​ភ្នំពេញៈ ដោយមាន​បំណង​ធ្វើជា​គំរូ​ដល់​អ្នកផង​ឱ្យ​ចេះ​ទុកដាក់​សំរាម​សំណល់​ប្លា​ស្ទិ​ក​ឱ្យបាន​ត្រឹមត្រូវ និស្សិត​ ១ ​រូប និង​មិត្ត​រួម​ក្រុម​បាន​ចំណាយពេល​ជាង​ ១​ ឆ្នាំ​ដើរ​ប្រមូល​សំណល់​ប្លា​ស្ទិ​ក​ពី​ក្នុង​ប្រឡាយ​ទឹកស្អុយ​នៅក្នុង​រាជធានី​ភ្នំ​ពេញ​។ តាមរយៈ​ការងារ​ជួយ​បរិស្ថាន តំណាង​ក្រុម​នេះ​ត្រូវបាន​ជ្រើសរើស​ជា​យុវជន​ឆ្នើម​ដោយ​ទទួល​ពានរង្វាន់​ក្នុងចំណោម​ ១០​ ប្រទេស​នៃ​សមាគម​អាស៊ាន​ផងដែរ​។​

​កាកសំណល់​ប្លា​ស្ទិ​ក​កំពុង​អណ្តែត​រសាត់​តាម​ទឹក​ពណ៌​ខ្មៅ​កំពុង​ហូរ តែមាន​សំណល់​ខ្លះ​បាន​អណ្តែត​ទៅ​ទើរ​នឹង​រាងកាយ​របស់​យុវជន ហែម សុ​ភេ​ម ឬ​ត្រូវ​និស្សិត​ក្នុង​ក្រុម​ប្រសិទ្ធ​នាម​ឱ្យ​ថា​[​និស្សិត​ប្លា​ស្ទិ​ក​]​ក្នុងពេល​លោក​កំពុង​ឈរ​នៅ​កណ្តាល​ប្រព័ន្ធ​បង្ហូរ​ទឹកស្អុយ ។​

​យុវជន ហែម សុ​ភេ​ម អាយុ​ ២២ ​ឆ្នាំ ជា​និស្សិត​កំពុង​សិក្សា​នៅ​វិទ្យាស្ថាន​ភាសាបរទេស ​[IFL] ​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ និង​ជា​អ្នក​ផ្ដួចផ្តើម​គំនិត​ដើរ​ប្រមូល​កាកសំណល់​ប្លា​ស្ទិ​ក​ដំបូង​គេ ហើយ​តាមរយៈ​សកម្មភាព​នេះ រូបគេ​ក៏​តែ​ទើប​ទទួលបាន​ពានរង្វាន់​ជើងឯក​យុវជន​អេកូ​អាស៊ាន​លើក​ទី​២ នាពេល​ថ្មីៗ​ផងដែរ​។​

​ហែម សុ​ភេ​ម បានឱ្យ​ ភ្នំពេញ ​ប៉ុស្តិ៍ ​ដឹងថា ពានរង្វាន់​ដែល​លោក​ទទួលបាន​នោះ​មិនមែនជា​កម្មវិធី​ប្រកួតប្រជែង​ទេ តែ​ជា​ពានរង្វាន់​សម្រាប់​ផ្តល់ឱ្យ​យុវជន​ក្នុងប្រទេស​នីមួយៗ​នៅក្នុង​សមា​គម​អាស៊ាន​ទាំង​ ១០ ប្រទេស​។ ពានរង្វាន់​នេះ​ផ្តោតលើ​យុវជន​ដែល​ធ្វើការ​សកម្ម​ក្នុង​កិច្ចការពារបរិស្ថាន ចន្លោះ​ពី ​១​ ឆ្នាំ​ដល់​ត្រឹម ២ ​ឆ្នាំ ហើយ​កម្មវិធី​នេះ​ទៀត​សោត គេ​កំណត់​ធ្វើ​ ៤​ ឆ្នាំ​ម្តង​។ ក្នុងនោះ​អ្នក​ដែល​អាច​ចូលរួមបាន​គិតពី​អាយុ​ ១៨ ​ឆ្នាំ ដល់​ ២៥ ​ឆ្នាំ​។ ដូច្នេះ​បើ​យុវជន​ណា​លេចធ្លោ​ជាងគេ​ខាង​ការងារ​បរិស្ថាន​គឺ​ប្រទេស​នោះ​នឹង​បញ្ជូន​យុវជន​របស់​ប្រទេស​គេ​ឱ្យទៅ​ទទួលពាន​ដូច​រូបលោក​ដែរ​។​

