហើយនៅពេលណាមានពុម្ពត្រូវនឹងប្រភេទជ័រទើបយកមកកែច្នៃបន្ត។
អ្នកស្រី មុំ បានបញ្ជាក់ថា៖ «នៅក្នុងអង្គការសុទ្ធតែយុវជនមានពិការភាពទាំងអស់ គឺយើងផ្តល់ឱកាសឱ្យគាត់មានការងារធ្វើអាចមានប្រាក់ចំណូលតិចតួចសម្រាប់ខ្លួនគាត់អ៊ីចឹងទៅ។ កន្លែងនេះសុទ្ធតែប្រមូលផ្តុំទៅដោយជនមានពិការភាព»។
អ្នកស្រីបានឱ្យដឹងទៀតថា ចំពោះដបទឹកសុទ្ធ និងដបកំប៉ុងឡេដែលប្រមូលបានត្រូវយកមកបាញ់ទឹកលាងឱ្យអស់ដីជាមុនសិន មុននឹងយកមកកាត់ជាចំណិតៗរួចបញ្ចូលក្នុងម៉ាស៊ីនកិនកម្ទេចឱ្យទៅជាបំណែកតូចៗ។ បន្ទាប់មកគេយកវាចូលទៅក្នុងឡសម្រាប់ដុតរំលាយចូលគ្នាទើបយកទៅចាក់ក្នុងពុម្ពឧបករណ៍ផ្សេងៗមានដូចជា រូបត្រីដូហ្វីន រូបអណ្តើក ជាបន្ទាត់សម្រាប់សិស្ស កែច្នៃជាក្តារ តុកៅអី ការ៉ូទៅតាមប្រភេទដែលខ្លះមានរាង ៦ ជ្រុង ខ្លះ ៤ ជ្រុង និងខ្លះទៀត ៣ ជ្រុងសម្រាប់យកទៅដេគ័រលើជញ្ជាំងហើយក៏មានចាក់ជាសសរទំហំប៉ុនកជើងមនុស្សចាស់ប្រវែង ២ ម៉ែត្រ សម្រាប់ធ្វើរបងលម្អសួនផងដែរ។
អ្នកស្រីបានប្រាប់ទៀតថា ដោយសារអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការបានសហការជាមួយអង្គការផ្សេងទៀតខាងអង្គការដៃគូទាំងនោះបានជួយបញ្ជាទិញបន្ទាត់យកទៅចែកជូនសិស្សបឋមសិក្សាតាមស្រុកមួយចំនួនក្នុងខេត្តបានជាង ១ ពាន់នាក់។ រីឯសសរជ័រក៏មានខាងដៃគូអង្គការបញ្ជាទិញដែរតែមិនមែនជាទ្រង់ទ្រាយធំទេ។
លោក ប៉ែន ស៊ីណា ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលបរិយាប័ន្ននៃអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា អង្គការនោះកកើតឡើងតាំងពីឆ្នាំ ២០០៣ មកដែលផ្តោតលើជនមានពិការភាព និងទទួលជំនួយពីអង្គការដៃគូផ្សេងៗ ក៏ប៉ុន្តែនៅមុននិងក្រោយមានវិបត្ដិកូវីដកើតឡើង អង្គការដែលធ្លាប់ជួយក៏បានដកខ្លួន។
ទោះជាយ៉ាងណា ស្របពេលជាមួយនឹងការដកខ្លួនចេញនេះ អង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការក៏ខិតខំរស់ដោយខ្លួនឯង និងទទួលជំនួយខ្លះពីអង្គការដៃគូ តែស្ថាប័នរាជរដ្ឋាភិបាលបានជួយខ្លះដែរដូចជា ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានជួយផ្តល់ជារទេះ ឧបត្ថម្ភថវិកាដល់ជនក្រីក្រមានពិការភាពជាដើម។
លោកបានបន្តថា បច្ចុប្បន្នទាំងបុគ្គលិក ទាំងដៃគូក្រុមតូចៗជាជនមានពិការភាពដែលសហការជាមួយអង្គការសរុបចំនួន ២០ នាក់ នៅក្នុងខេត្តពោធិ៍សាត់។ ការចាប់ផ្តើមកែច្នៃប្លាស្ទិកនេះធ្វើឡើងតាំងពីអំឡុងខែកញ្ញា ឆ្នាំ ២០១៩ រហូតមក តែការដើរប្រមូលនេះមានម្ចាស់ហាងខ្លះក៏ទុកឱ្យ និងមានម្ចាស់ហាងខ្លះគេទុកលក់ខ្លួនឯង។
លោកបានបញ្ជាក់ថា៖ «ការកែច្នៃកាកសំណល់ជ័រប្លាស្ទិកជួយបានច្រើនណាស់។ ទី១ កុំឱ្យចោលសំរាមជ័រពាសវាលពាសកាល ទី២ ជួយកាត់បន្ថយការប្រើប្លាស្ទិកដែលប៉ះពាល់ដល់បរិស្ថាន និងទី៣ ការកែច្នៃឡើងវិញនេះ ជាប្រយោជន៍ពីការកាត់បន្ថយប្លាស្ទិកផង និងអាចរកចំណូលជូនបងប្អូនជាជនពិការផង»។
លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្ត ពោធិ៍សាត់បានសាទរដោយលោកប្រាប់ថា សកម្មភាពរបស់គាត់ធ្វើនៅពេលនេះជាការល្អសម្រាប់ជាដៃគូរបស់ក្រសួងបរិស្ថានក៏ដូចជាមន្ទីរបរិស្ថាន ព្រោះមន្ទីរបរិស្ថានមានភារកិច្ចជួយសម្អាតអនាម័យក្រុងពោធិ៍សាត់ឬកន្លែងទីប្រជុំជនហើយលោកគាំទ្រសកម្មភាពនេះ។
លោកថ្លែងថា៖ «ខ្ញុំសូមគាំទ្រលើកទឹកចិត្តឱ្យធ្វើការងារនេះបន្តទៀតចុះ ព្រោះសំណល់ប្លាស្ទិកនេះវាបានប៉ះពាល់ដល់បរិស្ថានច្រើនណាស់។ បើយើងទុកចោលវាធ្វើឱ្យដីប៉ះពាល់ បើដុតវាផ្សែងចេញមកខូចសុខភាព និយាយទៅ វាបំពុលខ្យល់ បំផ្លាញខ្សល់អុកស៊ីហ្ស៊ែន»៕