សៀមរាបៈ បើទោះជាបច្ចុប្បន្នគេផ្លាស់ប្តូរទៅប្រើឡអគ្គិសនីដុតនំប៉័ងបែបទំនើបទៅហើយក្តី ក៏ប៉ុន្តែបុរសចំណាស់ពិការជើងម្នាក់នៅតែប្រើឡដីបែបបុរាណដុតនំប៉័ងនៅឡើយ ហើយអ្នករស់នៅក្នុងសហគមន៍របស់គាត់ ក៏នៅតែនិយមហូបនំប៉័ងគាត់ជាងនំប៉័ងដុតឡអគ្គិសនីផងដែរ។
លោក អាន សុទ្ធា ហៅពូ ត្បាល់ ជាអ្នកផលិតនំប៉័ងដុតឡដីរស់នៅភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប បាននិយាយថា៖ «ខ្ញុំផលិតនំប៉័ងដូចគេអ៊ីចឹងដែរ តែខ្ញុំប្រើឡដុតអុស។ ឡនំប៉័ងរបស់ខ្ញុំធ្វើពីដីឥដ្ឋហើយជាលក្ខណៈបុរាណទេ តែអ្នកភូមិថា ឆ្ងាញ់ និងមានរសជាតិ»។
លោក អាន សុទ្ធា អាយុ ៥៤ ឆ្នាំ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោកស្វិតជើងខាងស្តាំតាំងពីកំណើត ហើយមុននឹងលោកចេះជំនាញធ្វើនំប៉័ងនេះ គឺលោកធ្លាប់ជាកម្មករស៊ីឈ្នួលធ្វើនំប៉័ងឱ្យគេនៅក្រុងសៀមរាប។ កាលនៅស៊ីឈ្នួលគេ គឺលោកចេះលាយម្សៅនំ ចេះដុតនំ និងចេះធ្វើអ្វីៗសព្វបែបយ៉ាង ឱ្យតែការងារផលិតនំប៉័ងគឺលោកធ្វើបានទាំងអស់។ ប៉ុន្តែដោយសារគេឱ្យប្រាក់ខែលោក ១ ខែតែ ៧ ម៉ឺនរៀល លោកក៏សម្រេចចិត្តឈប់ហើយចេញមកផលិតនំប៉័ងខ្លួនឯងម្តង។
ដោយសារតែប្រាក់ខែមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបាន លោក សុទ្ធា ក៏ឈប់ស៊ីឈ្នួលគេហើយចាប់ផ្តើមផលិតនំប៉័ងខ្លួនឯងក្នុងអំឡុងឆ្នាំ ១៩៩៧។ ចំពោះការធ្វើឡវិញ គឺលោកយកដីដំបូកមកបូកដែលមានទំហំ ៣ ម៉ែត្រគុណ ៣ ម៉ែត្រ ពោលគឺផ្នែកខាងក្នុងប៉ាតតែដីដំបូកសុទ្ធ និងប្រើបេតុងតែផ្នែកខាងក្រៅតែប៉ុណ្ណោះ។
រីឯការចម្អិននំប៉័ងវិញ គឺលោកដុតអុសនៅក្នុងឡកន្លែងដាក់នំតែម្តង បន្ទាប់ពីអុសឆេះបានកម្ដៅក្តៅមកលោកយករងើកភ្លើងចេញ និងបោសសម្អាតឱ្យស្អាតទើបដាក់នំប៉័ងចូលដែលម្តងអាចដាក់នំប៉័ងបានចំនួន ១៨០ នំ។
