​ភ្នំពេញៈ ជាទូទៅ ស្លឹកឈើ​ហាក់​គ្មាន​នរណា​ចាប់អារម្មណ៍​ឡើយ មិនតែប៉ុណ្ណោះ​គេ​គិតថា​វា​បាន​បង្ក​ជា​សំរាម​ទៀតផង​។ ប៉ុន្តែ​មាន​សិស្ស​វិទ្យាល័យ​ ១​ ក្រុម​ក្នុងស្រុក​មុខកំពូល ខេត្តកណ្តាល​បាន​យក​ស្លឹកឈើ​មក​កែច្នៃ​ជា​រូបភាព​សត្វ​ផ្សេងៗ​យ៉ាង​ស្រស់ស្អាត​និង​ទទួលបាន​ការចាប់អារម្មណ៍​បញ្ជា​ទិញ​ពី​អតិថិជន​ពី​បណ្តា​ខេត្ត​មួយចំនួន​ទៀតផង​។​

​នៅក្នុង​បន្ទប់​នៃ​ការិយាល័យ​មួយ​យូរៗ​ម្តង​គេ​ឃើញ​ស្លឹកឈើ​បាន​ប៉ើង​ជ្រុះ​ពីលើ​តុ​ទៅលើ​កម្រាល​ឥដ្ឋ​ដោយ​កម្លាំង​ខ្យល់​បក់​តាម​បង្អួច​។​នេះ​ជា​សកម្មភាព​ក្រុម​របស់​កញ្ញា ​ថុង ស្រីរ័ត្ន ដែល​កំពុង​នាំគ្នា​កែច្នៃ​ស្លឹកឈើ​ជា រូប​សត្វ​ផ្សេងៗ​។​

​កញ្ញា ​ថុង ស្រីរ័ត្ន ដែលមាន​វ័យ​ ១៧ ​ឆ្នាំ​បាន​រៀបរាប់ថា នាង​រៀន​ថ្នាក់​ទី​ ១១B1​ នៃ​វិទ្យាល័យ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ជា​ស៊ីម​ព្រែក​អញ្ចាញ​ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ហើយក៏​កំពុង​កែច្នៃ​ស្លឹកឈើ​ធ្វើ​រូប​សត្វ​ផ្សេងៗ​ជាមួយ​សមាជិក​ប្រុស​ស្រី​ក្នុង​ក្រុម​ចំនួន​ ១០ ​នាក់​ទៀត​។​

​ស្រីរ័ត្ន បាន​បន្តថា តាមពិត​បច្ចេកទេស​កែច្នៃ​ស្លឹកឈើ​នេះ​ជា​មុខវិជ្ជា​១​ក្នុងចំណោម​មុខ​វិជ្ជា​ដទៃទៀត​ដែល​កញ្ញា​ធ្លាប់បាន​សិក្សា​តាំងពី​ថ្នាក់​ទី ​១០​ មក​ម្ល៉េះ​។ ​ចំពោះ​ស្លឹកឈើ​ដែល​ត្រូវ​យកមក​កែច្នៃ​នេះ មិន​រើស​ឡើយ​ពោលគឺ​ស្លឹកឈើ​ធំ​ឬ​តូច​ប្រភេទ​ណា​ក៏​អាច​កែច្នៃ​បានដែរ ព្រោះ​រូប​ក៏មាន​ច្រើន​ប្រភេទ​ដែរ​។​

