ភ្នំពេញៈ យុវជន​ជាង ​១​ ពាន់​នាក់​ ដែលជា​សិស្ស និស្សិត សកម្មជន​យុវជន សហគ្រិន​វ័យក្មេង និង​សិល្បករ​បាន​ចូលរួម​ពិព័រណ៍​អនាគត​យុវជន​របស់​អង្គការសហប្រជាជាតិ (UN) ប្រចាំ​កម្ពុជា​ក្រោម​ប្រធានបទ «​សកម្មភាព​អ្នក អនាគត​អ្នក​»​កាលពី​ថ្ងៃទី ២១ ខែតុលា ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC) រាជធានី​ភ្នំពេញ​ ដើម្បី​បានទទួល​សិទ្ធិអំណាច និង​ចូលរួម​រៀបចំ​អនាគត​មួយ​ប្រកបដោយ​ចីរភាព​។​

​ពិព័រណ៍​នេះ​ត្រូវបាន​សហការ​រៀបចំ​ដោយ ក្រសួង​អប់រំ យុវជន និង​កីឡា UN ប្រចាំ​កម្ពុជា រួមមាន​ដូចជា មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA) កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) យូ​នី​សេ​ហ្វ (UNICEF) ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស (UNOHCHR) អង្គការសហប្រជាជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ (UNAIDS)​ កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) និង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ផ្សេងទៀត ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល បណ្តាញ​យុវជន និង​វិស័យ​ឯកជន​។​

​នៅក្នុង​វេទិកា​នេះ យុវជន​បាន​ចែករំលែក​គំនិត ​និង​ដំណោះស្រាយ​ស្តីពី​បញ្ហា​គន្លឹះ​មួយចំនួន​ដែល​បង្ក​ផលប៉ះពាល់​ដល់​យុវជន​សម័យ​ប​បច្ចុប្បន្ន ព្រមទាំង​បាន​ពិភាក្សា​ជជែក​ដេញដោល រៀនសូត្រ​ពី​អ្នកជំនាញ និង​បង្កើត​បណ្តាញ​។

​អ្នកចូលរួម​ក៏បាន​ពិភាក្សា​អំពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សុខភាព​ផ្លូវភេទ​ និង​បន្ត​ពូជ សិទ្ធិ​និង​ជម្រើស សិទ្ធិមនុស្ស សមភាព​យេនឌ័រ ជំនាញ​បៃតង យុវជន​និង​ការអប់រំ​។

​ពិព័រណ៍​នេះ​បានដាក់​វិញ្ញាសាឱ្យ​យុវជន​បង្កើត​គំនិត និង​ដំណោះស្រាយ និង​បង្កើត​បណ្តាញ​ជាមួយគ្នា ហើយ​បាន​រកឃើញ​នូវ​ដំណោះស្រាយ​សម្រាប់ធ្វើ​សកម្មភាព​។ ពិព័រណ៍​ក៏បាន​ដាក់​វិញ្ញាសា​ឱ្យ​យុវជន​គិតគូរ​ពី​អនាគត​ដែល​ពួកគេ​ចង់ឃើញ​ក្នុង «​ពិភពលោក​មួយ​ដែលមាន ប្រជាជន​៨​ប៊ី​លាន​នាក់​» តាមរយៈ​សិល្បៈ​ប្រកបដោយ​គំនិត​ច្នៃប្រឌិត និង​កិច្ចសន្ទនា​។​

UN​ ប្រចាំ​កម្ពុជា​បញ្ជា​ក់ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​២៣ ខែតុលា ថា​៖ «​ផ្នែក​មួយ​នៃ​ពិព័រណ៍​ការប្រកួតប្រជែង​ស្នា​ដៃ​សិល្បៈ​ត្រូវបាន​រៀបចំឡើង​ជាមួយ​នឹង​ពិព័រណ៍ ​ដែល​បង្ហាញ​ពី​ទេពកោសល្យ​នៃ​សិល្បករ​វ័យក្មេង​។ ការប្រកួតប្រជែង​នេះ បានផ្តល់​វេទិកា​សម្រាប់​អ្នកចូលរួម​បញ្ចេញ​ទស្សនៈ​សម្រាប់​អនាគត​ប្រកបដោយ​ចីរភាព​តាមរយៈ​សិល្បៈ ជយលាភី ត្រូវបាន​ប្រកាស​និង​ទទួល​រង្វាន់​លើកទឹកចិត្ត​នៅក្នុង ព្រឹត្តិការណ៍​ពិព័រណ៍​ផ្ទាល់ ដោយ​ជំរុញ​ទឹកចិត្ត​យុវជន​ឱ្យ​បន្ត​ស្វែងយល់​ពី​សមត្ថភាព​សិល្បៈ​របស់​ពួកគេ និង​រួមចំណែក​លើកកម្ពស់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​សង្គម​ស្មើភាព​»​។​

