ភ្នំពេញ: ក្នុងដំណើរឆ្ពោះទៅរកការផ្លាស់ប្តូរវប្បធម៌ និងការទទួលស្គាល់ជាសកល ក្រុមហ៊ុន OCIC Group របស់កម្ពុជាបានសហការជាយុទ្ធសាស្ត្រជាមួយផលិតកម្ម Aloest ក្នុងការនាំយកភាពយន្ត «ទេពហត្ថា» ទៅដាក់បញ្ចាំងនៅប្រទេសបារាំង និងអឺរ៉ុប។
កិច្ចសហប្រតិបត្តិការនេះត្រូវបានលើកឡើងតាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី ១៥ ខែមករា ក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា (MEDEF) ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោក ទា ធារី អគ្គនាយករងក្រុមហ៊ុន Oversea Cambodian Investment Corporation (OCIC) បានថ្លែងថា៖ «អរគុណចំពោះភាពជាដៃគូនេះ ក្រុមហ៊ុន (OCIC) គឺជាអ្នកឧបត្ថម្ភធំក្នុងការនាំយកភាពយន្ត «ទេពហត្ថា» ទៅកាន់អឺរ៉ុប។ ភាពយន្តនេះគ្រោងនឹងចាក់បញ្ចាំងនៅជាង៣០ទីក្រុងទូទាំងប្រទេសបារាំង»។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «កិច្ចសហការរវាងក្រុមហ៊ុន OCIC និងភាពយន្តនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះការគាំទ្រផ្នែកវប្បធម៌ និងសិល្បៈ ខណៈពេលដែលការពង្រឹងវត្តមាន និងឥទ្ធិពលរបស់ខ្លួននៅក្នុងឧស្សាហកម្មភាពយន្តបារាំង»។
ការដាក់បញ្ចាំងខ្សែភាពយន្តនេះនៅក្នុងរោងភាពយន្តបារាំងត្រូវបានកំណត់ពេលសម្រាប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីយុទ្ធនាការផ្សព្វផ្សាយនៅបារាំង ទីក្រុងប្រ៊ុចសែល និងទីក្រុងហ្សឺណែវ ដោយចាប់ផ្តើមនៅសារមន្ទីរសិល្បៈអាស៊ី-ហ្គីមេតនៅទីក្រុងប៉ារីសនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ និងបញ្ចប់នៅឯទីស្នាក់ការកណ្តាលអង្គការយូណេស្កូពិភពលោក ថ្ងៃទី១១ ខែមីនាឆ្នាំ២០២៤ ។
«ទេពហត្ថា» ជាកម្រងឯកសារស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សម្បូរបែបនៃរបាំព្រះរាជទ្រព្យកម្ពុជា និងទម្រង់របាំប្រពៃណីខ្មែរអប្សរា។
ខ្សែភាពយន្តនេះឧទ្ទិសដល់ព្រះរាជវិញ្ញាណក្ខន្ធ សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងជាអ្នកដឹកនាំរបាំព្រះរាជទ្រព្យ ដោយបង្ហាញពីការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់ព្រះអង្គ ដើម្បីការពារកេរដំណែលវប្បធម៌របស់កម្ពុជា ចំពេលមានឧបសគ្គដែលបង្កឡើងដោយសង្គ្រាមខ្មែរក្រហម។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសសូ បានបង្ហាញក្ដីនឹករឭកដល់ការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់សម្ដេចព្រះរៀម បុប្ផាទេវី ចំពោះវប្បធម៌កម្ពុជា។
ទ្រង់បានរំឭកពីព្រះរាជបំណងប្រាថ្នារបស់សម្ដេចព្រះរៀមក្នុងការធានាថា យុវជនជំនាន់ក្រោយបានទទួលការអប់រំល្អអំពីសម្បត្តិវប្បធម៌ខ្មែរ។
ព្រះអង្គម្ចាស់ មានបន្ទូលថា៖ «សម្ដេចព្រះរៀមតែងតែមានបន្ទូលពីអ្វីដែលទ្រង់ដឹង និងបានរៀន ដោយព្រះអង្គចង់រក្សា និងបន្តដល់ក្មេងជំនាន់ក្រោយ ទាំងតាមរយៈខ្លួនសម្ដេចព្រះរៀមផ្ទាល់ និងគ្រូបង្រៀនដទៃទៀត»។
លោក Xavier de Lauzanne អ្នកដឹកនាំរឿងបានថ្លែងថា «ទេពហត្ថា» តំណាងឱ្យការខិតខំប្រឹងប្រែងរយៈពេល ៥ឆ្នាំដ៏អស្ចារ្យ។ ដំណើររឿងនេះរួមបញ្ចូលគ្រប់យ៉ាងតាំងពីគំនិតដំបូង និងការសរសេរសំណេររហូតដល់ការសម្ដែង និងការផលិត គឺមានភាពរំភើប និងមិននឹកស្មានដល់ដូចការនិទានរឿងផ្ទាល់ខ្លួន។
