ព្រះនាង នរោត្តម ជេនណា ដែលសិល្បការិនីដ៏មានទេពកោសល្យបានបង្ហាញក្ដីរំភើបក្រៃលែងក្នុងនាមជាទូតសុឆន្ទៈ ដែលនឹងធ្វើការសម្តែង នាឱកាសប្រារព្ធខួបលើកទី១០ នៃការកកើតនៃ Shanty Town Spirit ជាសមាគមសប្បុរសធម៌បានបំពេញបេសកកម្មជាង១ទសវត្សរ៍ដើម្បីផ្លាស់ប្តូរជីវិតជនទីទ័ល និងងាយរងគ្រោះបំផុតនៅក្នុងរាជធានីភ្នំពេញ។
នៅក្នុងសន្និសីទសារព័ត៌មាននៅ Raffles Le Royal កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ព្រះនាងបានលើកឡើងថា៖ «កាលពី១០ឆ្នាំមុន ព្រះនាង Ermie និងព្រះអង្គម្ចាស់នរោត្តម ណារិទ្ធិពង្យ បានបង្កើតសមាគមមួយដើម្បីជួយជ្រោមជ្រែងទៅដល់ជនក្រីក្រ ជួយឱ្យពួកគាត់បាននូវតម្រូវការចាំបាច់ ជំនាញ ការសិក្សា ការថែទាំរក្សាអនាម័យ ការអប់រំ ទទួលបានការថែរក្សាសុខភាពល្អ និងសកម្មភាពជួបជុំសប្បាយរីករាយជាច្រើនទៀត»។
នៅក្នុងសន្និសីទសារព័ត៌មាននៅ Raffles Le Royal ក្នុងការរៀបចំព្រឹត្តិការណ៍ 'Thank You' នៅថ្ងៃទី 7 ខែធ្នូ ដើម្បីប្រារព្ធខួប 10 ឆ្នាំនៃការបង្កើតការផ្លាស់ប្តូរ Shanty Town Spirit ព្រះនាង Jenna បានចាត់ទុកកិច្ចការរបស់ សមាគម Shanty Town ក្នុងការផ្ដល់ «សុភមង្គល»ដល់សហគមន៍ក្រីក្រថាជាបេសកកម្មដ៏«អស្ចារ្យ»។
ព្រះនាង ជេនណា បានសម្ដែងចំណាប់អារម្មណ៍ទៀតថា៖ «វាពិតជាប្រពៃណាស់ ដែលយើងបានឃើញសមាគមរួមចំណែកផ្ដល់កក់ក្ដៅទៅកាន់សហគមន៍របស់ខ្លួន។ខ្ញុំក៏ទន្ទឹងរង់ចាំឱ្យកម្មវិធីគម្រប់ខួប ១០ ឆ្នាំ របស់សមាគ Shanty Town Spirit ឱ្យមកដល់កាន់តែឆាប់ៗ ហើយខ្ញុំក៏មានការសម្ដែងនៅក្នុងកម្មវិធីហ្នឹងដូចគ្នាដែរ។ ខ្ញុំសង្ឃឹមថាសមាគម Shanty Town Spiritនឹងទទួលបានការគាំទ្រឱ្យកាន់តែច្រើនជាងនេះទៀត»។
សមាគម Shanty Town Spirit ត្រូវបានបង្កើតឡើងដោយព្រះនាង Ermine និង ព្រះអង្គម្ចាស់ នរោត្តម ណារិទ្ធិពង្ស នរោត្ដម ក្នុងឆ្នាំ ២០១៣ ក្នុងគោលបំណងលើកកម្ពស់គុណភាពជីវិតសម្រាប់សហគមន៍ក្រីក្រមួយចំនួនក្នុងរាជធានីភ្នំពេញ។
ក្នុងវត្តមានចូលរួមជាមួយព្រះនាង ជេនណាដែលជាទូតសុឆន្ទៈរបស់សមាគមនៅក្នុងសន្នីសីទសារព័ត៌មាននោះ រួមមាន មានម្ចាស់ក្សត្រី Ermine និងព្រះអង្គម្ចាស់នរោត្តម ណារិទ្ធិវង្ស ព្រមទាំងតំណាងអ្នកឧបត្ថម្ភ Urban Village, Eden Group, Pernod Ricard Cambodge, Halys, Legend Cinema និង Raffles Le Royal ។
ព្រះអង្គម្ចាស់ នរោត្តម ណារិទ្ធិពង្ស បានឆ្លៀតឱកាសនេះ ដើម្បីថ្លែងអំណរគុណដល់សប្បុរសជន និងម្ចាស់ឧបត្ថម្ភរបស់សមាគម សម្រាប់ការគាំទ្រដ៏មានតម្លៃរបស់ពួកគេក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
ព្រះអង្គម្ចាស់ ណារិទ្ធីពង្ស មានថ្លែងថា៖ «នៅពេលដែលភរិយាខ្ញុំសម្រេចចិត្តបង្កើត Shanty Town Spirit ជាច្រើនឆ្នាំមុន ពួកយើងមិនអាចនឹកស្មានថាសមាគមនឹងមកដល់ឆ្ងាយប៉ុណ្ណានោះទេ។