​យុវជន​រូបនេះ បាន​បន្តថា​៖«​ពាន​ហ្នឹង​គ្មាន​កម្រិត​ចំណាត់ថ្នាក់​ទេ ហើយ​ពាន​នោះ​ក៏​គ្មាន​ថវិកា​ដែរ មានតែ​បណ្ណ​សរសើរ​។​ខ្ញុំ និង​ក្រុមការងារ​នឹង​ខិតខំ​បន្តទៀត​ក្នុងការ​ធ្វើឱ្យ​បរិស្ថាន​ល្អ​»​។​

​បើតាម​យុវជន ហែម សុ​ភេ​ម សម្រាប់​រូបលោក​ត្រូវបាន​ជ្រើសរើស​ដោយ​ក្រសួងបរិស្ថាន​ក៏ដូចជា រាជរដ្ឋាភិបាល​ដែល​បាន​ចាត់​ឱ្យ​លោក​ចូលរួម​ក្នុង​កម្មវិធី​នោះ​។ ពានរង្វាន់​នោះ​ជា​ពានរង្វាន់​កម្រិត​ប្រទេស​អាស៊ាន ធ្វើឡើង​នៅ​ប្រទេស​ឡាវ កាលពី​ថ្ងៃទី ​២៣ ខែកក្កដា​ឆ្នាំ​ ២០២៣​។ ការទទួលពាន​នេះ​វា​បាន​ជំរុញ​ឬ​ផ្តល់​កម្លាំងចិត្ត​បន្ថែមទៀត​ដល់​រូបលោក និង​ក្រុមការងារ​លោក ឱ្យ​បន្តការងារ​ការពារ និង​លើកកម្ពស់​បរិស្ថាន​ក៏ដូចជា​ចូលរួម​លើក​សោ​ភណ​​ភាព​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​ប្រាប់ថា​៖ «​ខ្ញុំ​គិតថា រាជរដ្ឋាភិបាល​ក៏ដូចជា ថ្នាក់ដឹកនាំ​គឺ​ពិតជា​បាន​ខ្វាយខ្វល់​អំពី​យុវជន​ក្រុម​យើង ព្រោះ​ពួកយើង​បាន​លះបង់​ពេលវេលា​និង​ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​សង្គមជាតិ​។​រដ្ឋាភិបាល​យើង​ពិតជា​មើលឃើញ​ហើយ​ជួយ​ជ្រោមជ្រែង​ដូចជា​រូបខ្ញុំ​អ៊ីចឹង​»​។​

​យុវជន សុ​ភេ​ម បាន​ប្រាប់ថា ការផ្តួចផ្តើម​គំនិត​ប្រមូល​កាកសំណល់​ប្លា​ស្ទិ​ក​នេះ​គឺ​លោក​មាន​គោលបំណង​សំខាន់​ចំនួន​ ៣ ដែល​ទី​ ១ ​ចង់បាន​សោ​ភណ​ភាព​បរិស្ថាន​ស្អាត​នៅ​ជុំវិញខ្លួន​ឬ​នៅ​ទីសាធារណៈ​នានា​។ ទី​២​ ចង់​ផ្តល់​ជា​គំរូ​ដល់​យុវជន​ដទៃទៀត​ដើម្បីឱ្យ​គាត់​ចាប់ផ្តើម​ចេះ​ខ្វាយខ្វល់​ពី​បរិស្ថាន ហើយ​លោក​ក៏មាន​ផលិត​ជា​វីដេអូ​ខ្លីៗ​ដើម្បី​ទាក់ទាញ​ដែលមាន​អ្នក​ចូល​មើល​រាប់លាន​នាក់​មកហើយ​ដែរ​។ ទី​៣ ​គឺ​លោក​ចង់​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​បោះ​ចោល​សំរាម​ពាសវាល​ពាសកាល​គ្មាន​ការ​ទុកដាក់​បាន​ត្រឹមត្រូវ​។​

​ចំពោះ​ការ​ឈានទៅ​ទទួលបាន​ពាន​រង្វាន់​នេះ​គឺ​ខាង​ក្រសួងបរិស្ថាន​ជា​អ្នក​ជ្រើស​រើសយក​យុវ​ជនណាម្នាក់​ដែល​ក្រសួង​សង្កេតឃើញ និង​វាយតម្លៃថា​នឹង​អាច​ទទួលបាន​ពាន​ទើប​សម្រេច​បញ្ជូន​ឱ្យទៅ​ចូលរួម​ជាមួយ​គេ​។​

