ក្រុងម៉ានិល: ថ្វីតែរូបភាពត្រូវបានបង្ហោះតាំងពីពាក់កណ្ដាលឆ្នាំមុនយ៉ាងណាក៏ដោយ ក៏វាស្ថិតនៅក្នុងការចងចាំ និងល្បីល្បាញពាសពេញបណ្ដាញអ៊ីនធឺណិត នៅពេលប៉ូលិសហ្វីលីពីនម្នាក់បានឆក់យកបេះដូងមហាជន បន្ទាប់ពីបង្ហោះរូបលេងអុកជាមួយនឹងអ្នកទោសក្នុងគុក។
លោក PCpl Arman Louie Buban ដែលធ្វើការនៅការិយាល័យប៉ូលិសខេត្ត Sorsogon បានបង្កការភ្ញាក់ផ្អើលចំពោះការបង្ហោះរូបថតរបស់លោក និងអ្នកជាប់ឃុំ កំពុងលេងអុក ដោយសរសេរចំណងជើងថា «គ្មានជញ្ជាំងណាអាចបំបែកយើងពីការលេងអុកបានទេ»។
លោក Buban បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ Pilipino Star Ngayon Digital ថា ក្នុងនាមជាប្រធានក្លឹបអុកមួយនៅក្នុងទីក្រុង Magallanes ប្រចាំតំបន់ លោកជឿថា មនុស្សគ្រប់រូបមានភាពស្មើគ្នានៅពេលនិយាយអំពីក្តារអុក។
លោកបាននិយាយថា៖ «ខ្ញុំចង់ផ្សព្វផ្សាយហ្គេមអុកសម្រាប់មនុស្សគ្រប់គ្នា ដោយមិនគិតពីទ្រព្យសម្បត្តិ ស្ថានភាពការងារ អាយុ ឬប្រវត្តិ»។
លោក Buban ក៏បានចែករំលែកថា លោកតែងតែសួរអ្នកទោសដែលទើបមកដល់ថ្មីៗថា តើពួកគេចេះលេងអុកដែរឬទេ៕