បុរស ៤ នាក់បានរងការចោទប្រកាន់ ហើយនឹងត្រូវជំនុំជំរះពីបទលួចបង្គន់មាស ១៨ ការ៉ាត់ ពីវាំងមួយកន្លែងនៅភាគខាងត្បូងនៃប្រទេសអង់គ្លេស ពោលគឺកន្លែងដែលបង្គន់មាសនោះត្រូវបានគេរក្សាទុកដើម្បីដាក់តាំងពិពណ៌សិល្បៈ មុនពេលមានគេលួចយកទៅនៅឆ្នាំ ២០១៩។ នេះបានតាមការឱ្យដឹងរបស់រាជអាជ្ញា កាលពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា បង្គន់មាសដែលមានឈ្មោះ «America» នោះ មានតម្លៃប្រមាណ ៥,៩ ដុល្លារអាមេរិក និងត្រូវបានដាក់តាំងក្នុងពិពណ៌ដោយវិចិត្រករច្នៃគំនិតជនជាតិអ៊ីតាលីមួយរូប នៅវាំង Blenheim ដែលជាកន្លែងទាក់ទាញទេសចរណ៍ដ៏សំខាន់នៅអង់គ្លេសនិងជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
សេវាអយ្យការវាំងចក្រភពអង់គ្លេស (CPS) បានឱ្យដឹងថា បុរសឈ្មោះ James Sheen អាយុ ៣៩ ឆ្នាំ រងការចោទប្រកាន់ពីបទលួច ១ ករណី និង ២ ករណីទាក់ទងនឹងការផ្ទេរទ្រព្យសម្បត្តិផ្នែកព្រហ្មទណ្ឌ។
ចំណែកឯបុរស ៣ នាក់ផ្សេងទៀត រួមមានលោកMichael Jones លោក Fred Doe និងលោក Bora Guccukដែលទាំងអស់គ្នាសុទ្ធតែមានអាយុ ៣០ ឆ្នាំ ក៏រងការចោទប្រកាន់ពីបទលួចនេះផងដែរ។
បើតាមប៉ូលិសចក្រភពអង់គ្លេស នៅក្រុមចោរចូលលួចក្នុងវាំងដោយជិះរថយន្ត ២ គ្រឿងចូលទៅ ហើយលួចបង្គន់មាសយកទៅនៅម៉ោងប្រហែល ៥ ព្រឹកព្រលឹម ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៩កន្លងទៅនេះ។
ជុំវិញបញ្ហានេះ គេមិនទាន់ដឹងច្បាស់ថា តើបង្គន់នោះរកឃើញវិញហើយឬនៅទេស្របពេលដែលអាជ្ញាធរអង់គ្លេសមិនបានបញ្ចេញព័ត៌មានលម្អិតជុំវិញបញ្ហានេះ ខណៈបុរសជាប់ចោទទាំង ៤ នាក់ នឹងចូលបំភ្លឺនៅតុលាការនៅថ្ងៃទី ២៨ ខែវិច្ឆិកា ខាងមុខ៕