សៀមរាបៈ ដោយមើលឃើញពីតម្រូវការក្នុងការប្រើប្រាស់បន្លែបរទេសខ្ពស់ នៅក្នុងស្រុក ពិសេសនៅក្នុងក្រុងសៀមរាប កសិករម្នាក់បានងាកមកដាំបន្លែរូកែដ និងភើរីឡា ដើម្បីបំពេញតម្រូវការទីផ្សារ ហើយបានធ្វើឱ្យកម្រិតជីវភាពរបស់កសិកររូបនេះមានភាពប្រសើរឡើង។
លោក ទក់ សុខា ជាអ្នកដាំបន្លែរូកែដ និងបន្លែភើរីឡារស់នៅភូមិស្រិតខាងកើតឃុំកន្ទ្រាំង ស្រុកប្រសាទបាគងខេត្តសៀមរាបបានឱ្យដឹងថា៖ «ឥឡូវបន្លែរូកែដ (Wild Rocket) និងបន្លែភើរីឡា (Perila) កំពុងមានតម្រូវការខ្ពស់។ ពីមុនខាងក្រុមហ៊ុនត្រូវការ ១ សប្តាហ៍តែ ៣០ គីឡូក្រាមទេ។ តែឥឡូវ ១ សប្តាហ៍ត្រូវការជាង ១០០ គីឡូក្រាមតែខ្ញុំដាំមិនទាន់ឱ្យក្រុមហ៊ុន»។
លោក សុខា បានដាំដំណាំកសិកម្មបន្លែជិត ២០ ឆ្នាំមកហើយដោយធ្វើកសិកម្មតាមទម្លាប់។ ការដាំបន្លែតាមទម្លាប់នេះគឺលោកមិនសូវជាទទួលបានផលប៉ុន្មានទេគ្រាន់តែដាំជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ។ ប៉ុន្តែលោកចង់ផ្លាស់ប្តូរមកធ្វើកសិកម្មតាមបែបការប្រើបច្ចេកទេសនិងការធ្វើកសិកម្មជាលក្ខណៈអាជីពវិញ។
លោកបានស្រាវជ្រាវពីបច្ចេកទេសដាំដំណាំតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ពីយូធូបពីតាមសហគមន៍ពិសេសការបង្ហាត់បង្ហាញពីមន្ត្រីជំនាញរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបតែម្តង។
លោកបន្តថា ក្នុងស្ថានភាពនៃការវិវឌ្ឍន៍ផ្នែកកសិកម្ម និងការប្រកួតប្រជែងទីផ្សារបន្លែក្នុងស្រុកឈានទៅរកបន្លែសុវត្ថិភាពផងនោះ លោកបានទៅសិក្សាពីការដាំដុះនៅតាមសហគមន៍នានា។ ក្នុងនោះលោកបានទៅសហគមន៍មួយក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ នៅទីនោះកសិករមានដាំបន្លែរូកែដនិងបន្លែភើរីឡាដែលជាប្រភេទបន្លែបរទេសតែងាយស្រួលដាំ ហើយភ្ញៀវបរទេសនិយមហូបខ្លាំង។
លោក សុខា មិនត្រឹមតែដើរសិក្សារៀនសូត្រពីបច្ចេកទេសដាំដុះទេ តែលោកក៏ដើរស្ទាបស្ទង់ទីផ្សារបន្លែរូកែដផងដែរពីព្រោះជាបន្លែដែលជនបរទេសនិយមហូបខ្លាំង ហើយមិនសូវមានអ្នកដាំក្នុងស្រុក។ ហេតុដូច្នេះហើយទើបលោកទិញពូជបន្លែរូកែដពីក្រុមហ៊ុនកសិកម្មក្នុងស្រុកមួយ ទម្ងន់ ១០ ក្រាមថ្លៃ ១២ ០០០ រៀលយកមកដាំសាកល្បង។
