មនុស្ស​យ៉ាង​ហោច​ណាស់ ៣​ម៉ឺន​នាក់​បាន​ទស្សនា​ផ្ទាល់​ការ​សម្ដែង​​រួម​គ្នា​នៃ​ក្បាច់គុន​​ល្បុក្កតោ​របស់​ខ្មែរ​ និង​ក្បាច់​គុន​សៅលីញ​របស់​ចិន​នៅ​ខេត្ត​ហឺណាន ប្រទេស​ចិន ក្នុង​ពិធីបុណ្យ​ក្បាច់​គុន​សៅលីញ​វូស៊ូ​អន្តរជាតិ​លើក​ទី១៣ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា។

ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​មុខ​ព្រះវិហារ​សៅលីញ​ ក្នុង​តំបន់ Dengfeng ដែល​ជា​ទី​ចាប់​កំណើត​នៃ​ក្បាច់​គុណ កុងហ្វូ របស់​ចិន។

ក្រសួង​ទេសចរណ៍​បាន​ថ្លែង​នៅ​ថ្ងៃ​ទី២០ ខែ​តុលា ​ថា៖ «នេះ​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ប្រកប​ដោយ​មោទក​ភាព​ក្រៃ​លែង និង​មិន​ធ្លាប់​មាន​ពី​មុន​មក​ដែល​មាន​ការ​សម្ដែង​ក្បាច់​គុន​ពី​ប្រទេស​ផ្សេង​ ធ្វើ​នៅ​មុខ​ក្លោងទ្វារ​ព្រះវិហារ​សៅលីញ»។

ការ​សម្ដែង​គុនល្បុក្កតោ​ នៅ​វិហារ​សៅលីញ​ នេះ​គឺ​ជា​ប្ដូរ​ការ​សម្ដែង​នៃ​ព្រឹត្តិការណ៍ «នៅ​ពេល​សៅលីញ​ជួប​ល្បុក្កតោ» ដែល​ធ្វើ​ឡើង​លើក​ទី១ នៅ​ខេត្ត​សៀមរាប កាល​ពី​ខែ​មេសា កន្លង​ទៅ ហើយ​លើក​ទី២​នេះ​នៅ​ខេត្ត​ហឺណាន ប្រទេស​ចិន។ វា​ជាផ្នែក​មួយ​នៃ​ឆ្នាំ​នៃ​ការ​ផ្លាស់​ប្តូរ​ប្រជាជន​និង​ប្រជាជន កម្ពុជា-ចិន ២០២៤។ កីឡាករ​និង​កីឡាការិនី​ល្បុក្កតោ​កម្ពុជា​ ១២​រូប​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ។

បើ​តាម​ក្រសួង​ទេសចរណ៍ ពិធីបុណ្យ​ក្បាច់​គុន​សៅលីញ​វូស៊ូ​អន្តរជាតិ​លើក​ទី១៣ ​នេះ​មាន​ការ​ចូល​រួម​ពី​ប្រទេស​ចំនួន ៥៦​ និង​មាន​កីឡាករ ​សមាគម​ទេសចរណ៍​ ផ្នែក​ឯកជន និង​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ប្រមាណ​១២០០​នាក់​បាន​ចូល​រួម។ បន្ថែម​ពី​លើ​នេះ​ក៏​មាន​ការ​ចូលរួម​របស់​សិស្ស ​គ្រូ ​សម្ដែង​ក្បាច់​គុន មាន​ចំនួន​ប្រមាណ ៣ ម៉ឺន​នាក់​ផង​ដែរ។

លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ពេល​លោក​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​កាល​ពី​ថ្ងៃ​ទី២០ ខែ​តុលា​ថា ព្រឹត្តិការណ៍​នេះ​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដោយសារ​តែ​ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​បង្ហាញ​ និង​ដោត​នៅ​លើ​ឆាក​ នៅ​មុខ​អ្នក​ចូល​រួម​រាប់​ម៉ឺន​នាក់។

លោក​និយាយ​ថា ការ​នេះ​ក៏​បង្ហាញ​ថា កម្ពុជា​ជា​ប្រទេស​ឯករាជ្យ មាន​អធិបតេយ្យភាព និង ស្មើ​​មុខ​ស្មើ​មាត់​ជាមួយ​ប្រទេស​នានា​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។ 

