ភ្នំពេញ​: នៅក្នុង​បន្ទប់​ស្ងប់​​ស្ងាត់​យុវតី​ម្នាក់​កំពុង​ប្រើប្រាស់​ប្លាត​ហ្វ​ម​ឌីជីថល​ជា​សិល្បករ​គំនូរ​ម្នាក់​នៅក្នុង​ពិភព​នៃ​ការច្នៃ​ប្រឌិត​ទំនើប​។ ម្រាមដៃ​កាន់​ប៊ិក​គូស​ពត់ពេន​នៅលើ​ផ្ទៃ​រលោង​របស់​ថេ​ប្ល៊ិ​ត​បន្ថែម​ពណ៌ និង​បញ្ចូល​ភាពរស់រវើក​នៅលើ​ផ្ទាំង​ក្រណាត់​ឌីជីថល​របស់ខ្លួន​។​

​ស្ថិត​នៅមុខ​ពន្លឺ​ដ៏​ស្រទន់​នៃ​អេក្រង់​ថេ​ប្ល៊ិ​ត យុវតី​រូបនេះ​បាន​បន្ថែម​ភាពស្រស់​បំព្រង​ទៅឱ្យ​គំនូរ​ដោយ​គួបផ្សំ​ទាំង​រូបភាព​និង​ព្រលឹង​នៃ​ក្ដី​ស្រឡាញ់​។

​កញ្ញា ​ផល សុ​មេសា ឬ​ឈ្មោះ​សិល្បៈ ​សុវណ្ណ មាលតី អាយុ​ ១៧ ​ឆ្នាំ​ សិល្បករ​វ័យក្មេង​រូបនេះ​មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង​បានកំណត់​គោលដៅ​អនាគត​ភ្លឺស្វាង​លើ​វិថី​សិល្បៈ​គំនូរ​ដែល​តំណាងឱ្យ​ប្រទេស​កម្ពុជា​ប្រកប​ដោយ​មោទនភាព​។ បច្ចុប្បន្ន​ជា​សិស្ស​ថ្នាក់​ទី​ ១១ នៃ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី ក្នុង​រាជធានី​ភ្នំ​ពេញ មាលតី​ បាន​រំឭកថា​៖ «​ខ្ញុំ​មាន​ចំណង់​ចំណូលចិត្ត​គូរគំនូរ​តាំងពី​តូច​។ អ្វីដែល​ខ្ញុំ​សម្លឹង​ឃើញ និង​ចាប់អារម្មណ៍​ចូលចិត្ត​គឺ​គំនូរ​របស់​ប៉ា​ដែល​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ឱ្យចូល​ចិត្ត​គូរគំនូរ​ដោយ​មិនដឹង​ខ្លួន​»​។ ឥទ្ធិពល​របស់​ឪពុក​លោក​ផាត សុផល បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការបង្កើត​ចំណូលចិត្ត​ឱ្យ​កូនស្រី​ក្នុង​វិស័យ​សិល្បៈ ក៏ដូចជា​ជំរុញ​ស្មារតី​ច្នៃប្រឌិត​ដ៏​ទាក់ទាញ​។​

​គំនូរជីវចល​របស់​លោក​សុផល បង្ហាញ​អំពី​សត្វ​ទន្សាយ​ជាស​ត្វ​តំណាងឱ្យ​អ្នកប្រាជ្ញ​ក្នុង​រឿង​​និទាន​ខ្មែរ​បុរាណ និង​ជា​និមិត្តរូប​នៃ​ប្រាជ្ញា​។ ទន្សាយ​ណែនាំ​អ្នក​មើល​វ័យក្មេង​ដល់​ព្យញ្ជនៈ​ទាំង ៣៣ ​ជា​ភាសា​ខ្មែរ និង​តួអក្សរ​​ខ្មែរ​ទៅតាម​វគ្គ​នីមួយៗ​ដែល​វីដេអូ​អប់រំ​ទាំងនេះ​ត្រូវបាន​បង្ហោះ​លើ YouTube​។​

​ការចាប់ផ្តើម​ដំបូង​មាលតី តែង​ព្យាយាម​គូរ​លើ​ក្រដាស​រហូតដល់​អាយុ​ប្រហែល​ ៩ ឬ ១០ ​ឆ្នាំ និង​បន្ដ​សាកល្បង​គូរ​នៅក្នុង​កុំព្យូទ័រ​ក្នុង​កម្ម​វី​ធី​ Adobe Photoshop មុនពេល​គូរ​លើ​កម្មវិធី​ផ្សេងៗ​ទៀត​ដូចជា illustrato, zbrush​និង​ibisPaint​។

