ភ្នំពេញៈ នៅពេលដែលគេរំឭកពីឈ្មោះក្តុលដូនទាវ ក្នុងស្រុកឯកភ្នំ គឺគេនឹងគិតដល់រោងចក្រផលិតបាវក្រចៅហើយពីជំនាន់ ១ ទៅជំនាន់ ១ ប្រជាពលរដ្ឋក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំមានរបរមួយខាងដាំដំណាំក្រចៅនេះ។ ប៉ុន្តែក្រោយរំដោះឆ្នាំ ១៩៧៩ រោងចក្រក្រចៅលែងដំណើរការបានធ្វើឱ្យរបរដាំក្រចៅថយចុះ តែដោយខ្លាចបាត់បង់ដំណាំប្រពៃណីមួយនេះទើបប្រជាពលរដ្ឋខ្លះក្នុងឃុំព្រែកនរិន្ទនៅតែដាំក្រចៅរហូតដល់បច្ចុប្បន្ន បើទោះជាមិនសូវមានទីផ្សារក៏ដោយ។
ក្រចៅ ជាដំណាំកសិឧស្សាហកម្មហើយក៏ជាដំណាំប្រពៃណីដូនតារបស់អ្នករស់នៅក្នុងតំបន់មួយនៃស្រុកឯកភ្នំដែរ។ នៅ ២ ឃុំក្នុងស្រុកឯកភ្នំមានផ្ទៃដី ៦ ហិកតាសម្រាប់ដាំក្រចៅ និងមានកសិករជិត ២០ គ្រួសារ ចាប់យកដំណាំក្រចៅនេះជាដំណាំរួមផ្សំសំខាន់បន្ទាប់ពីរបរធ្វើស្រែចម្ការ។
គំនរពណ៌ខៀវខ្ចីទំហំប៉ុនៗម្រាមដៃប្រវែងជាង ២ ម៉ែត្រដាក់គរនៅក្បែរខ្លួនរបស់បុរសម្នាក់កំពុងអង្គុយ គឺជាគំនរដើមក្រចៅដែលលោក យាម មួង កំពុងកូតយកសម្បករបស់វា។
លោក យាម មួង អាយុ ៥៦ ឆ្នាំ រស់នៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបងបានប្រាប់ថា ចាប់តាំងពីលោកធំដឹងក្តីមកកាលណា លោកឃើញតែដូនតាដាំដំណាំក្រចៅនៅក្នុងឃុំព្រែកនរិន្ទនេះរហូតមក។ ដូច្នេះអាចនិយាយបានថា ជាដំណាំប្រពៃណីបន្តពីដូនតាក៏ថាបានដែរ។ បច្ចុប្បន្នលោកមានផ្ទៃដីទំហំ ៤ ៨០០ ម៉ែត្រការ៉េសម្រាប់ដាំដំណាំក្រចៅនេះ ហើយលោកក៏ផលិតគ្រាប់ពូជសម្រាប់លក់ឱ្យកសិករដូចគ្នាដែរដោយលោកលក់ក្នុង ១ គីឡូក្រាម ថ្លៃ ២ ម៉ឺនរៀល។
លោកបន្តថា វិធីដាំក្រចៅដំបូងគឺលោកត្រូវភ្ជួររាស់ដីឱ្យវាមានដង្ហើមនិងដើម្បីឱ្យដីត្រសុសល្អ បន្ទាប់មកបូមទឹកដាក់ និងព្រោះគ្រាប់ក្រចៅ។ដោយសារក្រចៅជាដំណាំងាយស្រួលដាំ ដូច្នេះលោកមិនសូវថែទាំវាដូចដំណាំផ្សេងៗទេ គ្រាន់តែឧស្សាហ៍មើលទឹកក្នុងស្រែប៉ុណ្ណោះ។ បើគិតពីព្រោះគ្រាប់ រហូតទទួលផលមានរយៈពេលចន្លោះពី ៣ ខែ ទៅ ៣ ខែកន្លះតែបើដីកណ្តេង (ដីស្អិត) ក៏ក្រចៅលូតលាស់មិនល្អដែរ។ ដើមក្រចៅល្អមានប្រវែងពី ២ ម៉ែត្រកន្លះទៅជាង ៣ ម៉ែត្រ។ ដំណាំក្រចៅក្នុង ១ ឆ្នាំធ្វើការដាំដុះបាន ៣ លើកហើយក្នុង ១ លើកៗមានរយៈពេល ៣ ខែ។