លោក​រៀប​រាប់​ថា ក្បាច់គុន​ល្បុក្កតោ គឺជា​ក្បាច់​គុន​បុរាណ​ខ្មែរ​ដែល​មាន​តាំង​ពី​សម័យ​បុរេ​ប្រវត្តិ។ ស្នៀត​ខ្លះ​នៃ​ក្បាច់​គុន​នេះ​ត្រូវ​បាន​ឆ្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទ​នានា​ ដូចជា​នៅ​ប្រាសាទ​អង្គរវត្ត បាយ័ន បន្ទាយ​ស្រី ប្រាសាទ​បាពួន ប្រាសាទ​សំបូរ​ព្រៃគុក ជាដើម។ ក្បាច់​គុន​នេះ​មាន​ភាព​ចំណាស់​ជាង​ក្បាច់​គុន​សៅលីញ ដែល​មាន​អាយុ​ប្រមាណ​១៥០០​ឆ្នាំ។

លោក ហួត ហាក់ ក៏​បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​ចូល​រួម​ពិធី​នេះ លោក​បាន​បង្ហាញ​ពី​សក្ដានុពល​របស់​កម្ពុជា​លើ​លើ​វិស័យ​ទេសចរណ៍ និង​វិនិយោគ ក្នុង​ពេល​​​លោក​ជួប​ជាមួយ​ក្រុមហ៊ុន​ចិន​ដែល​រក​ស៊ី​ក្នុង​វិស័យ​ពាក់​ព័ន្ធ​នឹង​ទេសចរណ៍​ចំនួន ២២។ ក្រុមហ៊ុន​ទាំង​នោះ​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា។

លោក ឈត ប៊ុនថង អ្នក​ជំនាញ​ទំនាក់​វប្បធម៌ អប់រំ និង​ទេសចរណ៍​ នៃ​រាជបណ្ឌិត​សភា​កម្ពុជា  បាន​ថ្លែង​ថា វា​ជា​រឿង​ល្អ​ដែល​ការ​ផ្លាស់​ប្ដូរ​វប្បធម៌​ កម្ពុជា​និង​ចិន បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។ ការ​សម្ដែង​គុនល្បុក្កតោ​ ដែល​ជា​អត្តសញ្ញាណ​វប្បធម៌ និង​ជា​ផលិតផល​ទេសចរណ៍​ នៅ​កម្រិត​អន្តរជាតិ​បែប​នេះ​ ជួយ​ឲ្យ​ពិភពលោក​ស្គាល់​កម្ពុជា​ អត្តសញ្ញាណ​និង​សិល្បៈ​ខ្មែរ​ កាន់​តែ​ច្រើន។ 

លោក​បន្ត​ថា លើស​ពី​នេះ​ទៀត ការ​ផ្លាស់ប្ដូរ​ការ​សម្ដែង​គុន​ល្បុក្កតោ និង​គុន​សៅលីញ នេះ​ជួយ​លើក​កម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​លើក​ផ្នែក​ការទូត​ សេដ្ឋកិច្ច និង នយោបាយ​ ផងដេរ​ ជា​ពិសេស​លើក​កម្ពស់​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​របស់​ប្រទេស​ទាំង​ពីរ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «នៅ​ពេល​យើង​មាន​ឱកាស​ចេញ​ទៅ​សម្ដែង​នៅ​បរទេស​ច្រើន វា​ជា​ឱកាស​មួយ និង​ជា​កម្លាំង​ជំរុញ​មួយ​ជួយ​ឲ្យ​វប្បធម៌​របស់​ខ្មែរ​រីក​ចម្រើន។ បើ​យើង​អត់​រីក​ច្រើន អត់​មាន​អភិវឌ្ឍន៍​ទេ យើង​ក៏​អត់​មាន​អ្វី​យក​ទៅ​សម្ដែង​ដែរ។ វា​ក៏​ជំរុញ​ឲ្យ​មាន​អ្នក​រៀន​ អ្នក​ហាត់​កាន់​តែ​ច្រើន​ ដែល​ធ្វើ​ឲ្យ​សិល្បករ​ក៏​មាន​ការងារ​ធ្វើ និង​មាន​ឱកាស​បញ្ចេញ​ទេពកោសល្យ​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក ដែល​ជា​រួម​ធ្វើ​ឲ្យ​អត្តសញ្ញាណ​នៃ​វប្បធម៌​ខ្មែរ​រស់ និង​ផ្ដល់​ផល​ប្រយោជន៍​ផ្សេងៗ»៕