គ្រួសារ​របស់​បុរស​ដែល​បាន​លង់​ទឹក​ស្លាប់​ក្នុង​ឆ្នាំ ២០២២ បាន​ប្តឹង​ក្រុមហ៊ុន Google ពី​បទ​ធ្វេស​ប្រហែស បន្ទាប់​ពី​បុរស​រូប​នោះ​បើក​ឡាន​ធ្លាក់​ពី​លើ​ស្ពាន​បាក់​មួយ ខណៈ​ពេល​ដែល​ធ្វើ​ដំណើរ​តាម​ទិសដៅ​ណែនាំ​របស់ Google Maps នៅ​រដ្ឋ North Carolina។

ក្រុម​គ្រួសារ​បុរស​រូប​នេះ​បាន​និយាយ​ថា ការ​បរាជ័យ​របស់​ក្រុមហ៊ុន​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​ផែនទី​របស់​ខ្លួន​បាន​ធ្វើ​ឱ្យ​សមាជិក​គ្រួសារ​របស់​ខ្លួន​បាត់បង់​ជីវិត។

ជនរង​គ្រោះ​រូប​នោះ​មាន​ឈ្មោះ​ថា Philip Paxson អាយុ ៤៧ ឆ្នាំ ជា​បុគ្គលិក​ផ្នែក​លក់​ឧបករណ៍​វេជ្ជសាស្ត្រ។ Philip បាន​ជួប​ឧបទ្ទវហេតុ​នេះ​អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ ក្រោយ​ចេញ​ពី​កម្មវិធី​ជប់​លៀង​ខួប​កំណើត​ទី៩ របស់​កូនស្រី​នៅ​តំបន់ Hickory រដ្ឋ North Carolina នៅ​ថ្ងៃទី ៣០ ខែ​កញ្ញា ឆ្នាំ ២០២២។

បើ​យោង​តាម​ពាក្យ​បណ្ដឹង​ដែល​ត្រូវ​បាន​ដាក់​នៅ​តុលាការ​ជាន់​ខ្ពស់​របស់ Wake County កាល​ពី​ថ្ងៃអង្គារ បាន​រៀប​រាប់​បន្ថែម​ថា Philip ធ្វើ​ដំណើរ​ពេល​យប់​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​លើ​ផ្លូវ និង​ជា​ផ្លូវ​មិន​ធ្លាប់​ស្គាល់ ក្រោយ​មក​ឡាន​របស់​លោក​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ព្រែក ហើយ​លង់​ទឹក​ស្លាប់​តែ​ម្តង។

អ្នកស្រី Alicia Paxson ដែល​ជា​ភរិយា​របស់​លោក Philip បាន​ប្តឹង​អាជីវកម្ម​ចំនួន ២ និង​បុគ្គល​ម្នាក់ ដោយ​ពាក្យ​បណ្ដឹង​នោះ​សំដៅ​ទៅ​លើ​ម្ចាស់​ក្រុមហ៊ុន និង​អ្នក​គ្រប់គ្រង ឬ​ទទួល​ខុស​ត្រូវ​លើ​ស្ពាន​ដែល​បាក់​រលំ ដែល​មិន​មាន​ស្លាក​សញ្ញា គ្មាន​របាំង​ការពារ​នោះ។

អ្នកស្រី Paxson បាន​រៀបរាប់​ឱ្យ​ដឹង​ថា ក្រោយ​គ្រោះ​ថ្នាក់​នេះ និង​បន្ទាប់​ពី​ស្វែងរក​ទូរស័ព្ទ​ប្តី​របស់​ខ្លួន​ឃើញ អ្នកស្រី​ដឹង​ច្បាស់​ថា ស្វាមី​របស់​ខ្លួន​បាន​ប្រើ Google Maps រក​ទិសដៅ​ទៅ​ផ្ទះ។

ដោយ​ឡែក នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា អ្នក​នាំពាក្យ​របស់ Google លោក José Castañeda បាន​និយាយ និង​បង្ហាញ​ពី​ការ​អាណិត​អាសូរ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​គ្រួសារ​របស់​អ្នកស្រី Paxson។ លើស​ពី​នេះ​អ្នក​នាំពាក្យ​រូប​នេះ​បន្ថែម​ថា គោលដៅ​របស់​ខ្លួន​គឺ​ព្យាយាម​ផ្តល់ព័ត៌​មាន​កំណត់​ផ្លូវ​ត្រឹមត្រូវ​ក្នុង​ផែនទី ហើយ​ក្រុមហ៊ុន​ក៏​កំពុង​ពិនិត្យ​មើល​ពាក្យ​បណ្ដឹង​នេះ​ផង​ដែរ៕