ភ្នំពេញ៖ ការ​ប្រកួត​ប្រជែង​សរសេរ​តាម​អាន​អក្សរ​ខ្មែរ​ថ្នាក់ជាតិ​លើក​ទី​២ ​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃអាទិត្យ ទី​១៩ ខែ​មករា ឆ្នាំ​​២០២៥ នៅ​ស្ពាន​ហាល​នៃ​​ប្រាសាទអង្គរវត្ត​ ទាក់ទាញ​អ្នក​ចុះឈ្មោះ​​​ចំនួន ៣៥០​ នាក់​គិត​ពី​ថ្ងៃទី​​១៦ ដល់​ថ្ងៃទី ២០​ ខែ​តុលា​ម្សិលមិញ​នេះ។

លោក លាង ដឺលុច នាយក​ប្រតិបត្តិ​ក្លឹប​អ្នកកាសែត​កម្ពុជា (CCJ) បាន​ឱ្យ​ដឹង​ថា៖ «ក្នុង​ចំណោម​អ្នក​ចុះឈ្មោះ ក្មេង​ជាងគេ​គឺជា​ក្មេងប្រុស​អាយុ​ ៦​ឆ្នាំ មកពី​ទីក្រុង​ភ្នំពេញ ហើយ​អ្នក​ចាស់​ជាងគេ​គឺ​បុរស​អាយុ ៧២​ឆ្នាំ មកពី​ខេត្តសៀមរាប»​។ .

វា​បាន​បំបែក​កំណត់ត្រា​នៃ​ការប្រកួតប្រជែង​ឆ្នាំ ២០២៣​ រួចហើយ​ដែល​ឃើញ​បេ​ក្ខភាព​​ក្មេង​ជាងគេ​អាយុ ៧ឆ្នាំ និង​អាយុ ៦៧​ ឆ្នាំ​។​

លោក​ ដឺលុច​ ដែល​​សម្របសម្រួល​ការផ្សាយ​ព័ត៌មាន​សម្រាប់​ព្រឹត្តិការណ៍​នេះ បាន​និយាយថា នេះ​បាន​​​បង្ហាញ​ពី​ការចាប់អារម្មណ៍​កាន់តែខ្លាំង​ឡើង​នៅក្នុង​ការប្រកួតប្រជែង​។​

លោក​បាន​កត់សម្គាល់ថា​៖ «​យើង​ឃើញ​មនុស្ស​គ្រប់​វ័យ​ចូលរួម​តាំងពី​កុមារ​រហូតដល់​មនុស្ស​ចាស់ ដែល​នេះ​បង្ហាញថា ​ការសរសេរ​តាមដាន​អក្សរ​ខ្មែរ​នៅតែមាន​ការស្រឡាញ់​រាប់អាន​ច្រើន​ជំនាន់​»​។​

បេក្ខជន​ជាង​ ៧០០នាក់​បាន​ចូលរួមប្រកួត​ប្រជែង​សរសេរ​តាមដាន​នៅ​ស្ពាន​ហាល​នៃ​ប្រាសាទ​អង្គរវត្ដ​ក្រោម​ប្រធានបទ «​អរិយធម៌​អង្គរ​ខ្មែរ​»​។ រូបថត ភ្នំពេញ​ប៉ុស្ដិ៍​

ការប្រកួតប្រជែង​នៅ​ឆ្នាំនេះ​ណែនាំ​ទម្រង់​ថ្មី ដោយ​អ្នកចូលរួម​ចែកចេញជា​ពីរ​ក្រុម​៖ អ្នក​ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ចុះ​ក្រោ​ម​ដោយ​គ្មាន​កំណត់​ និង​ក្រុម​ដែលមាន​អាយុ​ចាប់ពី ១៩ ឆ្នាំ​ឡើងទៅ​។​

លោក លឹម ប៊ុន​ហុក រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សង្កត់ធ្ងន់ថា មិនមាន​អាយុ​អប្បបរមា​សម្រាប់​ក្រុម​ក្មេង​នោះទេ ដោយ​ស្វាគមន៍​ចំពោះ​អ្នក​ដែលមាន​អារម្មណ៍​ជឿជាក់​លើ​ជំនាញ​សរសេរ​ភាសា​ខ្មែរ​របស់​ពួកគេ​។​

