ភ្នំពេញ​៖ ក្រុម​ចម្រៀង​អន្តរជាតិ​ដ៏​ល្បីឈ្មោះ Musica Felice បាន​ត្រឡប់មក​ឆាក​វិញ​ជាមួយនឹង​ការប្រគំ​តន្ត្រី​សប្បុរសធម៌​លើក​ទី ១៣ របស់​ពួកគេ «Music & Soul» ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃអាទិត្យ ទី ២០ ខែតុលា​នេះ​។​

កម្មវិធី​តន្ត្រី​ដ៏​ពេញនិយម​នេះ​បាន​ក្លាយជា​ចំណុច​លេចធ្លោ​នៃ​ទិដ្ឋភាព​វប្បធម៌​ក្នុង​រាជធានី​ភ្នំពេញ ដែល​ទាក់ទាញ​អ្នក​ចូលចិត្ត​តន្ត្រី​ទូទាំង​ទីក្រុង​។​

​ការប្រគំ​តន្ត្រី​នៅ​ឆ្នាំនេះ​នឹងមាន​ការ​លាយ​បញ្ចូល​គ្នា​នៃ​បទ​ចម្រៀង​ជាច្រើន​ចាប់​ពីបទ​បុរាណ ច្រៀង​ដោយ Édith Piaf ដល់​ចម្រៀង​បែប​ទំនើប​ពី Alicia Keys ជាមួយនឹង​ការសម្ដែង​ដ៏​ភ្ញាក់ផ្អើល​ដើម្បី​ទាក់ទាញ​ទស្សនិកជន​។​

​ការបន្ថែម​ភាព​រំជើបរំជួល​គឺ​ការសម្ដែង​ផ្ទាល់​នៃ​ឈុត​ឆាក​ពី​ខ្សែភាពយន្ត​ដ៏​ល្បីល្បាញ និង​តន្ត្រី Dreamgirls ដែល​នាំមក​ជីវិត​ដោយ​ក្រុម​សម្តែង​ដ៏​មាន​ទេពកោសល្យ​។​

រៀបចំឡើង​នៅក្នុង​សាល Grand Ballroom នៃ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ដែល​សហការ​រៀបចំ​ព្រឹត្តិការណ៍ ««Music & Soul» ជា​រាត្រី​ជួបជុំ​គ្រួសារ ក្នុង​គោលបំណង​ទាំង​ការកម្សាន្ត និង​កម្មវិធី​សប្បុរសធម៌​។​

​ការបរិច្ចាក​សំបុត្រ​មាន​ចាប់ពី ៣ ដុល្លារ​ដល់ ៣០ ដុល្លារ ហើយ​ប្រាក់ចំណូល​ទាំងអស់​នឹង​យកទៅជួយ​ដល់​អង្គការ​កម្ពុជា​ចំនួន​ពីរ​ដែល​បំពេញបេសកកម្ម​ជួយ​កុមារ និង​យុវជន​ដែល​ខ្វះខាត​។​

​អ្នកស្រី Miwako Fujiwara ស្ថាបនិក អ្នកដឹកនាំ​រឿង និង​ជា​ផលិតករ Musica Felice បានឱ្យដឹងថា​៖ «​យើង​ពិតជា​រំភើប​ក្នុង​ការនាំយក​តន្ត្រី​ដ៏​សម្បូរ​បែបនេះ​មកលើ​ឆាក ទាំងអស់​ក្នុងនាម​នៃ​ការជួយ​កុមារ និង​យុវជន​ខ្វះខាត​»​។​

​អ្នកស្រី​បាន​បន្ដថា​៖ «​ក្រុម​ចម្រៀង និង​តួ​សម្តែង​របស់​យើង​បានធ្វើការ​ដោយ​មិន​នឿយហត់ ដើម្បី​ធានាថា​ទស្សនិកជន​រីករាយ​នឹង​ការសម្តែង​ដែល​បំផុសគំនិត​ជួយ​សង្គម និង​មិនអាច​បំភ្លេចបាន​»​។​

ការសម្ដែង​ឆ្នាំនេះ​មាន​សមាជិក​ក្រុម​ចម្រៀង​ចំនួន ២៨ នាក់ និង​អ្នក​សម្ដែង​ចំនួន ១០ នាក់ ដែល​តំណាងឱ្យ ១៩ សញ្ជាតិ​ផ្សេងៗ​គ្នា ដែល​បាន​ស្ម័គ្រចិត្ត​ក្នុង​រយៈពេល ៣ ខែ​កន្លងមកនេះ ដើម្បី​រៀបចំ​សម្រាប់​រាត្រី​ដ៏​ពិសេស​នេះ​។​

