
មនុស្សវ័យចំណាស់ក្រុងស៊ាងហៃបំបែកប្រពៃណី ចេញក្រៅស្វែងរកដៃគូរ៉ូមេនទិក។ AFP
ក្រុងស៊ាងហៃ: ជាងមួយទស្សវត្សរ៍បន្ទាប់ពី Ikea ព្យាយាមឱ្យពួកគេចេញក្រៅផ្ទះ ក្រុមអ្នកផ្គូរផ្គងគូស្រកសម្រាប់ជនចាស់ជរាចូលនិវត្តន៍នៅទីក្រុងស៊ាងហៃ ដែលប្រមូលផ្តុំរៀងរាល់សប្តាហ៍នៅក្នុងអាហារដ្ឋានរបស់ហាងលក់គ្រឿងសង្ហារឹមនៅតែសកម្មក្នុងការជួបជុំក្រុមរបស់ពួកគេ។
រៀងរាល់ថ្ងៃអង្គារ មនុស្សវ័យចំណាស់រាប់រយនាក់មកកាន់តុអាហារដ្ឋានតាំងពីព្រឹកព្រលឹម ក្រេបទឹកតែ អាហារសម្រន់ និងកាន់គ្រឿងស្រវឹងកំដៅពោះ។
ដោយប្រឈមមុខនឹងភាពឯកោសម្រាប់ប្រជាជនចិនវ័យចំណាស់ ពួកគេបានប្រែក្លាយអាហារដ្ឋាននេះទៅជាទីណាត់ជួបស្នេហ៍វ័យជ្រេរបស់ពួកគាត់។
អតីតនាយកគិលានុបដ្ឋាយិកាចូលនិវត្តន៍ម្នាក់ឈ្មោះ Qingqingបានប្រាប់ AFPថា៖ «មិនមានអ្វីដែលគួរឱ្យខ្មាស់អៀនក្នុងការនិយាយនោះទេ។ វាមិនត្រឹមតែក្មេងដែលត្រូវការសេចក្តីស្រឡាញ់ប៉ុណ្ណោះទេ មនុស្សចាស់ក៏ត្រូវការសេចក្តីស្រឡាញ់ផងដែរ»។

មនុស្សវ័យចំណាស់ក្រុងស៊ាងហៃបំបែកប្រពៃណី ចេញក្រៅស្វែងរកដៃគូរ៉ូមេនទិក។AFP
មនុស្សចាស់ៗទាំងនោះចែករំលែកផ្លែក្រូចឃ្វិច ផឹកតែជជែក និងក្រេបស្រាម្តងម្កាល យ៉ាងសប្បាយក្អាកក្អាយ។
យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថាក្នុងចំណោមមនុស្សជាង ២៩៧ លាននាក់ ដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅនៅក្នុងប្រទេសចិន មួយភាគបួនគឺជាអ្នកនៅលីវ។
ដោយធ្លាប់តែសំកុកឯការនៅក្នុងផ្ទះ មើលថែទាំកូនចៅ មនុស្សចាស់ជាច្រើនឥឡូវនេះរស់នៅដោយខ្លួនឯង។
នៅក្នុងការស្ទង់មតិឆ្នាំ ២០១៦ ដោយសាកលវិទ្យាល័យ Renminទីក្រុងប៉េកាំង មួយភាគបួនមនុស្សអាយុលើសពី ៦០ ឆ្នាំបាននិយាយថា ពួកគេជួបប្រទះភាពឯកា។
លោក Gu Yijun ជាអ្នកបើកបរចូលនិវត្តន៍ បាននិយាយថា៖«ខ្ញុំឯកកោគ្រប់ពេលវេលា។ ខ្ញុំមានអារម្មណ៍ថា ជីវិតគួរឱ្យធុញទ្រាន់ណាស់នៅអាយុរបស់ខ្ញុំ ... ខ្ញុំតែងតែចង់មានដៃគូ»។
បុរសអាយុ ៧៣ ឆ្នាំរូបនេះ បានធ្វើដំណើរជាទៀងទាត់មួយម៉ោងកន្លះតាមរយៈឡានក្រុង ដើម្បីមកជួបជុំគ្នា។ ប៉ុន្តែលោកតាមានការងឿងឆ្ងល់អំពីឱកាសជោគជ័យក្នុងការជួបដៃគូរបស់លោក។
លោក Yijun បានប្រាប់ AFP ថា៖ «វាក៏ជាវិធីសម្រាក និងមានភាពសប្បាយរីករាយមួយផងដែរ។វាល្អជាងនិយាយជាមួយកញ្ចក់តែឯងនៅផ្ទះ ឃើញតែខ្លួនខ្ញុំឆ្លុះបញ្ចាំងពីក្រោយ»។
ក្រុមនេះបានជួបគ្នានៅ Ikea អស់រយៈពេលជាង ១០ ឆ្នាំមកហើយ ទោះបីជាគ្មាននរណាម្នាក់ប្រាកដថាវាចាប់ផ្តើមដោយរបៀបណាក៏ដោយ៕