ភ្នំពេញៈ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នឹងរៀបចំការប្រគំតន្ត្រីអូខេស្ត្រា (Orchestra) រយៈពេល ៣ថ្ងៃ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្តភាពកម្ពុជា-ជប៉ុន។
បើយោងតាមលិខិតអញ្ជើញជូនដល់អ្នកសារព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាកាលថ្ងៃទី១១ ខែកញ្ញា បានឱ្យដឹងថា ការប្រគំតន្ត្រីអូខេស្រ្តានេះ រៀបចំឡើងតាមរយៈកិច្ចសហការ រវាងស្ថានទូតជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងការិយាល័យទំនាក់ទំនងភ្នំពេញ នៃមូលនិធិជប៉ុន។
ការប្រគំតន្ត្រីនេះធ្វើឡើងដោយក្រុម Worldship Orchestra (WSO) ជាផ្នែកមួយរបស់អង្គការ NPO Worldship ជាអង្គការមិនរកប្រាក់ចំណេញ បង្កើតឡើងនៅទីក្រុងតូក្យូ កាលពីឆ្នាំ២០១៤ ក្នុងគោលដៅផ្តល់ឱ្យកុមារជុំវិញពិភពលោកជាមួយបទពិសោធន៍វង់តន្ត្រីដំបូង ខណៈបច្ចុប្បន្នក្រុមនេះបានធ្វើកម្មវិធីសម្តែងក្រៅប្រទេសដើម្បីឱ្យកុមារនៅអាស៊ីដែលបានទទួលការអប់រំផ្នែកសិល្បៈ តន្ត្រី និងទស្សនាការសម្តែងឧបករណ៍តន្រ្តីផ្ទាល់ ដើម្បីចាប់អារម្មណ៍លើសកម្មភាពទាំងនេះ។
លិខិតរបស់ស្ថានទូតជប៉ុនលើកឡើងទៀតថា៖ «យើងខ្ញុំសង្ឃឹមថា អ្នកចូលរួមនឹងរីករាយជាមួយតន្ត្រីអូខេស្ត្រា ហើយតាមរយៈតន្ត្រីនេះ នឹងមានអារម្មណ៍កាន់តែស្និទ្ធស្នាលជាមួយប្រទេសជប៉ុន។ យើងសង្ឃឹមមុតមាំថា ការប្រគំតន្ត្រីនេះនឹងផ្តល់ឱ្យអ្នកចូលរួមបានយល់ដឹងកាន់តែស៊ីជម្រៅពីទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង២»។
ជាមួយគ្នានេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា នៅក្នុងទំនាក់ទំនងប្រទេស២ ក្រៅពីទំនាក់ទំនងសេដ្ឋកិច្ច នយោបាយ ទំនាក់ទំងសង្គម-វប្បធម៌ និងទំនាក់ទំនងប្រជាជននិងប្រជាជន ក៏សំខាន់ផងដែរ ដែលលោកជឿជាក់ថា ការសម្តែងសិល្បៈនៃការប្រគំតន្ត្រីនេះជាផ្នែកមួយនៃការបង្កើនការយល់ដឹងពីវប្បធម៌ជប៉ុនដល់ស្រទាប់យុវជនកម្ពុជា និងអាចពង្រឹងទំនាក់ទំនងប្រទេសទាំង២ បន្ថែម។
លោកថ្លែងថា ទំនាក់ទំនងប្រទេសទាំង២ បានឈានដល់កម្រិតទំនាក់ទំនងទ្វេភាគីក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៅខួបលើកទី៧០ នៃទំនាក់ទំនងនេះ ខណៈដែលជប៉ុន ជាមិត្តសំខាន់របស់កម្ពុជាលើផ្នែកជំនួយអភិវឌ្ឍន៍ ជំនួយមនុស្សធម៌ ហើយជប៉ុនទៀតសោត ក៏ជាអន្តរការីក្នុងចន្លោះទំនាក់ទំនងកម្ពុជានិងបស្ចិមលោកផងដែរ ហើយជប៉ុនក៏ត្រូវការកម្ពុជាដើម្បីបង្កើនឥទ្ធិពលខ្លួននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានអាស៊ានជាស្នូល។
លោក គិន ភា បញ្ជាក់ថា៖ «ភាពចាំបាច់ខាងផ្នែកនយោបាយ សង្គម សេដ្ឋកិច្ច វប្បធម៌ និងផលប្រយោជន៍ចំពោះភូមិសាស្ត្រនយោបាយនឹងរុញឱ្យកម្ពុជា និងជប៉ុនពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ខ្លួនតទៅមុខបន្ថែមទៀត»៕