
គ្រួសារដ៏ធំរបស់ភ្ញៀវសញ្ជាតិអាមេរិកកាំង ដែលមានកូនប្រុសចំនួន ៤ មកទស្សនាតំបន់ប្រាសាទអង្គរនាពេលថ្មីៗនេះ។ រូបថត ហ្វេសប៊ុក មាស សុវណ្ណារ័ត្ន
សៀមរាប: កាលពី ២ ទសវត្សរ៍មុន ប្រាសាទអង្គរវត្តកម្ពុជា បានដើរតួនាទីលើសពីតំបន់បេតិកភណ្ឌពិភពលោកដ៏អស្ចារ្យរបស់អង្គការយូណេស្កូ តែជាទីសួគ៌ាសម្រាប់គូស្នេហ៍ជនជាតិអាមេរិក ខណៈភាគីបុរសបានសុំចិត្ដរៀបការពីមិត្ដស្រី។
លោក មាស សុវណ្ណារ័ត្ន មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាអង់គ្លេសកាលពីពេលថ្មីៗនេះ បានបង្ហោះនៅលើហ្វេសប៊ុកដើម្បីចែករំលែករឿងរ៉ាវស្នេហាដ៏ផ្អែមល្ហែមដែលស្ថិតនៅក្បែរចម្លាក់ជញ្ជាំងប្រាសាទបុរាណនៃអច្ឆរិយៈប្រវត្តិសាស្ត្រនេះ។

គូស្នេហ៍ជនជាតិអាមេរិក ខណៈភាគីបុរសបានសុំចិត្ដរៀបការពីមិត្ដស្រីកាលពី ២ ទសវត្សរ៍មុន។ រូបថត ហ្វេសប៊ុក មាស សុវណ្ណារ័ត្ន
ការបង្ហោះរបស់លោក សុវណ្ណារ័ត្ន បង្ហាញពីរូបថតដ៏អាលោះអាល័យកាលពី ២០ ឆ្នាំមុន ដែលភាគីខាងបុរសបានលុតជង្គង់ក្បែរចម្លាក់ជញ្ជាំងដ៏ប្រណីតនៃប្រាសាទអង្គរវត្ត ដើម្បីសុំមិត្តស្រីរបស់គាត់រៀបការ និងរូបថតបច្ចុប្បន្នបង្ហាញពីប្ដីប្រពន្ធមួយគូនេះជាមួយកូន ៤ នាក់។
សំណេររបស់លោក សុវណ្ណារ័ត្ន នៅលើហ្វេសប៊ុក បានបង្ហាញថា៖ «អង្គរវត្ត ប្រទេសកម្ពុជា ជាកន្លែងផ្ដើមស្នេហាគ្រាដំបូងរបស់ភ្ញៀវសញ្ជាតិអាមេរិកកាំងមួយគូនេះកាលពីម្ភៃឆ្នាំមុន។ ថ្ងៃនេះគាត់បានត្រទ្បប់មកទស្សនាអង្គរវត្តជាថ្មីម្តងទៀតម្ភៃឆ្នាំក្រោយជាមួយគ្រួសារដ៏ធំដែលមានកូនប្រុសចំនួន ៤ នាក់ជាចំណងអាពាហ៍ពិពាហ៍! អរុណសួស្តីពីទឹកដីអច្ឆរិយៈ»៕

គ្រួសារដ៏ធំរបស់ភ្ញៀវសញ្ជាតិអាមេរិកកាំង ដែលមានកូនប្រុសចំនួន ៤ មកទស្សនាតំបន់ប្រាសាទអង្គរនាពេលថ្មីៗនេះ។ រូបថត ហ្វេសប៊ុក មាស សុវណ្ណារ័ត្ន