លោកថ្លែងថា៖ «មូលហេតុដែលខ្ញុំដាំបន្លែរូកែដ និងបន្លែភើរីឡានេះ ដោយសារខ្ញុំមើលឃើញកំណើននៃការប្រើប្រាស់បន្លែបរទេសនៅក្នុងស្រុកកាន់តែមានតម្រូវការខ្ពស់។ អ៊ីចឹងហើយធ្វើឱ្យខ្ញុំដាំបន្លែទាំង ២ ប្រភេទនេះទៅ»។
លោកបញ្ជាក់ថា មុនដំបូងលោកធ្វើថ្នាលព្រោះគ្រាប់ឱ្យវាដុះចេញជាដើមសិន។ លុះការលូតលាស់របស់វាមានអាយុ ២៤ ថ្ងៃ ហើយទើបលោកដកយកមកដាំនៅលើរង។ លោកបានលើករងបន្លែចំនួន ៨ រង ដោយលើកកម្ពស់ពីផ្ទៃដីចន្លោះពី ១ តឹកកន្លះដល់ ៣ តឹក ដែលមានទទឹង ១ ម៉ែត្រ និងបណ្តោយ ២២ ម៉ែត្រ និងធ្វើផ្ទះសំឡាញ់ទទឹង ៦ ម៉ែត្របណ្តាយ ២២ ម៉ែត្របិទជិតការពារសត្វល្អិត។
បើនិយាយពីបច្ចេកទេសដាំបន្លែរូកែដនេះវិញ ក៏មិនខុសគ្នាអីពីបច្ចេកទេសដាំស្ពៃក្រញាញ់ និងសាឡាដនោះដែរ ហើយប្រភេទបន្លែរូកែដលោកទទួលផលរយៈពេលរហូតដល់ ៦ ខែទើបចប់ដោយក្នុង ១ ខែ លោកអាចលក់បានប្រាក់ជាង ១ លានរៀល។
លោកប្រាប់ថា បន្លែនេះ ក្រោយពីដាំកូនរយៈពេល ២ ខែ អាចកាត់ស្លឹកលក់បានហើយ។ បន្លែរូកែដលោកបេះលក់ក្នុង ១ គីឡូក្រាមថ្លៃ ១២ ០០០ រៀល ឱ្យក្រុមហ៊ុនអមរ: ដែលលោកជាសមាជិករបស់ក្រុមហ៊ុន។ រីឯខាងក្រុមហ៊ុន យកទៅវេចខ្ចប់ជាកញ្ចប់តូចៗដាក់លក់នៅក្នុងផ្សារម៉ាត ក្នុងផ្សារអីអន ក្នុងផ្សាររាត្រីខេត្តសៀមរាបនិងតាមផ្សារមួយចំនួនទៀត។ បើទោះជាបន្លែរូកែដនិងភើរីឡាជនបរទេសចូលចិត្តខ្លាំងក្តីតែសម្រាប់ជនជាតិខ្មែរដែលគាត់ធ្លាប់ហូបក៏ពេញនិយមដែរ។
លោកបានប្រាប់ថា ចំពោះបន្លែរូកែដវាមានសណ្ឋានស្រដៀងគ្នានឹងបន្លែតាំងឱដែរ តែការប្រើប្រាស់និងរសជាតិខុសពីបន្លែតាំងឱ។ ដោយសារបន្លែរូកែដមានរសជាតិចត់តិចៗហើយប្រហើរៗមានក្លិនឆួលដែលជនបរទេសចូលចិត្តហូបធ្វើជាបន្លែអន្លក់ជាមួយម្ហូបអាហារច្រើនបែប អាចជាមួយសាច់អាំង ទឹកគ្រឿងជាដើម។
បើតាមលោក សុខា បច្ចុប្បន្នទាំងបន្លែរូកែដទាំងបន្លែភើរីឡា កំពុងពេញនិយមខ្លាំងនៅលើទីផ្សារក្នុងស្រុក។ កាលពីមុនក្រុមហ៊ុនអមរ: តម្រូវឱ្យលោកប្រមូលផលបន្លែរូកែដក្នុង ១ សប្តាហ៍តែ ៣០ គីឡូក្រាមទេ តែបច្ចុប្បន្នខាងក្រុមហ៊ុនតម្រូវទិញក្នុង ១ ថ្ងៃ ១៥ គីឡូក្រាម។ សម្រាប់នៅក្នុងស្រុកប្រាសាទបាគង បើតាមដែលលោកសង្កេតមើលគឺមិនទាន់មាននរណាចាប់អារម្មណ៍ដាំបន្លែទាំង ២ ប្រភេទនេះទេ។