បើតាមលោក យាម មួង ក្រចៅមាន ២ ប្រភេទ គឺក្រចៅបោក ហើយក្រចៅដែលលោកក៏ដូចជាអ្នកភូមិផ្សេងទៀតដាំ ហៅថា ក្រចៅកូត។ ក្រចៅប្រភេទនេះគេយកតែសម្បកទេតែដើម្បីបានសម្បកគឺគេយកឈើចំនួន ២ មកដំជាស្នឹងចន្លោះពីគ្នាប្រហែល ៣ ធ្នាប់ដៃដោយកាច់ដើមក្រចៅស៊កក្នុងចន្លោះឈើហូតយកសម្បក។
លោកប្រាប់ថា៖ «ការអង្គុយសកបកសម្បកក្រចៅវាហត់ដែរ តែរដូវខែហ្នឹងយើងអត់រកអីបាន បើនេសាទក៏មិនសូវបានឬធ្វើសំណង់បាន។ ស្រូវក៏មិនទាន់ទុំ អ៊ីចឹងទៅបានអាហ្នឹងហើយគ្រាន់ដោះស្រាយជីវភាពមួយគ្រាៗដែរ»។
លោក មួង បានឱ្យដឹងថា សម្រាប់លោកបកសម្បកក្រចៅក្នុង ១ ថ្ងៃបានប្រហែល ១០ គីឡូក្រាមសម្បកក្រចៅស្រស់។ ចំពោះសម្បកក្រចៅក្រោយសក គឺលោកយកទៅហាលថ្ងៃឱ្យស្ងួតទើបអាចលក់បានដែលសម្បកក្រចៅស្ងួតក្នុង ១ គីឡូក្រាមថ្លៃពី ៨០០ ទៅ ១ ម៉ឺនរៀល។ ឆ្នាំនេះហាងឆេងសម្បកក្រចៅឡើងថ្លៃគ្រាន់បើដែរ ព្រោះមានឈ្មួញមករកទិញច្រើន ហើយលោកក៏មិនបារម្ភថា ធ្វើបាន មិនមានទីផ្សារលក់ដែរ ពោលគឺមានឈ្មួញមកទិញដល់ៗផ្ទះតែម្តង។
លោកពោលថា ចំពោះសម្បកក្រចៅដែលឈ្មួញទិញទៅ លោកមិនដឹងថា គេយកទៅធ្វើអ្វីខ្លះទេ តែលោកដឹងថា សម្រាប់ធ្វើជាខ្សែចំណងចងវត្ថុផ្សេងៗនិងធ្វើជាអង្រឹងឬខ្សែកន្ទេល ព្រោះវាជាប់ល្អ។ នៅក្នុងភូមិរបស់លោកមានអ្នកដាំក្រចៅប្រហែលជា ៥០ ទៅ ៦០ គ្រួសារដែរ។ ដំណាំនេះជាដំណាំកេរតពីដូនតាមកហើយពីសម័យមុនអ្នកភូមិដាំដើមក្រចៅរាប់រយហិកតាឯណោះ។ ព្រោះមានរោងចក្រក្រចៅ ១ ធ្វើបាវក្រចៅនៅក្នុងភូមិព្រែកត្រប់ឈ្មោះ (រោងចក្រក្រចៅដូនទាវ)។
លោក យោក កន មេភូមិព្រែកត្រប់ឱ្យដឹងថា នៅក្នុងភូមិរបស់លោកមានប្រជាកសិករដាំដំណាំក្រចៅជាលក្ខណៈគ្រួសារមានចំនួនច្រើនដែរ។វាជាដំណាំរួមផ្សំបន្ទាប់ពីស្រែចម្ការហើយក៏រកបានចំណូលគ្រាន់ដោះស្រាយក្នុងជីវភាពគ្រួសារដែរ។
លោកថា៖ «ឥឡូវនេះគ្រួសារខ្លះមានតែ ១ រ៉ៃ (១ ៦០០ ម៉ែត្រការ៉េ) គ្រួសារខ្លះមានដី ២ រ៉ៃតិចៗវាបន្ទាប់បន្សំទេ បើពីដើមទើបជាមុខរបរចម្បងដោយសារតែគ្មានរោងចក្រដូនទាវដូចមុន»។
