កាលពី​ទី ​២៥ ខែមករា ឆ្នាំ​ ២០២៤ ស្ត្រី​វ័យក្មេង​ជនជាតិ​រុស្ស៊ី​ម្នាក់​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន ២៧ ឆ្នាំ ដោយសារតែ​លោកស្រី​បាន​កាន់​គ្រាប់បែក យកទៅឱ្យ​អ្នកសរសេរ​ប្លុក​គាំទ្រ​យោធា​រុស្ស៊ី​ម្នាក់ ហើយ​ក៏បាន​ផ្ទុះ​ស្លាប់​អ្នកសរសេរ​នោះ​ភ្លាមៗ បន្ទាប់ពី​ជនរងគ្រោះ​បានទទួល​យកទៅ​កាន់​ក្នុង​ដៃ​របស់គាត់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ ២០២៣​។

ស្ត្រី​វ័យក្មេង​ជនជាតិ​រុស្ស៊ី​រូបនេះ​មាន​ឈ្មោះថា ដា​យ៉ា ត្រេ​ប៉ូ​វ៉ា (Darya Trepova) និង​មាន​អាយុ ២៦ ឆ្នាំ​។ តុលាការ​ប្រឆាំង​អំពើ​ភេរវកម្ម​នៅ​ទីក្រុង​សាំង​ពេ​ទឺ​ប៊ឺ​គ (Saint Petersburg) បាន​ចោទ​លោកស្រី​ពីបទ​ផ្ដល់​គ្រឿងផ្ទុះ និង​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​អ្នកសរសេរ​ប្លុក​រូបនោះ​ដែលមាន​ឈ្មោះថា វ្ល៉ា​ដ​ឡេ​ន តា​តា​ស្គី (Vladlen Tatarsky)។

ជាការ​កត់សម្គាល់ ស្ត្រី​រូបនេះ​មិនបាន​បង្ហាញ​អារម្មណ៍​ភ្ញាក់ផ្អើល​អ្វី​ឡើយ​នៅពេលដែល​តុលាការ​កំពុង​ប្រកាស​កាត់ទោស​។ យោងតាម​ការរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី នេះ​គឺជា​ការដាក់ទោស​ស្ត្រី​ដ៏​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​របស់​រុស្ស៊ី​។ ដោយឡែក ក្រុម​មេធាវី​ការពារ​ក្តី​របស់​លោកស្រី កំពុង​រៀបចំ​ប្ដឹង​ឧទ្ធរណ៍​បន្ត​។

លោក តា​តា​ស្គី បាន​ស្លាប់​ដោយសារតែ​គ្រាប់បែក​ដែល​លាក់​នៅក្នុង​រូបចម្លាក់​ដែល​ដូច​ទៅនឹង​រូបគាត់​។ លោកស្រី ត្រេ​ប៉ូ​វ៉ា បាន​ជូន​រូបចម្លាក់​នេះ​ជា​កាដូ​ដល់​លោក តា​តា​ស្គី ក្នុងអំឡុង​ពេលដែល​ពួកគេ​កំពុង​ជជែក​គ្នា​នៅ​ហាង​កាហ្វេ​មួយកន្លែង​ក្នុង​ទីក្រុង​សាំង​ពេ​ទឺ​ប៊ឺ​គ​។ យ៉ាងណាក៏ដោយ លោកស្រី ត្រេ​ប៉ូ​វ៉ា បាន​អះអាងថា លោកស្រី​ត្រូវបាន​គេ​បោក​ប្រើ ដោយ​យល់ច្រឡំ​ថា​រូបសំណាក​នោះ​ផ្ទុក​ឧបករណ៍​ស្រូប​សំឡេង ដោយ​មិន​គិតថា​វា​ជា​គ្រាប់បែក​នោះទេ​។

ក្នុងអំឡុងពេល​បើកសវនាកា​រ លោកស្រី​បាន​រៀបរាប់ថា លោកស្រី​បាន​ធ្វើតាម​ការបញ្ជា​រប​ស់បុរ​សម្នាក់​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​ទំនងជា​ប្រើ​ឈ្មោះ​ក្លែងក្លាយ​ថា ហ្គេ​ស្ទល់ (Gestalt) ។ លោកស្រី​បាន​បន្តថា បុរស​ម្នាក់​នោះបាន​ផ្តល់ប្រាក់ និង​ការណែនាំ​ដល់​រូប​លោកស្រី​អស់​ជាច្រើន​ខែ​មកហើយ មុននឹង​ហេតុការណ៍​ផ្ទុះ​នៅ​ហាង​កាហ្វេ​កើតឡើង​។

ក្រោយ​ហេតុការណ៍​ផ្ទុះ​នោះ​កើតឡើង រុស្ស៊ី​បានប្រកាស​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​ថា ​ជា​អ្នករៀបចំ​សម្លាប់​លោក តា​តា​ស្គី ដែលមាន​ឈ្មោះ​ពិត​ថា លោក ម៉ា​ស្ស៊ី​ម ហ្វូ​មីន (Maxim Fomin)​។ លោក​គឺជា​សមាជិក​ម្នាក់​ក្នុង​ក្រុម​អ្នកសរសេរ​ប្លុក​ដ៏​មាន​ឥទ្ធិពល ដែល​តែងតែ​គាំទ្រ​ការធ្វើ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ពេលខ្លះ​ក៏បាន​សរសេរ​រិះគន់​ចំពោះ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​ផងដែរ​។

យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់​អ៊ុយ​ក្រែ​ន​មិនបាន​ប្រកាស​ទទួលស្គាល់ ឬ​បដិសេធ​ការទទួលខុសត្រូវ​ចំពោះ​ការស្លាប់​របស់លោក តា​តា​ស្គី នោះទេ​។ ជំនួយការ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក មី​ខៃ​ឡូ ផូ​ដូ​ល​យ៉ាក់ (Mykhailo Podolyak) បាន​ហៅ​ព្រឹត្តិការណ៍​មួយ​នេះ​ថា​ជា​អំពើ​ភេរវកម្ម​ផ្ទៃក្នុង​ប្រទេស​រុស្ស៊ី ប៉ុន្តែ​លោកស្រី ត្រេ​ប៉ូ​វ៉ា បាន​ពន្យល់ថា លោកស្រី​បាន​ធ្វើតាម​ការណែនាំ​រប​ស់លោក ហ្គេ​ស្ទល់ ដោយ​គិតថា​គោលបំណង​គឺ​ដើម្បី​លួច​ស្តាប់​សំឡេង​និយាយ​របស់លោក តា​តា​ស្គី ដើម្បី​ប្រមូល​ព័ត៌មាន​ដែល​លោក​បានដឹង​ពី​សង្គ្រាម ដោយសារតែ​លោកស្រី​មិន​គាំទ្រ​ការធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នោះទេ​។

នៅ​ដើម​សប្តាហ៍​នេះ លោកស្រី​បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង​នៅ​តុលាការ ដោយបាន​ទទួលស្គាល់ថា​ដោយសារតែ​ការទុកចិត្ត និង​ភាព​ឆោតល្ងង់​របស់លោក​ស្រី បាន​បណ្តាលឱ្យមាន​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​រហូតដល់​ស្លា​ប់​មនុស្ស​ម្នាក់​។ ថ្លែង​ដោយផ្ទាល់​ទៅកាន់​អ្នក​ដែល​រងរបួស​នៅ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​នោះ និង​ដែល​ពួកគេ​កំពុង​ទារ​សំណង​យ៉ាងច្រើន លោកស្រី​បាន​និយាយថា ចេតនា​របស់លោក​ស្រី​គឺ​មិនមែន​ដើម្បី​បង្ក​គ្រោះថ្នាក់​ដល់​នរណា​ម្នា​ក់ឡើ​យ​។

មេធាវី​ការពារ​ក្តី​របស់លោក​ស្រី​បាន​អះអាងថា លោកស្រី​ក៏​ជា​ជនរងគ្រោះ​ម្នាក់​ផងដែរ ដោយសារតែ​ពេល​កំពុង​ផ្ទុះ លោកស្រី​ក៏​ស្ថិតនៅ​ជិត​នឹង​កន្លែង​ផ្ទុះ ហើយក៏​រងរបួស​ដូចគ្នា​។ ប៉ុន្តែ តំណាង​អយ្យការ​បាន​អះអាងថា លោកស្រី​បានដឹងហើយថា​មាន​គ្រាប់បែក​នៅក្នុង​រូបសំណាក​នោះ ហើយ​មាន​ចេតនា​ចង់​ធ្វើឱ្យ​រុស្ស៊ី​មាន​អស្ថិរភាព និង​បង្ខូច​កេរ្តិ៍ឈ្មោះ​ប្រតិបត្តិការ​យោធា​របស់ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​។

បន្ទាប់ពី​ការផ្ទុះ លោកស្រី ត្រេ​ប៉ូ​វ៉ា បាន​ភ័យ​ស្លន់ស្លោ ហើយ​ដឹង​យ៉ាងច្បាស់​ថា​លោកស្រី​នឹងត្រូវ​ប៉ូលិស​ចាប់ខ្លួន ដូច្នេះ​លោកស្រី​ក៏​លែង​ស្ដាប់​តាម​ការណែនាំ​របស់លោក ហ្គេ​ស្ទល់ ដែល​បាន​ប្រាប់​លោកស្រី​ឱ្យធ្វើ​ដំណើរ​ទៅកាន់​ព្រលានយន្តហោះ ដើម្បី​រត់គេចខ្លួន​ទៅ​ក្រៅប្រទេស​។

ជំនួស​ឱ្យ​ការ​ធ្វើតាម​ការណែនាំ​ឱ្យ​ភៀសខ្លួន លោកស្រី​បាន​ទូរ​សព្ទ​ហៅ​ប្តី បន្ទាប់មក ប្ដី​របស់លោក​ស្រី​បាន​សុំ​ផ្ទះល្វែង​មិត្តភក្ដិ​របស់លោក ឈ្មោះថា ឌី​មី​ទ្រី កា​ស៊ីន​សេវ (Dmitry Kasintsev) ស្នាក់នៅ​មួយ​យប់​។ នៅ​ថ្ងៃ​បន្ទាប់ លោកស្រី​ក៏ត្រូវ​បាន​ចាប់ខ្លួន រីឯ​លោក កា​ស៊ីន​សេវ អាយុ ២៧ ឆ្នាំ ក៏បាន​ទទួល​ការកាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ១ ឆ្នាំ ៩ ខែ ពីបទ​ជួយ​លាក់ខ្លួន​ជនល្មើស បើទោះបី​ជាមាន​សក្ខីកម្ម​ពី​លោកស្រី ត្រេ​ប៉ូ​វ៉ា ថា លោកស្រី​មិន​ធ្លាប់បាន​ជួប​គាត់​ពីមុនមក ហើយ​គាត់​ក៏​មិនមាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​គ្រាប់បែក​នោះ​ក៏ដោយ​៕​