សៀមរាបៈ លោក យន់ សំណាង ជនពិការភាព ១ រូបនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងខេត្តសៀមរាប លោកបានប្រឹងប្រែងជម្នះការលំបាកចាប់តាំងពីការលក់ដូរដោយកញ្ច្រែងរកចំណូលបានពី ២ ទៅ ៣ ម៉ឺនរៀល រហូតដល់បើកសិប្បកម្មកែច្នៃត្រីងៀត ដែលមានការបញ្ជាក់ពីសុវត្ថិភាពចំណីអាហារ CQS និងរកប្រាក់ចំណេញបានពី ៤ ទៅ ៥ ពាន់ដុល្លារក្នុង ១ ខែ។
លោក យន់ សំណាង ម្ចាស់សហគ្រាសកែច្នៃត្រី «សំណាងសុធា» បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយពីសហគ្រាសជលផលដែលទទួលផលពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល CAPFish-Capture ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ UNIDO កាលពីថ្ងៃទី ១៩ ខែកញ្ញា។
លោក យន់ សំណាង បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅពេលនោះថា លោកបានចាប់ផ្តើមអាជីវកម្មនៅឆ្នាំ ២០០៣ ដោយធ្វើការកែច្នៃត្រីងៀតលក្ខណៈគ្រួសារលក់តាមកញ្ច្រែងពី ៤ ទៅ ១០ គីឡូក្រាម ចំណេញបាន ២ ទៅ ៣ ម៉ឺនរៀលប៉ុណ្ណោះក្នុង ១ ថ្ងៃ។ មុនចាប់ផ្តើមប្រកបរបរអាជីវកម្មកែច្នៃផលិតត្រីងៀតនេះ លោកសំណាងប្រាប់ថា បានចំណាយពេល ១ ឆ្នាំទៅធ្វើការងារជាកម្មករកែច្នៃត្រីឱ្យគេដើម្បីសន្សំប្រាក់បាន ៤១ ម៉ឺនរៀល ទើបលោកយកប្រាក់ដែលសន្សំបាននោះ ទៅបើកអាជីវកម្មផ្ទាល់ខ្លួន ឈប់ធ្វើការឱ្យគេ។
លោកសំណាង ពិការជើងខាងស្តាំនៅក្នុងអំឡុងឆ្នាំ ១៩៨៦ ខណៈលោកអាយុ៥ឆ្នាំដោយសារជំងឺគ្រុនស្វិតជើង។ ទោះបីជាលោកពិការ ប៉ុន្តែលោកបានជម្នះការលំបាក និងចង់ធ្វើអ្វីដែលគេធ្វើមិនបាន។ ក្រោយពីបានអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ រហូតមកដល់ឆ្នាំ ២០២១ ពេលបានដឹងពីគម្រោង CAPFish-CAPture លោកបានដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់សុវត្ថិភាពម្ហូបអាហារ ដោយទទួលបានជោគជ័យក្នុងឆ្នាំ ២០២៣ នេះ។
លោកថ្លែងថា៖ «CAPFish-CAPture បានផ្តល់ជាសម្ភារបច្ចេកទេស ឧបករណ៍ និងជំនាញបច្ចេកទេសទាក់ទងនឹងសុវត្ថិភាពចំណីអាហារ មានប្រព័ន្ធអង្កេតតាមដានត្រឹមត្រូវ និងមានវគ្គបង្ហាត់បុគ្គលិកជាច្រើនដើម្បីធ្វើម៉េចគ្រប់គ្រងសុវត្ថិភាពបាន»។
លោកបញ្ជាក់ថា បច្ចុប្បន្នសហគ្រាសអាចផលិតត្រីងៀតបាន ២ តោន ក្នុង ១ ខែ ដែលអាចរកប្រាក់ចំណេញពី ៤ ពាន់ទៅ ៥ ពាន់ដុល្លារ ធ្វើឱ្យជីវភាពគ្រួសារប្រសើរជាងមុន។ លោកបញ្ជាក់បន្ថែមថា ទៅថ្ងៃអនាគតលោកចង់ពង្រីកអាជីវកម្មកែច្នៃត្រីងៀតឱ្យបានធំបន្ថែមទៀត ដែលអាចជួយផ្តល់ការងារដល់អ្នកភូមិបានកាន់តែច្រើន និងអាចធ្វើការនាំចេញទៅក្រៅប្រទេសបន្ថែមទៀត។
លោកថ្លែងថា៖ «ក្តីស្រមៃរបស់ខ្ញុំចង់ក្លាយជាអ្នកផ្គត់ផ្គង់ផលិតផលត្រីដែលមានគុណភាព មានរសជាតិឆ្ងាញ់ និងសុវត្ថិភាពបោះទៅលើទីផ្សារទាំងអស់»។