លោក​បាន​ឱ្យដឹងថា​៖ «​យើង​ចង់​លើកទឹកចិត្ត​អ្នក​រាល់គ្នា​ដែល​មានជំនឿថា​អាច​សរសេរ​ជា​ភាសា​ខ្មែរ​ឲ្យ​ចូលរួម​។ សម្រាប់​ក្រុមទី​២ មិនមាន​ការកំណត់​អាយុ​ខ្ពស់​ទេ ដែល​ធ្វើឱ្យ​​ព្រឹត្តិការណ៍​នេះ​បើកចំហ​សម្រាប់​មនុស្ស​គ្រប់​វ័យ​»​។​

កុមារីអាយុ​៧ឆ្នាំម្នាក់​ក្នុង​ចំណោម​អ្នក​ប្រកួត​ជាង ៧០០​នាក់​កាលពី​ឆ្នាំ​២០២៣។ រូបថត ភ្នំពេញ​ប៉ុស្ដិ៍​

កម្មវិធី​សម្រាប់​ព្រឹត្តិការណ៍​នេះ ដែល​រៀបចំ​ដោយ​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និងកីឡា ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ ក៏ដូចជា​ក្រសួង​​ទេសចរណ៍ នឹង​នៅតែ​បើក​រហូតដល់​ចុងខែ​ធ្នូ ឆ្នាំ ២០២៤​​។​

ដោយ​មិន​មាន​ថវិកា​ក្នុង​ការរៀបចំ​ លោក ប៊ុនហុក បាន​ស្នើ​ឱ្យ​បេក្ខជន​ចេញ​ប្រាក់​វិភាគទាន​ចំណាយ​លើ​ការ​អាវ​យឺត​ផ្ទាល់​ខ្លួន​ដើម្បី​ពាក់​ចូលរួម​ប្រកួត​តម្លៃ ២​ម៉ឺន​រៀល​។ 

ទោះបីជា​មានការ​ខ្វះខាត​ថវិកា​ផ្លូវការ​ក៏ដោយ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ដែល​លើសពី​ចំនួន​អ្នកចូលរួម​ប្រកួត​កាលពី​ឆ្នាំមុន​ចំនួន ៧០០ នាក់​។ អ្នករៀបចំ​សង្ឃឹមថានឹង​ឃើញ​អ្នកចូលរួម​ពី ១ពាន់​ទៅ ១៥០០​នាក់​នៅក្នុង​ខែមករា​។​

ការប្រកួតប្រជែងសរសេរតាមអានថ្នាក់ជាតិនៅកាលពីឆ្នាំ២០២៣ មានបេក្ខជនចូលរួមអាយុចាប់ពី ៧ ឆ្នាំដល់ ៦៧ឆ្នាំ។ រូបថត ភ្នំពេញប៉ុស្ដិ៍

លោក ហួ ឈុនគ្រី អគ្គធិការ​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ឱ្យ​ដឹង​ថា ក្រសួង​បាន​គាំទ្រ​ដល់​ការងារ​បច្ចេកទេស​ក្នុង​ដំណើរការ​នៃ​ការ​រៀបចំ​ការ​ប្រកួត​សរសេរ​តាមអាន និង​រៀបចំ​រួចរាល់​ហើយ​ចំពោះ​លក្ខណៈ​បច្ចេក​ទេសជាស្រេច​។

លោក​បាន​បន្តថា​៖ «​យើង​បានកំណត់​លក្ខណៈ​បច្ចេកទេស ហើយ​យើង​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​បន្ត​នៅពេល​ថ្ងៃ​មកដល់​»​។​

សំណេរ​អង្គរ​លើក​ទីពីរ​មាន​គោល​បំណង​កសាង​នូវ​ភាពជោគជ័យ​នៃ​ការ​ប្រកួតប្រជែង​កាលពី​ឆ្នាំមុន ដែល​បាន​ប្រារឰ​ពី​បេតិកភណ្ឌ​អក្សរសាស្ត្រ​កម្ពុជា​ក្រោម​ប្រធាន​បទ «អរិយធម៌​អង្គរ​ខ្មែរ»៕