លោកបន្ថែមថា ចំពោះបន្លែភើរីឡាជាពូជមកពីប្រទេសកូរ៉េ ក៏កំពុងមានតម្រូវការទីផ្សារក្នុងស្រុកខ្ពស់ដែរលក់បានក្នុង ១ គីឡូក្រាម ១៥ ០០០ រៀល។ សម្រាប់លោកក៏ដាំបន្លែនេះ ៦ រងដែរ ហើយវាផ្តល់ផលបានតែ ២ ខែប៉ុណ្ណោះក៏ងាប់ដើមទៅវិញ។ ក្នុងរយៈពេល ២ ខែ លោកអាចប្រមូលផលបាន ១៣៥ គីឡូក្រាម។ សម្រាប់ដំណាំនេះក្នុង ១ ឆ្នាំលោកដាំបាន ៦ ដង និងប្រើជីកំប៉ុសប្រើទឹកធម្មតា មិនឱ្យជោកជាំហើយក៏មិនឱ្យស្ងួតដែរ។
លោកថ្លែងថា៖ «បន្លែភើរីឡានេះវាចេញផ្កាហើយអាយុវាខ្លីបានតែ ២ ខែទេ។ តែបន្លែនេះជនជាតិជប៉ុននិងកូរ៉េចូលចិត្តខ្លាំងណាស់នៅសៀមរាប។ គេហូបវាឆៅធ្វើជាអន្លក់ផ្ទាប់ជាមួយនឹងទឹកកាពិជាដើម»។
សម្រាប់លោកធាម ឆាងមេឃុំកន្ទ្រាំង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ប្រជាពលរដ្ឋនៅក្នុងឃុំកន្ទ្រាំងបានអាស្រ័យនឹងភោគផលកសិកម្ម មានផ្កាខាត់ណាដើមស្លឹកខ្ទឹម ត្រសក់ទ្រើងប៉េងប៉ោះ ម្រះ ស្ពៃក្តោប និងបន្លែមួយចំនួនទៀត ហើយមានទីផ្សារល្អ។ ក្រៅពីនេះក៏មានការចិញ្ចឹមសត្វ ការនេសាទ និងការចិញ្ចឹមត្រី និងកង្កែបជាដើម។ ដំណាំស្រូវជាវិស័យកសិកម្មចម្បង សម្រាប់អ្នកឃុំកន្ទ្រាំង ហើយពួកគាត់តែងតែធ្វើបានជារៀងរាល់ឆ្នាំ។
លោកថ្លែងថា៖ «របរចិញ្ចឹមកង្កែបចិញ្ចឹមត្រីជារបរទី ២ សំខាន់សម្រាប់អ្នកស្រុកខ្ញុំ។ ចំពោះវិស័យកសិកម្មវិញគាត់មានទីផ្សារលក់មិនភ័យព្រួយថា ធ្វើបានហើយលក់មិនចេញទេ»។
ចំណែកលោកសាន សំណាងអនុប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ កសិកម្មកន្ទ្រាំងបល្ល័ង្គរស្មីស្ត្រីសាមគ្គីក្នុងស្រុកប្រាសាទបាគង បានឱ្យដឹងថា ពាក់ព័ន្ធដំណាំបន្លែរូកែដ និងបន្លែភើរីឡានេះ បច្ចុប្បន្នកំពុងតែមានតម្រូវការខ្ពស់ព្រោះជាបន្លែសម្រាប់ជនបរទេសទទួលទាន។ ក្នុង ១ ថ្ងៃត្រូវការចន្លោះពី ៣០ ទៅ ៥០ គីឡូក្រាម ទើបបំពេញតម្រូវការទីផ្សារបានតែពេលនេះប្រមូលផលបានតែ ១០ គីឡូក្រាមប៉ុណ្ណោះ។
លោកថ្លែងថា៖«សម្រាប់កសិករឈ្មោះទក់ សុខា គាត់ដាំម្នាក់ឯងមិនគ្រប់ទេ អ៊ីចឹងខ្ញុំកំពុងរកកសិករដើម្បីពង្រីកការដាំបន្លែរូកែដ និងបន្លែភើរីឡាទៀត»។
