ភ្នំពេញ៖ ខណៈពេលដែលប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសជួបជុំក្រុមគ្រួសារប្រារឰពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌយ៉ាងសប្បាយរីករាយនោះ លោក ទីវ តារារិទ្ធិ ស្ថិតនៅក្នុងព្រំប្រទល់ដ៏លំបាករវាងប្រទេសនេប៉ាល់ និងឥណ្ឌា ដោយបន្តបេសកកម្មមនុស្សធម៌រយៈពេលមួយឆ្នាំរបស់លោក។
អ្នកជិះកង់តែម្នាក់ឯងដែលមានមហិច្ឆតាចង់រៃអង្គាសប្រាក់ចំនួន ២៥ម៉ឺនដុល្លារសម្រាប់មន្ទីរពេទ្យកុមារកម្ពុជាកាលពីពេលថ្មីៗនេះបានជួបប្រទះនឹងការលំបាកនៅពេលដែលលោកបានធ្លាក់ពីលើភ្នំដោយចៃដន្យ។ យ៉ាងណាក៏ដោយ លោកនៅតែប្តេជ្ញាចំពោះបុព្វហេតុរបស់ខ្លួន។
លោកបានសរសេរនៅលើបណ្ដាញសង្គមថា៖ ««សូមចូលរួមអបអរសាទរពីចម្ងាយ ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ និងសូមជូរពរបងប្អូនជនជាតិខ្មែរទាំងអស់ជួបតែសំណាងល្អ និងមានសេចក្តីសុខសុភមង្គលគ្រប់ក្រុមគ្រួសារ។ ធ្វើអំពើល្អថ្ងៃនេះ ដោយបរិច្ចាគថវិកាទៅជួយដល់កុមារកម្ពុជាជាច្រើននៅមន្ទីរពេទ្យ»។
លោក តារារិទ្ធិ បានធ្វើដំណើរតាមភ្នំហេមពាន្ដអស់រយៈពេលជិត ១០ថ្ងៃ ដោយស៊ូទ្រាំនឹងការលំបាកហួសពីការរំពឹងទុក។
ការធ្វើដំណើររបស់លោកឥឡូវនេះនៅក្នុងខែទី ៤ បាននាំរូបលោកត្រូវបង្ខំកាត់ជិះកង់កាត់យប់ ពីព្រោះគ្មានកន្លែងបោះជំរំស្នាក់នៅ។
រយៈពេល ៤ខែនៃដំណើរផ្សងព្រេងពីកម្ពុជាទៅតំបន់អឺរ៉ុប លោកបាននិយាយនៅក្នុងវីដេអូថា៖ «មហាជូរចត់ណាស់។ គ្មានកន្លែងបោះតង់ មានតែខិតខំជិះកង់ឡើងភ្នំកណ្ដាលព្រៃទាំំងយប់»។
លោកបានអះអាងថា៖ «បើទោះជាមានភាពលំបាកលំបិនយ៉ាងណា ឧបសគ្គច្រើនប៉ុនណា និងមានគ្រោះថ្នាក់ខ្លាំងប៉ុណ្នាក៏ដោយ ខ្ញុំត្រូវតែធ្វើដំណើរទៅមុខរហូត ហើយកិច្ចការងារមួយនេះគឺដើម្បីកុមារកម្ពុជាជាច្រើន ជាពិសេសកុមារដែលមានជម្ងឺមហារីក ត្រូវការឲ្យអ្នកទាំងអស់គ្នាចូលរួមបរិច្ចាគថវិកាជួយដល់ក្មេងៗរបស់យើង»។
យោងតាមមូលនិធិគន្ធបុប្ផាកម្ពុជា ជាអ្នកទទួលផលមួយពីមូលនិធិដែលរៃអង្គាសបានដោយ តារារិទ្ធ ក៏បានលើកឡើងពីដំណើរដ៏គួរឱ្យកត់សម្គាល់មួយទៀត។
បណ្ដាញសង្គមរបស់មន្ទីរពេទ្យ បានសរសេរថា៖ «លោក អ៊ុំ ប៊ុនរ៉េត ធ្វើដំណើរតែម្នាក់ឯងតាមម៉ូតូពីប្រទេសអឺរ៉ុបមកកម្ពុជា។ ឥឡូវនេះលោកបានទៅដល់ប្រទេសប៉ាគីស្ថានជាមួយនឹងថវិកាជិត ៦ម៉ឺនដុល្លារអាមេរិក ហើយត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសកម្ពុជានៅចុងខែតុលា ឆ្នាំ ២០២៤»។