ពាក់ព័ន្ធដំណាំក្រចៅនេះដែរភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងលោក ឈឹម វជីរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានទេ។
ប៉ុន្តែលោក ចាប សុធា ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកឯកភ្នំប្រាប់ថា កាលពីសម័យមុនរបរដាំក្រចៅបោកសម្រាប់កែច្នៃធ្វើបាវក្រចៅមានចំនួន ៣ ឃុំគឺឃុំព្រែកខ្ពប ឃុំព្រែកហ្លួង និងឃុំព្រែកនរិន្ទ។ ទាំង ៣ ឃុំនេះមានផ្ទៃដីដាំក្រចៅប្រមាណ ២ ពាន់ហិកតាឯណោះព្រោះនៅពេលនោះមានរោងចក្រក្រចៅដូនទាវដំណើរការ។
លោកបន្តថា បច្ចុប្បន្ននេះប្រជាកសិករខ្លះដាំបានតែក្រចៅកូតលើផ្ទៃដីប្រហែលជា ៥ ទៅ ៦ ហិកតាប៉ុណ្ណោះនៅក្នុងឃុំព្រែកនរិន្ទ និងឃុំព្រែកហ្លួង។ មូលហេតុដោយសារគ្មានរោងចក្រកែច្នៃក្រចៅ ហើយម្យ៉ាងទៀតមិនសូវមានតម្រូវការប្រើប្រាស់។ ក្រចៅកូត គឺគេយកទៅប្រើប្រាស់ដូចជាធ្វើចំណងវេចនំឬយកទៅធ្វើជាអង្រឹង និងធ្វើជាខ្សែសម្រាប់ត្បាញកន្ទេល។
លោកថ្លែងថា៖ «នៅក្នុងស្រុកឯកភ្នំយើងនេះភាគច្រើនគ្រាន់តែជាអ្នកផលិតទេតែភាគច្រើនឈ្មួញនៅខេត្តកំពង់ឆ្នាំងមកទិញច្រើនតែមិនដឹងថាគាត់យកធ្វើអីទេ។ ភាគតិចទេដែលអ្នកបាត់ដំបងខ្លួនឯងប្រើប្រាស់ក្រចៅនេះ»។
លោកឱ្យដឹងថា នៅក្នុងខេត្តបាត់ដំបងមានស្រុកតែ ១ គត់ដែលប្រជាពលរដ្ឋដាំដំណាំក្រចៅ ព្រោះអាចនិយាយបានថា ជាដំណាំប្រពៃណីដូនតារបស់អ្នកស្រុកឯកភ្នំ បើទោះជាមិនសូវមានទីផ្សារក៏ដោយក៏ពួកគាត់មិនបោះបង់ចោលដែរគ្រាន់តែថាវាថយជាងពីសម័យមុន។
បើតាមលោកសុធា មន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តបាត់ដំបងបានបង្កើតឱ្យមានសហគមន៍ចំនួន ៤ ដែលអាចជួយដល់ប្រជាកសិករក្នុងការដាំដុះដំណាំក៏ដូចជាជួយសម្របសម្រួលលក់កសិផលដែលប្រជាកសិករធ្វើបាន។ សម្រាប់ដំណាំក្រចៅ គឺលោកនឹងសម្រួលធ្វើយ៉ាងណាដាក់ចូលក្នុងសហគមន៍កសិកម្មដែរនៅពេលខាងមុខ។ ដំណាំក្រចៅបច្ចុប្បន្ននេះក៏មានតម្លៃទីផ្សារគួរសមដែរ គឺក្នុង ១ គីឡូក្រាមលក់បានចន្លោះពី ៨០០ ទៅ ១ ១០០ រៀលដែរដែលមានប្រជាកសិករជិត ២០ គ្រួសារកំពុងប្រកបរបរដាំដំណាំក្រចៅនេះ៕