​អ្នកស្រី Fujiwara បន្ថែមថា​៖ «​ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ដែលមាន​ក្រុមចម្រុះ​បែបនេះ​បានរួម​ចំណែក​ពេលវេលា និង​ទេពកោសល្យ​របស់​ពួកគេ មិន​ត្រឹមតែ​ដើម្បី​អបអរសាទរ​សិល្បៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដើម្បី​ជួយផ្តល់​ឱកាស​ថ្មីៗ​ដល់​កុមារ និង​យុវជន​កម្ពុជា​"Fujiwara បន្ថែម​»​។​

Musica Felice ជា​អង្គការ​ក្នុងស្រុក​ដែល​បាន​ចុះបញ្ជី​ក្នុងប្រទេស​កម្ពុជា​បាន​ឧទ្ទិស​ដល់​សប្បុរសជន​តាំងពី​ចាប់ផ្តើម​នៅ​ឆ្នាំ ២០១៧ ដោយ​បរិច្ចាគ​ជិត ១១៧,០០០ ដុល្លារ​ដល់​បុព្វហេតុនានា​។​

អ្នកទទួលផល​មួយ​នៃ​ការប្រគំតន្ត្រី​នេះ​គឺ​អង្គការសាលា​ទន្សាយ​ The Rabbit School ដែល​បានផ្តល់​ការអប់រំ និង​តស៊ូ​មតិ​ដល់​កុមារ​ដែលមាន​ពិការភាព​បញ្ញា និង​ជំងឺ​អូ​ទី​ស្សឹម​ក្នុងប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង ២៥ ឆ្នាំ​មកហើយ​។​

សាលា​ដំណើរការ​ក្នុង ១៦ ទីតាំង ដោយ​ផ្តល់​ការអប់រំ​ឯកទេស​ដល់​សិស្ស​ជាង ៧០០ នាក់​ដែលមាន​តម្រូវការ​ពិសេស​។​

ដោយសារ​តម្រូវការ​សេវាកម្ម​របស់​ពួកគេ​កើន​ឡើងជា​បន្តបន្ទាប់ លោក ទូច ហ៊ុន នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក​បាន​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​។​

លោក ទូច ហ៊ុន បាន​និយាយ​ថា៖ «​ការរួមចំណែក​របស់ Musica Felice នឹងមិន​ត្រឹមតែ​ផ្តល់ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​សំខាន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ផ្សព្វផ្សាយ​ការយល់ដឹង​អំពី​បេសកកម្ម​របស់​យើង​ក្នុងការ​ធានាឱ្យមាន​ការ​អប់រំ​ស្មើភាព​គ្នា​សម្រាប់​កុមារ​ទាំងអស់ ដោយ​មិន​គិតពី​សមត្ថភាព​របស់​ពួកគេ»។​

អ្នកទទួលផល​ទី​ពីរ​គឺ Project Khmer H.O.P.E. ជា​អង្គ​ការ​លើកកម្ពស់​​ជីវិត​កុមារកំព្រា និង​កុមារ​ជួប​ការលំបាក ដោយ​ផ្តល់ឱ្យ​ពួកគេ​នូវ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជំនាញ​ដែល​បើកទ្វារ​ទៅរក​ឱកាស​ការងារ និង​ជួយ​បំបែក​វដ្ត​នៃ​ភាពក្រីក្រ​។

អ្នកនាង Susan Goh ប្រធាន​មជ្ឈមណ្ឌល និង​បដិសណ្ឋារកិច្ច​ បាន​និយាយថា៖ «​យើង​មាន​កិត្តិយស​ណាស់​ដែល​ត្រូវបាន​ជ្រើសរើស​ជា​អ្នកទទួលផល​ពី​ការប្រគំ​តន្ត្រី​របស់ Musica Felice​។​ ​ការគាំទ្រ​របស់​ពួកគេ​ពិតជា​នឹងធ្វើ​ឱ្យមាន​ការផ្លាស់ប្តូរ នៅពេលដែល​យើង​បន្ត​បង្កើត​អនាគត​ដ៏​ភ្លឺស្វាង​សម្រាប់​យុវជន​របស់​កម្ពុជា»​។​

ការប្រគំតន្ត្រី​ចាប់ផ្តើម​នៅ​ម៉ោង ៤:៣០ រសៀល​​ នៅ​ថ្ងៃអាទិត្យ ទី ២០ ខែតុលា ឆ្នាំ ២០២៤​​។ សម្រាប់​ព័ត៌មាន​បន្ថែម និង​ការទិញ​សំបុត្រ ឬ​ធ្វើការ​បរិច្ចាគ សូម​ចូលទៅ​កាន់​គេហទំព័រ www.musicafelice.org/concert/13​។​