ភ្នំពេញ: ការប្រកួតអក្សរសិល្ប៍ឥន្ទ្រទេវីឆ្នាំ ២០២៣ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាន បញ្ចប់ក្នុងពិធីប្រគល់ពានរង្វាន់អបអរសាទរម្ចាស់ជយលាភីទាំង ២ ប្រភេទ គឺអ្នកនិពន្ធប្រលោមលោកខ្លី និងកំណាព្យរឿង។
ការប្រកួតប្រជែងនេះបានទាក់ទាញបេក្ខភាពដាក់បញ្ជូនស្នាដៃចំនួន ១១៤ (ស្នាដៃអ្នកនិពន្ធនារី ៤៥) រួមទាំងប្រលោមលោកខ្លីចំនួន ៨៦ និងកំណាព្យរឿងចំនួន ២៨ បានបង្ហាញពីទេពកោសល្យដ៏រស់រវើកនិងចម្រុះរបស់អ្នកនិពន្ធកម្ពុជា។
លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងនៅថ្ងៃប្រគល់ពានរង្វាន់ «ព្រះនាងឥន្ទ្រទេវី» ឆ្នាំ២០២៣ ដែលរៀបចំឡើងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្ងៃទី ២០ កន្លងទៅថា លោកស្រីអរគុណចំពោះគ្រប់ភាគីដែលមានសុច្ឆន្ទៈថែរក្សាគាំពារព្រលឹងអក្សរសាស្ត្រជាតិដ៏រុងរឿងដោយមានការលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតីដើម្បីតាក់តែងនិពន្ធស្នាដៃប្រលោមលោកនិងប្រលោមកំណាព្យ (កំណាព្យរឿង) មកចូលរួមប្រកួតប្រជែងដើម្បីទទួលបានជយលាភីសម្រាប់ឆ្នាំ ២០២៣ នាឱកាសនេះ។
លោកស្រីបានបញ្ជាក់ថា៖ «លទ្ធផលនេះបង្ហាញឱ្យឃើញថា ការបង្កើតស្នាដៃតែងនិពន្ធ ប្រលោមលោក និងកំណាព្យរឿងដែលជាវណ្ណកម្មមួយយ៉ាងសំខាន់នៃអក្សរសាស្ត្រជាតិទទួលបាននូវការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់កវីនិពន្ធរៀមច្បងនិងអ្នកនិពន្ធជាយុវជនជំនាន់ក្រោយ»។
លោកស្រីបានបន្ដថា ពី ១ ឆ្នាំទៅ ១ ឆ្នាំ ក្រសួងទទួលបាននូវធនធានមនុស្សថ្មីៗ ក្នុងវិស័យតែងនិពន្ធជាបន្តបន្ទាប់។ ថ្វីដ្បិតសមិទ្ធផលទាំងនេះនៅក្មេងខ្ចី មិនទាន់បំពេញបានដូចសេចក្តីប៉ងប្រាថ្នាក៏ពិតមែន ប៉ុន្តែវាជាសកម្មភាពមួយប្រកបដោយអត្ថប្រយោជន៍ដ៏ធំធេង និងជាវិភាគទានមួយដ៏មានតម្លៃក្នុងការជួយបណ្តុះបណ្តាល លើកទឹកចិត្តដល់យុវជនឱ្យស្រឡាញ់ចូលចិត្តការអាន ការសរសេរ ការតាក់តែងនិពន្ធ និងការបោះពុម្ពសៀវភៅដែលនៅក្នុងនោះបង្កប់ទៅដោយការអប់រំពីតម្លៃសីលធម៌ វប្បធម៌ អត្តសញ្ញាណជាតិ និងនវានុវត្តន៍។