សម្រាប់វិធីដុតនំប៉័ងរបស់លោកសុទ្ធា គ្មានកំណត់ថា ប៉ុន្មាននាទីត្រូវឆ្អិនទេ ប៉ុន្តែលោកថា លោកឧស្សាហ៍បើកទ្វារឡមើល។ បើកាលណាលោកឃើញនំប៉័ងឡើងពណ៌ក្រហមកន្លាតគឺបានន័យថា នំឆ្អិនហើយ ហើយលោកបារវាចេញ និងដាក់នំថ្មីចូល។ ទោះជានំនៅក្នុងឡតែ ១ មែន តែវាមិនឆ្អិនសព្វទេ ដូច្នេះបើលោកមើលដឹងថា នំប៉័ងនៅជ្រុងណាឆ្អិន គឺលោកចូកវាចេញមុន។ លោកអះអាងថា នំប៉័ងដុតដោយឡដីដំបូកនេះមានរសជាតិខុសពីនំប៉័ងដុតដោយឡអគ្គិសនី។
លោកថ្លែងថា៖ «បើតាមម៉ូយនំប៉័ងខ្ញុំ គាត់និយាយប្រាប់ថា អ្នកទិញគេអត់ចូលចិត្តហូបនំប៉័ងដុតឡអគ្គិសនីទេគេថា អត់ឈ្ងុយ អត់ឆ្ងាញ់។ បើយើងដុតឡអគ្គិសនី គឺគេអត់ទិញហូបទេ។ គេថា ឡអគ្គិសនី ជួនកាលពេលដាច់ភ្លើងគេប្រើហ្គាសមានចំហាយហ្គាសនិងធុំក្លិនហ្គាស តែឡយើងធ្វើពីដីធ្វើឱ្យនំប៉័ងមានក្លិនឈ្ងុយ ព្រោះដីធ្វើឡយើងមានលាយស្ករ លាយអំបិលអីចូលគ្នា និងមកពីយើងផ្សំគ្រឿងផង»។
លោកបញ្ជាក់ថា ក្នុង ១ ថ្ងៃ លោកផលិតនំប៉័ងពី ៦០០ ដើម ទៅ ៧០០ ដើម អាស្រ័យទៅតាមម៉ូយកុម្ម៉ង់ដែលម៉ូយរបស់លោកមានលក់នៅក្នុងផ្សារអង្គរ និងផ្សាររលួសក្នុងស្រុកប្រាសាទបាគងតែម្តង។ រីឯដំណើរការផលិតនំរបស់លោកក៏មិនមានការថមថយដែរ ពោលគឺនៅថេររហូត។ ចំពោះការធ្វើអាជីវកម្មបែបសហគមន៍របស់លោកនេះក៏អាចរកប្រាក់ចំណូលបានសមល្មមសម្រាប់ផ្គត់ផ្គង់កូនប្រុស ៣ នាក់របស់លោកបានដែរ ខណៈកូនប្រុសម្នាក់ក៏មានគ្រួសារ និងកំពុងជួយធ្វើនំជាមួយលោកដែរ។
លោកប្រាប់ថា ក្នុង ១ ថ្ងៃ លោកធ្វើនំប៉័ងចាប់ផ្តើមពីម៉ោង ៦ កន្លះល្ងាចរហូតដល់ម៉ោង ៣ ទៀបភ្លឺ ទើបធ្វើរួច ដែលមានកូនជួយធ្វើផង។ លុះដល់ម៉ោង ៤ ទៀបភ្លឺ ម៉ូយក៏មកទទួលយកទៅលក់បន្តហើយលោកធ្វើសម្រាប់បោះដុំឱ្យម៉ូយតែប៉ុណ្ណោះ បើអ្នកភូមិចង់ហូបនំប៉័ងរបស់លោក ក៏ទៅទិញនៅផ្សារទៅ។
លោក លី វ៉ា ដែលជាម៉ូយទិញនំប៉័ងបោះដុំពីលោក អាន សុទ្ធា បានប្រាប់ថា លោកលក់នំប៉័ងក្នុងផ្សារអង្ក្រងនិងទទួលយកនំប៉័ងរបស់លោកសុទ្ធាច្រើនឆ្នាំមកហើយ ហើយក្នុង ១ ថ្ងៃ លោកលក់អស់ ២០០ នំដែរ។ ក្នុងនំប៉័ង ១ ដើម គឺលោកលក់ថ្លៃ ១ ពាន់រៀល ហើយប្រការដែលលោកយកនំប៉័ងរបស់លោកសុទ្ធាមកលក់បន្តនេះ ក៏ដោយសារតែលោកលក់ដាច់។