​លោក ចឹក លីម អគ្គនាយករង​យុវជន នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍​យុវជន​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវបាន​ស្រង់​សម្ដីក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ​ថា​៖ «​យុវជន គឺជា​អនាគត​នៃ​ប្រទេសជាតិ​ហើយ​ចាំបាច់​ណាស់​ដែល​យើង​ត្រូវ​វិនិយោគ​លើ​ការអប់រំ​ និង​បណ្ដុះបណ្ដាល​ពួកគេ ដើម្បី​ពួកគេ​អាច​ចាប់យក​ជំនាញ​ដែល​ត្រូវការ​ដើម្បី​ធ្វើឱ្យ​ជោគជ័យ​ក្នុង​សេដ្ឋកិច្ច​សតវត្សរ៍​ទី​២១​នេះ​»​។ យើង​ត្រូវតែ​ធ្វើការ​រួមគ្នា​ដើម្បី​បង្កើត​នូវ​បរិស្ថាន​សមស្រប​មួយ​ក្នុងការ​ជំរុញ​ការអប់រំ ​និង​បណ្តុះបណ្តាល​សម្រាប់​យុវជន​។ ធ្វើ​ដូច្នេះ យើង​អាច​ទទួលបាន​នូវ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព និង​កសាង​សង្គម​១​ដែលមាន អារ្យធម៌ ខ្ពង់ខ្ពស់ សីលធម៌ សមធម៌ ន​វា​នុ​វត្ត​ន៍និង​បរិស្ថាន​មេត្រី​»​។​

​លោកស្រី Sandra Bernklau​ តំណាង UNFPA ប្រចាំ​កម្ពុជា និង​ជា​តំណាង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ ទាំងអស់​ថ្លែង​នៅឯ​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ​ថា​៖ «​ការទាញយក​ទស្សនៈ​ពេញលេញ​របស់​យុវជន​តម្រូវឱ្យមាន​ការសម្របសម្រួល​នៅ​ទីកន្លែង​ដែលមាន​សុវត្ថិភាព ច្នៃប្រឌិត និង​នវានុវត្តន៍ ដែល​នឹង​អនុញ្ញាត​ឱ្យមាន​ការចូល​រួម និង​ការបញ្ចេញមតិ​របស់​យុវជន​យើង​»​។​

​លោកស្រី​ចោទ​ជា​សំណួរ​ថា​៖«​នៅក្នុង​ពិភពលោក​ដែលមាន​ប្រជាជន ៨​ពាន់​លាន​នាក់ ដែល​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​អាកាសធាតុ​ដែល​កំពុង​កើនឡើង និង​បញ្ហា​ជាច្រើន​ទៀត តើ​អ្នក​នឹងធ្វើ​អ្វីខ្លះ​ដើម្បី​ធ្វើឱ្យ​សហគមន៍​របស់​អ្នក​ក្លាយជា​កន្លែង​ប្រសើរ​ជាង​មុន​? តើ​អ្នកមាន​ការពាក់ព័ន្ធ​ទេ​? តើ​អ្នក​កំពុង​ចាត់វិធានការ​អ្វី​ដែរឬទេ​?»​។​

​លោកស្រី Sandra Bernklau​លើកទឹកចិត្ត​ដល់​យុវជន​ឱ្យចូល​រួម​ក្នុង​សកម្មភាព​អភិវឌ្ឍន៍​សង្គម ចូលរួម​ក្នុង​បណ្ដាញ​យុវជន ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ និង​ចាប់​ផ្ដើមធ្វើ​សកម្មភាព​៕