លោកបានថ្លែងថា៖ «យើងចង់ផលិតខ្សែភាពយន្តដែលចាប់យកទាំងភាពស្រស់ស្អាតនៃរបាំបុរាណខ្មែរ និងរឿងរ៉ាវដែលមិនគួរឱ្យជឿនៃប្រវត្តិសាស្ត្រ»។
លោក Xavier បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដាក់បញ្ចាំងខ្សែភាពយន្តនេះនៅប្រទេសបារាំងបន្ទាប់ពីការបញ្ចាំងដំបូងដ៏ជោគជ័យក្នុងប្រទេសកម្ពុជា ជាពិសេសជាមួយនឹងទស្សនិកជនវ័យក្មេង។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍តាមអ៊ីមែលពីប្រទេសបារាំងថា៖ «ការនាំយកភាពយន្តឯកសារប្រវត្ដិសាស្ដ្រនេះទៅកាន់រោងកុននៅអឺរ៉ុបគឺមិនងាយស្រួលទេ។ យើងត្រូវតែធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាមុនសិន។ វាគឺជាសហគមន៍បារាំង-ខ្មែរ ចិន-ខ្មែរ អង្គការក្រៅរដ្ឋាភិបាលបារាំងដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ជា «មិត្តរបស់កម្ពុជា»ទាំងអស់»។
«ទេពហត្ថា» នឹងនាំយកភាពអរិយធម៌ខ្មែរអាយុកាលពាន់ឆ្នាំ និងសិល្បៈដ៏អាថ៌កំបាំងជាព្រះរាជទ្រព្យ និងរបាំបុរាណខ្មែរផ្សព្វផ្សាយដល់មហាជនអឺរ៉ុប។
លោក ធារី បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា៖ «សម្ព័ន្ធOCIC Group នឹងដាក់បញ្ចាំងភាពយន្ត ទេពហត្ថា យ៉ាងទូលំទូលាយនៅតាមរោងកុននានាទូទាំងប្រទេសបារាំង។ លើសពីនេះ វាមានបំណងចង់បង្កើតឱ្យមានទំនាក់ទំនងវប្បធម៌សម្រាប់ជនអន្តោប្រវេសន៍ខ្មែរជំនាន់ទី១ ទី២ និងទី៣ ដែលអនុញ្ញាតឱ្យពួកគេចងចាំ ឬរំឭកឡើងវិញនូវបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ពួកគេ តាមរយៈភាពយន្ត»។
លោកបានបន្តថា ការគាំទ្រដោយធនធានហិរញ្ញវត្ថុដ៏ច្រើន ការគាំទ្រផ្នែកភ័ស្តុភារដ៏រឹងមាំ និងបណ្តាញកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ ខ្សែភាពយន្តនេះត្រូវបានរៀបចំសម្រាប់ដំណើរទេសចរណ៍ដ៏ទូលំទូលាយមួយនៅទូទាំងប្រទេសបារាំង និងបែលហ្ស៊ិក។
លោកបន្ដថា OCIC រំពឹងថា កិច្ចសហការនេះជាកត្តាជំរុញឱ្យមានលទ្ធផលវិជ្ជមានក្នុងលក្ខខណ្ឌនៃការផ្លាស់ប្តូរវប្បធម៌ ឱកាសអាជីវកម្ម និងទំនាក់ទំនងអន្តរជាតិ។
បើតាមលោក ធារី បានឱ្យដឹងថា ក្រុមហ៊ុនមានបំណងនាំយកភាពស្រស់ស្អាតរបស់កម្ពុជាទៅកាន់ពិភពលោក ក្នុងនាមជាប្រទេសមានការរីកចម្រើនយ៉ាងឆាប់រហ័សពោរពេញទៅដោយលទ្ធភាព និងធនធានដែលអាចប្រៀបបាននឹងប្រទេសជិតខាង។
លោក Xavier បានបង្ហាញភាពរីករាយចំពោះការដាក់បញ្ចាំងភាពយន្ដដែលលោកបានផលិតទៅលើទឹកដីកំណើតរបស់លោក និងបានសង្កត់ធ្ងន់លើកិច្ចសហការជាមួយអង្គការបារាំង និងកម្ពុជា។
លោកបានថ្លែងថា៖ «នេះគឺជាអត្ថន័យនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការរវាងផលិតកម្ម Aloest និង OCIC ដែលយើងអាចធ្វើនៅប្រទេសបារាំង ក្នុងសប្តាហ៍នេះ នៅ Medef ដោយវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត »។
លោក Xavier ក៏បានរំឭកដាក់បញ្ចាំងភាពយន្ដនេះនៅក្នុងស្រុក ជាពិសេសនៅតាមសាលារៀន និងជាឯកសារគរុកោសល្យសុពលភាព ដោយក្រសួងអប់រំ និងវប្បធម៌ ហើយភាពយន្ដនេះក៏នឹងដាក់បញ្ចាំងនៅលើវេបសាយ www.the-perfect-motion.com ឆាប់ៗនេះផងដែរ៕