លោកបន្តថា ទោះយ៉ាងណាបន្លែ ២ ប្រភេទនេះ ត្រូវការដាំក្នុងផ្ទះសំណាញ់ ដែលផ្ទះសំណាញ់មានទទឹង ១០ ម៉ែត្រគុណ ២៥ ម៉ែត្រ ត្រូវចំណាយលុយជាង ៣ ពាន់ដុល្លារ ដើម្បីសាងសង់។ បញ្ហានេះប្រជាកសិករ ក៏ជួបការលំបាកដែរក្នុងការចំណាយទុន ដើម្បីដំឡើងផ្ទះសំណាញ់ ១ ខ្នងបាន។ បច្ចុប្បន្នសហគមន៍មានសមាជិកចំនួន ៣២១ នាក់ (ស្រី ២៥៦ នាក់) មកពី ៦ ភូមិក្នុងឃុំកន្ទ្រាំង។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រសួងតែងលើកទឹកចិត្តឱ្យកសិករ ដាំដំណាំដែលមានលក្ខណៈយុទ្ធសាស្ត្រ សម្រាប់វិស័យកសិកម្ម និងស្របតាមគោលនយោបាយដែលមានស្រាប់។ ក្នុងនោះមានដូចជាស្រូវ ស្វាយចន្ទី ម្រេច ឬបន្លែជាដើម ដោយសារដំណាំប្រភេទនេះមានខ្សែច្រវាក់តម្លៃរឹងមាំ និងច្បាស់លាស់ ទាំងពូជ បច្ចេកទេសផលិត ការកែច្នៃ និងទីផ្សារ។
លោកបន្តថា៖ «ដំណាំប្រភេទនេះ ពេលមានបញ្ហាណាមួយ ដែលចាំបាច់ត្រូវឱ្យក្រសួងអន្តរាគមន៍ យើងអាចផ្តល់ការគាំទ្របាន។ ដោយឡែកដំណាំផ្សេងទៀត ឬថ្មីៗ យើងមិនហាមឃាត់ទេ តែកសិករគួរសិក្សាស្វែងយល់ពីខ្សែច្រវាក់តម្លៃទាំងមូលឱ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងជួបបញ្ហាដោយកត្តាណាមួយ»។
លោកបន្ថែមថា ក្រសួងក៏នឹងតាមដានសង្កេតមើល ពីសក្តានុពលរបស់ដំណាំប្រភេទទាំងនេះ តែក៏មិនទាន់ផ្សព្វផ្សាយលើកទឹកចិត្តដែរ លុះត្រាតែមានការធានាបាននូវនិរន្តរភាពនៃខ្សែច្រវាក់តម្លៃជាមុនសិននិងធានាបានថាវាផ្តល់អត្ថប្រយោជន៍យូរអង្វែងសម្រាប់ប្រជាកសិករនិងវិស័យកសិកម្មព្រមទាំងត្រូវមានគោលនយោបាយគាំទ្រច្បាស់លាស់ផងដែរ។
លោកសង្កត់ធ្ងន់ដែរថា ទៅថ្ងៃមុខទៀតចំពោះដំណាំទូទៅដែលវាមិនស្ថិតក្នុងចំណោមដំណាំយុទ្ធសាស្ត្រមិនថាដំណាំស្លា ដំណាំទំពាំងបាយជូរ ឬដំណាំថ្មីៗប្លែកៗទេ គឺក្រសួងកសិកម្ម មិនជំទាស់ទេ។ តែដោយសារតែវាមិនត្រូវនឹងគោលនយោបាយយុទ្ធសាស្ត្ររបស់ក្រសួង ហើយក្រសួងក៏មិនចង់យកកសិករឬក៏វិស័យកសិកម្មទៅប្រថុយប្រថានជាមួយនឹងអ្វីដែលវាមិនទាន់មានការកសាងនូវខ្សែច្រវាក់តម្លៃឱ្យបានរឹងមាំនៅឡើយ ហេតុដូច្នេះក្រសួងត្រូវពិនិត្យពិច័យវាដោយឈរលើមូលដ្ឋានប្រុងប្រយ័ត្នឱ្យបានច្រើន។ «ដូច្នេះការងារយើងចំពោះវិស័យកសិកម្មគឺយើងបន្តនូវជំហរដូចខាងលើអ៊ីចឹង»៕