​កញ្ញាបាន​ប្រាប់​ពី​វិធី​កែច្នៃ​ថា ស្លឹកឈើ បើទោះជា​ប្រភេទ​ណាក៏ដោយ ក៏​អាច​ច្នៃ​ជា​រូប​ភាព​ផ្សេងៗ​បានដែរ​។​ក៏ប៉ុន្តែ​មុននឹង​ច្នៃ​បាន លុះត្រាតែ​វា​គ្មាន​សំណើម​ឬ​ស្ងួត​ល្អ​ (​គ្មាន​ជាតិ​​ទឹក​)​។​ដូច្នេះ​ដំបូង​ឡើយ កញ្ញា​និង​សមាជិក​ក្នុង​ក្រុម​ត្រូវ​ដើរ​បេះ​ស្លឹកឈើ​ស្រស់ៗ​ក្នុងភូមិ​ឬ​នៅតាម​ព្រៃរបោះ​ក្បែរ​តំបន់​រស់នៅ​យកមក​ដាក់​ក្នុង​ក្រដាស​កាសែត​ឬ​សៀវភៅ​ទុក​រយៈពេល​កន្លះ​ខែ​ ដើម្បីឱ្យ​វា​ស្ងួត​អស់​សំណើម​ទៅតាម​ធម្មជាតិ​របស់​វា​។​ បន្ទាប់ពី​ស្លឹកឈើ​ស្ងួត​អស់ហើយ​ទើប​ចាប់ផ្តើម​កែច្នៃ​ជា​រូបភាព​ផ្សេងៗ​ទៅតាម​តាម​តម្រូវការ​។​

​កញ្ញា ស្រីរ័ត្ន បាន​លើក​ជា​ឧទាហរណ៍​មក​បញ្ជាក់​ប្រាប់ថា បើ​កែច្នៃ​ជា​រូប​សត្វ​ឃ្មុំ​គឺ​កញ្ញា​ក៏ដូចជា សមាជិក​ក្នុង​ក្រុម​ត្រូវ​បែងចែក​ការងារ​គ្នា​ធ្វើ ពោលគឺ​បើ​នរណាម្នាក់​ត្រូវ​កាត់​ស្លឹក​ធ្វើជា​ស្លាប​ក៏​កាត់​ទៅ ហើយ​បើ​នរ​ណា​ត្រូវយក​ស្លឹក​ពណ៌​អ្វី​ធ្វើជា​តួខ្លួន​សត្វ​ឃ្មុំ​ក៏​ធ្វើទៅ ព្រោះ​ខ្លួន​ឃ្មុំ​មាន​ពណ៌​ខ្មៅ​កង់ៗ​។ បន្ទាប់ពី​កាត់​ចៀរ​ស្លឹកឈើ​ចេញ​ជា​ទម្រង់​បាន​គ្រប់ផ្នែក​រួច​ទើប​យក​ស្លឹក​ឈើ​មក​ផ្គុំ​គ្នា​ឱ្យ​កើតចេញ​ជា​សត្វ​ឃ្មុំ​។​ ប៉ុន្តែ​ភ្នែក​របស់​សត្វ​ឃ្មុំ​ពណ៌​ខ្មៅ ដូច្នេះ​ត្រូវយក​ឡេវអាវ​ពណ៌​ខ្មៅ​មក​ដាក់​ដើម្បី​មើលទៅ​ទាក់ទាញ តែបើ​ប្រើ​ស្លឹកឈើ​ដូចគ្នា​គឺ​មើលទៅ​មិន​ទាក់ទាញ​ទេ​។​

​កញ្ញា​ ស្រីរ័ត្ន បាន​ប្រាប់ថា​៖ «​បច្ចេកទេស​កែច្នៃ​ស្លឹកឈើ​នេះ​មិនមែន​នរណាៗ​ក៏​អាចធ្វើ​បានទេ ទាល់តែ​អ្នកនោះ​មាន​ចំណង់​ចំណូលចិត្ត​គួបផ្សំ​នឹង​ការ​អំណត់​ផងដែរ​។​ជំនាញ​នេះ​បើ​យើង​ចូលចិត្ត​គូរគំនូរ​ឬ​គូររូប​តុក្កតា​ទៀត​នោះ ​គឺ​យើង​ធ្វើបាន​កាន់តែ​ស្រស់ស្អាត​តែម្តង​»​។​

