ភ្នំពេញ៖ ព្រឹត្ដិការណ៍​សំណេរ​អង្គរ​លើក​ទី​ពីរ​ ​នឹង​ត្រូវ​រៀបចំ​ឡើង​នៅថ្ងៃ​អាទិត្យ ទី​១៩ ខែ​មករា ឆ្នាំ​២០២៥ នៅ​ទីតាំង​លើ​ស្ពាន​ហាល​នៃ​ប្រាសាទ​អង្គរវត្ដ​។

អ្វីដែលខុស​គ្នា​រវាង​រដូវកាល​ទីមួយ ការ​ប្រកួត​លើកទីពីរនេះ ត្រូវបាន​បែក​ចែក​ជាពីរ​ក្រុម​ផ្សេង​គ្នា ដោយ​ក្រុម​ទីមួយ បេក្ខជន​មាន​អាយុ​ ១៨​ឆ្នាំ​ចុះក្រោយ​ ដោយ​មិន​កំណត់​អាយុ​ទាប​បំផុត​នោះទេ ហើយ​មួយ​ក្រុម​ទៀត​គឺ​អាយុ​ ១៩ឆ្នាំ​ឡើង​។

លោក លឹម ប៊ុនហុក រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​និយាយ​ក្នុង​សន្និសីទ​កាលពី​ថ្ងៃទី ១៦ ខែ​តុលា​ថា​៖ «យើង​មិន​កំណត់​អាយុ​ទាប​បំផុត​នោះ​ទេ ឱ្យ​តែ​ចេះ​សរសេរអក្សរ​ខ្មែរ​ មាន​ចិត្ដ​ក្លាហាន​​ និង​គិត​ថា ខ្លួន​ឯង​មាន​សមត្ថភាព​ ហើយ​មួយ​ក្រុម​ទៀត​អាយុ​ ១៩ ឡើង​លើ​ដោយ​មិន​កំណត់​ត្រឹម​ណា​ទេ​»។

លោកបាន​ឱ្យដឹងថា ការ​ទទួល​ពាក្យ​ចាប់​ផ្ដើម​ពីថ្ងៃទី ១៦ រហូតដល់​បំណាច់​ខែធ្នូ​ឆ្នាំ​២០២៤ ដែល​រៀបចំ​ឡើង​ដោយ​​ក្រសួង​ការ​បរទេស​ និង​កិច្ចសហប្រតិបត្ដិការ​អន្ដរជាតិ សហការ​ជាមួយក្រសួង​អប់រំ យុវជន និងកីឡា ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ រួម​ទាំង​ក្រសួង​ទេសចរណ៍​។

ដោយ​មិន​មាន​ថវិកា​ក្នុង​ការរៀបចំ​ លោក ប៊ុនហុក បាន​ស្នើ​ឱ្យ​បេក្ខជន​ចេញ​ប្រាក់​វិភាគទាន​ចំណាយ​លើ​ការ​អាវ​យឺត​ផ្ទាល់​ខ្លួន​ដើម្បី​ពាក់​ចូលរួម​ប្រកួត​តម្លៃ ២​ម៉ឺន​រៀល​។

លោក ហួ ឈុនគ្រី អគ្គធិការ​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​អប់រំ យុវជន និងកីឡា បាន​ឱ្យ​ដឹងថា ក្រសួង​បាន​គាំទ្រ​ដល់​ការងារ​បច្ចេកទេស​ក្នុង​ដំណើរការ​នៃ​ការ​រៀបចំ​ការ​ប្រកួត​សរសេរ​តាមអាន​។

លោក​បាន​និយាយថា​៖ «ក្រសួងអប់រំ យុវជន និងកីឡា បាន​រៀបចំ​រួចរាល់​ហើយ​ចំពោះ​លក្ខណៈ​បច្ចេក​ទេស​ ដោយ​រង់​ចាំតែ​ពេលវេលា​មក​ដល់ យើង​ដំណើរ​ការ​តែម្ដង​»។

លោក លឹម ប៊ុនហុក រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ (រូបឆ្វេង) និងលោក ហួ ឈុនគ្រី អគ្គធិការ​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​អប់រំ យុវជន និងកីឡា​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី ១៦ ខែតុលា។ រូបថត សហការី

