កំពតៈជាការរួមចំណែកក្នុងព្រះពុទ្ធសាសនាចំពោះការកសាងព្រះពុទ្ធបដិមាដ៏ធំបំផុតមួយក្នុងលោកក៏ដូចជាការប្រកាសកសាងព្រះពុទ្ធបដិមាតូចៗ ៨៤ ០០០ អង្គ កម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គីមួយនឹងត្រូវរៀបចំឡើងនៅទីព្រះពុទ្ធបដិមាឋាននៅចំណុចវាលស្រែ ៥០០ នៃខ្នងភ្នំបូកគោ នៅថ្ងៃទី ២៣ និងទី ២៤ ខែកញ្ញា ខាងមុខ។
កម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះមានការផ្តួចផ្តើមពីព្រះវិមល សរណញាណ ចាន់ វិសាល និងព្រះចៅអធិការវត្តពារាណសីសិរីមង្គល សហការជ្រះថ្លាជាមួយលោក សុខ គង់ អគ្គនាយកក្រុមហ៊ុនសុខគង់គ្រុប ដើម្បីប្រមូលបច្ច័យ ដោយមានការចូលរួមពីព្រះសង្ឃ និងពុទ្ធបរិស័ទប្រមាណ៣ពាន់អង្គ/នាក់មកពីគ្រប់ខេត្ដក្រុង និងរាជធានី។
យោងតាមការគ្រោងទុក ព្រះពុទ្ធបដិមាកម្ពស់១០៨ម៉ែត្រ ដែលធ្វើពិធីបញ្ចុះបឋមសិលាកាលពីខែមករា ដើមឆ្នាំ ក្រោមទឹកប្រាក់ប្រមាណ ៣០លានដុល្លារ នឹងត្រូវប្រើរយៈពេល ៤ឆ្នាំ។
ក្រៅពីការកសាងព្រះពុទ្ធបដិមាដ៏ធំសម្រាប់ជាទីសក្ការៈដល់ពុទ្ធសាសនិកជុំវិញពិភពលោក ព្រះសង្ឃព្រះពុទ្ធសាសនានិងក្រុមហ៊ុនសុខាគ្រុប បានផ្ដួចផ្ដើមកសាងព្រះពុទ្ធបដិមាតូចៗចំនួន ៨៤ ០០០អង្គ ដោយយោងទៅតាមព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធទាំង ៨៤ ០០០ព្រះធម្មក្ខន្ធ។
លោកសាយ សុភ័ត្រា ប្រធានផ្នែកទីផ្សារនៃសណ្ឋាគារសុខា បានឱ្យដឹងថា៖ «ព្រះពុទ្ធបដិមាទាំង៤ទម្រង់នេះ នឹងត្រូវតម្កល់លើខឿនបល្ល័ង្កផ្នែកខាងក្នុងព្រះអង្គធំ ដែលកំពុងត្រូវបានសាងសង់ និងបញ្ចប់ទៅតាមផែនការ»។
ព្រះពុទ្ធបដិមាតូចៗ មានកម្ពស់០,៣១ម៉ែត្រ បណ្តោយ០,២៥ម៉ែត្រ និងទទឹង០,១៦៥ម៉ែត្រ ដែលមាន៤ថ្នាក់ និង ៩ ជាន់ ឆ្លាក់ចេញពីថ្មបូកគោ ដែលមានភាពរឹងមាំ និងជាប់បានយូរ។
លោក សុភ័ត្រា បានបន្ដថា៖ «អ្នកឧកញ៉ាបណ្ឌិត សុខ គង់ មានចក្ខុវិស័យ និងសទ្ធាជ្រះថ្លាមុតមាំ ក្នុងការកសាងព្រះពុទ្ធបដិមា កម្ពស់១០៨ម៉ែត្រនេះ ដែលមានព្រះពុទ្ធបដិមាអង្គធំ និងព្រះពុទ្ធបដិមាតូចៗ ដើម្បីបានឧទ្ទិសកុសលផលបុណ្យ ដែលយើងបានធ្វើមិនថា ក្នុងជាតិនេះ ឬគ្រប់ៗជាតិណាឡើយ និងដើម្បីការរក្សានូវអត្តសញ្ញាណជាតិ នៃវប្បធម៌សាសនា ដោយឈរលើមូលដ្ឋានរក្សាចាស់ បង្កើតថ្មី នាសម័យតេជោសន្តិភាព និងការអភិវឌ្ឍ»។