​យុវ​និស្សិត សុ​ភេ​ម បាន​រំឭកថា លោក​បានចាប់ផ្តើម​ប្រមូល​សំណល់​ប្លា​ស្ទិ​ក​មុនដំបូង​នៅក្នុង​សាកលវិទ្យាល័យ​របស់លោក​ផ្ទាល់​តែម្តង​។ ក្រៅពីនោះ​លោក​ក៏បាន​កៀរគរ​និស្សិត​ដទៃទៀត​មកពី​សាកលវិទ្យាល័យ​នានា​ឱ្យ​ចូលរួមបាន​រាប់រយ​នាក់ ក្នុងនោះ​ក៏មាន​និស្សិត​ជប៉ុន កូរ៉េ និង​និស្សិត​អាមេរិក​ផងដែរ​។

បន្ទាប់មក​លោក​បាន​ឆ្លៀតពេល​ទំនេរ​ពី​ការសិក្សា​តែង​នាំគ្នា​ដឹកនាំ​ក្រុម​ចាប់ផ្តើម​ដើរ​ប្រមូល​កាកសំណល់​ប្លា​ស្ទិ​ក​នៅតាម​ប្រឡាយទឹក​ស្អុយ​នានា​នៅ​

​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​ ២០២២ ដោយ​មិន​គិតថា​យប់ ឬ​ថ្ងៃ​ឡើយ ហើយ​មានពេលខ្លះ​លោក​បាន​ចុះទៅ​ក្នុង​ប្រឡាយទឹក​ស្អុយ​ម្នាក់ឯង​ក៏មាន​។​

​យុវជន សុ​ភេ​ម បាន​បន្ដថា ទន្ទឹមនឹង​ចុះ​ប្រមូល​កាកសំណល់​ប្លា​ស្ទិ​ក​តាម​ប្រឡាយ​ទឹកស្អុយ​ក្នុង​រាជធានី​ភ្នំពេញ លោក​ក៏បាន​បង្កើត​មាតិកា​ព័ត៌មាន​ជា​សារ​អប់រំ​ខ្លីៗ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​បន្ថែមទៀត​ផងដែរ​។ ការបង្កើត​សារ​អប់រំ​នេះ​ក៏​ដើម្បី​ជា​គំរូ​ចង់​ប្រែក្លាយ​ទម្លាប់​របស់​អ្នករស់នៅ​ក្នុងសង្គម​ពី​ការមិន​ស្រឡាញ់​បរិស្ថាន ទៅជា​ការ​​ស្រឡាញ់​បរិស្ថាន​វិញ​។ ប៉ុន្តែ​អ្វីដែល​លោក​ទទួលបាន​ការគាំទ្រ និង​ទទួល​បាន​ពាន​នេះ​ក៏​សុទ្ធតែ​មានការ​ចូលរួម​ពី​និស្សិត​ផ្សេងទៀត​ផងដែរ​។​

​បើតាម សុ​ភេ​ម កម្មវិធី​ទទួលពាន​នេះ​ធ្វើឡើង​នៅ​ទីក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ​ក្រោម​ប្រធានបទ ​(​ពានរង្វាន់​ជើង​ឯក​យុវជន​អេកូ​អាស៊ាន​លើក​ទី​ ២)​។​ទោះបី​ទទួលបាន​ពាន​នេះ​ក៏ដោយ ក៏​ក្រុម​លោក​នៅតែ​បន្តសកម្មភាព​ដូច​ធ្លាប់​បានធ្វើ​នៅតាម​ប្រឡាយទឹក​ស្អុយ​ដដែល ហើយក៏​នៅតែ​បង្កើត​មាតិកា​អប់រំ​តាម​បណ្តាញ​សង្គម​ដើម្បី​រំឭក​ដល់​សាធារណជន​ពី​ផលប៉ះពាល់​ដល់​បរិស្ថាន​ដូច​មុនៗ​ផងដែរ​។​

គ្រូ​ពេទ្យ និង សេន ប៊ុនថេន បានជួយសម្រួល លួត សុផល ​ដែល​ដេកសន្លប់​។សហ​ការី

​ទាក់ទង​នឹង​បញ្ហា​នេះ លោក គាត រង្សី ប្រធាន​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​យល់ថា អ្វីដែល​និស្សិត​ហែម សុ​ភេ​ម និង​ក្រុមការងារ​របស់គាត់​រួមចំណែក​ប្រមូល​សំណល់​ប្លា​ស្ទិ​ក​នេះ​គឺជា​ការ​បំផុសគំនិត​ដែល​ក្រសួង​ក៏​ដូច​មន្ទីរ​បរិស្ថាន​និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សាទរ​និង​លើកទឹកចិត្ត​ដល់​ក្រុម​គាត់​។ ក្នុងនោះដែរ​មន្ទីរ​បរិ​ស្ថាន​រាជធានី​ភ្នំពេញ​តែងតែ​លើកឡើង​ក្នុង​សារ​ជារឿយៗ​ដើម្បី​លើកទឹកចិត្ត​ដល់​បងប្អូន​ឱ្យ​រួមគ្នា​សម្អាត​អនាម័យ​បរិស្ថាន​ទាំងអស់គ្នា​។​