លោក ឈុនគ្រី ជា​ប្រធាន​គណមេប្រយោគ​ បាន​កម្មវិធី​សំណេរ​អង្គរ បាន​កំណត់​យក​បេក្ខជន​ចន្លោះ​ពី​១០០០ ទៅ ១៥០០​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០២៣ ​លើស​មុន​ប្រមាណ​៥០០​នាក់​។

ចំពោះ​វិញ្ញសារ​សរសេរ​តាមដាន ក្រសួង​ការបរទេសជា​អ្នក​ផ្ដួចផ្ដើម​បំផុស​ប្រធាន​បទ ខណៈ​ក្រសួង​អប់រំ ពិនិត្យ​ក្រប​ខ័ណ្ឌ​លក្ខណៈ​បច្ចេកទេស រួមទាំង​របៀប​នៃ​ការអាន​ដើម្បី​ឱ្យ​បេក្ខជន​សរសេរ​តាម ដោយ​មាន​ការ​ឯកភាព​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ។

ព្រឹត្តិការណ៍​កាលពី​ឆ្នាំមុន ដែល​បាន​ធ្វើឡើង​នៅស្ពាន​ហាល​នៃ​ប្រាសាទអង្គរវត្ត​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​បេតិកភណ្ឌ​អក្សរសាស្ត្រ​របស់​ព្រះរាជាណាចក្រ​ក្រោម​ប្រធានបទ «​អរិយធម៌​អង្គរ​ខ្មែរ»​។​

ការប្រកួត​ឆ្នាំ ២០២៣​ បាន​ទាក់ទាញ​បេ​ក្ខ​ជន​​ដែលមាន​អាយុ​ចាប់ពី ៧ ឆ្នាំ និង​អាយុ ៦៧ ឆ្នាំ ដោយមាន​រង្វាន់​រាប់​ចាប់ពី​រង្វាន់​សាច់ប្រាក់​រហូតដល់​ការ​ស្នាក់នៅ​សណ្ឋាគារ​ប្រណីត​។​

ការ​​ប្រកួត​ប្រជែងសរសេរ​តាមអាន​​​ថ្នាក់ជាតិ​នៅកាលពី​ឆ្នាំ​២០២៣ មាន​បេក្ខជន​ចូលរួម​អាយុ​ចាប់ពី ៧​ ឆ្នាំដល់ ៦៧​ឆ្នាំ​។ រូបថត ភ្នំពេញ​ប៉ុស្ដិ៍

លោក ចេង រតនា អាយុ ២៨ ឆ្នាំ បានឈ្នះ​រង្វាន់​ធំ​​ បន្ទាប់ពី​បង្កើត​កំហុស​តែ​ពីរ​ប៉ុណ្ណោះ​ក្នុងការ​សរសេរ​តាម​អាន​របស់​លោក​​។​
​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ភឿង ស​កុ​ណា បាន​បើក​ព្រឹត្តិការណ៍​កាលពី​ឆ្នាំ២០២៣​ មុនពេល​អាន​អត្ថបទ​សរសេរ​តាម​អាន​ដល់​បេក្ខជន​។​

លោក​ស្រី​បានថ្លែង​ថា៖ «​ប្រជាជន​កម្ពុជា​បានធ្វើការ​យ៉ាង​ខ្ជាប់ខ្ជួន​ដើម្បី​ថែរក្សា​អក្សរសិល្ប៍​ជាតិ​របស់​យើង​តាំងពី​ការចាប់ផ្តើម​រហូតដល់​សម័យ​អាណានិគម​បារាំង នៅពេលដែល​អ្នកខ្លះ​ព្យាយាម​បំប្លែង​វា​ទៅជា​អក្សរ​ឡាតាំង​។​ ​ប្រជាជន​របស់​យើង រួមទាំង​ព្រះសង្ឃ បាន​ខិតខំ​ការពារ​ភាសា​ខ្មែរ​ជា​យូរយារ​ណាស់​មកហើយ​។ វា​ជា​ផ្នែក​ដ៏​មានតម្លៃ​នៃ​អត្តសញ្ញាណ​ជាតិ​របស់​យើង​។ ដរាបណា​វា​ត្រូវបាន​គេ​លើកតម្កើង ខ្លឹមសារ និង​អក្សរ​របស់​ជាតិ​នៅ​ស្ថិតស្ថេរ​»​៕