បុរស​ជន​ជាតិចិន ​​អាយុ ២៥ ​ឆ្នាំ​ម្នាក់​​​បាន​ស្លាប់​​ក្នុង​ក្លិបហាត់ប្រាណ​ដោយសារ​​ដុំដែក ​(barbell) ដែល​មាន​ទម្ងន់​​​ធ្ងន់​​រហូត​ ១០០​ គីឡូក្រាម ​សង្កត់​ក​ជាប់​នៅ​ចន្លោះ​កៅ​អី​​​​​។ នេះ​បើ​យោង​តាម​​ការ​ចុះ​ផ្សាយ​របស់​ The Straits Times។

​ដោយ​ការ​ដកស្រង់​បន្តពី​​គេហទំព័រ​ព័ត៌មាន​ចិន​ជាច្រើន​រួមទាំង​សារព័ត៌មាន China Press ភា្នក់ងារ​របស់​​​សារព័ត៌មាន​​ The Straits Times ប្រចាំប្រទេសចិន បាន​រាយការណ៍ថា វីដេអូ​ខ្លី​មួយ​ដែលមាន​រយៈពេល ២៩ ​វិនាទី​​​បានបង្ហាញ​ថា បុរស​ដែល​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ «Zhang» ដែល​បាន​​ចូល​ទៅហាត់ប្រាណ​​និង​​​កំពុង​ព្យាយាម​អង្គុយ​លើ​កៅអី​ចុច​ទម្ងន់​ជាង ១០០​ គីឡូក្រាម ​នៅក្នុង​កន្លែង​ហាត់ប្រាណ​នៅ​ទីក្រុង Wuhan ក្នុង​ខេត្ត Hubei ប្រទេស​ចិន ដោយ​គ្មាន​អ្នក​ប្រទះឃើញ​នៅ​ម៉ោង​ប្រហែល៣​រសៀល​ថ្ងៃ​ព្រហស្បតិ៍។

តាមសេចក្តី​រាយការណ៍​នោះ កំណាត់​ដុំដែក​ដែលមាន​ទម្ងន់​ប្រហែល ៥០ គីឡូក្រាម​ នៅលើ​ចុងម្ខាងៗ ​បាន​រមៀល​ពី​លើ​ដើម​ទ្រូង​ទៅរក​ក​របស់គាត់ ដោយ​ខ្ទាស់​ក្បាល​ជាប់​​​ទៅនឹង​កៅអី ​ដែល​គាត់​អង្គុយនោះ​។

អស់​រយៈពេល​ប្រហែល ២៥ ​វិនាទី​ គាត់​បាន​ព្យាយាម​យ៉ាងខ្លាំង​ ដើម្បីរុញ​​ខ្លួន​គាត់​​ឱ្យ​រួច​ផុត ប៉ុន្តែ​មិន​អាច​ទៅរួច​នោះទេ​​។​

សេចក្តីរាយការណ៍​ដដែល​បាន​លើក​ឡើង​ថា បុគ្គលិក​ក្លឹប​ហាត់ប្រាណ​ពីរ​នាក់​បាន​រត់​មករ​ក​គាត់​​ដើម្បី​លើក​ដុំ​ដែក​ចេញពី​គាត់។

លោក Zhang ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់ ប៉ុន្តែ​​មិន​អាចជួយ​លោក​បាន​ឡើយ ។

អ្នកតំណាង​ក្លឹប​ហាត់ប្រាណ Wuhan Pafik ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង បាន​និយាយថា លោក Zhang គឺជា​មនុស្ស​ធម្មតា ហើយ​ថា​គាត់​ត្រូវបាន​គេ​ឃើញ​នៅឯ​កន្លែង​ហាត់ប្រាណ មុនពេល​លើក​ដុំ​ដែក​មាន​ទំងន់​ធ្ងន់​ខ្លាំងបែបនេះ​​។

ប៉ុន្តែ​គេ​មិនដឹងថា​ហេតុអ្វី​បានជា​លោក Zhang ត្រូវ​អង្គុយ​ចុច​ទម្ងន់​លើស ១០០ គីឡូក្រាម ​ដោយ​គ្មាន​អ្នក​ប្រទះឃើញ។

សារព័ត៌មាន China Press បាន​រាយការណ៍​ថា ប៉ូលីស​កំពុង​ស៊ើបអង្កេត​ឧប្បត្តិ​ហេតុនេះ៕​