​កញ្ញា​វ័យក្មេង​រូបនេះ បាន​បន្តទៀតថា បើ​ស្លឹកឈើ​ណា​ធំ ដូចជា ស្លឹក​ខ្នុរ ស្លឹក​ព្រីង​ជាដើម​គឺ​ក្រុម​កញ្ញា​អាចយ​កមក​កែច្នៃ​ជា​ផ្នែក​ណាមួយ​នៃ​តួខ្លួន​សត្វ​ទៅតាម​ទម្រង់​សត្វ​តូច​ឬ​ធំ​។ តែបើ​ស្លឹកឈើ​តូចៗ​គឺអាច​យកមក​ធ្វើជា​ជើង​ជា​ស្លាប​អ៊ីចឹងទៅ និយាយ​ឱ្យ​ខ្លី​គឺ​អាស្រ័យ​ទៅតាម​គំនិត​របស់​អ្នកធ្វើ​។ ​ជួនកាល​ក្រុម​របស់​កញ្ញា​បើក​មើល​តាម​អ៊ីន​ធឺ​ណិ​ត​ឃើញ​រូប​សត្វ​ស្អាត​ក៏​ធ្វើតាម​រូបនោះ​អ៊ីចឹងទៅ​។​ ចំពោះ​រូប​សត្វ​ដែល​កែច្នៃ​រួច គឺ​ក្រុម​កញ្ញា​យក​វា​ទៅ​បិទ​ជាប់​នឹង​សន្លឹក​ក្រដាស​ហើយ​ធ្វើ​ស៊ុម​កញ្ចក់​ដាក់​ទៅតាម​ទម្រង់​រូប​តូចធំ​ដើម្បី​ទុក​សម្រាប់​តាំង​បង្ហាញ​នៅក្នុង​កម្មវិធី​របស់​វិទ្យាល័យ​។​

​បើតាម​កញ្ញា ស្រីរ័ត្ន នៅពេល​មានការ​ប្រារព្ធ​ពិធី​ក្នុង​វិទ្យាល័យ​ម្តងៗ លោកគ្រូ អ្នកគ្រូ​តែងតែ​ថត​ផ្តិត​យក​រូបភាព​សត្វ​ហើយ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​។​

តាមរយៈ​នេះ បានធ្វើឱ្យ​ស្នាដៃ​របស់​ក្រុម​កញ្ញា​មានការ​ស្គាល់​រហូតដល់​មាន​អ្នកបញ្ជា​ទិញ​តាម​អន​ឡាញ​ច្រើន​ដូចជា​មកពី​ខេត្តបាត់ដំបង និង​ខេត្ដ​សៀមរាប​ជាដើម​។ នៅពេល​មាន​អតិថិជន​បញ្ជា​ទិញ​រូប​សត្វ​អ្វីមួយ​តាម​ទូរស័ព្ទ​គឺ​ក្រុម​កញ្ញា​តែងតែ​ធ្វើ​ជូន ហើយ​ផ្ញើ​តាម​រថយន្ត​ដោយ​តម្លៃ​លក់​ក្នុង​រូប ១​ គឺមាន​ចាប់ពី​ ៥ ​ដុល្លារ​រហូតដល់​ ២០ ដុល្លារ ទៅតាម​ប្រភេទ​សត្វ​តូចធំ​។ ចំពោះ​ការ​ជាវ​នេះ​មិនមែន​មានតែ​អ្នក​នៅ​ឆ្ងាយៗ​ប៉ុណ្ណោះ​ទេ សូម្បីតែ​គ្រូៗ​នៅក្នុង​វិទ្យាល័យ​ក៏​ទិញ​ទៅ​តាំង​ក្នុងផ្ទះ​ផងដែរ​។​

​កញ្ញា​បាន​បញ្ជាក់ថា​៖ «​ឥឡូវ​លោកគ្រូ​អ្នកគ្រូ​នៅក្នុង​វិទ្យាល័យ​ពេល​គាត់​រៀបចំ​ជា​កាដូ​ឱ្យ​រង្វាន់​សិស្ស​ពូកែ​គឺ​គាត់​កុម្ម៉ង់​ទិញ​ក្រុម​ខ្ញុំ​តែម្តង​។ ស្លឹកឈើ​យើង​គិតថា​ជា​សំរាម​ដែល​យើង​មិនត្រូវ​​ការ​វា​ទេ តែ​ខ្ញុំ​អាចយ​កវា​មកប្រើប្រាស់​ហើយ​លក់បាន​លុយ​ទៀត​ពិសេស​វា​អាច​បណ្តុះ​គំនិត​ពួក​ខ្ញុំ​ឱ្យ​ចេះ​ធ្វើ​អាជីវ​កម្មនា​ថ្ងៃ​អនាគត​»​។​