លោកបណ្ឌិត Ben Li និងអ្នកស្រី Catherine Chan ស្ថាបនិក Urban Village and Factory Phnom Penh និងអ្នកឧបត្ថម្ភដ៏មានមោទនភាពនៃសមាគម Shanty Town Spirit ក្នុងរយៈពេលប្រាំមួយឆ្នាំកន្លងមកនេះ បាននិយាយថា ចក្ខុវិស័យរបស់សមាគមក្នុងការកសាងអនាគតបានឆ្លុះបញ្ចាំងពី
លោក Li បានបន្តទៀតថា៖ «យើងរីករាយណាស់ដែលបានឃើញ Shanty Town Spirit ឈានដល់ចំណុចសំខាន់នេះ ហើយជាពិសេសសម្រាប់មិត្តរបស់យើងព្រះនាង Ermine ដោយសារតែព្រះនាងមានចិត្តសប្បុរស និងស្មោះសរបែបនេះ»។
អ្នកស្រី Catherine Chan បាននិយាយថា៖ «ទាំងអស់នេះវាប្រៀបបីដូចជាការវិនិយោគដែរ ដោយព្រះនាងបានវិនិយោគញើសឈាមកម្លាងកាយ និងគំនិតធ្វើ រហូតដល់ទទួលបានផ្លែផកកាគួរជាទីមោទនៈ ហើហយយើងទន្ទឹងរង់ចាំដំណាក់កាលជោគជ័យជាច្រើនបន្តបន្ទាប់ទៀត»។
ជាមួយនឹងការឧបត្ថម្ភគាំទ្រសមាគមអស់រយៈពេល៦ឆ្នាំ លោក Ben Li បានបន្ថែមថា៖ «Shanty Town Spirit ពិតជាកំពុងបង្កើតអនាគតសម្រាប់មនុស្សជំនាន់ក្រោយ។ មនុស្សជំនាន់ក្រោយពិតជាតំណាងឱ្យអនាគតហើយយើងពិតជាកំពុងបង្កើតអនាគតដ៏ល្អមួយសម្រាប់ក្មេងៗតាមរយៈការជួយធានាថា យុវជនកម្ពុជា ទទួលបានការអប់រំមិនថាពួកគេកំពង់ស្ថិតនៅទីណា»។
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ សមាគមបានផ្តោតលើចំណុចស្នូលទាំងប្រាំនៃសុខភាព ការអប់រំ អនាម័យ សកម្មភាពកម្សាន្ត និងតម្រូវការពិសេស ដើម្បីផ្តល់ឱ្យសហគមន៍ជាង ៣០០ នាក់ ជាមួយនឹងសម្ភារៈបរិក្ខារ និងឱកាសជាមូលដ្ឋានដែលពួកគេសមនឹងទទួលបាន ដើម្បីភាពរីកចម្រើន។
ក្នុងចំណោមភាពជោគជ័យក្នុងការជួយសហគមន៍ក្រីក្រ រឿងរ៉ាវដ៏រំជួលចិត្តមួយ គឺការកែប្រែជីវិតបុរសវ័យ ២៤ ឆ្នាំម្នាក់រហស្សនាម Lockman ដែលលោកជាជនមានពិការភាពពីកំណើត និងពុំដែលចេញពីផ្ទះមើលពិភពខាងក្រៅឬប្រាស្រ័យទាក់ទងជាមួយសហគមន៍ទាល់តែសោះ។
ប៉ុន្តែឥឡូវនេះ បន្ទាប់ពីការវះកាត់ជោគជ័យចំនួនបីលើក ដោយប្រើមូលនិធិ Shanty Town Spirit និងការព្យាបាលដោយចលនា យុវជនរូបនេះអាចធ្វើដំណើរលើកៅអីរុញនិងកំពុងរៀនដើរដោយប្រើជើងទម្រ ដែលអាចឱ្យលោកផ្សារភ្ជាប់ខ្លួនទៅនឹងសង្គមបរិស្ថានជុំវិញខ្លួន។
ព្រះនាង Ermine បានពណ៌នាថា Shanty Town Spirit បានឈានដល់អាយុកាលមួយទសវត្សរ៍ហើយព្រះនាងបានសម្ដែងចំណាប់អារម្មណ៍ថា៖ «វាពិតជារំជួលចិត្តណាស់ក្នុងការឈានដល់ចំណុចសំខាន់មួយនេះ ខណៈដែលអ្វីៗ ដែលយើងធ្វើហាក់បីដូចជាដំណើរការយឺតៗ តែពេលវេលាជាក់ស្ដែងវិញពិតលឿនណាស់! យើងបានចាប់ផ្តើមនៅឆ្នាំ២០១៣ ដោយការមើលថែក្មេងតែម្នាក់ ឬពីរនាក់ប៉ុណ្ណោះ»។
ព្រះនាងបន្តថា៖ «ឥឡូវនេះយើងមើលថែមនុស្សរហូតដល់ ៣០០ នាក់ ហើយមិនមែនតែក្មេងទេ ប៉ុន្តែមនុស្សចាស់ ជនពិការ និងអ្នកដែលមានតម្រូវការពិសេស។ ឥឡូវនេះវាជាសហគមន៍មួយដ៏ពេញលេញ»។
ព្រះនាង Ermine បាននិយាយថា៖«ខ្ញុំសូមអរគុណដល់ដៃគូព្រឹត្តិការណ៍របស់យើងទាំងអស់ និងម្ចាស់ជំនួយពីមុនសម្រាប់ការគាំទ្ររបស់ពួកគេក្នុងបេកកកម្មមនុស្សធម៌សប្បុរសធម៌នេះ ជាមួយនឹងការគាំទ្រទាំងអស់ដែលទទួលបានក្នុងរយៈពេល ១០ ឆ្នាំ កន្លងមកនេះ។ ទាំងនេ បង្ហាញពីសីលធម៌នៃស្មារតីតែមួយ បេះដូងតែមួយ សហគមន៍រួមគ្នាតែមួយពិតមែន»៕