ចំពោះពានរង្វាន់ប្រលោមលោកខ្លី ជយលាភីលេខ ៣ (ពានសំរឹទ្ធ) ប្រលោមលោករឿង «រាជិនីល្បុក្កតោ» និពន្ធដោយលោក វង្ស សុភាជ មកពីខេត្តខេត្តព្រៃវែង, ជយលាភីលេខ២ (ពានប្រាក់) ប្រលោមលោករឿង «រចនា» និពន្ធដោយលោកស្រីធា សុភី នៅរាជធានីភ្នំពេញ និងជយលាភីលេខ១ (ពានមាស) ប្រលោមលោករឿង «ព្រលឹងគុហនគរ» និពន្ធដោយលោក ផាត តឿក អ្នកនិពន្ធមកពីខេត្តកំពង់ចាម។
ចំណែកឯពានរង្វាន់កំណាព្យរឿងជយលាភីលេខ៣ (៣នសំរឹទ្ធ) កំណាព្យរឿង «សម្បាច់នារី» និពន្ធដោយលោក ទៀង ធន មកពីខេត្តខេត្តព្រៃវែង, ជយលាភីលេខ ២ (ពានប្រាក់) កំណាព្យរឿង «រំដួលវតី» និពន្ធដោយលោក សុវណ្ណ សិរីវឌ្ឍ រាជធានីភ្នំពេញ និងជយលាភីលេខ ១ (ពានមាស) កំណាព្យរឿង «វណ្ណៈស្នេហ៍ប្រែពណ៌» និពន្ធដោយលោក ចំរើន សុភ័ក្ត្រ មកពីខេត្ដកំពត។
លោក អ៊ុន សុខហ៊ាង ជាគណៈកម្មការផ្នែកប្រលោមលោក បានឱ្យដឹងថា ស្នាដៃទាំងនោះសុទ្ធតែជាស្នាដៃល្អៗ ដែលឈរលើតថភាពសង្គម ទស្សនវិជ្ជាមាន ជាពិសេសបានលើកកម្ពស់នៃតម្លៃស្ដ្រី។
យ៉ាងណាមិញ លោកបានលើកឡើងថា ក្នុងចំណោម ៨៦ ស្នាដៃ ផ្នែកអត្ថន័យ អត្ថរសនិងអត្ថរូបស្ទើរតែគ្រប់ស្នាដៃ ពុំទាន់បានល្អគ្រប់ជ្រុងជ្រោយនៅឡើយ។
លោកថ្លែងថា៖ «អ្នកនិពន្ធខ្លះមិនគួរជ្រើសរើសស្នាដៃមួយចំនួន ដែលមិនបានផ្ដល់អត្ថប្រយោជន៍ដល់សង្គមនោះទេ។
លោក សុខហ៊ាង បានចែករំលែកបទពិសោធន៍ និងចំណេះដឹងផ្នែកនិពន្ធប្រលោមលោកខ្នាតខ្លីចំនួន៥ចំណុចដល់បេក្ខជន ដោយផ្ដល់ពីការស្វែងយល់នូវពាក្យប្រលោមលោកខ្នាតខ្លី ការរៀបចំឈុតឆាកជាទម្រង់រឿង ចលនាបត់បែនទៅតាមភាពប៉ិនប្រសប់ និងការជ្រើសរើសសាច់រឿងថ្មីសម្រាប់ការដាក់ប្រកួតប្រជែង ក៏ដូចជា ការបង្ហាញពីគោលបំណងជាតិនិយម។
អ្នកស្រី លឹម ផាន់ណា មកពីគណៈកម្មការកំណាព្យរឿងបានឱ្យដឹងថា ឆ្នាំនេះ មានបេក្ខជនដាក់ពាក្យប្រកួតប្រជែងផ្នែកកំណាព្យរឿងមាន២៨ស្នាដៃដែលបេក្ខនារីមានចំនួន ៩ រូប។
អ្នកស្រីបានបន្ដថា ក្រោយការពិនិត្យជម្រើស ជម្រុះ ចម្រាញ់ ស្នាដៃមួយចំនួនមានភាពល្អប្រសើរទៅលើអត្ថន័យ អត្ថរសនិងអត្ថរូប។
យ៉ាងណាមិញ អ្នកស្រី ផាន់ណា ជាម្ចាស់ជយលាភីស្នាដៃឆ្នាំ ២០១៩ បានលើកឡើងពីចំណុចខ្វះខាតរបស់បេក្ខជនមួយចំនួនថា៖«បេក្ខជនខ្លះនៅមានបញ្ហាផ្នែកចុងចួន ហើយរឿងខ្លះមានទម្រង់ជាអត្ថបទកាព្យ តែមិនត្រឹមត្រូវតាមក្បួនកាព្យឡើយ។ បេក្ខជនខ្លះទៀត ប្រើកំណាព្យច្រើនបទ តែពេលប្ដូរពីកាព្យមួយទៅកាព្យមួយមិនបានភ្ជាប់ចុងចួនឡើយ ខណៈស្នាដៃខ្លះបានបន្ទាបបន្ថោកតម្លៃស្ដ្រី»។
