ស្ត្រីម្នាក់វ័យ ២០ ឆ្នាំបានធ្លាក់ស្លាប់ពីលើស្ពាន ខណៈនាងកំពុងថតសត្វក្តាន់ព្រៃនិងសត្វដទៃទៀត ពេលធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារនិងមិត្តភ័ក្តិ នៅប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍។
យោងតាមគេហទំព័រ Yahoo Japan បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល៩និង៣០ព្រឹក នៅក្នុងទីប្រជុំជន Higashi-Izu ក្នុងខេត្ត Shizuoka ។
អាជ្ញាធរបាននិយាយថា ស្ត្រីដែលធ្លាក់ស្លាប់នោះ ត្រូវបានគេរាយការណ៍ថាមានអាយុ ២០ឆ្នាំ និងមកពីខេត្តChiba បាននៅជាមួយឪពុក និងមិត្តភ័ក្តិរបស់គាត់ក្នុងការធ្វើដំណើរកម្សាន្តទៅកាន់តំបន់ភ្នំដើម្បីមើលសត្វក្តាន់ព្រៃដែលដើររកស៊ីចំណីនៅក្នុងជម្រកធម្មជាតិរបស់ពួកគេ។
នាងបានចាកចេញពីយានជំនិះដែលគ្រប់គ្នាជិះ ហើយចេញដំណើរទៅកាន់ស្ពាន ដើម្បីថតសត្វក្តាន់ និងសត្វដទៃទៀតដោយប្រើទូរស័ព្ទរបស់នាង។ ទោះជាយ៉ាងណានាងបានរបូតជើងម្ខាងពីលើស្ពាន ហើយធ្លាក់ពីលើស្ពានទៅតែម្តង។ ឪពុករបស់ស្ត្រីរូបនេះបានទូរស័ព្ទទៅប៉ូលិសភ្លាមៗដោយនិយាយថា៖ «កូនស្រីខ្ញុំធ្លាក់ពីលើស្ពាន» ។
The Yomiuri Shimbun បានរាយការណ៍ថា ស្ថានីយ៍ប៉ូលីស Shimoda បាននិយាយថា នាងបានធ្លាក់ពីស្ពានកម្ពស់៤០ម៉ែត្រ ដែលជាកន្លែងដែលនាងត្រូវបានគេរកឃើញនៅក្នុងជ្រលងភ្នំ។
ស្ត្រីរូបនេះត្រូវបានគេប្រកាសថាស្លាប់នៅមន្ទីរពេទ្យ ។ ការស៊ើបអង្កេតកំពុងបន្ត។