ភ្នំពេញ: នៅក្នុងកិច្ចសហការដ៏ពិសេសមួយរវាង 16albermarle Project Space និងគម្រោងសិល្បៈស-ស របស់កម្ពុជាសិល្បករសហសម័យកម្ពុជាបានបង្ហាញស្នាដៃសិល្បៈបែបប្រវត្តិសាស្ត្រស្ដីពីសម័យខ្មែរក្រហមនិងទិដ្ឋភាពនយោបាយសង្គមដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
ពិព័រណ៍ «អ្វីៗនៅជុំវិញខ្លួនទាំងអស់» ជាសក្ខីភាពនៃវិស័យសិល្បៈដ៏រស់រវើករបស់ប្រទេសកម្ពុជា ដែលរៀបចំដោយ ឡូរ៉េន អេលីសបាឡូ, លោក វុទ្ធ លីណូ, អ្នកស្រី ឈុន ចាន់វាសនា និង មឿង មេត្ដា។
ពិព័រណ៍ដែលចាប់ផ្តើមពីថ្ងៃទី ៧ ខែតុលាដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានបង្ហាញស្នាដៃពហុជំនាញ ចាប់ពីការដំឡើង និងគំនូររហូតដល់រូបចម្លាក់ និងការបោះពុម្ពឌីជីថលដែលផ្ដោតលើប្រធានបទតែ ១ គឺ «អ្វីៗនៅជុំវិញខ្លួនទាំងអស់»។ វាមានទម្រង់ផ្សេងៗដូចជាគំនូរចម្លាក់សេរ៉ាមិចស្ថាបត្យកម្មការថតរូបការដំឡើងវីដេអូ និងស្នាដៃសិល្បៈនៅលើក្រដាសដែលមានប្រភពមកពីតំបន់ជាច្រើនក្នុងប្រទេសកម្ពុជា។
យោងតាមអ្នករៀបចំពិព័រណ៍នៅវិចិត្រសាល 16albermarle Project Space បានឱ្យដឹងថា៖ «រួមទាំងការងាររបស់សិល្បករវ័យក្មេងនិងពាក់កណ្តាលអាជីពចំនួន ១២ នាក់ពិព័រណ៍ «អ្វីៗនៅជុំវិញខ្លួនទាំងអស់» បង្ហាញសិល្បៈថ្មីពីប្រទេសកម្ពុជាទៅកាន់ទស្សនិកជនអូស្ត្រាលីនិងផ្តល់ឱកាស ដើម្បីស្វែងយល់បន្ថែមអំពីប្រទេសតាមរយៈសិល្បៈរបស់ខ្លួន»។
ពួកគេបានលើកឡើងពីប្រធានបទនៃអំពើពុករលួយការពង្រីកទីក្រុងការពង្រីកវិសាលភាពឱ្យតែទូលំទូលាយរវាងទីក្រុង និងជនបទនិងការរេចរឹលបរិស្ថាន។
ក្រុមអ្នករៀបចំពិព័រណ៍នៅអូស្ដ្រាលីបានឱ្យដឹងថា៖ «ជាសមូហភាពសិល្បករវ័យក្មេងទាំងនេះបង្ហាញការយកចិត្តទុកដាក់លើការព្រួយបារម្ភទាក់ទងនឹងដំណើរឡើងចុះនៃសិល្បៈរបស់ប្រទេសកម្ពុជានិងតួនាទីរបស់វានៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។
ក្នុងចំណោមសិល្បករទាំង ១២ រូប កញ្ញា អេង រិទ្ធច័ន្ទដាណែត ពីការប្រើដីឥដ្ឋកប្បាសឆៅនិងឫស្សីបង្កើតជារចនាប័ទ្មនគរូបនីយកម្មនិងរចនាសម្ព័ន្ធថាមពល ខណៈការបោះពុម្ពឌីជីថល «ចំបើង ២០២២» របស់អ្នកនាងនាក់ សុផលចូលជ្រៅក្នុងព្រលឹងសង្គមកម្ពុជា។