អ្នកស្រី បានលើកឡើងពីគន្លឹះ៤ចំណុចសម្រាប់បេក្ខជន និងបេក្ខនារីត្រិះរិះពិចារណាថា អ្នកនិពន្ធត្រូវច្បាស់អំពីក្បួនតែងកាព្យ ការបង្កើតសាច់រឿងដែលជាស្នាដៃថ្មីរបស់ខ្លួន ទំហំរឿង ដែលស័ក្ដិសមទៅនឹងសាច់រឿងដោយមិនបានប្រើប្រាស់តួអង្គអសកម្មច្រើន និងការពិនិត្យផ្ទៀងផ្ទាត់។
លោក ចំរើន សុភ័ក្ដ្រ មកពីខេត្ដកំពត ជាម្ចាស់ពានរង្វាន់លេខ១ផ្នែកកំណាព្យរឿង «វណ្ណៈស្នេហ៍ប្រែពណ៌» បានឱ្យដឹងថា នេះគឺជាការចូលរួមប្រកួតប្រជែងលើកទី២របស់លោកក្រោយពីឆ្នាំ២០២២ ដែលលោកមិនបានឈ្នះពានរង្វាន់ឡើយ។
លោកបានថ្លែងថា លោកមានក្ដីរំភើបរីករាយដែលបានឈ្នះពានរង្វាន់លេខមួយក្នុងចំណោម២៨ស្នាដៃរបស់បេក្ខជនកវីនីពន្ធ ដោយពួកគេខ្លះជាអ្នកនិពន្ធជើងចាស់ផងដែរ។
លោកបានថ្លែងទទួលស្គាល់ថា៖«ថ្វីដ្បិតតែកំណាព្យរឿងមួយនេះទទួលបានជយលាភីលេខ១យ៉ាងណាក៏ដោយ ក៏ស្នាដៃមួយនេះនៅមានចំណុចខ្វះខាតដែលទាមទារឱ្យមានការកែលម្អបន្ថែមទៀត។
រឿង «វណ្ណៈស្នេហ៍ប្រែពណ៌» ប្រឌិតឡើងជាកំណាព្យបទចម្រុះ រួមមាន បទកាកគតិ បទបន្ទោលកាក បទព្រហ្មគីតិ បទពាក្យ៧ បទពាក្យ៨ បទពាក្យ៩ ដែលមានទាំងអស់៤០០ល្បះ។
ស្នាដៃនេះ អ្នកពិន្ធបានឡើងក្នុងបំណងផ្ញើសាររួមចំណែកលុបបំបាត់ទស្សនអវិជ្ជមានមួយចំនួនក្នុងសង្គម ដូចជា ការរំលោភសិទ្ធិនារីក្នុងហាងផឹកស៊ី ការរើសអើងវណ្ណៈក្នុងការទុកដាក់គូស្រករ ការផឹកស្រានាំឱ្យមានបញ្ហាក្នុងពេលបើកបរ ក៏ដូចជា ការប្រើកំហឹងខ្វះការពិចារណានាំឱ្យអន្ដរាយដល់ខ្លួន គ្រួសារ និងសង្គមជាដើម។
ម្ចាស់ជយលាភីរូបនេះបានលើកតម្កើងតម្លៃស្ដ្រីជាដៃគូស្មើភាពជាមួយបុរស ក្នុងការរួមដំណើរដ៏សំខាន់ចំពោះការអភិវឌ្ឍគ្រួសារ និងសង្គមលើគ្រប់វិស័យ។
លោកបានឱ្យដឹងថា៖ «ទោះបីជាស្ដ្រីមិនបានបញ្ចប់ការសិក្សាយ៉ាងណាក៏ដោយ ក៏ជំនាញកាត់ដេររបស់គាត់គឺជាបំណិនជីវិតដ៏ចម្បងសម្រាប់រូបគាត់ និងគ្រួសារ។ ដោយភាពស្មោះត្រង់ និងឧស្សាហ៍ព្យាយាម ដែលទទួលបានការអាណិតស្រឡាញ់ពីម្ចាស់ហាងកាត់ដេរផងនោះ នាងក៏បានក្លាយជាកូនប្រសាស្រីម្ចាស់ហាងថែមទៀត»។
លោកកុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន បានឱ្យដឹងថា ការប្រឡងតែងនិពន្ធប្រលោមលោកខ្នាតខ្លីនិងកំណាព្យរឿង គឺជាចក្ខុវិស័យមួយក្នុង ចំណោមចក្ខុវិស័យសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដើម្បីលើកស្ទួយ ការពារ និង ថែរក្សាអក្សរសិល្ប៍ អក្សរសាស្ត្រជាតិ។
លោកបានថ្លែងថា៖«ឆ្នាំ២០២៣នេះ គឺជាឆ្នាំទី២៣នៃការប្រឡងស្នាដៃតែងនិពន្ធប្រលោមលោក និងកំណាព្យរឿងដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាឆ្នាំទី៩ នៃការប្រគល់ពានរង្វាន់អក្សរសិល្ប៍ឥន្ទ្រទេវី ជាពាន១មានវ័យចំណាស់ជាងគេ គឺចាប់បដិសន្ធិឡើងតាំងពីឆ្នាំ១៩៦០»។
ក្រៅពីពានរង្វាន់ព្រះនាងឥន្ទ្រទេវី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំប្រឡងស្នាដៃតែងនិពន្ធពានរង្វាន់ចំនួន១៧ ទៀតស្ថិតក្រោមឈ្មោះផ្សេងៗ។ ចាប់តាំងពីឆ្នាំ២០១៩ដល់បច្ចុប្បន្ន គឺពានរង្វាន់ ព្រះនាងឥន្ទ្រទេវី ទី ៩។
លោកស្រី សាន់ណារ៉ា បានថ្លែងថា៖ «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមផ្តល់នូវទស្សនាទានមួយចំនួនដល់អ្នកនិពន្ធ កវីនិពន្ធ និងអ្នកបង្កើតស្នាដៃអក្សរសិល្ប៍។ អ្នកនិពន្ធ១ ត្រូវមានអត្តសញ្ញាណ១ ឬវិសេសភាព១ ក្នុងស្នាដៃរបស់ខ្លួនដោយប្រកាន់ឱ្យបានខ្ជាប់នូវមុខងារពុទ្ធិ អប់រំ និងសិល្ប៍សោភ័ណ។
លោកស្រី បានបន្ថែមថា អ្នកនិពន្ធ គឺជាទិព្វមន្តដែលអាចប្រោះព្រំអ្នកគិតអវិជ្ជមានទៅគិតវិជ្ជមាន ពីអ្នកមានភាពងងឹតល្ងង់ទៅមានភាពឈ្លាសវៃ និងពីការគេងសុបិនទៅជាការពិត។ អ្នកនិពន្ធ គឺជាវិស្វករព្រលឹង និងជាសត្វឥន្ទ្រីដែលប្រាប់ទិសនៃខ្យល់បក់និងមានអានុភាពឆាបឆក់ឥន្ទ្រីយារម្មណ៍ ព្រមទាំងបេះដូងអ្នកអាន អ្នកស្តាប់ និងអ្នកទស្សនា។
អ្នកនិពន្ធ គឺជាអ្នកមានទេពកោសល្យឯក ប្រកបដោយសីលធម៌ គុណធម៌ និងការទទួលខុសត្រូវចំពោះស្នាដៃរបស់ខ្លួន។ ការចង់ក្លាយជាអ្នកនិពន្ធ មិនមែនជាការងាយស្រួលទេ តែវាក៏មិនលំបាកហួសពីសេចក្តីប៉ងប្រាថ្នា និងការតាំងចិត្តប្រកបដោយវីរិយភាពនោះដែរ។
លោកស្រី សាន់ណារ៉ា បានណែនាំឱ្យអ្នកនិពន្ធចោទសួរខ្លួនឯងថា មុននឹងក្លាយជាអ្នកនិពន្ធ ស្មេរ ឬ តែងនិពន្ធ តើចង់ល្បីឈ្មោះ ឬចង់ក្លាយជាអ្នកមាន ដោយអ្នកនិពន្ធត្រូវថ្លឹងថ្លែងឱ្យបានច្បាស់លាស់រវាងមនសិការ និងបញ្ហាសេដ្ឋកិច្ច៕