សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ គ្រោងនឹងតាំងពិព័រណ៍វត្ថុសិល្បៈបុរាណក្វាត ចំនួន ៦ ៩៥៦ គ្រាប់ នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤ ដើម្បីបង្ហាញជូនសាធារណជនជាតិ អន្តរជាតិ អ្នកស្រាវជ្រាវ និងសិស្សានុសិស្សឱ្យមកទស្សនាសិក្សាស្វែងយល់។ នេះបើតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា។
គួររំឭកថា ក្រុមអ្នកស្រាវជ្រាវ នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញវត្ថុសិល្បៈបុរាណក្វាត ចំនួន៦៩៥៦គ្រាប់នេះ នៅឯប្រាសាទកណ្តាលស្រះស្រង់ កាលពីឆ្នាំ២០២០កន្លងទៅ។
លោក គុន ផល្លី មគ្គទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានលើកឡើងថា វត្ថុសិល្បៈបុរាណក្វាត ចំនួន៦៩៥៦គ្រាប់នេះ នឹងដាក់តាំងពិព័រណ៍ជាអចិន្ត្រៃយ៍ក្នុងសាលពិព័រណ៍សារមន្ទីរ។ វត្ថុសិល្បៈនេះ មានបីប្រភេទ គឺពណ៌ស្វាយ (កែវណាំហ្វាន) Amethyst ពណ៌លឿង (ស៊ីទ្រីន) Citine និងពណ៌សថ្លា (គ្រីស្តាល់) Crystal។
លោកបញ្ជាក់ទៀតថា៖«ក្រៅពីការដាក់តាំងក្វាតនេះ ក៏មានការដាក់តាំងបង្ហាញនូវវត្ថុមួយចំនួនទៀត ដែលបានមកពីកន្លែងតែមួយនៅប្រាសាទកណ្ដាលស្រះស្រង់ដែរដូចជា រូបអណ្ដើកថ្ម អាវុធត្រីសូល៍ អាវុធបញ្ចសូល៍ និងចតុសូល៍ជាដើម»។
បើតាម លោក គុន ផល្លី ការតាំងបង្ហាញពិព័រណ៍ជាអចិន្ត្រៃយ៍នេះ ក្នុងគោលបំណងបង្ហាញជូនសាធារណជនជាតិ អន្តរជាតិ អ្នកស្រាវជ្រាវ និងសិស្សានុសិស្សឱ្យមកទស្សនាសិក្សាស្វែងយល់អំពីវត្ថុសិល្បៈ វត្ថុសក្ការៈសម្រាប់បញ្ចុះនៅគ្រឹះប្រាសាទកាលពីសម័យបុរាណ ព្រមទាំងដឹងពីប្រវត្តិសាស្ត្រ វប្បធម៌ សាសនា និងទំនៀមទម្លាប់របស់ជាតិខ្មែរផង។
បើតាម អាជ្ញាធរជាតិអប្សរា ជារៀងរាល់ថ្ងៃសៅរ៍ដើមខែនីមួយៗ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តែងតែបើកឱ្យភ្ញៀវជាតិ អន្តរជាតិចូលទស្សនាដោយមិនគិតថ្លៃ ដែលនេះ គឺជាចំណុចមួយដ៏ពិសេសសម្រាប់លើកទឹកចិត្តដល់ភ្ញៀវជាតិ អន្តរជាតិ សាធារណជន អ្នកស្រាវជ្រាវ និងសិស្សានុសិស្ស ចូលទស្សនាសារមន្ទីរឱ្យបានកាន់តែច្រើន៕