កញ្ញា រិទ្ធច័ន្ទដាណែត អាយុ ៣០ ឆ្នាំមកពីទីក្រុងភ្នំពេញ បានបន្តការសិក្សាផ្នែកសិល្បៈនៅគម្រោងសិល្បៈស-ស និងបានបញ្ចប់បរិញ្ញាបត្រផ្នែក Design ពីវិទ្យាស្ថាន SETEC ផងដែរ។
ទន្ទឹមនឹងនោះអ្នកនាង នាក់ សុផល អាយុ ៣៤ ឆ្នាំមកពីខេត្តតាកែវ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងរាជធានីភ្នំពេញ ហើយត្រូវបានទទួលស្គាល់កាន់តែខ្លាំងចំពោះសមត្ថភាពរិះគន់គំនិតសិល្បៈប្លែកៗ។
ផ្ទាំងគំនូរពណ៌ទឹករបស់លោក រឿន សុខុម «អគារចាស់នៅផ្លូវលេខ 1 2023» និងផ្ទាំងក្រណាត់របស់អ្នកនាង សៅ ស្រីម៉ៅ «កោះផ្ដៅ អតីតកាលនិងអនាគតកាល ២០១៨» ទាំង ២ នេះបង្កប់នូវអត្ថន័យនៃការចងចាំពីអតីតកាល និងក្តីប្រាថ្នានាពេលអនាគត។
លោករឿនសុខុមអាយុ ៣៦ ឆ្នាំ មកពីខេត្តបាត់ដំបង បានបញ្ចប់ការសិក្សាពីអង្គការហ្វាពន្លឺសិល្បៈក្នុងឆ្នាំ ២០០៨ ហើយចាប់តាំងពីពេលនោះមកបានក្លាយជាសិល្បករឆ្នើមម្នាក់នៅខេត្តបាត់ដំបង។
ក្នុងវ័យ ៣៧ ឆ្នាំអ្នកនាង សៅ ស្រីម៉ៅ មកពីខេត្តបាត់ដំបង ចូលប្រឡូកក្នុងសិល្បៈចម្រុះដែលរួមបញ្ចូលទាំងការគូររូបការថតរូបការគូរឌីជីថលចម្លាក់ និងការសម្តែង។
សិល្បករវ័យក្មេងដូចជាលោកជាសេរីរ័ត្ននិងកញ្ញា ម៉ៅ សុវណ្ណចាន់ឌី បង្ហាញស្នាដៃសិល្បៈពាក់ព័ន្ធនឹងរបបខ្មែរក្រហមដោយលើកយកពីបញ្ហាសង្គមនគរូបនីយកម្ម និងបរិស្ថាន។
លោក សេរីរ័ត្ន អាយុ ៣៣ ឆ្នាំ មកពីខេត្តបាត់ដំបង បានបន្តការសិក្សាផ្នែកគំនូរនៅសាលាសិល្បៈហ្វាពន្លឺសិល្បៈក្នុងឆ្នាំ ២០០៥ ចំណែកកញ្ញា សុវណ្ណ ចាន់ឌី អាយុ ២៥ ឆ្នាំ មកពីខេត្តបាត់ដំបង បានទទួលសញ្ញាបត្រផ្នែកស្ថាបត្យកម្មពីសាកលវិទ្យាល័យParagon International និងបន្តការសិក្សាផ្នែកសិល្បៈនៅសាលាសិល្បៈ។
ពួកគេបានបង្កើតជាសំណួរពិបាកៗដោយជំរុញឱ្យអ្នកទស្សនាត្រិះរិះពិចារណាពីទិសដៅដែលកម្ពុជាកំពុងដើរទៅមុខ និងគោលដៅរបស់ខ្លួនក្នុងសហគមន៍អាស៊ីអាគ្នេយ៍។
លោក ប៉ែន រ៉ូប៊ីត អាយុ ៣២ ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សាពីហ្វារពន្លឺសិល្បៈ (២០១០) ក្នុងខេត្តបាត់ដំបងផ្តោតសំខាន់លើការគូរគំនូរ។ ស្នាដៃសិល្បៈរបស់លោក «ថ្ងៃដ៏ស្រស់ស្អាតឆ្នាំ ២០២០» ឆ្លុះបញ្ចាំងពីនយោបាយសង្គមរបស់កម្ពុជា។