​អ្វីដែល​វិសេស​សម្រាប់​យុវតី​រូបនេះ​គឺ​ស្វ័យ​សិក្សា​ដែល​មាលតី អាច​កាត់ត​វីដេអូ​លើ​កម្មវិធី Adobe Premier ដោយ​ពុំបាន​ទៅ​រៀន​នៅ​សាលា​ឡើយ​។

​ក្រៅពី​ស្រាវជ្រាវ​ខ្លួនឯង​កញ្ញា​ មាលតី បាន​រៀន​ពី​ឪពុក ជា​អតីត​ក្មេង​នៅ​ជំរំ​ជនភៀសខ្លួន និង​បាន​សិក្សា​ផ្នែក​គំនូរ​នៅ​ទីនោះ​ជាមួយ​គ្រូ​បរទេស លើ​កម្មវិធី 3DS MAX សម្រាប់ធ្វើ​គំនូរជីវចល​។​

​ការផ្លាស់ប្តូរ​ពី​ការ​គូរ​លើ​ក្រដាស​ទៅ​ឌីជីថល​នេះ​លើស​ការ​រំលេច​ពី​គំនូរ​ធម្មតា តែ​វា​ការច្នៃប្រឌិត និង​បង្កើត​ភាពរស់រវើក​បន្ថែមទៀត​។ កញ្ញា​មាលតី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​អាច​ផាត់​-​ពណ៌​បង្កើត​ទម្រង់​រូបភាព​ស្មុគ​ស្មាញ និង​បង្កើន​លទ្ធភាព​ឌី​ហ្សា​ញ​ទៅតាម​ក្ដី​ស្រមៃ​ដែល​ចង់បាន​»​។

​រាល់​ការ​រចនា​គំនូរ​លើ​ឌី​ជី​ថ​ល​នីមួយៗ ជំនាញ​របស់​យុវតី​មាលតី បាន​វិ​វ​ឌ្ឍ និង​មាន​ភាព​ចាស់ទុំ​។ អ្វីដែល​បានចាប់ផ្តើម​លើ​ក្រដាស​បាន​អភិវឌ្ឍ​ទៅជា​ផ្ទាំង​សិល្បៈ​ឌីជីថល​។​

​ទោះជា​យ៉ាងណាក្តី​ចំណាប់​​អារម្មណ៍​សិល្បៈ​របស់ មាលតី មាន​លើសពី​គំនូរ​រហូតដល់​ការថតរូប ការថត​វីដេអូ​បែប​សិល្បៈ និង​ការច្នៃប្រឌិត​នៃ​ស្នាដៃ​ថ្មី​ដែល​ជំរុញ​ដោយ​ក្ដី​​ស្រឡាញ់​។ ក្នុងចំណោម​ស្នាដៃ​ជាច្រើន រាប់ទាំង​ការ​គូរ​អាជីព និង​កម្សាន្ដ​សប្បាយ​មាលតី បានឱ្យដឹងថា ស្នាដៃ​ដែល​ខ្លួន​ស្រឡាញ់​ជាងគេ​គឺ​គំនូរ​ឌីជីថល​ក្នុង​ឆ្នាំ​ ២០២១ “​បិណ្ឌ​ ១” ក្នុងនោះ​កញ្ញា​បាន​គូរ​តួអង្គ​ប្រេត​ប្រុស​មួយ​ក្នុង​រដូវ​កាល​ភ្ជុំបិណ្ឌ​ជាមួយ​សម្លៀកបំពាក់​បែប​ទាន់​​សម័យ​។ វា​ជា​ស្នាដៃ​មួយ​ដែល​កញ្ញា​ចាប់ផ្តើម​មាន​អារម្មណ៍​ថា កញ្ញា​អាចធ្វើ​បាន និង​មាន​ទំនុកចិត្ត​លើ​ការចាប់ផ្ដើម​អ្វី​ថ្មីៗ​បន្តទៀត​។ មាលតី​ បានឱ្យដឹងថា​៖ «​បច្ចុប្បន្ន​ខ្ញុំ​បាន​ផលិត​ស្នា​ដៃ​គំនូរ​ឌីជីថល​ជាច្រើន​ជាមួយ​ក្រុមហ៊ុន​ផ្សេងៗ​គ្នា ក៏ដូចជា​រចនា​រូបភាព​លើ​អាវ ឬ​រចនា​ជា​ឡូហ្គោ​ផងដែរ​»​។

