ស្ទឹងត្រែងៈលោក ម៉ែន គង់ អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែងបានឱ្យដឹងថា ដើម្បីអបអរសាទរពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះខែ និងអកអំបុក ក្នុងឆ្នាំ ២០២៣ នេះ អាជ្ញាធរខេត្តបានសម្រេចធ្វើពិធីប្រណាំងទូកក្នុងខេត្តស្ទឹងត្រែងដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ខាងមុខពោល គឺមុនពិធីអុំទូកថ្នាក់ជាតិចូលមកដល់ ១ សប្តាហ៍។
លោកបានប្រាប់នៅថ្ងៃទី២៥ ខែកញ្ញាថា គណៈកម្មការរៀបចំពិធីប្រណាំងទូកក្នុងខេត្តស្ទឹងត្រែងបានត្រៀមផែនការរួចរាល់ហើយ ដោយពីដំបូងបានរៀបចំកែលម្អសោភណភាព អនាម័យ បរិស្ថាននៅក្នុងក្រុងនិងការរៀបចំពិនិត្យមើលទៅលើការចុះបញ្ជីទូកងនៅទូទាំងខេត្តដែលនឹងចូលរួមប្រកួត។
ក្រៅពីនេះទៀតនៅក្នុងពិធីប្រណាំងទូកខាងមុខអាជ្ញាធរខេត្តស្ទឹងត្រែងក៏មានរៀបចំកម្មវិធីមួយចំនួនដែលពាក់ព័ន្ធនឹងវប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ជនជាតិដើមភាគតិចនិងការសម្តែងសិល្បៈផងដែរហើយនឹងមានកម្មវិធីតាំងពិព័រណ៍ផលិតផលរបស់ប្រជាពលរដ្ឋ ការបាញ់កាំជ្រួច និងការប្រគំតន្ត្រីសម័យកម្សាន្តនៅក្នុងពិធីបុណ្យនេះផងដែរ។
លោក ម៉ែន គង់ បានបញ្ជាក់ថា៖«ឆ្នាំនេះយើងរំពឹងទុកថានឹងមានការចូលរួមច្រើនពីបងប្អូនប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវទេសចរមកពីបណ្ដាខេត្តផ្សេងៗ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិមួយចំនួនដែរ»។
លោកបន្ថែមថា សម្រាប់ឆ្នាំ២០២៣នេះ ខេត្តស្ទឹងត្រែងក៏បានត្រៀមលក្ខណៈរួចរាល់ក្នុងការយកទូកងដែលមានឈ្មោះ «សេកុងសែនជ័យ បារមីព្រះអង្គធំ» ដើម្បីចូលរួមប្រកួតប្រជែងនៅថ្នាក់ជាតិខាងមុខផងដែរ។
ជាមួយគ្នានេះ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងដែរថា មកទល់ពេលនេះ សម្រាប់ខេត្តកណ្ដាលបានរៀបចំចាត់ចែងគណៈកម្មការដែលត្រៀមរៀបចំពិធីប្រណាំងទូកនេះរួចរាល់ហើយ ប៉ុន្តែនៅមិនទាន់មានការប្រជុំគ្នាទាក់ទងនឹងការរៀបចំព្រឹត្តិការណ៍កម្សាន្តនិងការប្រព្រឹត្តទៅនៃពិធីប្រណាំងទូកនេះនៅឡើយទេ។
លោកថា ចំពោះការប្រព្រឹត្តទៅនៃពិធីប្រណាំងទូកនេះយ៉ាងណានោះគឺត្រូវរង់ចាំការប្រជុំគ្នាសិន ដោយលោកសុំមិនទាន់ឆ្លើយតបទេ ដោយសារតែមិនទាន់មានលទ្ធផលសម្រចជាផ្លូវការពីខាងគណៈកម្មការនៅឡើយ។
លោក នូវប៉េង ច័ន្ទតារា បានបញ្ជាក់ថា៖«យើងនឹងមានត្រៀមកម្មវិធីទាំងអស់នោះដូចរាល់ឆ្នាំដែរ ប៉ុន្តែប្រហែលជាយើងកំណត់យកថ្ងៃចេញវស្សា ជាថ្ងៃចាប់ផ្ដើមពិធីប្រណាំងទូកនៅក្នុងខេត្ដកណ្ដាលយើងហ្នឹង»។
ដោយឡែក បើតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តពោធិ៍សាត់កាលពីថ្មីៗនេះក៏បានឱ្យដឹងដែរថា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រដ្ឋបាលខេត្តនឹងមានការរៀបចំពិធីប្រណាំងទូកងក្នុងខេត្តពោធិ៍សាត់ដែលនឹងចាប់ផ្ដើមរយៈពេល៣ថ្ងៃគឺពីថ្ងៃទី៤ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ នៅដងស្ទឹងពោធិ៍សាត់។
រដ្ឋបាលខេត្តពោធិ៍សាត់បានឱ្យដឹងទៀតថា៖«ការរៀបចំពិធីប្រណាំងទូកងខេត្តពោធិ៍សាត់នេះជាការរួមចំណែកបង្កើត កម្មវិធីកម្សាន្ដសប្បាយរីករាយ តាមទំនៀមទម្លាប់ ប្រពៃណីជាតិដ៏ល្អផូរផង់របស់ខ្មែរយើង»។
ប្រភពដដែលបានបន្ថែមថា ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏សូមស្នើដល់ មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក និងវត្តអារាមនានាដែលមានទូកងសូមត្រៀមលក្ខណៈចុះបញ្ជីឈ្មោះទូកជាមួយអនុគណៈកម្មការរៀបចំទូកនិងបច្ចេកទេស ដើម្បីទទួលបានសិទ្ធិចូលរួមប្រកួតប្រជែង។
សូមរំឭកដែរថា អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមិថុនា ឆ្នាំ២០២៣កន្លងទៅបានប្រកាសថា នៅក្នុងឆ្នាំនេះ រាជរដ្ឋាភិបាលនឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែដ៏ធំ នៅរាជធានីភ្នំពេញ រួមនឹងពិធីបុណ្យឯករាជ្យជាតិផងដែរដើម្បីអបអរខួបលើកទី៧០ឆ្នាំ នៃបុណ្យឯករាជ្យជាតិនេះ។
លោកហ៊ុន សែន បានប្រកាសជាសាធារណៈថា ៖«ខ្ញុំសូមបញ្ជាក់ទុកជាមុនថា បុណ្យធំៗនៅចុងឆ្នាំនេះ នឹងមាន ២ ទី១គឺបុណ្យឯករាជ្យជាតិខួបលើកទី៧០ឆ្នាំត្រូវធ្វើធំ ទី២ បុណ្យអុំទូកត្រូវតែធ្វើធំ ព្រោះយើងខានធ្វើឆ្នាំមុន ដោយសារជាប់ប្រជុំអាស៊ានរហូតដល់មនុស្សមួយចំនួនគេថា រដ្ឋាភិបាលខ្វះលុយ»។
ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានណែនាំទៅអាជ្ញាធរក៏ដូចជាពលរដ្ឋទូទាំងប្រទេសត្រៀមមកលេងកម្សាន្តនៅរាជធានីភ្នំពេញដើម្បីមើលការប្រណាំងទូក ការប្រគំតន្ត្រី ក៏ដូចជាការតាំងពិព័រណ៍នានាដែលតែងតែរៀបចំនៅពេលមានពិធីនេះម្តងៗ។
សូមជម្រាបថា បើយោងតាមប្រតិទិន ឆ្នាំ២០២៣ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងរៀបចំនៅថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ៕