ជាការចូលរួមនិស្ស័យជាមួយព្រះពុទ្ធសាសនា ពុទ្ធសាសនិកដែលមានបំណងជាវព្រះពុទ្ធបដិមាតូចៗ អាចឆ្លាក់ចារឹកឈ្មោះផ្ទាល់ខ្លួន ឈ្មោះអ្នកមានគុណ លោកតា លោកយាយ និងមនុស្សជាទីស្រឡាញ់លើបដិមាសម្រាប់ជាកុសលផលបុណ្យ និងប្រវត្ដិសាស្ដ្រយូរអង្វែង។
ព្រះភិក្ខុបញ្ញោសិរី កែវ កក្កដា មានសង្ឃដិកាថា យោងតាមព្រះធម៌ព្រះសម្មាសម្ពុទ្ធនៅក្នុងគម្ពីរព្រះត្រៃបិដក ១១០ ក្បាល ជាព្រះធម៌ ទាំង ៨៤ ០០០ព្រះធម្មក្ខន្ធ រួមមាន ព្រះសូត្រ វិន័យ និងអភិធម្ម។ ព្រះសូត្រ មាន ២១ ០០០ ធម្មក្ខន្ធ វិន័យ ២១០០០ធម្មក្ខន្ធ និងអភិធម្ម មាន ៤២ ០០០ធម្មក្ខន្ធ។
យោងតាមសៀវភៅ «ទ្រឹស្ដីកម្មផល» រៀបរៀងដោយ ឈុន គឹមអៀត បានបង្ហាញថា ព្រះវិន័យរៀបរាប់អំពីវិន័យសម្រាប់ភិក្ខុ ដែលមាន២២៧សិក្ខាបទ និង៣១១សិក្ខាបទសម្រាប់ភិក្ខុនី។ ព្រះសូត្រ រៀបរាប់អំពីព្រះធម៌ដែលមានជម្រៅដោយអត្ថ ដូចជា បុញ្ញកម្ម បាបកម្ម សីលធម៌ជាដើម។ ព្រះអភិធម្ម រៀបរាប់អំពីការវិភាគចិត្ដសាស្ដ្រ។
លោកសុភ័ត្រា បានលើកឡើងថា៖ «ព្រះពុទ្ធបដិមាទាំងនេះនឹងគង់នៅជាសម្បត្ដិវប្បធម៌ជាតិ តជំនាន់សម្រាប់ជាទីសក្ការៈដ៏ឧត្ដុង្គឧត្ដមរបស់ព្រះពុទ្ធសាសនិកទាំងអស់គ្នា និងទុកជាស្នាដៃនៃកេរមរតកដល់កូនចៅជំនាន់ក្រោយ»។
ព្រះពុទ្ធបដិមាកម្ពស់១០៨ម៉ែត្រ មានទម្រង់ជាព្រះពុទ្ធមារវិជ័យ ឬផ្ចាញ់មារ ទៅតាមរចនាប័ទ្មបាយ័ន ជារចនាប័ទ្មកំពូលនៃព្រះពុទ្ធសាសនា ក្នុងរជ្ជកាលព្រះបាទ ជ័យវ័រ្មនទី៧ នាសតវត្សរ៍ទី១៣ និងសាងសង់ពីបេតុងអាម៉េពណ៌មាស បែរព្រះភក្ត្រនៅទិសខាងកើត។
ចំពោះខឿនផ្ទាល់ដីមានបណ្តោយ២៤៨ម៉ែត្រ ទទឹង១៨៦ម៉ែត្រ មានជណ្តើរធំចំនួន៤ អមដោយបង្កាន់ដៃនាគ ដែលតំណាងឱ្យទិសធំៗទាំង៤ យកតាមលំនាំរចនាប័ទ្មអង្គរវត្ដ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ សតវត្សរ៍ទី១២។
ចំពោះខឿនផ្ទាល់ដីមានបណ្តោយ ២៤៨ម៉ែត្រ ទទឹង១៨៦ម៉ែត្រ មានជណ្តើរធំចំនួន ៤ អមដោយបង្កាន់ដៃនាគ តំណាងឱ្យទិសធំៗទាំង៤ យកតាមលំនាំ រចនាប័ទ្មអង្គរវត្ដ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ សតវត្សរ៍ទី១២។
សម្រាប់ព័ត៌មានលម្អិតនិងការជាវ ក៏ដូចជាការបរិច្ចាគបច្ច័យកសាងព្រះពុទ្ធបដិមាទាំងធំ និងតូច សូមទាក់ទងទៅតាមលេខទូរស័ព្ទ ០១៤ ៧៧៧៧ ០១៤៕