​លោក​បាន​បញ្ជាក់ថា​៖ «​យើង​បាន​ស្នើឱ្យ​និស្សិត​សុ​ភេ​ម​មក​ចូលរួម​ជា​មួយ​យើង​ក្នុង​ការដើរ​អប់រំ​ផ្សព្វផ្សាយ​បន្ថែមទៀត​។ អ្វីដែល​គាត់​ធ្វើ​នេះ​គឺជា​ការ​ក្រើនរំឭក​ឱ្យ​បងប្អូន​យើង​ឃើញថា​ការងារ​នេះ​វា​លំបាក អ៊ីចឹង​វា​ហត់នឿយ អ៊ីចឹង​ហើយ​យើង​ក៏​កំពុង​ជំរុញ​យុទ្ធនាការ​សម្អាត​បរិស្ថាន​របស់​យើង​ដែរ​»​។​

​លោក​បន្តថា ពាក់ព័ន្ធ​នឹង​ការងារ​បរិស្ថាន​នេះ លោក​ក៏បាន​ជម្រាប​ដល់​និស្សិត​ហែម សុ​ភេ​ម ផងដែរ​ថា អ្វីដែល​គាត់​កំពុង​ធ្វើជា​រឿង​ល្អ​មួយ ហើយ​លោក​គាំទ្រ និង​ចង់ឱ្យមាន​ការចូលរួម​បែបនេះ​បន្តទៀត ប៉ុន្តែ​ការប្រមូល​កាកសំណល់​ប្លា​ស្ទិ​ក​អណ្តែត​ទឹក​នៅតាម​ប្រឡាយទឹក​ស្អុយ​របស់​ក្រុម​គាត់​ក៏​នៅតែ​មិន​អស់​ដែរ​។ ដូច្នេះហើយ​លោក​ត្រូវ​ប្រើ​គ្រឿងចក្រ​បន្ថែម​ក្នុងការ​​ប្រមូល​យកទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សំរាម​ក្នុង​ខណ្ឌដង្កោ​ទាំងអស់​។​

​លោក​ប្រាប់ថា​៖ «​អ្វីដែល​គាត់​ចូល​​រួម​គឺជា​បុគ្គល​បរិស្ថាន​ល្អ​ដើម្បី​បំផុស​បន្ថែម​ឱ្យ​ប្រជាពលរដ្ឋ​យើង​កុំ​បោះ​សំរាម​កាកសំណល​ចោល​ផ្តេសផ្តាស​។​បើកាលណា​យើង​អត់​បោះចោល​វា​ក៏​អត់​មាន​សំរាម​ហូរ​ទៅដល់​ក្នុង​ទឹក​ដែរ​។​អ៊ីចឹង​យើង​ទុកដាក់​វា​ក្នុង​ធុងសំរាម​ឱ្យបាន​ត្រឹមត្រូវ​ទើប​ជាការ​ល្អប្រសើរ​»​។​

​លោក​បាន​ថ្លែងថា ថង់​ប្លា​ស្ទិ​កវា​ចំណាយពេល​ដល់​រាប់សិប​ឆ្នាំ​ទើប​រលួយ​ហើយ​ប្លា​ស្ទិ​ក​មួយចំនួនទៀត​រហូត​ដល់​រាប់រយឆ្នាំ​ក៏​នៅ​មិន​រលាយ​ដែរ​។​ដូច្នេះ​វា​បាន​បង្ក​ផលវិបាក​ច្រើន​ទើបបានជា​ក្រសួង​ក៏ដូចជា មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ​រៀបចំ​យុទ្ធនាការ​ជាការ​ចាំបាច់​មួយ​ដើម្បី​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​ក​។

​លោក​បាន​ឱ្យដឹងទៀតថា បច្ចុប្បន្ន​លោក​បាន​ដើរ​បំពាក់​ម៉ាស៊ីន​ចម្រោះ​ទឹកស្អាត​នៅតាម​សាលារៀន​ក្នុង​រាជ​ធានី​ភ្នំពេញ​ដែលមាន​សិស្សានុសិស្ស​រាប់ម៉ឺន​នាក់​បាននិងកំពុង​ប្រើប្រាស់​។​នេះ​គឺជា​ការកាត់បន្ថយ​សំណល់​ប្លា​ស្ទិ​ក​ដ៏​សំខាន់​នេះ​។ ចំពោះ​សំណល់​ប្លា​ស្ទិ​ក​ដែល​ប្រមូលបាន​គឺ​យកទៅ​ចាក់ចោល​នៅ​ទីលាន​សំរាម​ក្នុង​ខណ្ឌដង្កោ​៕