​កញ្ញា​បាន​និយាយ​អំពី​អត្ថប្រយោជន៍​នៃ​ការ​គូរ​ថា​៖ «​ខ្ញុំ​អាចធ្វើ​ការងារ​ទាំងនេះ​បាន​គឺ​ដោយសារ​ការ​ស្រឡាញ់ ជាការ​ងារ​ដែល​ធ្វើឱ្យ​ខ្ញុំ​ទទួលបាន​ភាព​រីករាយ​។ ខ្ញុំ​បានបង្ហាញ​រូបភាព​ស្រមើស្រមៃ​តាមរយៈ​រូបគំនូរ​។ ខ្ញុំ​បាន​លម្ហែ​ខួរក្បាល​តាមរយៈ​ការថតរូប ឬ​ថត​វីដេអូ ក៏​ជា​ឱកាស​ទទួលបាន​ចំណេះដឹង​ជាច្រើន​ពី​សង្គម​ខាងក្រៅ​»​។​

​យុវតី​វ័យក្មេង​ដែល​ឆ្លងកាត់​បទពិសោធន៍​ការងារ​អំឡុង​ពេល​សិក្សា​រូបនេះ បាន​បន្ដថា ជាធម្មតា​រាល់ពេល​ចុះ​បំពេញការងារ​តែងតែមាន​ឧបសគ្គ​ខ្លះៗ​ចៀស​មិន​ផុត​។ ឧបសគ្គ​ខ្លះ​កើតចេញពី​ការងារ​ឧបសគ្គ​ខ្លះ​កើតចេញពី​ពេលវេលា ពីព្រោះ​ប​ច្ចុ​ប្បន្ន​កញ្ញា​ត្រូវ​រៀន​ផង​ធ្វើការ​ផង ការបែងចែក​ពេលវេលា គឺ​មានការ​ចង្អៀត​ខ្លាំង​។

កញ្ញា​និយាយថា​៖ «​តែ​ខ្ញុំ​នៅតែ​រីករាយ​ចំពោះ​កិច្ចការ​នេះ ពីព្រោះ​រាល់​ឧបសគ្គ​ដែល​បានកើត​ឡើង​វា​តែងតែ​ផ្ដល់​មេរៀន និង​បទពិសោធន៍​ថ្មីៗ​ដល់​ខ្ញុំ​ដែល​ធ្វើឱ្យ​ខ្ញុំ​កាន់​តែមាន​សមត្ថភាព និង​កាន់តែ​រឹងមាំ​ជាង​មុន​»​។​

​គោលបំណង​ធំ​បំផុត​របស់​យុវតី​មាលតី គឺ​រួមចំណែក​អភិ​វ​ឌ្ឍ​គំនូរ​ឌីជីថល​ខ្មែរ និង​ការបង្ហាញ​គំនិត​ច្នៃប្រឌិត​ថ្មីៗ ក៏​ជា​ចំណែក​មួយ​ក្នុងការ​បង្ហាញ​ស្នាដៃ​ខ្មែរ​ក្នុងសម័យ​ឌីជីថល និង​ជំរុញ​ការ​​ផ្សព្វផ្សាយ​អត្តសញ្ញាណ​ជាតិ​ឱ្យ​ទូលំទូលាយ​ជាស​កល​។​

​ជា​ចុងក្រោយ​៖ «​ខ្ញុំ​សូម​លើក​ទឹកចិត្ត​យុវជន និង​យុវតី​ដែលមាន​ក្ដី​ស្រមៃ សូម​ចាប់ផ្ដើម​ពីថ្ងៃ​នេះ​ត្រូវ​ផ្ដល់ឱកាស​ឱ្យ​ខ្លួនឯង​ចាប់ផ្ដើម​អ្វីដែល​ខ្លួន​ស្រឡាញ់ ស្វែងរក​ចំណុចខ្លាំង​ក្នុង​ខ្លួន​អភិ​​វ​ឌ្ឍ​ឱ្យបាន​ប្រសើរឡើង​ជាប្រចាំ យូរ​ឆាប់​គង់តែ​បានសម្រេច​»៕