​កញ្ញា ស្រីរ័ត្ន បាន​បន្ថែមទៀតថា ចំពោះ​ប្រាក់​ដែល​បាន​ពី​ការលក់​វត្ថុ​កែច្នៃ​នេះ​ គឺ​កញ្ញា​ដាក់​សន្សំ​សម្រាប់​ក្រុម​ហើយ​ដល់​ដំ​​ណា​ច់​ឆ្នាំ​ទើប​ចែកគ្នា​ម្តង​ដោយ​ម្នាក់ៗ​មាន​ចំណែក​ស្មើៗ​គ្នា ហើយ​ជាមួយគ្នា​នោះ ក៏មាន​ចំណែក​ជូន​ដល់​គ្រូៗ​ដែល​កំពុង​បង្ហាត់បង្រៀន​ក្នុង​ក្រុម​ផងដែរ​។​កាលពី​ឆ្នាំ​ ២០២២ ក្រុម​កញ្ញា​ចែកគ្នា​បាន​ក្នុង​ម្នាក់ៗ​ប្រហែល​ ៣០ ​ម៉ឺន​រៀល​ដែរ តែ​ក្នុង​ឆ្នាំ​ ២០២៣ ​នេះ មិនទាន់​ដឹង​ទេ ព្រោះ​មិនទាន់​ដាច់​ឆ្នាំ​។​

​អ្នកគ្រូ​ សាំង សុ​ខៃ ជា​គ្រូ​បង្រៀន​មុខវិជ្ជា​ជីវវិទ្យា​នៅ​ថ្នាក់​ទី១១ និងទី១២ នៃ​វិទ្យាល័យ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ជាស៊ីម​ព្រែក​អញ្ចាញ បាន​ប្រាប់ថា បច្ចេកទេស​កែច្នៃ​ស្លឹកឈើ​នេះ​មាន​ក្នុង​មេរៀន​មួយ​នៅ​ថ្នាក់​ទី១០ ដែល​បាន​បង្ហាញ​អំពី​កា​រស​ម្ងួ​ត​ស្លឹក​រុក្ខជាតិ​។ ដូច្នេះ​អ្នកគ្រូ​ក៏បាន​ដក​ស្រង់​មក​បង្រៀន​ដាក់​ជាការ​​អនុវត្ត​ជាក់ស្តែង​ដល់​សិស្ស​ហើយ​ក្រុម​កញ្ញា​ ស្រីរ័ត្ន គាត់​បំបែក​គំនិត​ចេញពី​មេរៀន​មក​កែច្នៃ​រហូត​អាច​ផលិត​លក់បាន​ថែមទៀត​។ ​ក្រុម​គាត់​មានគំនិត​ស្រាប់​ហើយ ដូច្នេះ​អ្នកគ្រូ​គ្រាន់​តែ​ជួយផ្តល់​យោបល់​ពី​របៀប​រចនា​រូប​ឱ្យមាន​សោភណភាព​បន្ថែម​តែប៉ុណ្ណោះ​។​

​អ្នកគ្រូបានបញ្ជាក់​ប្រាប់ថា​៖ «​ឥឡូវ​អតិថិជន​ឃើញ​ស្នាដៃ​សិស្ស​ធ្វើ​ស្អាត គាត់​ក៏​កុម្ម៉ង់​ពី​ខេត្ត​មក​។​សម្រាប់​ខ្ញុំ​ទិញ​រូប​សត្វ​គាត់​ដែរ ហើយ​យកទៅ​ដាក់តាំង​ក្នុងផ្ទះ​បាន​៣​ឆ្នាំ​ហើយ​មិនឃើញ​ខូច​ទៅណា​ទេ​»​។​