ព្រោះថា នំប៉័ងរបស់លោក សុទ្ធា ដុតឡដី មានរសជាតិឈ្ងុយឆ្ងាញ់ជាងឡដុតអគ្គិសនី សូម្បីតែអ្នកភូមិដែលទិញក៏សរសើរថា នំប៉័ងរបស់លោក សុទ្ធា ហៅពូ ត្បាល់ មានរសជាតិឆ្ងាញ់ដែរ។លោក លី វ៉ា បានធ្វើការប្រៀបធៀបថា រវាងនំប៉័ងដុតដោយឡអគ្គិសនី គឺមានភាពខុសគ្នាត្រង់សាច់នំប៉័ងដុតអុសសាច់នំមានជាតិស្រួយឆ្ងាញ់ជាងនំប៉័ងដុតអគ្គិសនី។
បច្ចុប្បន្នលោកទទួលយកនំប៉័ងដុតឡអគ្គិសនីតែប្រមាណ ៥០ នំអីទេ តែបើនំប៉័ងដុតឡដី គឺលោកយកដល់ ២០០ ដើមហើយលក់អស់ទៀត។
លោកនិយាយថា៖ «ឡដុតអុសវាមានរសជាតិឆ្ងាញ់ខុសពីឡខ្សែភ្លើង ហើយប្រជាពលរដ្ឋនិយមទិញនំប៉័ងពូត្បាល់ហូប។ ដោយសារគេនិយមហូបអ៊ីចឹងហើយ បានជាខ្ញុំនៅតែទទួលនំពីគាត់លក់ច្រើនឆ្នាំមកហើយដែរ»។
ពាក់ព័ន្ធការដុតនំប៉័ងជាទម្រង់ឡបុរាណនេះដែរ ត្រូវបានលោក អ៊ុំ វ៉ុង មេឃុំរលួស បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅក្នុងឃុំរលួសមានឡដុតនំប៉័ងតែ ១ ទេ ហើយឡនេះទៀតសោត ក៏ធ្វើជារបៀបបុរាណទៀត ខណៈដែលបច្ចុប្បន្នគេឈានទៅប្រើឡដុតអគ្គិសនីទៅហើយនោះ។ ចំពោះឡដីនេះ បើគេមើលទៅយល់ថា អាចគ្មានអនាម័យរីឯនំប៉័ងវិញក៏មិនសូវមានរូបរាងល្អដូចនំប៉័ងបែបសម័យទំនើបដែរ តែផ្ទុយទៅវិញ នំប៉័ងរបស់ពូត្បាល់ មានអនាម័យត្រឹមត្រូវហើយឈ្ងុយឆ្ងាញ់ទៀត។
លោកបន្តថា តាមពិតទៅលោក អាន សុទ្ធា ហៅពូ ត្បាល់ ជាជនមានពិការភាព ស្វិតជើងម្ខាង ហើយគាត់មិនអាចធ្វើដំណើរបានស្រួលទេ។ របរនេះជារបរតាមបែបបុរាណរបស់គាត់ ហើយក៏សមល្មមនឹងភាពពិការរបស់គាត់ដែលអាចគ្រាន់តែរកប្រាក់ចិញ្ចឹមប្រពន្ធកូនបានសមរម្យ។ រីឯឡនំប៉័ងរបស់គាត់ ១ ឆ្នាំ ត្រូវរុះរើធ្វើថ្មីម្តង មិនអាចជាប់រហូតដូចឡអគ្គិសនីទេ។
លោកមេឃុំនិយាយថា៖ «អ្នកលក់នំប៉័ងនៅផ្សារក្នុងស្រុកប្រាសាទបាគង យកតែនំប៉័ងគាត់ទៅលក់ទេ ព្រោះវាឈ្ងុយឆ្ងាញ់។ សូម្បីតែខ្ញុំខ្លួនឯងពេលទៅប្រជុំមានពេលខ្លះក៏ខ្ញុំទិញ ៥០ នំអី យកទៅចែកគ្នាហូបដែរ»៕