ហ្វេសប៊ុករបស់មន្ទីរពេទ្យ បានបន្ដថា៖ «ទន្ទឹមនឹងនោះ តារារិទ្ធិ កំពុងជិះកង់ពីប្រទេសកម្ពុជាទៅកាន់បណ្តាប្រទេសនៅអឺរ៉ុប ដោយមានគម្រោងចំណាយប្រហែលមួយឆ្នាំក្នុងគោលបំណងរៃអង្គាសប្រាក់បាន ២៥ ម៉ឺនដុល្លារដល់កុមារកម្ពុជា»។
មូលនិធិបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបុរសទាំងពីរចំពោះការប្តេជ្ញាចិត្តឥតងាករេក្នុងការជួយកុមារកម្ពុជា។
លោក តារារិទ្ធិ បានចែករំលែកដំណើរផ្សងព្រេងរបស់លោក និងលោក អ៊ុំ ប៊ុនរ៉េត ថា៖ «សង្ឃឹមថាបានជួបបងប្រុសនៅតាមផ្លូវនៅប្រទេសឥណ្ឌា ឬបណ្តាប្រទេសនៅតំបន់អាស៊ីកណ្តាលឆាប់ៗនេះ»។
ជាមួយនឹងបេសកកម្មដែលបានបញ្ចប់នៅទ្វីបអឺរ៉ុបត្រឹមខែមិថុនា ឆ្នាំ ២០២៥ នៅតាមផ្លូវ លោក តារារិទ្ធិ ត្រូវបានផ្តល់កិត្តិយសពីអង្គការក្នុងស្រុក រួមទាំងការអញ្ជើញឱ្យចូលរួមក្នុង «ការប្រកួតប្រជែងរបាំប្រពៃណី» ដែលរៀបចំដោយ Stars Studio Pvt Ltdនិ ង Stars Foundation Nepal។
លោក តារារិទ្ធិ បានទទួលការទទួលស្គាល់ពីរដ្ឋាភិបាលខេត្ត Gandaki ដោយប្រើវេទិកានេះដើម្បីនិយាយអំពីបេសកកម្មសប្បុរសធម៌ជិះកង់របស់លោក។
កម្មវិធីនេះឧទ្ទិសដល់ការអភិរក្ស និងផ្សព្វផ្សាយភាសា អក្សរសិល្ប៍ វប្បធម៌ ល្ខោន ភាសាប្រជាប្រិយ តន្ត្រី និងរបាំ។
លោក តារារិទ្ធិ បានឱ្យដឹងថា៖ «ខ្ញុំក៏មានកិត្តយសឡើងលើវេទិកា ដើម្បីបង្ហាញអំពីការធ្វើដំណើររបស់ខ្ញុំនៅប្រទេសនេប៉ាល់ និងកម្មវិធីជិះកង់សប្បុរសធម៌ជួយដល់កុមារកម្ពុជានៅមន្ទីពេទ្យ»។
លោកបន្ដថា៖ «ខ្ញុំសូមថ្លែងអំណរគុណពិសេសដល់លោក Deepak Gurung និងក្រុមការងារដែលបានរៀបចំកម្មវិធីពិសេសមួយនេះ និងមានវត្តមានខ្ញុំ ដែលជាអ្នកធ្វើដំណើរផ្សងព្រេងពីប្រទេសកម្ពុជា និងត្រូវបានស្ថាប័នមួយចំនួននៅប្រទេសនេប៉ាល់ធ្វើការបន្តផ្ទាល់ និងចុះផ្សាយ»។
សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបចូលរួមចំណែកក្នុងបេសកកម្មរបស់ ទីវ តារារិទ្ធិ សូមតាមដានការអាប់ដេតប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់នៅក្រោម «ការធ្វើដំណើរជាមួយរិទ្ធិ» ឬចូលទៅកាន់គេហទំព័ររបស់មន្ទីរពេទ្យកុមារអង្គរ៕