កណ្ដាល/កំពង់ឆ្នាំង: កូនឈើ​ប្រណី​ត​ជាង ១០០០ ​​ដើម ​ត្រូវបា​នព្រះ​សង្ឃ ប្រជា​ពលរដ្ឋ និង​ពុទ្ធ​បរិស័​ទ រៀប​ចំ​ដាំ​នៅ​តាម​បរិវេណ​រមណីយ​ដ្ឋាន ​រាជិ​នី​លង្វែក​ ក្នុង​ខេត្ត​កណ្ដាល​ ខណៈ​ដែល​សមាគ​ម​សម្ព័ន្ធ​សារ​ព័ត៌​មាន​ឯករាជ្យ​ក៏បាន​ចុះ​ដាំ​ដើម​ឈើ​ចំនួន ​៨០០​ ដើម ​ផង​ដែរ ​នៅ​តាម​បរិវេណ​វត្ត​អារា​ម និង​នៅ​តាម​សា​លា​រៀន​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​។​

​លោក ​ទូច វណ្ណៈ ​ប្រធាន​សមាគម​សម្ព័ន្ធ​សារ​ព័ត៌​មាន​ឯករាជ្យ​ បាន​ឱ្យដឹង​នៅ​ថ្ងៃទី​១០ ខែ​កញ្ញា​ថា ដោយមា​ន​ការ​ណែនាំ​ពី​ឧ​បនាយ​ករដ្ឋមន្ត្រី​ ស សុខា ​រ​ដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ​លោក​បាន​រៀបចំ​ការដាំ​កូន​ឈើ​ចំនួន​ ៨០០​ ដើម ក្នុង​បរិវេណ​វត្ត​ជី​សុវណ្ណ ក្នុង​​សាលាប​ឋមសិក្សា​​ក្រោល​ជី និង​ក្នុង​បរិវេ​ណ​អនុវិទ្យា​ល័យ​ក្រោល​ជី​ក្នុ​ងស្រុក​បរិបូណ៌ ខេត្ត​កំពង់​ឆ្នាំង​។​

​លោក​បាន​បន្ត​ថា ៖ «​ក្រៅពី​ការ​ដាំ​កូនឈើ​​ទាំងនេះ​ហើយ ខ្ញុំ និង​ក្រុមកា​រ​ងារ ក៏បាន​​នាំយក​សៀវ​ភៅសរ​សេរ ចំនួន​ ១​០០០ ​ក្បាល ដែល​ជា​អំណោយ​របស់​លោក​ ស សុខា ​ប្រគល់​ជូន​ដល់​គណៈ​គ្រប់គ្រ​ង​សាលាប​ឋម​សិក្សា​ក្រោល​ជី​និង​អ​នុវិទ្យា​ល័យ​ក្រោល​ជីសម្រាប់​បន្ត​ចែ​កជូន​ដល់​សិស្សានុ​សិស្សដែល​មាន​ជីវភាព​ខ្វះខាត​ផង​ដែរ​»​។​

​ដោយ​ឡែក​ យោង​តាម​ការ​ជូនដំ​ណឹង​របស់​រម​ណីយដ្ឋាន​ រាជិនី​លង្វែក នៅ​ថ្ងៃទី​៩​ ខែកញ្ញា ក៏មាន​រៀបចំ​ដាំ​ដើម​ឈើ​ជាង ​១​ ពាន់ ​ដើម​ ផង​ដែរ ​ដែល​ក្នុ​ងនោះ​មាន​ ដើម​សុភមង្គ​ល​ចំនួន ​៥០០​ ដើម​, ដើម​ចាន់ក្រអូប​ចំនួន​១០០​ ដើម​ និង​ដើម​ចន្ទ​គិរី ​ចំនួន​ ៥០០ ​ដើម​។​

​ការ​ដាំ​ដើម​ឈើ​​ជាង​ ១​ ពាន់​ ដើម​ នេះ​ មាន​ការ​ដឹក​នាំ និង​ចូល​រួម​ពី​លោក​ស្រី ​សៀង ​ចាន់​ហេង ​អគ្គនា​យិកា ក្រុម​ហ៊ុន​ ហេ​ង អភិវ​ឌ្ឍន៍ និង​ជា​មាតា​ស្ថាប​និក​មហា​រមណីយ​ដ្ឋាន​រាជិ​នី​លង្វែ​ក​នេះ​ផងដែ​រ​។​

​សេចក្តី​ជូន​ដំណឹង បាន​បន្ត​ថា ដើម​ឈើ​ទាំងនេះ បានដា​ក់​ដាំ​នៅតាម​មាត់​បឹង​ចាន់ ក្នុង​រមណីយ​ដ្ឋាន​នេះ ​ដែល​ស្ថិត​នៅ​ភូមិ​ពាម​ជំ​នីក ឃុំ​កំពង់​លួង ស្រុ​ក​ពញា​ឮ​ ខេត្ត​កណ្តាល​ដែល​ពិធី​ដាំ​ដើម​ឈើ​នេះ​រៀបចំ​ដើម្បី​អប​អរសាទ​រ​នៃ​ថ្ងៃ​ទិវា​ពិភព​លោក​គ្មាន​ផ្សែង​ផង​ដែរ​។​

​ប្រភព​ដដែល​​បាន​បញ្ជាក់​ថា៖«​ការរួ​ម​គ្នា​ដាំ​ដើមឈើ​នេះ គឺ​ដើម្បី​ជួយ​លើកស្ទួ​យ​បរិស្ថាន​បៃតង ទេ​ស​ចរណ៍ ​និង​កំណើន​ការ​ងារ​ក្នុង​ស្រុក​ ដោយ​រមណីយ​ដ្ឋាន​ រាជិនី​លង្វែកបាន​ខិតខំ​បន្ត​ដំណើ​រការ​គ្រប់​កាលៈ​ទេសៈ ​មិន​ថា ​ថ្ងៃ​ល្អ ​មេឃ​ភ្លៀង ​ទឹក​ជំនន់ និង​វិបត្តិ​សេដ្ឋ​កិច្ច​នាពេ​ល​បច្ចុប្បន្ន​ឡើយ​»៕