ប្រធានទីប្រឹក្សាបច្ចេកទេសអង្គការយូនីដូ UNIDO លោក សេតធីស៊ី ថារ៉ាម៉ា ថមបាធូ ថ្លែងថា គម្រោង CAPFish-CAPture បានធ្វើការជាមួយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទក្នុងការជួយពង្រឹងសមត្ថភាពជាពិសេស គឺមន្ត្រីអធិការកិច្ច និងសវនករ ដោយបង្វឹកបង្ហាត់តាមរយៈវគ្គបណ្តុះបណ្តាលផ្សេងៗ។
លោកថា បន្ទាប់មកមន្ត្រីដែលទទួលបានការបណ្តុះបណ្តាលទាំងនោះ ទៅជួយដល់សហគ្រាសកែច្នៃផល ផលិតផលជលផលក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នមាន សហគ្រាសចំនួន ២៨ ដើម្បីអនុវត្តប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ CQS។
លោកថ្លែងថា៖ «យើងមិនត្រឹមតែជួយផ្នែកឯកជន និងរាជរដ្ឋាភិបាលនោះទេ មួយទៀតគឺជួយ Build branding ផលិតផលជលផលកម្ពុជា ផងដែរ។ ព្រោះកម្ពុជាមានបឹងទន្លេសាប មានប្រាសាទអង្គរវត្ត មានទន្លេមេគង្គ អ៊ីចឹងទាំងអស់ហ្នឹងវាជួយបន្ថែមតម្លៃលើផលិតផលកម្ពុជាព្រោះវាផ្សារភ្ជាប់ជាមួយប្រពៃណី និងប្រវត្តិសាស្ត្រយូរលង់មកហើយ»។
កញ្ញា អ៊ឹម រចនា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា ក្រោមជំនួយហិរញ្ញប្បទានពីសហគមន៍អឺរ៉ុប ដោយមានការគាំទ្រពីអង្គការ UNIDO និងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម បានធ្វើការរួមគ្នាក្នុងការពង្រឹងសមត្ថភាព ជំរុញសហគ្រាសកែច្នៃផលិតផលជលផលក្រោយប្រមូលផល ឱ្យមានលទ្ធភាពពង្រីក និងពង្រឹងសមត្ថភាពរបស់ខ្លួនក្លាយជាសហគ្រាសកែច្នៃផលិតផលជលផល មានគុណភាពសុវត្ថិភាព អាចធ្វើការអភិវឌ្ឍខ្លួនបានយ៉ាងឆាប់រហ័ស ទាំងនៅក្នុងដំណើរការផលិតកម្ម ទាំងក្នុងផ្នែកសុវត្ថិភាពចំណីអាហារ និងរសជាតិ។
បន្ថែមលើនេះ ផលិតផលដែលមានគុណភាពល្អ មានសុវត្ថិភាព បានជួយដល់ម្ចាស់សហគ្រាសលក់បានថ្លៃជាងមុនថែមទាំងមានទីផ្សារទៀតផង។ កញ្ញាលើកឡើងថា៖ «សហគ្រាសខ្លះមួយចំនួនដែលយើងបានទៅទស្សនកិច្ចកន្លងមក គឺសឹងតែផលិតមិនទាន់ការផ្គត់ផ្គង់ផង។ អ៊ីចឹងនេះជារឿង ១ ដែលយើងសប្បាយចិត្ត ហើយយើងនឹងជំរុញបន្ថែមទៀតដើម្បីធ្វើយ៉ាងណាពង្រឹងសមត្ថភាពសហគ្រាសផ្សេងៗ ទៀតដែលលោកចាប់អារម្មណ៍ ហើយនិងមានការប្តេជ្ញាចិត្ត»។
អ្នកនាំពាក្យក្រសួងកសិកម្មបញ្ជាក់ថា ពេលសហគ្រាសកែច្នៃ ផលិតផលជលផល ក្រោយប្រមូលផល ដែលមានការកែប្រែពីការធ្វើសិប្បកម្មកែច្នៃបែបប្រពៃណី មកជាសហគ្រាសដែលមានស្តង់ដា គឺជះឥទ្ធិពលដល់អ្នកដែលធ្វើការក្នុងខ្សែចង្វាក់ផលិតកម្មមុនគេ ពោលគឺធ្វើឱ្យអ្នកធ្វើការងារនេះបានធ្វើការក្នុងបរិយាកាសមួយដែលមានអនាម័យល្អ មិនប្រឈមហានិភ័យសុខភាព។ មួយវិញទៀត ការវិវឌ្ឍនេះក៏បានផ្តល់សុវត្ថិភាពចំណីអាហារដល់អ្នកទទួលទានទូទៅ និងជួយអភិវឌ្ឍសង្គមសេដ្ឋកិច្ចផងដែរ៕