នៅអាយុ ៣៤ ឆ្នាំ លោក ប៉ែន សេរីបញ្ញា មានស្រុកកំណើតនៅទីក្រុងភ្នំពេញ និងជានិស្សិតបណ្ឌិតផ្នែកស្ថាបត្យកម្ម និងទីក្រុងនៅសាកលវិទ្យាល័យហុងកុងស្វែងយល់ពីទម្រង់ទីក្រុង និងស្ថាបត្យកម្មទំនើបនៅក្នុងស្នាដៃសិល្បៈរបស់លោកជាមួយការបង្ហាញស្នាដៃ «White building''s schizoanalysis 2023»។
អ្នកស្រី យឹម ម៉ាលីន អាយុ ៤១ ឆ្នាំ និងមកពីខេត្តបាត់ដំបងនិយាយអំពីនិមិត្តសញ្ញាវប្បធម៌ និងប្រធានបទនៃការបាត់បង់ក៏ដូចជាភាពមិនច្បាស់លាស់នៅក្នុងសិល្បៈរួមទាំង «ភ្លៀងឆ្នាំ ២០២៣» ដែលផលិតពីវត្ថុធាតុដើមកែច្នៃ។
កញ្ញា ប្រាក់ ដាលីន អាយុ ២៧ ឆ្នាំមកពីខេត្តកំពង់ចាមរួមបញ្ចូលគ្នានូវស្ថាបត្យកម្មជាមួយសិល្បៈបង្កើតស្នាដៃដំឡើងដូចជា «ព្រះសង្ឃ ១ អង្គ ឆ្នាំ ២០២១» ពីឥដ្ឋដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃការអភិវឌ្ឍទីក្រុងក្នុងរាជធានីភ្នំពេញ។
លោក ថាន សុខ អាយុ ៣៩ ឆ្នាំមកពីខេត្តតាកែវស្វែងយល់ពីចម្លាក់ខាងវិញ្ញាណតាមរយៈចម្លាក់ និងការដំឡើងដោយមានស្នាដៃ «ក្បាច់ទឹក (Water Lily form) ឆ្នាំ ២០២៣» ជាឧទាហរណ៍។
លោក ថាំង សុធា អាយុ ៤០ ឆ្នាំ មកពីខេត្តកំពង់ចាម រៀនផ្នែកសិល្បៈដោយខ្លួនឯងក៏មានប្រវត្តិផ្នែកស្ថាបត្យកម្ម និងផែនការទីក្រុងប្រើប្រាស់សម្ភារប្រពៃណីបង្កើតជាចម្លាក់ និងការដំឡើងដូចជាស្នាដៃ «ការរំខានឆ្នាំ ២០២០» ជាដើម។ វិចិត្រសាល 16albermarle Project Space នៅក្រុងស៊ីដនី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ ដោយអ្នកស្នេហាសិល្បៈ John Cruthers។ ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួនមកវិចិត្រសាលបានបង្ហាញស្នាដៃសិល្បៈរបស់អាស៊ីអាគ្នេយ៍ក្នុងគោលបំណងធ្វើឱ្យទស្សនិកជនអូស្ត្រាលីស្គាល់ពីវប្បធម៌ចម្រុះក្នុងតំបន់។
ទន្ទឹមនឹងនោះគម្រោងសិល្បៈស-ស ដែលបង្កើតឡើងដោយក្រុមសិល្បៈ Stiev Selapak ក្នុងឆ្នាំ ២០១០ នៅតែជាមូលដ្ឋានគ្រឹះនៃសិល្បៈសហសម័យរបស់កម្ពុជា។ ពួកគេភ្ជាប់គម្លាតរវាងសិល្បៈ និងការអប់រំដោយបណ្ដុះឱ្យមានបរិយាកាសមួយដែលសិល្បករអាចបញ្ចេញមតិចែករំលែកនិងគាំទ្រគ្នាទៅវិញទៅមកដោយសេរី។
អ្នកស្រី ជុំ ច័ន្ទវាសនា អ្នកគ្រប់គ្រងគម្រោងសិល្បៈស-ស បានឱ្យដឹងថា៖ «ការតាំងពិព័រណ៍ដ៏ពិសេសនេះមិនត្រឹមតែជាបង្អួចចូលទៅក្នុងពិភពដ៏ស្មុគស្មាញរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពនៃស្មារតីរបស់មនុស្សដែលស្ថិតស្ថេរផងដែរ»៕