​ជុំវិញ​ការកែច្នៃ​ស្លឹកឈើ​នេះដែរ លោក សៅ ចន្ថា នាយក​​វិទ្យាល័យ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ជាស៊ីម​ព្រែក​អញ្ចាញ​បាន​ថ្លែងថា តាមពិតទៅ​នៅក្នុង​វិទ្យាល័យ​បាន​បង្កើតឱ្យមាន​ជា​ក្លិប​មួយ​ដែលមាន​លោកគ្រូ អ្នកគ្រូ​ផ្នែក​មុខវិជ្ជា​ជីវវិទ្យា​ជា​អ្នក​បង្ហាត់បង្រៀន​សិស្ស​លើ​បច្ចេកទេស​កែច្នៃ​នេះ​។​ចំពោះ​លទ្ធផល​ដែល​ក្រុម​គាត់​ធ្វើបាន​តែងតែ​ដាក់តាំង​បង្ហាញ​នៅពេល​មានកម្ម​វិធី​ក្នុង​សាលា​ដែលមាន​ទាំង​អាណាព្យាបាល​សិស្ស លោកគ្រូ​អ្នកគ្រូ និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុងស្រុក​-​ខេត្ត​ចូលរួម​ដោយ​ទទួល​បានការ​កោត​ស​សើរ​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​បច្ចេក​​ទេស​កែច្នៃ​ស្លឹកឈើ​នេះ​មិនមែន​សំដៅ​តែ​សិស្ស​ ១ ​ក្រុម​ទេ ពោលគឺ​សិស្ស​ថ្នាក់​ផ្សេង​ក៏​អាច​ចូលរួម​រៀនសូត្រ​បានដែរ​។ សិស្ស​របស់​យើង​មានគំនិត​ចេះ​ច្នៃ​ប្រ​ឌិ​តយ​ក​អ្វីដែល​យើង​គិតថា​គ្មាន​ប្រយោជន៍​ធ្វើឱ្យ​ទៅជា​វត្ថុ​មាន​ប្រយោជន៍​វិញ​»​។​

​លោក ​ផុន សុផាន ប្រធានការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ស្រុក​មុខកំពូល​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ការកែច្នៃ​របស់​ក្រុមសិស្ស​នៃ​វិទ្យាល័យ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ជាស៊ីម​ព្រែក​អញ្ចាញ​នេះ ពួកគេ​មិន​គ្រាន់តែ​រៀន​មុខវិជ្ជា​ចំណេះដឹង​ទូទៅ​ក្នុង​សាលា​ទេ តែ​ថែមទាំង​ចេះ​កែច្នៃ​ស្លឹកឈើ​ដែល​ជួយ​ដល់​បរិស្ថាន​ទៀតផង​។​

​លោក​បាន​បន្តថា ការកែច្នៃ​នេះ ទី​១ ​គឺ​ចេះ​បណ្តុះ​គំនិត​សម្អាត​បរិស្ថាន​នៅពេលដែល​មិនបាន​កែច្នៃ​។ ទី​២​ គឺ​បាន​ផ្តល់នូវ​ចំណេះដឹង និង​ស្នា​ដៃដល់​សិស្ស​ជំនាន់​ក្រោយ​បន្តទៀត និងទី​៣ នៅពេល​មាន​ពិធី​តាំងពិព័រណ៍​ម្ដងៗ​គឺ​សិស្សានុសិស្ស​អាច​យក​ស្នាដៃ​របស់ខ្លួន​ទៅ​តាំង​បង្ហាញជូន​ដល់​អ្នក​ចូល​ទស្សនា​បាន​។​

​លោក​បាន​ថ្លែងថា​៖ «​លទ្ធ​​ផល​កែច្នៃ​របស់គាត់​បានផ្តល់​នូវ​គុណ​តម្លៃ និង​បង្ហាញ​ពី​គំនិត​វៃឆ្លាត​ និង​បានផ្តល់​តម្លៃ​ដល់​លោកគ្រូ​អ្នកគ្រូ​បន្ថែមទៀត​។ ​សូម្បីតែ​អាណាព្យាបាល និង​អាជ្ញាធរ​ភូមិ​-​ឃុំ​-​ស្រុក​ ក៏​ទទួលស្គាល់​ស្នាដៃ​ពួកគាត់​ដែរ​»៕